Friday, September 20, 2024
Homeព័ត៌មានជាតិម្តាយទម្លាយរឿងកូនប្រុសកំហូច យកប្រពន្ធទី៤ មករួមមេត្រី ប្រពន្ធទី៣ ពកូនចុះចេញពីផ្ទះ

ម្តាយទម្លាយរឿងកូនប្រុសកំហូច យកប្រពន្ធទី៤ មករួមមេត្រី ប្រពន្ធទី៣ ពកូនចុះចេញពីផ្ទះ

បុរសកំហូចម្នាក់នេះ ប្រកបរបររត់ម៉ូតូឌុប និងធ្វើសំណង់បានចំណូលតិចតួចទេ តែមានមន្តស្នេហ៍មិនធម្មតា អាចរាយអន្ទាក់ស្នេហ៍ដាក់ស្រីៗ នាំមកធ្វើប្រពន្ធជាបន្តបន្ទាប់។ យប់មួយ គេនាំប្រពន្ធទី៤ មករួមមេត្រី ធ្វើឱ្យប្រពន្ធទី៣ ឆេះដុំ ក៏ពកូនខ្ចីចុះចោលទៅ ឥឡូវលោកប្តីនេះចេញរកស៊ីបាត់ពីស្រុក អ្នកភូមិសង្ស័យថា ទំនងជាទាក់បានប្រពន្ធទី៥ទៀតហើយ…។

បុរសដែលល្បីមានប្រពន្ធច្រើននេះ ឈ្មោះសឹង សារឿន អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ដោយសារបុរសនេះចេញពីស្រុកបាត់ ទើបស្ត្រីជាម្តាយ បានរៀបរាប់ជំនួសកូន ពីជីវិតពិតរបស់កូន ដោយមិនលាក់លៀម។

លោកយាយសឹង អ៊ន ពេលផ្តល់សម្ភាសន៍

លោកយាយសឹង អ៊ន អាយុ៧៧ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ បានឱ្យដឹងថា មួយជាតិនេះ គាត់ធ្លាប់មានប្តី២នាក់ ដែលប្តីទី១ ឈ្មោះកង យាន បង្កើតបានកូន១ ក៏លែងលះគ្នាទៅ។ ប្តីទី២ ឈ្មោះមិន ម៉ម (ស្លាប់) ដោយបង្កើតបានកូនដល់ទៅ១២នាក់ឯណោះ តែស្លាប់អស់៧នាក់ នៅសល់តែ៥នាក់ទេ ដែលក្នុងនោះ កូនប្រុសឈ្មោះសឹង សារឿន គឺជាកូនប្តីទី២ នេះឯង។ កូនប្រុសនេះជាមនុស្សកំពូលខូចខាងមានស្រីច្រើនរាប់ភ្លេច ប៉ុន្តែប្រពន្ធចេញមុខមានតែ៤នាក់ទេ ដែលគាត់ស្គាល់ច្បាស់ ព្រោះឱ្យតែទាល់បានកូនប្រុសនេះ ក៏នាំមករួមរស់ជាមួយ លុះមិនបានប៉ុន្មាន ក៏ដាច់ដោចគ្នាទៅ រួចបានអ្នកថ្មីមកទៀត។

លោកសឹង សារឿន យកប្រពន្ធទី៤ មករួមមេត្រី បញ្ឍឺប្រពន្ធទី៣

លោកយាយសឹង អ៊ន បន្តថា កូនប្រុសកំហូចនេះ មានប្រពន្ធទី១ ឈ្មោះធារី រៀបការពីកំលោះក្រមុំ បង្កើតបានកូនប្រុសម្នាក់ក៏លែងលះគ្នាទៅ។ ប្រពន្ធទី២  ឈ្មោះអេង បានកូនស្រី១ ក៏ដាច់ដោចគ្នាទៀត។ ប្រពន្ធទី៣ ឈ្មោះ សុខ មានស្រុកកំណើតនៅខេត្តព្រៃវែង តែប្រពន្ធទី១ និង ទី២ ស្រុកកំណើតនៅទីនេះ។ រួមរស់ជាមួយប្រពន្ធទី៣នោះ ក៏បានកូនប្រុសម្នាក់ដែរ ប៉ុន្តែខូចទៅវិញ ហើយប្រពន្ធទាំង៣ នេះសុទ្ធតែបានរៀបការទាំងអស់ ដោយមានកូន៣សម្បុកឯណោះ។ ដោយឡែក ប្រពន្ធទី៤ ទើបនឹងយកគ្នាថ្មីៗនេះ អត់ខាន់ស្លាទេ ឈ្មោះស្រីនាង។

នាងគី ស្រីនាង (ប្រពន្ធទី៤) ជាមួយកូន

លោកយាយសឹង អ៊ន បន្តថា កូនប្រុសនេះ ពេលចាប់ដៃគ្នាជាមួយប្រពន្ធទី3 បាននាំគ្នាទៅរកស៊ីនៅភ្នំពេញ គឺប្តីរត់ម៉ូតូឌុប ប្រពន្ធធ្វើការរោងចក្រ ជួលផ្ទះគេនៅ។ កូនសារឿន មានម៉ូយស្រីម្នាក់ ឈ្មោះស្រីនាង អាយុ៣៥ឆ្នាំ ជាស្រីមេម៉ាយកូន២ មុនដំបូង គេជិះម៉ូតូដាក់ខែ លុះយូរៗទៅ ស្រាប់តែកូនប្រុសកំហូចនោះ នាំប្រពន្ធទី៤ មកដេកនៅផ្ទះដែរ ធ្វើឱ្យប្រពន្ធទី៣ ខឹងសម្បា ក៏ពកូនចុះចោលទៅ។ គាត់បានស្តីប្រដៅកូនប្រុសកំហូច ឱ្យឈប់សាវ៉ាយ៉ាងនេះទៀត តែគេមិនស្តាប់ នៅតែយកនាងទី៤ ជាប់រហូតមក ដោយមិនបានរៀបការ ឬសែនព្រេនអ្វីឡើយ។ ឥឡូវកូនប្រុសចេញទៅរកស៊ីរត់ម៉ូតូឌុបឯភ្នំពេញ វិញហើយ ដោយទុកប្រពន្ធទី៤ នៅចាំផ្ទះ ដែលគាត់សង្ស័យថា កូនកំហូចនោះ ច្បាស់ជារកបានប្រពន្ធទី៥ ភ្លេចនាងទី៤ទៀតហើយ។

ផ្ទះរបស់លោកយាយសឹង អ៊ន

ដោយឡែក នាងគី ស្រីនាង អាយុ៣៥ឆ្នាំ ជាប្រពន្ធទី៤ បានឱ្យដឹងថា នាងមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯណោះ នាងធ្លាប់មានប្តីមុនឈ្មោះសុង បង្កើតបានកូន២នាក់ ក៏លែងលះគ្នាទៅ។ ពេលធ្លាក់ខ្លួនមេម៉ាយ នាងប្រឹងធ្វើខ្លួនផាត់ក្រែមថែមម្សៅ ចេញមករកស៊ី លក់ត្រីងៀត ត្រីឆ្អើរនៅភ្នំពេញ ដោយជិះម៉ូតូដាក់ខែរបស់លោកសឹង សារឿន ជាបុរសប្រពន្ធច្រើន។ លុះជិះម៉ូតូយូរៗទៅ ស្រាប់តែបុរសនេះ ព្យាយាមចែចង់នាងយ៉ាងទទូច ចំណែករូបនាង  ដូចជាលង់ស្នេហ៍បុរសនេះផង ក៏យល់ព្រមប្រគល់ខ្លួនប្រាណឱ្យគេទៅ។ កាលនោះ រូបឆោមនាងនៅស្រស់ស្អាតទាក់ចិត្តបុរសកំហូចនេះ រហូតដល់ភ្លេចប្រពន្ធទី៣ បានទាំងនាំនាងទៅដេកបញ្ឈឺប្រពន្ធនោះទៀតផង ធ្វើឱ្យនាងនោះឈឺចិត្ត ក៏ពកូនចុះចេញពីផ្ទះទៅ។ ទីបំផុត នាងក៏មានផ្ទៃពោះ មិនអាចជួញដូរកើត ក៏នៅតែផ្ទះខាងប្តីរហូតមក ដោយបង្កើតបានកូន១ ដូចប្រពន្ធមុនៗដែរ។ ពេលនាងមានកូនខ្ចី ប្តីនោះក៏ចេញទៅរកស៊ីបាត់ ដែលនាងសង្ស័យថា ឆ្កែកន្ទុយខ្វៀននៅតែខ្វៀនដដែល ស្របពេលដែលរូបនាងបង់រូបបង់ឆោមផងនោះ ប្តីកំហូចច្បាស់ជាទាក់បានស្រីឯណាទៀត ធ្វើប្រពន្ធទី៥ មិនខានឡើយ។

លោកឌឿក ឈុយ អាយុ៣៦ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា លោកសឹង សារឿន ពិតជាមានប្រពន្ធច្រើនមែន ហើយយកជាប់យូរជាងគេ គឺប្រពន្ធទី៤ ឈ្មោះស្រីនាង នេះឯង។ ពីមុន ស្រីនាង ស្អាតណាស់ លុះនាងមានកូនខ្ចី សម្រស់ក៏ចុះថយ អាចធ្វើឱ្យបុរសស្វាក់ស្រីនោះនឿយណាយ រកបានស្រីថ្មីកំដរអារម្មណ៍ទៀតមិនខានទេ ព្រោះគេទៅរកស៊ីនៅទីក្រុង ទុកប្រពន្ធទី៤ ចាំផ្ទះ។

លោកឌឿក ឈុយ

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកសឹង សារឿន អាយុ៣៧ឆ្នាំ បានឡើយ គ្រាន់តែដឹងថា គាត់ជាបុរសល្បីឈ្មោះខាងប្រពន្ធច្រើន។ គ្រាន់តែប្រពន្ធផ្លូវការ៤នាក់ ចំណែកមិនផ្លូវការ មិនដឹងជាប៉ុន្មាននាក់ទៀតទេ ហើយសូម្បីភរិយាទី១ ទី២ និងទី៣ ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។

គួរបញ្ជាក់ថា បុរសស្វាក់ស្រីនោះ មានអំណោយផលពីធម្មជាតិ ត្រង់ចេះប្រើពាក្យសម្តីពីរោះផ្អែមល្ហែម ដូចបញ្ចុះមន្តសារិកាលិនថោង បើស្រីណាបានស្តាប់នឹងចាប់អារម្មណ៍ ហើយបើបុរសនោះលួងលោម សុំស្នេហ៍ ច្បាស់ជាប្រគល់ប្រាណឱ្យគេ។ បុរសស្វាក់ស្រីមិនសូវចេះប្រើអំពើហិង្សាដូចមនុស្សប្រមឹកនោះទេ តែគេចេះកុហកវិលក្បុងដេញជើងមិនទាន់ឡើយ។ ដូច្នេះ កាលដែលម្តាយនិងប្រពន្ធទី៤ សង្ស័យថា លោកសឹង សារឿន រកបានប្រពន្ធទី៥ កំដរអារម្មណ៍នោះ ប្រហែលជាមិនខុសទេ។ បុរសប្រភេទនេះមានកាមរាគខ្ពស់ណាស់ អត់ស្រីកំដរតែ១យប់មិនបានផង ហើយត្រូវការតែចំណីប្លែកមាត់ មិនចូលចិត្តសម្លកកូរដដែលៗនោះទេ។ ទោះយ៉ាងណា បើភ្លាត់ស្នៀត ប៉ះស្រីស្វាក់ប្រុសដែរនោះ ច្បាស់ជាបុរសស្វាក់ស្រី អស់ក្រឡោលោត ឬដួលទាំងជំហរដោយចាញ់ ល្បិចស្រីមិនខានឡើយ៕

RELATED ARTICLES