Monday, November 25, 2024
Homeនយោបាយវិសោធនកម្មច្បាប់បក្សនយោបាយ ចូលជាធរមាន សម រង្ស៊ី ៖ បើបង្ហាញរូបខ្ញុំជាមួយព្រះមហាក្សត្រ មានទោសទេ?

វិសោធនកម្មច្បាប់បក្សនយោបាយ ចូលជាធរមាន សម រង្ស៊ី ៖ បើបង្ហាញរូបខ្ញុំជាមួយព្រះមហាក្សត្រ មានទោសទេ?

ភ្នំពេញ ៖ បន្ទាប់ពីសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បាន ចូលជាធរមាន មុននេះ លោកសម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ បានដាក់ជាសំណួរ ថា តើមានទោសឬទេ បើមានគេបង្ហាញរូប លោកជាមួយមេដឹកនាំគណបក្សកាន់អំណាច។ ដោយឡែក ពេលនេះ លោកសម រង្ស៊ី បានបន្ត លើកជាសំណួរទៀតថា “បើបង្ហាញរូបថតរបស់ ខ្ញុំជាមួយព្រះមហាក្សត្រ តើមានទោសឬទេ?”។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានបង្ហោះរូបថតលោកជាមួយអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាច្រើនសន្លឹកជាមួយសំណេរខ្លីថា “តាមច្បាប់គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ ជាមួយព្រះមហាក្សត្រ តើមានទោសឬទេ?”។

ជាគ្នានេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោកបានសរសេរដែរថា “តាមច្បាប់ចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាសង្ឃ តើមានទោសឬទេ?”។

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងហ្វេសប៊ុករបស់លោកសម រង្ស៊ី ក៏បានបង្ហោះរូបថតរបស់លោកកាលបួសជាព្រះសង្ឃ ជាមួយសំណេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ពេលខ្ញុំសាងផ្នួស ក្នុងឆ្នាំ២០០១ ពេលនោះ ព្រះសង្ឃ និមន្តជួរមុខ ចង់មានសង្ឃដីកាថា ៖ “អាត្មាសូមបិណ្ឌបាតឱ្យខ្មែរ ចេះស្រលាញ់ខ្មែរ ហើយឱ្យថ្នាក់ដឹកនាំប្រទេស មានព្រហ្មវិហារ- ធម៌ គឺមិនបំផ្លាញជាតិ ដោយសារអំពើពុករលួយ និងមិនធ្វើបាបរាស្ត្រ ដោយសារចង់ក្រាញអំណាច មួយជីវិត”

លោកសម រង្ស៊ី ជាមួយសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ក្រៅពីសំណួរខាងលើនេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោកសម រង្ស៊ី ក៏បានលើកឡើងតាមគណនីហ្វេសប៊ុករបស់លោកដែរថា ចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារតែច្បាប់ចេញថ្មី នរណាហ៊ានបង្ហាញរូបលោក ជាមួយលោកកឹម សុខា នឹងមានទោស។ តែបើបង្ហាញរូបលោកជាមួយសម្តេចទាំង៣ នៃថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា តើមានទោសដែរឬទេ?

ឆ្លើយតបនឹងសំណួររបស់លោកសម រង្ស៊ី នៅពេលនោះ ទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា បើត្រឹមតែបង្ហាញរូបថតជាលក្ខណៈបុគ្គល មិនមានខុសទេ កុំឱ្យតែមានចេតនាទុច្ចរិតចូលរួមជាមួយគណបក្សនយោបាយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ថា ច្បាប់គណបក្ស គឺដាក់ទោសចំពោះគណបក្ស ដែលយករូបទណ្ឌិតមកប្រើ។ ឯបុគ្គលយកមកប្រើ គឺអត់មានបញ្ហាទេ ព្រោះជារឿងរបស់បុគ្គល។ បានន័យថា រូបភាពដែលកើតមានមុន វិសោធនកម្មច្បាប់គណបក្សនយោបាយ ចូលជាធរមាន វាអត់ធាក់ថយទេ សូម្បីតែរូបភាព ដែលកើតមានពីមុន រវាងលោកកឹម សុខា ជាមួយលោក សម រង្ស៊ី រូបភាពវប្បធម៌សន្ទនារវាងសម្តេច ហ៊ុន សែន ជាមួយលោកសម រង្ស៊ី ក៏អត់មានធាក់ថយដែរ។ ប៉ុន្តែពេលច្បាប់នេះ ចូលជាធរមាន រូបភាពនេះ ពុំត្រូវបានយកមកប្រើ ក្នុងន័យ ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្សនយោបាយណាមួយទៀតឡើយ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា បើសិនជាការបង្ហោះរូបភាពរបស់លោក សម រង្ស៊ី មានចេតនា ទុច្ចរិតណាមួយក្នុងការបម្រើផលប្រយោជន៍ នយោបាយដល់គណបក្សមួយ ឬជាមួយនឹង គណបក្សសង្គ្រោះជាតិ នឹងត្រូវមានទោស ប៉ុន្តែ បើជារូបថតបម្រើបុគ្គលផ្ទាល់ខ្លួនក្នុងន័យមិត្តភាព ជាជីវិតឯកជនរបស់លោកសម រង្ស៊ី ច្បាប់ថ្មីនេះមិនអាចដាក់ទោសលោកសម រង្ស៊ី បានទេ។ ដូច្នេះសំណួររបស់លោកសម រង្ស៊ី ជាការបំភ័ន្តនូវមតិសាធារណៈមួយ ដោយធ្វើឱ្យមានការភ័ន្តច្រឡំទៅលើទិដ្ឋភាពច្បាប់ ប៉ុន្តែសម្រាប់អ្នកដែលដឹងច្បាស់នូវទិដ្ឋភាពច្បាប់ទស្សនទាន ព្រហ្មទណ្ឌ នឹងមិនយល់ថា ខុសច្បាប់នោះទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា ចំពោះរូបថតជារឿងរបស់បុគ្គល ដូច្នេះលោកសម រង្ស៊ី អាចថតជាមួយអ្នកណា ឬអ្នកណាមានរូបជាមួយលោកសម រង្ស៊ី ក៏ដោយ ក៏មិនមានបញ្ហាអីពាក់ព័ន្ធនឹងស្ថាប័នគណបក្ស ដែលបានចែងក្នុងច្បាប់គណបក្សនយោបាយនោះទេ។ ពោលគឺរូបថតជាបញ្ហាបុគ្គល ដែលក្នុងច្បាប់នោះ និយាយអំពីគណបក្ស មិនឱ្យគណបក្សភ្ជាប់ខ្លួនជាមួយទណ្ឌិត ឬគណបក្សនោះ ភ្ជាប់ខ្លួនជាមួយនឹងជនដែលទទួលបានការផ្តន្ទាទោស ពីព្រោះជនដែលទទួលបានការផ្តន្ទាទោសនោះ បានបាត់បង់សិទ្ធិសេរីភាព។ ដូច្នេះ បើថតជាមួយអ្នកណាក៏ដោយ ឱ្យតែនៅក្នុងឯកជន មិនមែនថតនៅក្នុងន័យគណបក្សមិនមានទោសនោះទេ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ១៨៧/០២៧/២០១៧ កបធ/ច ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នោះ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមលេខ ០៧/១៧/០០៧ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយសម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី។

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

មាត្រាមួយ​ ៖

ច្បាប់ស្តីពីគណបក្សនយោបាយ ដែល​ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/​រកម/១១៩៧/០៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៧​ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី​គណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខនស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ត្រូវបានធ្វើ វិសោធនកម្មដូចតទៅ ៖

-មាត្រា៦ថ្មី មាត្រា១១ និងមាត្រា១៤ ថ្មី ត្រូវបានកែប្រែនិងត្រូវបានបន្ថែមមាត្រា៤៥ ថ្មី (ស្ទួន) និងមាត្រា៤៨ថ្មី (ស្ទួន) ដូចខាង ក្រោម ៖

មាត្រា៦…ថ្មី (ពីរ) ៖

ត្រូវគ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយដូចខាងក្រោម ៖

១-ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។

២-ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ។

៣-ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

៤-បង្កើតកងកម្លាំងប្រដាប់អាវុធ។

៥-ធ្វើការញុះញង់ដែលអាចនាំឱ្យមាន ការបែកបាក់ជាតិ។

៦-ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់ គណបក្សនយោបាយរបស់ខ្លួន។

៧-យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។

៨-គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិត ជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។

លោកសម រង្ស៊ី កាលបួសជាព្រះសង្ឃ

មាត្រា១១-ថ្មី ៖

គ្រប់គណបក្សនយោបាយ ត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូចខាងក្រោម ៖

១-ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ ត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា។

២-ឈ្មោះរបស់គណបក្សនយោបាយ មិនត្រូវធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវន្តបុគ្គលមកដាក់ឡើយ។

៣-សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាព តំណាងឱ្យសាសនា ប្រាសាទអង្ករវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរ គ្រប់អង្គ ឬរូបភាពរបស់រូបវន្តបុគ្គលឡើយ។

មាត្រា៤៥-ថ្មី (ពីរ) ៖

ដោយមិនគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលបានប្រព្រឹត្ត ល្មើសនឹងមាត្រា៦ថ្មី (ពី) នៃច្បាប់នេះ និង មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេចដូចខាងក្រោម ៖

-ផ្អាកសកម្មភាពគណបក្សនយោបាយ នោះ មិនលើសពី៥ (ប្រាំ) ឆ្នាំ។

-រំលាយគណបក្សនយោបាយនោះ។

មាត្រា៤៥-ថ្មី (ស្ទួន) ៖

គណបក្សនយោបាយដែលត្រូវបានសម្រេច ផ្អាកសកម្មភាព មិនត្រូវបានអនុញ្ញាតឱ្យចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។

ត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវបានសម្រេចផ្អាក សកម្មភាព ឬត្រូវបានសម្រេចរំលាយ ស្របតាម ច្បាប់នេះ។

មាត្រា៤៨-ថ្មី (ស្ទួន) ៖

ចំពោះគណបក្សនយោបាយណាដែលមាន ឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សនយោបាយ ជាឈ្មោះឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះឬសញ្ញាសម្គាល់ឱ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ (កៅសិប) ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែល ច្បាប់នេះចូលជាធរមាន។

មាត្រា ពីរ ៖

ច្បាប់នេះត្រូវប្រកាសជាការប្រញាប់…”

កុលបុត្រ

RELATED ARTICLES