Tuesday, November 26, 2024
Homeតារាខ្មែរបទ”សុំចិត្ត” ស្នាដៃទី២ពីកូន​កំព្រា វង្ស ថាណាន់ ​ដែលត្រូវ​​​​ឪពុកម្ដាយ​បោះបង់ចោលកំពុងឆក់ការគាំទ្រ

បទ”សុំចិត្ត” ស្នាដៃទី២ពីកូន​កំព្រា វង្ស ថាណាន់ ​ដែលត្រូវ​​​​ឪពុកម្ដាយ​បោះបង់ចោលកំពុងឆក់ការគាំទ្រ

កូនកំព្រាដែលត្រូវឪពុកម្ដាយបោះបង់ចោលតាំងពីមិនទាន់ដឹងក្ដីវង្ស ថាណាន់ កំពុងតែវិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀងលេចធ្លោមួយរូបនៅក្នុងសង្គមសិល្បៈខណៈដែលលោកទើបចេញបទចម្រៀង Original Song ដែលជាស្នាដៃទី២មានចំណងជើងថា “សុំចិត្ត”កំពុងឆក់បានការគាំទ្រនៅលើបណ្ដាញសង្គម។

តារាសិល្បៈនិងអ្នកដែលបានដឹងរឿងពិតជាច្រើនបានសំដែងក្ដីអាណិតអាសូរជាខ្លាំងចំពោះលោក វង្ស ថាណាន់ ដែលបានចេញកំណើតពីមណ្ឌលក្មេងកំព្រា ក្រោយពីឪពុកម្ដាយបោះបង់ចោលហើយបានតស៊ូក្លាយជាតារាចម្រៀងដែលមានទឹកចិត្តមុះមុតម្នាក់ហើយអ្វីដែលធ្វើឲ្យគេកាន់តែកោតសរសើរទៀតនោះលោកបានប្រឹងប្រែងរកលុយយ៉ាងលំបាកទាំងយប់ទាំងថ្ងៃមកផលិតបទចម្រៀងស្នាដៃថ្មី Original Song ដែលមានគោលជំហមិនចម្លងពីគេខណៈដែលថ្មីៗនេះបទចម្រៀងស្នាដៃទី២របស់លោកដែលមានចំណងជើងថា”សុំចិត្ត”កំពុងទទួលបានការគាំទ្របន្ទាប់ពីបង្ហោះនៅលើបណ្ដាញសង្គម។

លោកវង្ស ថាណាន់ បានថ្លែងឲ្យដឹងថា លោកបានផលិតបទចម្រៀងស្នាដៃថ្មីបានចំនួន២បទហើយគឺបន្ទាប់ពីទទួលបានការគាំទ្របទ«អារម្មណ៍ខ្លាចបាត់អូន»លោកទើបចេញបទ”សុំចិត្ត”មួយទៀតហើយអ្វីដែលធ្វើឲ្យលោកនឹកស្មានមិនដល់នោះបទនេះកំពុងទាញបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមដែលធ្វើឲ្យលោកកាន់តែមានទឹកចិត្តពុះពាបន្ថែមទៀត។

ក្រោយពេលចេញបទថ្មីនេះត្រូវបានអ្នកដែលបានស្ដាប់ជាច្រើនលើកសរសើរថា លោកមានទឹកដមសំឡេងល្អពិរោះមួយបែបប្លែកពីតារាចម្រៀងល្បីឈ្មោះមួយចំនួនខណៈនឹងការរំពឹងថា តារាដែលត្រូវឪពុកម្ដាយបោះបង់ចោលតាំងពីតូចរូបនេះនឹងអាចដណ្ដើមបានប្រជាប្រិយភាពលេចធ្លោលនាពេលខាងមុខ។

ថាណាន់បានថ្លែងឲ្យដឹងដែរថា លោកទើបចូលប្រឡូកសិល្បៈបាន៣ឆ្នាំប៉ុណ្ណោះ ហើយដោយសារតែលោកមានគោលជំហមិនច្រៀងបទចម្លងពីបរទេសទើបលោកគេចផុតពីការរិះគន់ខណៈដែលលោកប្រឹងសន្សំលុយពីការចេញច្រៀងពេលយប់ទាំងលំបាក ដើម្បីផលិតបទOriginal Song ។លោកថា ខ្លួនធ្លាប់ទទួលការមាក់ងាយពីមនុស្សនៅជុំវិញខ្លួនជាច្រើន ក្នុងពេលលោកត្រូវឪពុកម្ដាយបោះបង់ ហើយចូលទៅរស់នៅមណ្ឌលតាំងនៅតូចរហូតដល់វ័យ១៥ឆ្នាំ ដូច្នេះលោកនឹងតស៊ូមិនអាចអោយអ្នកណាមាក់ងាយ និងដៀលត្មិះទៀតទេ។ជាពិសេសលោកនឹងប្រឹងប្រែងផលិតបទ Original Song ដើម្បីមានឱកាសឈរជើងនៅលើវិថីចម្រៀងឲ្យបានរឹងមាំ។លោកបន្តថា លោកសប្បាយចិត្តដោយសារតែបទទី១ក្រោមចំណងជើងថា«អារម្មណ៍ខ្លាចបាត់អូន»បានទទួលជោគជ័យ ដែលជំរុញអោយលោកកាន់តែមានកម្លាំងចិត្តផលិតបទ Original បន្តបន្ទាប់ដោយមិននឿយហត់។

យ៉ាងណាក៏ដោយថាណាន់ អះអាងថា បើទោះបីខ្លួនជាតារាចម្រៀងមិនស្គាល់ភាពកក់ក្ដៅពីសំណាក់ឪពុកម្ដាយនៅក្នុងជីវិត ក្រោយពីអ្នកមានគុណទាំងពីរចែកផ្លូវគ្នាហើយទុកលោកចោល ដោយរត់ទៅធ្វើការនៅក្នុងប្រទេសថៃបាត់ដំណឹងសូន្យក៏លោកមិនដែលមិនបានខឹង និងស្អប់ឪពុកម្ដាយរបស់ខ្លួននោះទេ។ លោកតស៊ូចិញ្ចឹមខ្លួនឯងតាំងពីចេញពីមណ្ឌល ដោយបានចាត់ទុកថាអាជីពចម្រៀងគឺឪពុកម្ដាយទី៣ បន្ទាប់ពីមណ្ឌលកុមារកំព្រា និងបានប្រកាសថាមិនធ្វើអោយមានការរិះគន់តាមរយៈផលិតបទកូពីនោះទេ ដើម្បីចូលរួមលើកស្ទួយវិស័យចម្រៀងដែលផ្ដល់កំណើតអោយខ្លួនមិនមានការរិះគន់ណាមួយ។

មា្ចស់បទ”សុំចិត្ត”រូបនេះបានឲ្យដឹងដែរថា បច្ចុប្បន្ននេះឪពុករបស់លោករស់នៅខេត្តព្រះវិហារ រីឯម្ដាយរបស់លោកទើបតែទទួលមរណភាពកាលពីថ្មីៗនេះខណៈដែលលោកអះអាងថា កូនកំព្រាដែលមិនធ្លាប់ទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយម្នាក់នេះនិងប្រើសមត្ថភាពរបស់ខ្លួនកសាងកេរ្តិ៍ឈ្មោះកិត្តិយសនៅលើវិថីចម្រៀងឲ្យរឹងមាំ៕

 

RELATED ARTICLES