Friday, September 20, 2024
Homeតារាខ្មែរហង្សមាស សុំការយោគយល់ចំពោះការហាមកុមារ ពេជ្រ ថៃ ផ្តល់សម្ភាស

ហង្សមាស សុំការយោគយល់ចំពោះការហាមកុមារ ពេជ្រ ថៃ ផ្តល់សម្ភាស

ខេត្តបាត់ដំបង ៖ បន្ទាប់ពីកុមារ ពេជ្រ ថៃ បេក្ខជននៃកម្មវិធីប្រឡងចម្រៀង “The voice kids cambodia” បានអះអាងថា ហង្សមាស បានហាមរូបគេមិនឱ្យផ្តល់សម្ភាសដល់អ្នកកាសែតនោះមក ហើយត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ទូរទស្សន៍ហង្សមាសថា បំបិទសិទ្ធិគេជ្រុលនោះ អ្នកគ្រប់គ្រងកម្មវិធីប្រឡងចម្រៀងកុមារនោះ បានបំភ្លឺថា មិនមែនជាការបំបិទសិទ្ធិទេ តែនោះជាលក្ខខណ្ឌរបស់កម្មវិធី ដូច្នេះ លោកក៏ដូចជាក្រុមការងារទូរទស្សន៍ហង្សមាស សូមការយោគយល់ពីអ្នកសារព័ត៌មាន ចំពោះបញ្ហានេះផង។

កុមារពេជ្រ ថៃ ដែលជាបេក្ខជនកំពុងល្បីឈ្មោះលេចធ្លោមួយរូប នៃកម្មវិធី “The voice Kids Cambodia” កំពុងក្លាយជាចំណាប់អារម្មណ៍របស់មហាជន ដែលកំពុងចង់ដឹងចង់ស្គាល់ពីប្រវត្តិលម្អិត ក៏ដូចជាជីវិតពិតរបស់កុមាររូបនេះ ហេតុនេះអ្នកសារព័ត៌មានបានព្យាយាមស្កាត់ទៅដល់លំនៅឋានរបស់កុមារ ពេជ្រ ថៃ ដោយផ្ទាល់ កាលពីពេលថ្មីៗនេះ  តែបែរត្រូវខាងស្ថានីយទូរទស្សន៍ហង្សមាស ហាមកុមារ ពេជ្រ ថៃ មិនឱ្យផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទៅវិញ។

កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ អ្នកយកព័ត៌មាន “នគរធំ” បានចុះទៅដល់លំនៅឋានរបស់កុមារពេជ្រ ថៃ នៅឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដើម្បីជួបសម្ភាសន៍ផ្ទាល់ ប៉ុន្តែពេលទៅដល់ បន្ទាប់ពីកុមារ ពេជ្រ ថៃ ផ្តល់សម្ភាសន៍ផ្សាយផ្ទាល់ (Live) បានតែបន្តិច ក៏បានសុំទោសដល់អ្នកយកព័ត៌មានថា មិនអាចផ្តល់សម្ភាសន៍បន្ថែមទៀតទេ ដោយសារមានបញ្ជាពីក្រុមហ៊ុនហង្សមាស មិនអនុញ្ញាតឱ្យរូបគេផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ទស្សនាវដ្តី ឬវិទ្យុ ទូរទស្សន៍ណាឡើយ។

កុមារ ពេជ្រ ថៃ បានសុំការអភ័យទោសដល់អ្នកយកព័ត៌មាន ដែលគេចង់រៀបរាប់លម្អិតពីប្រវត្តិជីវិតកម្សត់របស់គេ ប្រាប់បងប្អូន ពូ មីង យាយតា បានជ្រាបដែរ តែដោយសារមានបម្រាមពីហង្សមាសបែបនេះ គេត្រូវគោរពតាម ព្រោះរូបគេជាបេក្ខជននៃកម្មវិធីប្រឡងចម្រៀងកុមារ “The voice kids cambodia” របស់ទូរទស្សន៍ហង្សមាស។

ទាក់ទងទៅនឹងករណីខាងលើនេះ នៅយប់ថ្ងៃទី៣១ កក្កដា ដដែលនោះ “នគរធំ” បានទាក់ទងតាមទូរស័ព្ទសុំការបំភ្លឺពីលោកវណ្ណា អ្នកគ្រប់គ្រងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក “The voice Kids Cambodia” ផងដែរ។

លោកវណ្ណា បានឆ្លើយតាមទូរស័ព្ទថា មូលហេតុដែលមិនអនុញ្ញាតឱ្យបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត គឺជាលក្ខខណ្ឌរបស់កម្មវិធី ដែលមិនអនុញ្ញាតឱ្យមានការសម្ភាសន៍បេក្ខជន មុនចប់កម្មវិធីនោះទេ ហើយក៏មិនមែនតែកុមារ ពេជ្រ ថៃ តែម្នាក់ដែរ ពោលគឺគ្រប់បេក្ខជនទាំងអស់តែម្តង។

លោកវណ្ណា បានបញ្ជាក់ថា តាមពិតក៏មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ចង់សម្ភាសន៍ដែរ ប៉ុន្តែលក្ខខណ្ឌរបស់កម្មវិធីមិនអនុញ្ញាតឱ្យបានទេ ហេតុនេះ លោកសូមឱ្យអ្នកសារព័ត៌មានយោគយល់ ត្រូវរង់ចាំបន្តិចសិន ព្រោះកម្មវិធី “The voice Kids Cambodia” ជិតបញ្ចប់ហើយ ហើយនៅពេលចប់ អ្នកសារព័ត៌មាន អាចសម្ភាសន៍ជាមួយបេក្ខជនណាម្នាក់ ក៏បានតាមសេរី… កុំភ្លេចសម្តីលោកវណ្ណា!។

គួរបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The voice Kids Cambodia  វគ្គ The Blind Audition Week 2 កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើឱ្យមហាជនអ្នកទស្សនាមានការភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង ខណៈដែលបានឃើញការបញ្ចោញទេពកោសល្យ (ទឹកដមសំឡេង កាយវិការ ភាពក្រមិចក្រមើម និងភាពក្លាហាន) គួរឱ្យសរសើររបស់កុមារពេជ្រ ថៃ ដែលបានលើកយកបទចម្រៀង១បទរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺបទ “បាត់ដំបងបណ្តូលចិត្ត” មកច្រៀងបង្ហាញសមត្ថភាព នៅចំពោះមុខគណៈកម្មការ៣រូប ដែលសុទ្ធសឹងជាតារាចម្រៀងល្បីលំដាប់ជួរមុខ គឺលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងសុគន្ធ និសា។

គួរបញ្ជាក់ដែរថា កុមារពេជ្រ ថៃ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី និងមានស្រុកកំណើតនៅក្នុងឃុំជ្រៃ (ហួសផ្សារដើមចាន់បន្តិច) ស្រុកមោងឫស្សី (ផ្លូវទៅដូនទ្រី)។ សព្វថ្ងៃកុមារ ពេជ្រ ថៃ រស់នៅជាមួយលោកយាយ និងពូមីង ខណៈដែលឪពុកម្តាយរបស់ប្អូន បានធ្វើការចំណាកស្រុក ទៅធ្វើការនៅឯប្រទេសថៃ អស់រយៈពេល២៥ឆ្នាំមកហើយ។

សូមរង់ចាំអានប្រវត្តិកុមារ ពេជ្រ ថៃ នៅទស្សនាវដ្តី “តារា” ខាងមុខនេះ៕

RELATED ARTICLES