Thursday, November 28, 2024
Homeព័ត៌មានជាតិចៅស្រីសម្តេចហ៊ុន សែន ឈ្នះមេដាយមាសនៅសិង្ហបុរី

ចៅស្រីសម្តេចហ៊ុន សែន ឈ្នះមេដាយមាសនៅសិង្ហបុរី

ភ្នំពេញ ៖ ចៅស្រីរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញទៅប្រឡង ព៉្យាណូនៅប្រទេសសិង្ហបុរី នោះ បានទទួលជោគជ័យធំធេង ឈ្នះមេដាយមាស ក្នុងចំណោមបេក្ខជនមកពី ៦ប្រទេស។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ថា “ប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយពីការដែលចៅខ្ញុំ ទៅប្រឡងព៉្យាណូ នៅសិង្ហបុរី។ ខ្ញុំមិនរំពឹងថា ចៅស្រីខ្ញុំអាចទទួលបានចំណាត់ថ្នាក់ល្អនោះទេ ព្រោះចៅទើបមានវ័យ១០ឆ្នាំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ។ មិនដូចការគិតរបស់ខ្ញុំទេ វរលក្ខណ៍ បានទទួលមេដាយមាសពីការប្រឡងនេះ ដែលមានបេក្ខជនមកពី៦ ប្រទេស គឺកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងចិន។ វរលក្ខណ៍ ទទួលមេដាយមាសមួយ ក្នុងចំណោមមេដាយមាសដែលកម្ពុជា យើងបានទទួល។

ខ្ញុំអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជួយបង្រៀនស្រីលក្ខណ៍ ឱ្យឈានឡើងដល់ដំណាក់កាលនេះ”។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ មុនពេលចៅស្រីរបស់សម្តេចចេញ ទៅប្រឡងព៉្យាណូនៅប្រទេសសិង្ហបុរី សម្តេច ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ចៅស្រីមួយនេះ កំពុង បង្ហាញនូវសមត្ថភាពតំណាងឱ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រមុន្នីវរលក្ខណ៍ ដែលមានឪពុកនិងម្តាយ សុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅអាមេរិក និងអង់គ្លេស ពេលនេះអាយុ១០ឆ្នាំ នាថ្ងៃទី២៥ ខែកក្កដា ២០១៧ ខាងមុខ។ ជាចៅដែលប្រឹងរៀន និងរៀនពូកែ នឹងត្រូវចេញទៅប្រឡងព៉្យាណូនៅប្រទេស សិង្ហបុរី នៅថ្ងៃ២២ កក្កដា ខាងមុខនេះ ជាមួយសិស្សរួមសាលា២នាក់ទៀត ដែល១នាក់ អាយុ ១៦ឆ្នាំ ភេទប្រុស និង១នាក់ទៀត អាយុ១៤ ភេទស្រី។ វរលក្ខណ៍ លេខ២ ក្នុងចំណោមសិស្ស ៣នាក់ ដែលត្រូវចូលប្រឡងនៅប្រទេសសិង្ហបុរី។ ក្រៅពីព៉្យាណូ ចៅមួយនេះអាចសរសេរ និងនិយាយភាសាចិន អង់គ្លេស បានយ៉ាងល្អ ក្រៅពីភាសាខ្មែរ ដែលជាភាសាដើមកំណើត។  ចៅចេះរាំរបាំបុរាណខ្មែរ គូរគំនូរ និងច្រៀង។

ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់ គឺក្នុងចំណោមចៅទាំងអស់ ត្រូវមានថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។ មិនថា លទ្ធផលយ៉ាងណា ជាប់ឬធ្លាក់ ខ្ញុំនៅតែមានមោទនភាព ដូចពេលហ៊ុន ម៉ាណែត តំណាងឱ្យសិស្សរៀនពូកែចេញទៅទស្សនកិច្ចនៅប្រទេសឆេកូស្លូវ៉ាគី នាទសវត្សរ៍១៩៨០”៕

ខៀវទុំ

RELATED ARTICLES