ប្រជាពលរដ្ឋរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់មាត់ច្រកអន្តរជាតិព្រំ បានខ្សឹបឱ្យឮតាម “នគរធំ“ ថា បនល្បែងស៊ីសងខុសច្បាប់តាមរយៈប្រព័ន្ធអ៊ីនធើរណេត ដែលគេហៅថា ល្បែងអនឡាញ (Online game) នោះ កំពុងកើតមានយ៉ាងផុសផុល ដោយជ្រកក្រោមក្លៀកកាស៊ីណូនៅមាត់ច្រកព្រំដែនអន្តរជាតិព្រំ ហើយល្បែងស៊ីសងប្រភេទនេះ កំពុងអូសទាញប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការ រំខានពីស្ថាប័នជំនាញ ឬអាជ្ញាធរមូលដ្ឋានសោះឡើយ។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ទីតាំងល្បែង ស៊ីសងអនឡាញ មានទីតាំងនៅក្នុងបន្ទប់ជួលខាងមុខកាស៊ីណូមកុដពេជ្រ។ ចំណែកទូហ្គេមបាញ់ត្រី ត្រូវបានគេយកទូរកុងតឺន័រធំមួយទៅដាក់បង្ហាញជាសាធារណៈ នៅខាងមុខកាស៊ីណូ មកុដពេជ្រទៀតផង។ រីឯទីតាំងល្បែងភ្នាល់តាមអ៊ីនធើេណេត បន្តផ្ទាល់ទៅតាមបណ្តាខេត្ត ក្រុងដ៏ធំមួយកន្លែងទៀត កំពុងជ្រកក្រោមសំយាបកាស៊ីណូ៧ជាន់ ជាប់មាត់ច្រកអន្តរជាតិព្រំប៉ៃលិនតែម្តង។ ដោយឡែក កាស៊ីណូដែលទើបនឹងបើកថ្មី ឈ្មោះកាស៊ីណូហ្ស៊ីហ្សាជាកន្លែងលេងល្បែងភ្នាល់បក្សីកីឡា (បញ្ជល់មាន់)។
ប្រជាពលរដ្ឋបានខ្សឹបបន្តថា កាលពីមិនទាន់មានទីតាំងល្បែងស៊ីសងតាមរយៈប្រព័ន្ធអ៊ីនធើណេតគ្រប់ប្រភេទ ដែលមកជ្រកតាមរបងកាស៊ីណូនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋភាគតិចណាស់ ដែលចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមបណ្តាកាស៊ីណូនានា និយាយឱ្យចំមានតែអស់លោកអ្នកមានៗ ដែលគេសល់លុយ មកចូលលេង។ ប៉ុន្តែតាំងពីមានទីតាំងល្បែងតាមរយៈប្រព័ន្ធអ៊ីនធើណេត និងល្បែងបញ្ជល់មាន់ ជ្រកក្រោមក្លៀកកាស៊ីណូ ខាងលើមក ប្រជាពលរដ្ឋទាំងអ្នកមានទ្រព្យ ទាំងអ្នកក្រីក្រ ពិសេសសូម្បីតែអ្នករត់ម៉ូតូឌុប ក៏នាំគ្នាចូលលេងដោយសេរី រហូតអ្នកខ្លះបញ្ចាំម៉ូតូ លក់ទ្រព្យ ដើម្បីបានលុយទៅលេងល្បែងនេះ ធ្វើឱ្យកើតមានករណីប្រើហិង្សាក្នុងគ្រួសារ បែកបាក់ប្តីប្រពន្ធកូន ក៏ដោយសារតែល្បែងស៊ី មិនសងទាំងនោះ។
ប្រជាពលរដ្ឋបានខ្សឹបទៀតថា ទីតាំងបនល្បែងស៊ីសងអនឡាញ ជ្រកក្លៀកកាស៊ីណូ ទាំងនោះ គ្មានច្បាប់ណាអនុញ្ញាតឱ្យបើកនៅខាងក្រៅកាស៊ីណូបែបនេះទេ ហើយច្បាប់ក៏ហាមពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ ប្រភេទក្នុងកាស៊ីណូដែរ ប៉ុន្តែរឿងនេះ អាជ្ញាធរ មិនអើពើ ហាមឃាត់ ឬចាត់វិធានការអ្វីសោះ មិនដឹងថា ពួកគាត់ដេកលក់ ឬមើលមិនឃើញ ដោយសារដុល្លារបាំងភ្នែក?
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺ ពីអាជ្ញាធរមន្ត្រីពាក់ព័ន្ធ និងតំណាងកាស៊ីណូ ខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕
ខៀវទុំ