Monday, November 25, 2024
Homeនយោបាយទទាយំឆ្លង ត្រយងយំឆ្លើយ

ទទាយំឆ្លង ត្រយងយំឆ្លើយ

មុនពេលវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” ចូលជាធរមាន អ្នកតាមដាននយោបាយឃ្លាំមើលឃើញថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស តែងឆ្លើយឆ្លងជាមួយលោកកឹម សុខា និងសហការីឯទៀត តាមរយៈប្រព័ន្ធអេឡិកត្រូនិក ប្រៀបបាននឹង “ទទាយំឆ្លង ត្រយងយំឆ្លើយ”។ លុះច្បាប់នេះចូលជាធរមាន មន្ត្រីបក្សប្រឆាំង លែងហ៊ានឆ្លើយឆ្លងជាមួយអតីតមេកោយនោះទៀតហើយ ប៉ុន្តែ បែរជាមន្ត្រីបក្សកាន់អំណាច ជាពិសេស អ្នកនាំពាក្យ បន្តការឆ្លើយឆ្លងម្តងវិញ ដែល “នគរធំ” សូមលើក “សត្វទទា និងសត្វត្រយង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បទចម្រៀងចង្វាក់រាំវង់ កាលពីសម័យសង្គមរាស្ត្រនិយម ១បទថា “ទទាយំឆ្លង ត្រយងបងអើយយំឆ្លើយ សង្សារបងអើយ ភ្លេចបងហើយឬនៅ? ទឹកហូរកាត់ខ្សាច់ ចិត្តបងមិនដាច់អំពីស្រីពៅ ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅជួបគូសង្សារ” គឺជាបទចម្រៀងដ៏មានប្រជាប្រិយភាព ឱ្យតែមានពិធីជប់លៀង រៀបមង្គលការម្តងៗ មនុស្សជំនាន់នោះតែងយកមកច្រៀង ឆ្លើយឆ្លងគ្នាបន្ទរដោយស្គរដៃ ឬស្គរឡាំ រាំលេងយ៉ាងសប្បាយ។

“ទទា” គឺជាបក្សីមួយប្រភេទ សម្បុរសពព្រុសផ្អុចៗ អាឈ្មោលតែងរងាវឮសូរអឺត!ៗ លាន់រំពងព្រៃ។ ពួកវាចូលចិត្ត រស់នៅតាមព្រៃរនាម ក្បែរមាត់បឹង ស្ទឹង ទន្លេ ស៊ីត្រីជាអាហារ។ អ្នកស្រុកតែងធ្វើអង្គប់ទាក់ទទា យកទៅចិញ្ចឹមទុកឱ្យវា រងាវស្តាប់លេង និងធ្វើជាធ្នាក់សម្រាប់ទាក់ទទាព្រៃមកធ្វើម្ហូប។

ដោយឡែក “ត្រយង” ជាបក្សីមួយប្រភេទ ពពួកកុក មានច្រើនពូជ សម្បុរខ្មៅប្រផេះ ចំពុះខុបស្រួច វាចូលចិត្តយំថ្ងូរ ឮសូរគ្រលួចស្រួយស្រែះគួរឱ្យស្រងេះស្រងោច។ វារស់នៅតាមព្រៃរនាម លាយឡំជាមួយសត្វទទា គឺបើឮទទាយំឆ្លងពីព្រៃ ឯកើតត្រយងក៏យំឆ្លើយពីព្រៃឯលិច គួរឱ្យចាប់អារម្មណ៍ ជាហេតុនាំឱ្យកវីនិពន្ធផ្តិតបានរូបារម្មណ៍នេះ យកទៅតែងទំនុកច្រៀង “ទទាយំឆ្លង ត្រយងយំឆ្លើយ” ទុកជាមរតកវប្បធម៌ មកទល់ពេលនេះ។

បើយករឿង “ទទាយំឆ្លង ត្រយងយំឆ្លើយ” មកប្រៀបធៀបនឹងឆាកនយោបាយ យើងឃើញថា លោកសម រង្ស៊ី ប្រៀបបាននឹងទទា ចំណែកលោកកឹម សុខា និងសហការី ប្រៀបបាននឹងត្រយង។ កាលមិនទាន់មានច្បាប់តឹងដូចខ្សែចាប៉ី នោះ រវាងលោកសម រង្ស៊ី ដែលនិរទេសខ្លួនឯងទៅនៅក្រៅប្រទេសនោះ តែងរងាវឮសូរអឺត!ៗ រំលងទ្វីប និងមហាសមុទ្រចម្ងាយរាប់ម៉ឺនគីឡូ ទាក់ទងជាមួយអតីតសហការី ស្របពេលដែលលោកកឹម សុខា និងមន្ត្រីបក្សប្រឆាំងឯទៀត ឆ្លើយតបវិញ បង្កប់នូវពាក្យពេចន៍អាណិតអាសូរអតីតមេបក្សដែលក្លាយជាទណ្ឌិត ប្រឈមនឹងពន្ធនាគារ។ ដោយមិនចង់ឱ្យទទា និងត្រយង យំឆ្លងឆ្លើយគ្នានាំរំខានដំណេកតទៅទៀត បក្សកាន់អំណាច បាននាំគ្នាធ្វើវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” តាមរូបមន្ត ៥០+១ ហាមប្រាមទណ្ឌិតមិនឱ្យទាក់ទងគណបក្សនយោបាយតទៅទៀត។ ច្បាប់ថ្មីនេះចែងថា គណបក្សណាដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះ ត្រូវប្រឈមនឹងការរំលាយគណបក្ស គ្មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត។

ឥឡូវពួកត្រយង នៅក្នុងស្រុក លែងហ៊ានយំឆ្លើយឆ្លងជាមួយបងទទា នៅក្រៅស្រុកទៀតហើយ ព្រោះខ្លាចបាត់បង់សិទ្ធិ ធ្វើនយោបាយ ដឹងអី ! ស្រាប់តែមន្ត្រីបក្សកាន់អំណាច “ធ្វើត្រយងម្តងវិញ” ដោយនាំគ្នាឆ្លើយឆ្លងជាមួយបងទទា ដែលអឺត!ៗ ពីព្រៃឯលិចមក។ បងទទានោះ មិនខ្លាចអង្គប់ព្រាននោះទេ នៅតែរងាវមិនឈប់ ដូចពេលថ្មីៗនេះ ទទា សម រង្ស៊ី បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “តាមច្បាប់ចេញថ្មី បើបង្ហាញរូបខ្ញុំកាលបួសជាសង្ឃ តើមានទោសទេ?” និង សរសេរថា “បើបង្ហាញរូបថតខ្ញុំជាមួយព្រះមហាក្សត្រ តើមានទោសឬទេ?” សំណួរនេះ មន្ត្រីបក្សប្រឆាំង ដែលធ្លាប់ជាសត្វត្រយងនោះស្ងាត់ច្រៀបគ្រប់គ្នា មិនហ៊ាន “ក្រុល!ៗ” តបទៅ ទទាវិញទេ ស្រាប់តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី “គូក!” សងវិញ ដោយឆ្លើយស្របគ្នាថា “ចំពោះរូបថតជា រឿងរបស់បុគ្គល ដូច្នេះលោកសម រង្ស៊ី អាចថតជាមួយអ្នកណា ឬអ្នកណាមានរូបជាមួយលោកសម រង្ស៊ី ក៏ដោយ ក៏មិនមាន បញ្ហាអីពាក់ព័ន្ធនឹងស្ថាប័នគណបក្ស ដែលមានចែងក្នុងច្បាប់គណបក្សនយោបាយនោះទេ”

ដូច្នេះយើងឃើញថា នៅពេលមន្ត្រីបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកកឹម សុខា លែងហ៊ានឆ្លើយឆ្លង ឬធ្វើ ត្រយងយំឆ្លងជាមួយបងទទា ស្រាប់តែមន្ត្រី CPP ជាពិសេស អ្នកនាំពាក្យ ឆ្លើយឆ្លងម្តងនោះ បើឆ្លើយទៅភ្លាត់ស្នៀតជ្រុលសម្តីប៉ះពាល់ដល់ច្បាប់ ស្តីពី “គណបក្សនយោបាយ” នោះ អាចនឹងមានកំហុសដូចគ្នា។ ចាប់ពីពេលនេះតទៅ ទទាសម រង្ស៊ី នឹងនៅតែអឺត!ៗ ពីក្រៅប្រទេសមិនឈប់ទេ ដើម្បីដាក់គន្លឹះឱ្យត្រយងនៅក្នុងស្រុកយំឆ្លើយ។ កាលណាអ្នកតាមដានដែល ចំហត្រចៀកចាំស្តាប់ “ទទាយំឆ្លង ត្រយងយំឆ្លើយ” នោះ ក្តាប់បានត្រង់ចំណុចអវិជ្ជមានណាមួយ ក៏អាចដឹងថា ខាងណាខុស ខាងណាត្រូវមិនខានឡើយ។ ឥឡូវទទា សម រង្ស៊ី យករឿងរូបថតមកបង្ហាញម្តងហើយម្តងទៀត ជួនកាលជារូបថតរួមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមួយអតីតព្រះមហាក្សត្រ ស្រាប់តែអ្នកនាំពាក្យឆ្លើយថា “រូបថតជាលក្ខណៈបុគ្គលគ្មានកំហុសទេ” នោះ អ៊ីចឹង បើមានមន្ត្រីបក្សប្រឆាំងណាត្រូវចេញទៅកម្សាន្តនៅក្រៅប្រទេស ចៃដន្យបានជួបលោកសម រង្ស៊ី ក៏ថតរូបជាលក្ខណៈឯកជនបង្ហោះតាមហ្វេសប៊ុកនោះ ស្រាប់តែ “មានកំហុស” នោះជាហេតុនាំឱ្យអន្តរជាតិ និងសាធារណមតិវាយតម្លៃដល់ច្បាប់ដែលទើបចូលជាធរមាននោះ ព្រោះនៅចន្លោះប្រហោងត្រង់មិនបានចែងឱ្យច្បាស់លាស់ រវាង “គណបក្ស និងឯកជន”

ទទា សម រង្ស៊ី អាចមានល្បិចស្នៀតផ្សេងទៀត ដោយដាក់ចេញជាសំណួរប្លែកៗឱ្យអ្នកនាំពាក្យ CPP ឆ្លើយឆ្លងជាមួយ ឬឧបមាថា មន្ត្រីបក្សកាន់អំណាច បានចាត់សកម្មជនរបស់ខ្លួនទៅអូសទាញអ្នកគាំទ្របក្សប្រឆាំងឱ្យចុះចូល ឬអូសទាញមេឃុំ-ចៅសង្កាត់ របស់បក្សប្រឆាំង ឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ស្រាប់តែទទា សម រង្ស៊ី អឺត! ពីក្រៅប្រទេសមកថា ចំណុចទី៥ មាត្រា៦ ថ្មី (ពីរ) សរសេរថា “ធ្វើការញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិ” ដោយទទានោះ ចោទមន្ត្រី CPP ថា ទៅញុះញង់បំបែកបំបាក់បក្សប្រឆាំង ឬធ្វើឱ្យប្រជាជាតិបែកបាក់គ្នានោះ បើអ្នកនាំពាក្យ ឬត្រយង ឆ្លើយខុស នឹងចាញ់ប្រៀបបក្សប្រឆាំងមិនខាន។

សព្វថ្ងៃយើងឃើញថា ទទា សម រង្ស៊ី មិនដាច់ចិត្តពីត្រយងជាសហការីនោះទេ ឬថា “ទឹកហូរកាត់ខ្សាច់ ចិត្តបងមិន ដាច់អំពីស្រីពៅ ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅជួបគូសង្សារ” មានន័យថា មិនដឹងជាពេលណាលោកសម រង្ស៊ី បាន វិលចូលមាតុភូមិវិញ។ អតីតសហការីគាត់ ច្បាស់ជានាំគ្នាបិទភ្នែក ញ៉ុកត្រចៀក ធ្វើថ្លង់ធ្វើគគ្រប់គ្នា ដោយខ្លាចប៉ះទង្គិចនឹងច្បាប់ ឈានដល់ “រំលាយគណបក្ស” ប៉ុន្តែ ទទាឈ្មោលនោះកាន់តែរងាវឮខ្លាំងជាងមុនទៅទៀត ដើម្បីឱ្យត្រយងថ្មីថ្ងួចថ្ងូរ តបទៅវិញ។ ជារឿងពិបាកយល់ដែរ ព្រោះ “ត្រយងចាស់” មិនហ៊ានឆ្លើយជាមួយទទា បែរជា “ត្រយងថ្មី” ហ៊ានឆ្លើយទៅវិញ ដូច្នេះអាចថា ច្បាប់ថ្មីនោះ នៅមានចន្លោះប្រហោងខ្លះៗ ដោយមិនទាន់ចែកឱ្យដាច់រវាង “ឯកជននិងគណបក្ស” បើឯកជនឆ្លើយឆ្លងមិនខុស ច្បាស់ជាថ្ងៃក្រោយ មានតំណាងរាស្ត្រ ឬសកម្មជនបក្សប្រឆាំងណាទៅជួបទទា សម រង្ស៊ី ជាលក្ខណៈ ឯកជនមិនខាន លុះបក្សកាន់អំណាចចោទប្រកាន់ថា ជារឿងគណបក្ស អាចនឹងឈានដល់ “ចំណេះជិះកឯង”

សរុបទៅ “ទទាយំឆ្លង ត្រយងយំឆ្លើយ” មានន័យយ៉ាងនេះឯង។ ដូចលើកឡើងរួចមកហើយថា ចាប់ពីពេលនេះតទៅត្រយង CNRP លែងហ៊ានឆ្លើយឆ្លងជាមួយបងទទា សម រង្ស៊ី នោះហើយ ព្រោះពាក់ព័ន្ធនឹងគណបក្សនយោបាយ។ លុះដល់ត្រយង CPP ឆ្លើយឆ្លងថា ជាលក្ខណៈបុគ្គល ឬឯកជននោះ អាចនាំឱ្យសកម្មជនបក្សប្រឆាំង ធ្វើតាមជាលក្ខណៈឯកជន ដែលបង្ហាញថា អ្នកសរសេរវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” មិនបាន ចែងពីចំណុចនេះឱ្យច្បាស់លាស់ ដែលអាចនាំឱ្យមានការបកស្រាយខុសគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំង ពាក់ព័ន្ធនឹងច្បាប់ថ្មីនេះ…៕

RELATED ARTICLES