ខេត្តព្រះសីហនុ៖ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៏ដ៏តូចមួយ នាយប់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៧ ត្រង់ចំណុចក្បែរស្តុបពាណិជ្ជកម្ម រវាងជនជាតិខ្មែរនិងជនជាតិចិន ត្រូវបានបញ្ចប់យ៉ាងណាក្តី ប៉ុន្តែត្រូវបានរងការរិះគន់ពីសាក្សីដែលបានឃើញហេតុការណ៏ផ្ទាល់ថា វាពិតជាអយុត្តិធម៏បំផុតសម្រាប់ជនជាតិខ្មែរ ខណៈពេលដែលរថយន្តជនជាតិចិន បើកកៀរថយន្តខ្មែរហើយ បែរជាទាមទាសំណងពីខ្មែរទៀត។
ជុំវិញទិដ្ឋភាពស្ទើតែមិនគួរអោយជឿនោះ ត្រូវបានក្រុមមហាជនដែលបានធ្វើដំណើរឆ្លងកាត់ តាមចំណុចកើតហេតុ ហើយបានឃើញហេតុការណ៏ផ្ទាល់បានលាន់មាត់ថា តើវាយុត្តិធម៏ទេ សម្រាប់ជនរងគ្រោះ (នេះមិនគិតពីជាតិសាសន៏ទេ) ខណៈពេលរថយន្តបង្កបើកកៀរបង្កការខូចខាតរថយន្តហើយ បែរជាចុះឡូឡាទាមទាសំណង បន្ទាប់ពីពួកគេ (ជនជាតិចិន) បានទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៏ក្នុងរឿងរបស់ពួកគេ ដោយពួកគេបានបង្វែររឿងថា រថយន្តខ្មែរ ជាអ្នកបើករថយន្តមកបុកគូទពីក្រោយទៅវិញ។ ឯសមត្ថកិច្ចជំនាញ បានត្រឹមរង់ចាំសម្របសម្រួល ពុំហ៊ានធ្វើអ្វីលើសពីដែនកំណត់ ព្រោះតែមានអ្នកអន្តរាគមន៏នៅក្បែរ។
ដោយឡែក យោងតាមប្រភពអ្នកធ្វើដំណើរពីក្រោយរថយន្តបង្កម្នាក់ បានឈប់មើលហេតុការណ៏ បានបញ្ចេញទស្សនៈថា បើខ្មែរ មិនស្រលាញ់ខ្មែរ យកលុយជាធំ សុខចិត្តធ្វើគរ ធ្វើខ្វាក់យកខុសជាត្រូវបែបនេះ នៅថ្ងៃខាងមុខមិនដឹងទៅជាយ៉ាងណានោះទេ ព្រោះទិដ្ឋភាពគ្រោះថ្នាក់នេះរូបគាត់បានឃើញច្បាស់ណាស់ ព្រោះម៉ូតូរបស់គាត់បើកនៅពីក្រោយរថយន្តជនជាតិចិន ដែលជាម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៏ក្បែរកន្លែងកើតហេតុ។
ប្រភពដដែលបានបញ្ជាក់បន្ថែមមុនជិះម៉ូតូចេញទៅថា នៅមុនកើតហេតុរូបគាត់បានឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៏ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2A -2718 បើកបរបុរសចំណាស់ម្នាក់ ក្នុងល្បឿនយឺតៗ ខណៈពេលមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើប ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2AM-0452 បើកបរដោយជនជាតិចិនបើកវ៉ាឆ្វេងរថយន្តជនជាតិខ្មែរ ប៉ុន្តែគ្រាន់តែវ៉ាបានបន្តិច ស្រាប់តែរថយន្តពណ៏សនោះ បានងាកមកស្តាំវិញ កៀររថយន្តឆ្លាម ធ្វើឲ្យកាងរថយន្តជនជាតិចិន ផ្នែកខាងក្រោយ ទាក់ជាមួយកាងរថយន្តស្លាមផ្នែកខាងឆ្វេងធ្លាក់ដល់ផ្លូវ។ ប៉ុន្តែគួរឲ្យហួសចិត្តបំផុតនោះ នៅពេលដែលភាគីទាំងពីរចុះមើលរថយន្ត បែរជាជនជាតិចិន ស្រែកឡូឡា ទាមទាសំណងទៅវិញ ខណៈពេលម្ចាស់ឡានឆ្លាម ជនជាតិខ្មែរ ជាជនរងគ្រោះ មិនចង់វែងឆ្ងាយសុខចិត្តបញ្ចប់រឿងនៅនឹងកន្លែង រហូតសមត្ថកិច្ចជំនាញមកដល់ ក៏នៅតែទាមទាដដែល ដោយអស់ជម្រើស ម្ចាស់រថយន្តឆ្លាម ទុកឲ្យច្បាប់ជាអ្នកកំណត់ ដោយឡើងជិះរថយន្តមិត្តភក្តិចេញទៅបាត់ ទើបជនជាតិចិនសុខចិត្តបញ្ចប់រឿង ដោយពុំព្រមឲ្យសមត្ថកិច្ចយករថយន្តទៅការិយាល័យចរាចរណ៏នោះទេ ឯភាគីខ្មែរក៏សុខចិត្តបញ្ចប់រឿងទាំងបង្ខំ ព្រោះមិនចង់វែងឆ្ងាយ ព្រោះរថយន្តពុំមានការខូចខាតធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា នៅមួយរយះចុងក្រោយនេះ នៅក្នុងខេត្តព្រះសីហនុ គេសង្កេតឃើញមានវត្តមានជនជាតិយ៉ាងច្រើនកុះករ ហើយមានជនជាតិចិនមួយចំនួន ដែលមានលុយហូរហៀរបានជួលរថយន្តស៊េរីទំនើបពីអ្នកមានអំណាច រហូតដល់ជួលរថយន្តស្លាកលេខ ខ ម, ន.ប ជិះថែមទៀតផង លើសពីនេះទៀតក៏មានជនជាតិចិនមួយចំនួនទៀត តែងតែបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ជាញឹកញ៉ាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសមួយចំនួនផងដែរ៕