Tuesday, November 26, 2024
Homeតារាខ្មែរព្រឹត្តិការណ៍”មួយម៉ឺនអាល័យ”លេចវត្តមាន​​ តារាល្បីៗមកពីក្រុមគ្រួសារតារាកម្ពុជា

ព្រឹត្តិការណ៍”មួយម៉ឺនអាល័យ”លេចវត្តមាន​​ តារាល្បីៗមកពីក្រុមគ្រួសារតារាកម្ពុជា

នៅក្នុងព្រឹត្តិកាណ៍”មួយម៉ឺនអាល័យ”ដែលរៀបចំដោយក្រុមព្រះសូរិយា នៅសាលមហោស្រពចតុមុខនៅរាត្រីថ្ងៃទី៤ កក្កដា ម្សិលមិញនេះក្នុងគោលបំណងដើម្បីរំលឹកឡើងវិញនូវស្នាដៃសិល្បៈនៅមុនរបបប្រល័យពូសាសន៍ប៉ុល ពត នោះមានការចូលរួមដោយភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករក្នុងនោះក៏មានតារាល្បីៗជាច្រើនដែលភាគច្រើនមកពីក្រុមគ្រួសារតារាកម្ពុជាផងដែរដែលធ្វើឲ្យកម្មវិធីនោះកាន់តែផុសផុល។

លោកយាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ដែលជាអ្នកផ្ដួចផ្ដើមព្រឹត្តិការណ៍នេះ២ឆ្នាំមកហើយ បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលដៅធំៗចំនួនបីទី១ចង់បង្ហាញខ្សែភាពយន្តមុនរបបខ្មែរក្រហមឲ្យទស្សនិកជនបានទស្សនា ទី២ចង់ផ្សព្វនូវអ្វីដែលខ្មែរធ្លាប់មានពីមុនជាពិសេស ចង់បង្ហាញពីវិសាលភាពវិស័យខ្សែភាពយន្តខ្មែរពីសម័យមុនដែលមានភាពល្បីល្បាញនិងតម្លៃអប់រំនៃភាពយន្តជំនាន់មុនខណៈដែលលោកបានស្រាវជ្រាវចំពោះភាពយន្តខ្មែរនៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនមានភាពល្បីល្បាញខ្លាំងទី៣គឺចង់ប្រមូលថវិការដែលទទួលបានពីការលក់សំបុត្រចូលទស្សនាយកទៅជួយសិល្បៈករចាស់ៗដែលកំពុងជួបការខ្វះខាត។លោកថា ព្រឹត្តិការណ៍”មួយម៉ឺនអាល័យ”លើកទី២ប្រចាំឆ្នាំ២០១៧នេះនិងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤កក្កដា នៅសាលមហោស្រពចតុមុខដែលគ្រោងដាក់បញ្ចាំងនូវភាពយន្តមួយចំនួនដូចជារឿង”មួយម៉ឺនអាល័យ”រឿង”បីសាចតណ្ហា”រឿង”ពស់កម្មកេងកង”រឿង”បំណុល”និងរឿង”ច័ន្ទគ្រឹហ្វា”។លោកថាព្រឹត្តិការណ៍នេះប្រហែលជាគ្មានជាលើកទី៣ទៀតទេព្រោះខ្វះថវិការទ្រទ្រង់។

ដោយឡែកចំពោះព្រឹត្តិការណ៍”មួយម៉ឺនអាល័យ”នាយប់មិញនេះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរដែលមានការចូលរួមពីតារាល្បីៗជាច្រើនមកពីសមាជិកក្រុមគ្រួសារតារាកម្ពុជាដូចជាអ្នកនាងគ្រត អ្នកនាងស៊ុន ណារីម៉ូនីកា អ្នកនាងមាស សម្ផស្ស លោកលាង ឧត្តម អ្នកនាងភិន សុដាលីស លោកនីរិទ្ធិ អែនឌ្រូ លោកភឹម តារាវិបុល លោកអូន ឧស្សាហ៍ លោកឈួន ពន្លឺ លោកកែវ បូរ៉ា​ លោកម៉ៃ សុគន្ធ អ្នកនាងឈឹម​ ស្រីអូន និងតារាជាច្រើនរូបទៀត។

តារាៗដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបានបង្ហាញពីចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាថា កម្មវិធីនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដែលបានគាស់ឡើងវិញនូវកម្រងភាពយន្តនិងចម្រៀងព្រមទាំងអតីតអ្នកសិល្បៈដែលអ្នកជំនាន់ក្រោយមិនបានដឹងមិនបានឃើញ។ជាពិសេសនោះបានគាស់កកាយនូវស្នាដៃចាស់ៗឲ្យរស់ឡើងវិញខណៈដែលពួកគេចង់ឲ្យព្រឹត្តិការណ៍នេះមានជាបន្តបន្ទាប់ទៀត៕

RELATED ARTICLES