Friday, September 20, 2024
Homeតារាខ្មែរម៉ូលីកា ឡើងកូដក្រោយចូលគ្រួសារតារាកម្ពុជា

ម៉ូលីកា ឡើងកូដក្រោយចូលគ្រួសារតារាកម្ពុជា

នាពេលចុងក្រោយនេះតារាសម្ដែងរូបស្រស់មានមន្តស្នេហ៍កញ្ញាយីវ ម៉ូលីកា ដណ្ដើមបានភាពលេចធ្លោជាមួយឱកាសការងារសិល្បៈយ៉ាងជោគជាំដែលគេសម្គាល់ឃើញថា ការងារសិល្បៈរបស់នាងចាប់ផ្ដើមស្ទុះឡើងបន្ទាប់ពី ក្លាយជាសមាជិកគ្រួសារតារាកម្ពុជាស្របពេលដែលបានលេចមុខនៅក្នុងសកម្មភាពស​ប្បុរសធម៌ជាមួយគ្រួសារតារាកម្ពុជាជាប​ន្តបន្ទាប់។

តារាសម្ដែងរូបស្រស់កញ្ញាម៉ូលីកា បានផ្អាកពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយគឺទើបតែហក់មកប្រឡូកជាថ្មីនៅដើមឆ្នាំ២០១៧ កន្លងទៅនេះប៉ុន្តែនាងទទួលបានឱកាសថតភាពយន្តជាតួអង្គសំខាន់ជាបន្តបន្ទាប់ដូចជារឿង”នាវាជីវិត”ដែលដឹកនាំដោយលោកគាំ ចន្ធី របស់ទូរទស្សន៍ប៉ុស្តិ៍អប្សរ៉ារឿង”ទូកបាត់ច្រវា”ភាពយន្តភាគរបស់PNNរឿង”ប្រអប់សំបុត្រចោលទុក្ខ”ភាពយន្តភាគរបស់My TVនិងភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង”ផ្កាព្រៃស្រទាប់មាស”ជាដើម។

សមាជិកគ្រួសារតារាកម្ពុជាកញ្ញាម៉ូលីកា បានថ្លែងឲ្យដឹងថា នាងពិតជាសប្បាយចិត្តនៅពេលដែលការងារសិល្បៈរបស់នាងកាន់តែមានសន្ទុះទៅមុខប៉ុន្តែអ្វីដែលធ្វើឲ្យនាងរំភើបចិត្តទៀតនោះថ្មីៗនេះនាងត្រូវបានក្រុមផលិតករជ្រើសឲ្យសម្ដែងជាតួអង្គជំទាវនៅក្នុងរឿង”ផ្កាព្រៃស្រទាប់មាស”ដែលឲ្យនាងបានយល់ដឹងពីការរស់នៅរបស់អ្នកដែលមានឋានៈជំទាវ។នាងថា ជាលើកទី១ហើយដែលនាងបានសម្ដែងជាតួជំទាវ ហើយនាងយល់ថាជាលើកដំបូងដែរដែលនាងដណ្ដើមបានភាពលេចធ្លោជារឿងណាៗទាំងអស់ ដោយសារតែបានលេងចរិតជាអ្ននមានឋានៈខ្ពង់ខ្ពស់និងត្រូវបានគេតុបតែងកាយជារបៀបអ្នកកាលីបថ្លៃថ្នូរ។

ម៉ូលីកា បញ្ជាក់ថា នាងមិនធ្លាប់ស្រម៉ៃថាបានក្លាយជាជំទាវនាពេលអនាគតនោះទេពោលគឺគ្រាន់តែបានសម្ដែងជាតួអង្គជំទាវនាងរំភើបចិត្តណាស់ទៅហើយខណៈដែលនាងកំពុងប្រឹងពង្រឹងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈបន្ថែមទៀត។នាងថា បើទោះបីក្រុមផលិតករតម្រូវឲ្យនាងសម្ដែងជាតួអង្គប្រភេទណាក៏នាងអាចសម្ដែងបានដែរ ប៉ុន្តែបើឲ្យនាងសម្ដែងជាតួអង្គជំទាវគឺកាន់តែងាយស្រួយរៀបរឹកព្រោះនាងចូលចិត្តតុបតែងខ្លួនបែបស្អាតៗថ្លៃថ្នូរកាលីបៗ។

តារាកំពុងលេចធ្លោក្នុងតំណែងជំទាវរូបនេះបានទទួលស្គាល់ថាក្រោយពេលនាងបានចូលជាសមាជិកគ្រួសារតារាកម្ពុជាអាជីពសិល្បៈរបស់នាងពិតជាស្ទុះឡើងមែនដែលនាងទទួលបានឱកាសការងារជាបន្តបន្ទាប់ខណៈដែលនាងតែងតែចូលរួមនៅក្នុងសកម្មភាពសប្បុរសធម៌របស់ក្រុមគ្រួសារតារាកម្ពុជាជាហូហែហើយនាងនឹងបន្ដកិច្ចការងារសប្បុរសធម៌ជាមួយក្រុមគ្រួសារតារាកម្ពុជាជាបន្តបន្ទាប់ទៀតព្រោះនាងយល់ថា ក្នុងនាមជាអ្នកសិល្បៈគួរតែចូលរួមចំណែកជួយការងារសង្គមតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

RELATED ARTICLES