ភ្នំពេញ ៖ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ដែលទើបតែបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សា បណ្ឌិតសភាចារ្យ លោកសុខ ទូច ប្រកាសជំហរថា នឹងខិតខំបម្រើការងារនេះឱ្យបានល្អ ហើយបើមិនបានជោគជ័យ លោកនឹងចុះចេញពីតំណែង។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោកសុខ ទូច ត្រូវបានតែងតាំងនិងផ្តល់ឋានៈជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ជំនួសលោកស្រីបណ្ឌិតសភាចារ្យខ្លូត ធីតា ដែលត្រូវបាន ដំឡើងឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយទទួលបានការតែងតាំងនោះមក លោកបណ្ឌិតសភាចារ្យសុខ ទូច បានបញ្ជាក់ថា ការទទួលតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺជាការទទួលខុសត្រូវនូវអំរែកការងារដ៏ធំ។ លោកសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យលោកបំពេញភារកិច្ចនេះ។ លោកនឹងខិតខំ ឱ្យអស់ពីសមត្ថភាព ដើម្បីស្ថាប័ននេះ និងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រទៅថ្ងៃអនាគត។
អ្វីដែលជាជំហរមុតមាំជាងនេះ នៅក្នុងពេលបើកកិច្ចប្រជុំក្នុងរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា លោកនឹងដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឱ្យមានការអភិវឌ្ឍថ្មី ជាពិសេស ក្លាយជាស្ថាប័នមួយដែលផ្តល់នូវយុទ្ធសាស្ត្រគោលនយោបាយ ក្នុងរយៈពេល២ឆ្នាំ ឱ្យមានការផ្លាស់ប្តូរ និងប្រសើរឡើង បើមិនអាចទៅ រួចទេ លោកសុខចិត្តចុះចេញពីតំណែងមួយនេះ។ មួយវិញទៀត លោកក៏បានកែសម្រួល និងរៀបចំឡើងវិញនូវការអនុវត្តគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់មន្ត្រី ឱ្យខិតខំប្រឹងប្រែង មកបំពេញការងារ ហើយមួយទៀត លោកបញ្ជាក់ថា “គ្មានទេ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” និងមិនចង់ធ្វើជា “មេទាបណ្តើរ កូនមាន់” នោះទេ។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ៖
“នគរធំ” ៖ សូមជម្រាបសួរលោកបណ្ឌិតសភាចារ្យសុខ ទូច ! ដោយមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជន តើលោកបណ្ឌិត អាចបញ្ជាក់បានទេថា នឹងរៀបចំគោលនយោបាយយុទ្ធសាស្ត្រអ្វីខ្លះ ក្នុងនាមជាប្រធានរាជបណ្ឌិត្យ សភាកម្ពុជា ?
លោកបណ្ឌិតសុខ ទូច ៖ បាទ ! ជាការពិត ដើម្បីបន្តស្ថាប័នមួយមានដំណើរការល្អ គឺត្រូវតែមានរចនាសម្ព័ន្ធ មានគោលនយោបាយសម្រាប់ជំរុញស្ថាប័ននេះឱ្យវាចំទិសដៅ ហើយនិងចំភារកិច្ច។ ជាការពិតណាស់ រាជបណ្ឌិត្យ សភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវ ចុះបើស្ថាប័នស្រាវជ្រាវ វាត្រូវការអ្នកដែលមានចំណេះដឹងខាងស្រាវជ្រាវ ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅនិងថ្នាក់បណ្ឌិត ដែលមានឧបនិស្ស័យខាងស្រាវជ្រាវ។ ហេតុអីជាយើងទៅផ្លូវហ្នឹង? អ៊ីចឹងបានជាយើងមានពាក្យស្លោកមួយថា “រាជបណ្ឌិត្យសភា ជាស្ថាប័នផ្តល់អនុសាសន៍ និងយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍទៅដល់សង្គមជាតិ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ។ វាជាគោលការណ៍ វាជាគោលនយោបាយ ដែលយើងត្រូវដាក់ទស្សនៈមួយហើយៗយើងចាប់ផ្តើមប្រើទស្សនទានហ្នឹងឱ្យចំទិសដៅ។ អ៊ីចឹងនៅក្នុងរាជបណ្ឌិត្យសភា មាន ៦វិទ្យាស្ថាន និងមានឧទ្យានមួយទៀត គេហៅថា ឧទ្យានឫស្សីស្រុក តេជោសែន គឺមានឧទ្យានហ្នឹង មួយដែលមានដី១០គីឡូបួនជ្រុង ដើម្បីរៀបចំឧទ្យានហ្នឹងឱ្យទៅជាឧទ្យានគំរូ រក្សាព្រៃឈើផង ហើយអាចយកអនុផលព្រៃ ឈើផង ហើយនិងទាញយកនូវសោភ័ណនៃព្រៃឈើ ដើម្បីទាក់ទាញទេសចរណ៍។ អ៊ីចឹង យើងសាកធ្វើអាហ្នឹងមួយ ហើយនៅក្នុងវិទ្យាស្ថានទាំង៦ វាមានវិទ្យាស្ថានភាសាជាតិ គាត់សិក្សាអំពីខេមភាសា និងភាសាជនជាតិភាគតិច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន ដើម្បីចងក្រងឱ្យរដ្ឋាភិបាលកម្ពុជា ហ្នឹងមានភាសាប៉ុន្មាន? អាហ្នឹងផ្នែកខាងភាសា។ ឯវិទ្យាស្ថាន មួយទៀត ខាងផ្នែកវប្បធម៌វិចិត្រសិល្បៈអ៊ីចឹង វិទ្យាស្ថានហ្នឹងត្រូវសិក្សាអំពីវប្បធម៌របស់ខ្មែរ ចងក្រងសហការជាមួយនឹងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ដើម្បីឱ្យផ្តល់ត្រឹមណា ក្រសួងវប្បធម៌ដើរតួនាទីជាអ្នកអនុវត្ត ឯរាជបណ្ឌិត្យសភា ដើរតួនាទីជាអ្នកស្រាវជ្រាវ ដើម្បីផ្តល់ជាគោលដៅ និងយុទ្ធសាស្ត្រ និងឯកសារ ដែលជាឯកសារក្នុងការស្រាវជ្រាវហ្នឹង ហើយវិទ្យាស្ថានមួយទៀត គឺវិទ្យាស្ថានខាងបច្ចេកវិទ្យា។ ខាង បច្ចេកវិទ្យាហ្នឹង គឺយើងសិក្សាពីការរីកចម្រើននៃបច្ចេកវិទ្យាទំនើបៗនៅលើពិភពលោក ហើយដើម្បីយកមកអនុវត្តនៅក្នុងប្រទេសយើង ហើយវិទ្យាស្ថានមួយទៀត គេហៅថា វិទ្យាស្ថានវេជ្ជសាស្ត្រ និងកសិកម្ម។ អ៊ីចឹងកសិកម្មហ្នឹង យើងក៏ត្រូវសិក្សាដែរ ឧទាហរណ៍ថា បើសិនជាយើង ធ្វើស្រែក្នុងមួយហិកតារ ពី៣តោន ទៅ ៥តោន តែបើយើងយកស្រែហ្នឹងមកដាំស្មៅវិញ ចិញ្ចឹមគោ តើវាចំណេញឬក៏អត់ ? ហើយគោមួយ រហូតដល់ឱ្យផល តើគាត់ចំណាយពេលប៉ុន្មាន? ចំណាយដើមប៉ុន្មាន ដើម្បីចៀសវាងប្រជាជន ដែលគាត់អត់បានដឹងរឿងហ្នឹង ឃើញគេធ្វើអី ធ្វើនឹងគេ ឃើញគេដាំដំឡូង នាំគ្នាទៅដាំដំឡូង ឃើញគេដាំពោត នាំគ្នាទៅដាំពោត។ អ៊ីចឹង ត្រូវការស្រាវជ្រាវថា បើដាំពោតប៉ុណ្ណឹង យើងត្រូវប្រើដើមទុនអស់ប៉ុន្មាន? ហើយពេលយើងចំណេញយ៉ាងម៉េច ដើម្បីឱ្យប្រជាជនទៅខ្ចីមីក្រូ ហិរញ្ញវត្ថុឯកជនហ្នឹង កុំឱ្យមានបញ្ហា។ អ៊ីចឹង យើងសាកមើល ឥឡូវនេះ ខ្ញុំបានជួបខាងរដ្ឋមន្ត្រីក្រសូងកសិកម្មហ្នឹង បានលើការចិញ្ចឹមគោហ្នឹង យើងដឹកគោពីអូស្ត្រាលីមក។ ដឹកគោវាធំណាស់ ហើយវាអត់បានឱ្យកសិករយើងមានទេ។ អ៊ីចឹងយើងចង់ដឹកទឹកស្ពែមពីអូស្ត្រាលី មកបង្កាត់ពូជគោយើង ហើយយើងសិក្សាមើលអាហ្នឹង ថា ចំណាយដើមប៉ុន្មាន? ក្នុងគោមួយ ចុះបើគោពីរប៉ុន្មាន? អ៊ីចឹងកសិករគាត់មានផ្លូវមួយ ឱ្យគាត់ដើរហើយ បើគាត់ចិញ្ចឹមគោ២ គាត់ត្រូវចំណេញប៉ុណ្ណេះ គាត់ត្រូវរក្សាប៉ុណ្ណេះ ហើយគាត់ត្រូវថែរក្សាអ៊ីចេះ ចិញ្ចឹមរបៀបនេះ វាបានផលអ៊ីចេះ។ អ៊ីចឹងពេលដែលគាត់ចិញ្ចឹមទៅ គាត់ដឹងមាន ចុះបើពេលមានបញ្ហាទីផ្សារ ត្រូវធ្វើរបៀបម៉េចៗ អ៊ីចឹងយើងសិក្សាអាហ្នឹង ហើយបានអាហ្នឹងហើយ យើងផ្តល់ឱ្យក្រសួងកសិកម្ម ចុះផ្សព្វផ្សាយ និងបង្រៀនប្រជាជន។ អាហ្នឹង ព្រឹកមិញហ្នឹង ក្រោយពីខ្ញុំបានជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម ខ្ញុំមានគំនិតហ្នឹងមួយ ដើម្បីធ្វើកិច្ចការនេះ។ ខ្ញុំឧទាហរណ៍ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងនយោបាយ អ៊ីចឹងគាត់ដើរតួនាទីអី ? គាត់សិក្សាស្រាវជ្រាវទៅតាមតំបន់ផង សិក្សាតាមវិស័យផង។ តំបន់វាមានតំបន់អាមេរិក អាមេរិកឡាទីន អូសេអានី ខាងអាស៊ី អឺរ៉ុប រុស្ស៊ី ហើយមានខាងវិស័យនេះ មានខាងសន្តិសុខ ខាងការទូត ទាំងអស់ហ្នឹង យើងសិក្សា ហើយយើងផ្តល់ចម្លើយហ្នឹងទៅឱ្យខាងក្រសួងការបរទេស ប៉ុន្តែយើងមានកម្មវិធីហ្នឹង យើងបានសិក្សាឃើញបែបហ្នឹង ស្ថានភាពអីៗអ៊ីចឹង ឬក៏ថ្មីៗនេះ អាល្លឺម៉ង់ ដេញស្ថានទូតវៀតណាមចេញ ក្នុងរយៈពេល៤៤ម៉ោង មូលហេតុអី? គឺថាវាខុសអីៗអ៊ីចឹង យើងឱ្យអ្នកដែលសាមញ្ញ គេអាចយល់ ហើយចៀសវាងអ្នកនយោបាយ ដើរបកប្រែ អ៊ីចេះបកប្រែអ៊ីចុះ ព្រោះវាជាច្បាប់។ ឧទាហរណ៍ គណបក្សនយោបាយចេញមកថា មាន៥០ម៉ឺន សន្យាអ៊ីចេះ សន្យាអ៊ីចុះ អ៊ីចឹងខាងហ្នឹងត្រូវចេញបកស្រាយ។ បកស្រាយមិនមែនបកស្រាយ តែយើងទេ ត្រូវយកគោលការណ៍ច្បាប់ ត្រូវហៅគណបក្សទាំងអស់ហ្នឹង ដែលពាក់ព័ន្ធចូលមក ដើម្បីបំភ្លឺ និងបង្ហាញថា ធ្វើយ៉ាងដូចម្តេច ដើម្បីឈប់ឱ្យបំពុលសង្គម។ ហើយមូយទៀត ខាងពេទ្យឧទាហរណ៍យើង ក៏សិក្សាបន្តទៀតថា បើយើងចំណាយថវិកា ចេញទៅមើលប្រទេសជិតខាង ឬក៏យើងបង្កើត ពេទ្យនៅក្នុងស្រុកខ្មែរ ដែលមានតម្លៃមួយ ដែលអាចទទួលយកបាន តើចំណាយប៉ុណ្ណឹង វាអាចទប់យ៉ាងដូចម្តេច? តើហេតុអីបានជាពេទ្យគេខ្លាំង? តើយើងចង់ ដឹងខ្លាំងអ៊ីចឹងដែរ យើងត្រូវធ្វើម៉េច? យើងសិក្សាហើយ យើងផ្តល់ឱ្យ រដ្ឋាភិបាល ឬក្រសួងសុខាភិបាលហ្នឹង ប៉ុន្តែយើងត្រូវប្រើពេលយូរ។ អ៊ីចឹងក៏ត្រូវការធនធានមួយ ដើម្បីធ្វើពលិកម្ម ដើម្បីមូលហេតុជួយប្រទេសជាតិ។ អ៊ីចឹងខ្ញុំចង់និយាយថា បកក្រោយមកវិញ រាជបណ្ឌិត្យសភា នឹងដើរតួជាធនាគារខួរក្បាល ផ្តល់គំនិត និងការសិក្សាស្រាវជ្រាវជូនទៅឱ្យស្ថាប័នរបស់រដ្ឋ ឬស្ថាប័នដែលពាក់ព័ន្ធនៅក្នុងរាជរដ្ឋាភិបាលនេះ ចៀសវាងពីមុនយើងដឹង ហើយថា យកការងារធ្វើជាបទពិសោធន៍ដល់ឥឡូវនេះ យើងកែប្រែពីការយកការងារធ្វើបទពិសោធន៍យកខួរក្បាលអ្នកប្រាជ្ញទៅធ្វើជាបទពិសោធន៍សិក្សាស្រាវជ្រាវ ហើយផ្តល់គំនិត និងយុទ្ធសាស្ត្រ ហើយការនិយាយ វាចេះតែស្រួល ប៉ុន្តែវាត្រូវការសំយោគនិយម ប្រកាសឱ្យបញ្ញវន្តដែលគាត់មានបំណងចង់ធ្វើ ដែលគាត់ចង់បង្ហាញទេពកោសល្យរបស់លោក អាចចូលរាជបណ្ឌិត្យសភា ហើយបង្ហាញពីគំនិត ទូទៅ និងពង្រីកនៃការស្រាវជ្រាវរបស់គាត់ ហើយឈានទៅទទួលលទ្ធផល ដើម្បីឱ្យគេទទួលស្គាល់ទាំងស្នាដៃទាំងរបកគំហើញ ក៏ដូចជាឈ្មោះ របស់គាត់នឹងល្បីតាមរយៈការស្រាវជ្រាវនេះ។
នគរធំ ៖ ចំពោះព័ត៌មានថា ក្នុងរយៈពេល ២ឆ្នាំ លោកនឹងដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឱ្យមានភាពល្អប្រសើរ តែបើមិនអាចទៅរួចទេ លោកបណ្ឌិត នឹងចុះចេញពីតំណែង តើព័ត៌មាននេះ យ៉ាងណាដែរ?
លោកបណ្ឌិតសុខ ទូច ៖ ខ្ញុំបាននិយាយការងារនេះ ! ខ្ញុំធម្មតា ការយកតំណែង មិនមែនយកមកលម្អ ឬយកមកដើម្បីយកតំណែង ទៅជាហៅថាយកមានយកបានទេ យើងយកមកដើម្បីធ្វើឱ្យស្ថាប័ននេះដើរ ហើយចុះបើក្នុង រយៈពេល២ឆ្នាំ វាមិនដើរ យើងផ្តល់ឱកាសឱ្យគេដទៃទៀតគេធ្វើ ប៉ុន្តែមិនមានន័យថា ជោគជ័យទាំងស្រុងទេ វាអាចលើកគម្រោងអី។ ឧទាហរណ៍ថា គម្រោងគោស្ពែម គោចូលមករឿងស្អី? រឿងសិក្សាអំពីតើស្រុកខ្មែរត្រូវការប្រើប្រាស់ សាច់ជ្រូកប៉ុន្មាន? តើយើងអាចទិញសៀវភៅ ព្រំដែនបានឬក៏អត់? អាហ្នឹងសុទ្ធតែជាសមិទ្ធផល បើវាចេញ។ បើវាអត់ចេញ អាហ្នឹងយើងត្រូវតែទទួលស្គាល់ការពិត យើងត្រូវតែលាលែងចេញ យើងចេះផ្តលឱកាសឱ្យគេធ្វើម្តង យើងបានប្រាប់ហើយថា យើងមិនមានសមត្ថភាព តែបើយើងគិតហើយវាខុសជ្រុងណា អាហ្នឹងមានការសោកស្តាយ។ ពេលអង្គប្រជុំជាមួយមន្ត្រីរាជការ ខ្ញុំបាននិយាយបែបនេះ ព្រោះខ្ញុំមកនេះ មិនមែនមកបង្ហាញមុខ ឬក៏ក្រវាត់ក ដើម្បីតាមទូរទស្សន៍ ឬក៏តាមហ្វេសប៊ុកទេ គឺយើងក្រវាត់កដើម្បីជួយសង្គមយើង ជួយរដ្ឋាភិបាល យើង ជួយជាតិយើង ប្រើតិចចំទិសដៅ ប្រើតិចមានគុណភាព ប្រើតិចផ្តល់លទ្ធផលល្អសម្រាប់យើង ។
នគរធំ ៖ ចុះចំពោះខ្លឹមសារដែលលោក បណ្ឌិតលើកឡើងថា “គ្មានទឹកឡើងត្រីស្រមោច ទឹកហោចស្រមោចស៊ីត្រី” នោះ តើមានន័យ យ៉ាងណា ?
លោកបណ្ឌិតសុខ ទូច ៖ ខ្ញុំចង់និយាយថា ខ្ញុំឡើងមក ខ្ញុំបន្តការងារនេះពីថ្នាក់មុន ពីអ្នកដឹកនាំមុន ពីឯកឧត្តមស៊ន សំណាង ពីលោកជំទាវបណ្ឌិតខ្លូត ធីតា ប៉ុន្តែការដឹកនាំ គឺវាមានលក្ខណៈផ្សេងគ្នា។ ទោះបីជាអាមេរិក ដែលមានប្រធានាធិបតីដល់ទៅ៤៥ វាមានប្រព័ន្ធរបស់វា ប៉ុន្តែការដឹកនាំ វាមានចរិតផ្សេងៗគ្នា។ ចំណែកឯខ្ញុំដូចគ្នា ការដឹកនាំរបស់ខ្ញុំ គឺបែបផ្សេង ខ្ញុំដឹកនាំទៅតាមច្បាប់អីដែលមានធម្មតា ស្ថាប័នមួយកើតឡើងដោយព្រះរាជក្រឹត្យអនុក្រឹត្យ ហើយយើងធ្វើទៅតាមកិច្ចការហ្នឹង។
នគរធំ ៖ ចំពោះខ្លឹមសារមួយទៀត ដែលថា មិនចង់ធ្វើជា “មេទាបណ្តើរកូនមាន់” នោះ មានន័យដូចម្តេច?
លោកបណ្ឌិតសុខ ទូច ៖ បណ្តើរកូនមាន់ មានន័យថា នៅក្នុងស្ថាប័នរបស់ខ្ញុំៗត្រូវតែដឹងទាំងអស់ ហើយខ្ញុំត្រូវតែស៊ីជម្រៅចូលដល់ ប្ញសគល់នៃផ្នែកនីមួយៗ មិនអាចអាថ៌កំបាំងបានទេ មិនអាចមានអ្នកថា ខ្ញុំត្រូវតែអ្នកនេះ ធម្មតាស្ថាប័នមួយៗ វាសុទ្ធតែមានអ្នកកាងពីក្រោយ មិនអាចចូលបានជាប់បងប្អូន។ ឧបមាថា ដាក់ប្អូន ឬក៏ដាក់ប្រពន្ធមកកាន់កន្លែងនេះ លូកមិនបានៗ អាហ្នឹងវាអត់អាចទៅបានទេ។ ស្ថាប័ននេះ ដែលខ្ញុំទៅកាន់នេះ អ្វីៗត្រូវដាក់លើតុ ត្រូវតែតម្លាភាព ហើយខ្ញុំបានប្រកាសច្បាស់ណាស់ អ្នកកាន់លុយ មិនត្រូវកាន់បញ្ជី អ្នកកាន់បញ្ជី មិនត្រូវកាន់លុយ អ្នកបញ្ជាចាយ គ្មានសិទ្ធិកាន់បញ្ជី ហើយគ្មានសិទ្ធិកាន់លុយ ដើម្បីអី? យើងធ្វើដើម្បីតម្លាភាពទាំងអស់គ្នា កាលណាយើងតម្លាភាព យើងដើរទៅវាសង្ហា វាបង់បោយ វាអត់មានបញ្ហាទេ។ ទាំងអស់នេះ ដែលខ្ញុំចង់ធ្វើដំណើរទៅមួយឱ្យសមជាលក្ខណៈបញ្ញវន្ត ដើម្បីជួយសង្គមទាំងមូល ព្រោះយើងដឹងហើយថា កន្លែងណាលំបាកណាស់ កៅអីត្រង់ណា ប៊ុយរ៉ូអ្នកហ្នឹងធំ ដោះស្រាយវាអត់ចេញ។ អានេះវាអត់ទៅអ៊ីចឹងបានទេ ហើយធ្វើអ៊ីចឹងបាន ខ្ញុំជឿជាក់ថា រឿងអ៊ីចឹងវាកើតនៅក្នុងរាជបណ្ឌិត្យសភា ២ឆ្នាំហ្នឹង ១០០% ខ្ញុំធ្វើអត់កើតទេ ព្រោះកន្លងមក ខ្ញុំធ្លាប់ធ្វើកន្លែងនេះ ក្នុងនាមខ្ញុំអនុប្រធានរាជបណ្ឌិត្យសភា ខ្ញុំសុំផ្ញើ សុំរបាយការណ៍កន្លែងនេះ សុំរបាយការណ៍ កន្លែងនោះ សុំបង្ហាញអ៊ីចេះ ដើម្បីជួយដោះស្រាយ ប៉ុន្តែគ្មានចម្លើយ។ អ៊ីចឹងអ្វីដែលជារោគជំងឺចាស់ ខ្ញុំត្រូវតែព្យាបាលវា ព្យាបាលដោយសុខដុមនីយកម្ម យើងត្រូវតែអនុវត្តច្បាប់ខ្ញុំ អត់អាចយកស្អីទៅប្រើប្រាស់ទេ យើងយកច្បាប់ ទៅអនុវត្តនៅក្នុងស្ថាប័នមួយ ហើយឱ្យចំណុច រសើបស្ថាប័ននោះជាស្ថាប័នបញ្ញវន្តពេញចិត្តទេ ការអនុវត្តច្បាប់? អាហ្នឹងបើសិនជាគេពេញចិត្ត សង្គមយើងរីកចម្រើន តែបើគេថាទេ ខ្ញុំបានប្រកាសហើយថា ស្ថាប័ននេះ ដើម្បីក្លាយទៅជាប្រធានផ្នែក ឬប្រធាននាយកដ្ឋាន ឬក៏អគ្គនាយក អគ្គនាយករង មិនបាច់មានអន្តរាគមន៍ពីថ្នាក់ដឹកនាំទេ គឺយកជំនាញ ចំណេះមកបង្ហាញ ហើយខ្លួននឹងក្លាយទៅជាអ្នកដឹកនាំហើយ ព្រោះកន្លែងនេះជាកន្លែងបណ្ឌិត កន្លែងនេះជាកន្លែងខួរក្បាល មិនអាចយកលុយ មិនអាចយកបក្ខពួកមកការពារតំណែងទេ គឺត្រូវយកជំនាញ ចំណេះ ពីព្រោះខ្ញុំមកដល់កន្លែងនេះ ក៏ខ្ញុំមិនបានយកលុយធ្វើអ្វីដែរ គឺខ្ញុំយកជំនាញ ចំណេះ គំនិត ដើម្បីជួយសង្គមយើងទាំងអស់គ្នា។
នគរធំ ៖ អ៊ីចឹងសង្ឃឹមថា រាជបណ្ឌិតសភាកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត្យ នឹងទទួលបានការគាំទ្រចាប់អារម្មណ៍ពីសាធារណជនយ៉ាងណាដែរ ?
លោកបណ្ឌិតសុខ ទូច ៖ ខ្ញុំមិនដឹងទេ ការចាប់អារម្មណ៍ មិនចាប់អារម្មណ៍ នេះខ្ញុំធ្វើ ខ្ញុំជឿថា មានការពេបជ្រាយច្រើនធម្មតាអ្នកថា អ្នកធ្វើវាខុស វាមិនបាន១០០%ទេ តែខ្ញុំព្យាយាម នឹងធ្វើកិច្ចការនេះ ខ្ញុំព្យាយាមនឹងដើរ ដើម្បី ផលប្រយោជន៍សង្គមដើម្បីផលប្រយោជន៍ជាតិ ដើម្បីរដ្ឋាភិបាល ខ្ញុំត្រូវតែអនុវត្តទៅតាមគន្លងនេះ។
នគរធំ ៖ ចុងក្រោយ តើលោកបណ្ឌិត មានយោបល់អ្វីបន្ថែមក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា?
លោកបណ្ឌិត សុខ ទូច ៖ មានគេច្រើនណាស់ គេជូនពរខ្ញុំៗបានឆ្លើយតបវិញថា នេះមិនមែនជាជោគជ័យទេ បើសិនជាខ្ញុំបានទទួលលទ្ធផលក្នុងរយៈពេល២ឆ្នាំ ខ្ញុំមាលទ្ធផលជូនសង្គម ជូនរដ្ឋាភិបាល ជូនប្រទេសជាតិ ពេល នោះសូមអ្នកជូនពេរខ្ញុំ តែនៅពេលនេះ អំណាចគឺជាអំរែក ឋានៈគឺជាអំរែក ពីព្រោះយកតួនាទី នេះមក មិនមែនជាតួនាទីជាទីសក្ការៈ ឬគឺជាតួនាទីសម្រាប់លម្អទេ។ តាមពិតកិត្តិយសខ្ញុំមាន អាក្រក់ល្អ ជេរតាមហ្វេសប៊ុកក៏មានសរសើរ តាមហ្វេសប៊ុកក៏មាន។ អ៊ីចឹងយកតួនាទីមកនេះ គឺដើម្បីជួយសង្គម នៅអំឡុងពេលខ្ញុំដឹកនាំ៕
កុលបុត្រ