Friday, January 24, 2025
Homeព័ត៌មានជាតិជនជាតិចិនអាងខ្នង បើកកៀររថយន្តជនជាតិខ្មែរហើយ ទារសំណងទៀត

ជនជាតិចិនអាងខ្នង បើកកៀររថយន្តជនជាតិខ្មែរហើយ ទារសំណងទៀត

ខេត្តព្រះសីហនុ៖ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៏ដ៏តូចមួយ នាយប់ថ្ងៃទី២៧ ខែ​កក្កដា​ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរស្តុបពាណិជ្ជកម្ម រវាងជនជាតិខ្មែរនិងជនជាតិចិន ត្រូវបាន​បញ្ចប់យ៉ាងណាក្តី ប៉ុន្តែត្រូវបានរងការរិះគន់ពីសាក្សីដែលបានឃើញហេតុការណ៏ផ្ទាល់ថា វា​ពិត​ជាអយុត្តិធម៏បំផុតសម្រាប់ជនជាតិខ្មែរ ខណៈពេលដែលរថយន្តជនជាតិចិន បើកកៀរថ​យន្ត​ខ្មែរហើយ បែរជាទាមទាសំណងពីខ្មែរទៀត។

ជុំវិញទិដ្ឋភាពស្ទើតែមិនគួរអោយជឿនោះ ត្រូវបានក្រុមមហាជនដែល​បានធ្វើ​ដំណើរ​ឆ្លង​កាត់ តាមចំណុចកើតហេតុ ហើយបានឃើញហេតុការណ៏ផ្ទាល់បានលាន់មាត់ថា តើវាយុត្តិ​ធម៏​ទេ សម្រាប់ជនរងគ្រោះ (នេះមិនគិតពីជាតិសាសន៏ទេ) ខណៈពេលរថយន្តបង្កបើ​កកៀរបង្ក​ការ​ខូចខាតរថយន្តហើយ បែរជាចុះឡូឡាទាមទាសំណង បន្ទាប់ពីពួកគេ (ជនជាតិចិន) បាន​ទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៏ក្នុងរឿងរបស់ពួកគេ ដោយពួកគេបានបង្វែររឿងថា រថ​យន្ត​ខ្មែរ ជាអ្នកបើករថយន្តមកបុកគូទពីក្រោយទៅវិញ។ ឯសមត្ថកិច្ចជំនាញ បានត្រឹមរង់ចាំ​សម្រប​​សម្រួល ពុំហ៊ានធ្វើអ្វីលើសពីដែនកំណត់ ព្រោះតែមានអ្នកអន្តរាគមន៏នៅក្បែរ។

ដោយឡែក យោងតាមប្រភពអ្នកធ្វើដំណើរពីក្រោយរថយន្តបង្កម្នាក់ បានឈប់មើល​ហេតុការណ៏ បានបញ្ចេញទស្សនៈថា បើខ្មែរ មិនស្រលាញ់ខ្មែរ យកលុយជាធំ សុខចិត្តធ្វើគរ ធ្វើ​ខ្វាក់យកខុសជាត្រូវបែបនេះ នៅថ្ងៃខាងមុខមិនដឹងទៅជាយ៉ាងណានោះទេ ព្រោះទិដ្ឋ​ភាព​​គ្រោះថ្នាក់នេះរូបគាត់បានឃើញច្បាស់ណាស់ ព្រោះម៉ូតូរបស់គាត់បើកនៅពីក្រោយ​រថយន្ត​ជនជាតិចិន ដែលជាម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៏ក្បែរកន្លែងកើតហេតុ។​

ប្រភពដដែល​បាន​បញ្ជាក់​បន្ថែមមុនជិះម៉ូតូចេញទៅថា នៅមុនកើតហេតុរូបគាត់បានឃើញរថយន្តម៉ាក​កាមរី​ឆ្លាម ​​ពណ៏​ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2A -2718 បើកបរបុរសចំណាស់ម្នាក់ ក្នុងល្បឿន​យឺតៗ ខណៈពេលមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើប ពណ៏ស ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2AM-0452 បើកបរដោយជនជាតិចិនបើកវ៉ាឆ្វេងរថយន្តជនជាតិខ្មែរ  ប៉ុន្តែ​គ្រាន់​តែ​វ៉ា​បាន​បន្តិច ស្រាប់តែរថយន្តពណ៏សនោះ បានងាកមកស្តាំវិញ កៀររថយន្តឆ្លាម ធ្វើ​ឲ្យកាង​រថ​យន្តជនជាតិចិន ផ្នែកខាងក្រោយ ទាក់ជាមួយកាងរថយន្តស្លាមផ្នែកខាង​ឆ្វេងធ្លាក់​ដល់ផ្លូវ​។ ប៉ុន្តែ​គួ​រឲ្យ​ហួសចិត្តបំផុតនោះ នៅពេលដែលភាគីទាំងពីរចុះមើល​រថយន្ត បែរ​ជាជនជាតិ​ចិន ស្រែក​ឡូឡា ទាមទាសំណងទៅវិញ ខណៈពេលម្ចាស់ឡានឆ្លាម ជនជាតិខ្មែរ ជាជន​រង​គ្រោះ មិន​ចង់វែងឆ្ងាយសុខចិត្តបញ្ចប់រឿងនៅនឹងកន្លែង រហូតសមត្ថកិច្ចជំនាញមកដល់ ក៏​នៅ​តែ​ទាម​ទា​ដដែល ដោយអស់ជម្រើស ម្ចាស់រថយន្តឆ្លាម ទុកឲ្យច្បាប់ជាអ្នកកំណត់ ដោយ​ឡើង​​ជិះ​រថ​យន្ត​មិត្តភក្តិចេញទៅបាត់ ទើបជនជាតិចិនសុខចិត្តបញ្ចប់រឿង ដោយពុំព្រមឲ្យសមត្ថ​កិច្ច​យក​រថយន្តទៅការិយាល័យចរាចរណ៏នោះទេ ឯភាគីខ្មែរក៏សុខចិត្តបញ្ចប់រឿង​ទាំង​បង្ខំ ព្រោះ​មិន​ចង់វែងឆ្ងាយ ព្រោះរថយន្តពុំមានការខូចខាតធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា នៅមួយរយះចុងក្រោយនេះ នៅក្នុងខេត្តព្រះសីហនុ គេសង្កេត​ឃើញ​មានវត្តមានជនជាតិយ៉ាងច្រើនកុះករ ហើយមានជនជាតិចិនមួយចំនួន ដែលមាន​លុយ​ហូរ​ហៀរបានជួលរថយន្តស៊េរីទំនើបពីអ្នកមានអំណាច រហូតដល់ជួលរថយន្តស្លាកលេខ ខ ម, ន.ប ជិះថែមទៀតផង លើសពីនេះទៀតក៏មានជនជាតិចិនមួយចំនួនទៀត តែងតែបើកបរក្នុង​​ស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះ​ថ្នាក់​ជាញឹកញ៉ាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស​មួយចំនួនផងដែរ៕

RELATED ARTICLES