Sunday, November 10, 2024
Homeតារាខ្មែរមាស អាលីស ចង់បង្កើតមូលនិធិជួយជនពិការ

មាស អាលីស ចង់បង្កើតមូលនិធិជួយជនពិការ

តារាចម្រៀងមាស អាលីស ដែលមានទឹកដមសំឡេងក្រអួនក្រអៅរហូតត្រូវគេប្រដូចទឹកដមសំឡេងទៅនឹងអ្នកនាងហ៊ុយ មាស នោះ បានបង្ហើបឲ្យដឹងថា នាងចង់បង្កើតមូលនិធិមួយដើម្បីជួយដល់ជនពិការខណៈដែលគេកំពុងទាក់ទងឲ្យទៅសម្ដែងនៅកាណាដា។

ពិធីការិនីវិទ្យុកញ្ញាមាស អាលីស ដែលវិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀងកំពុងមានទីផ្សារលេចធ្លោគួរសមនោះបានថ្លែងឲ្យដឹងថា នាងកំពុងពិចារណាចេញទៅសម្ដែងនៅប្រទេសកាណាដា ជាលើកដំបូង។ប៉ុន្តែអ្វីដែលនៅដក់ជាប់ក្នុងក្រអៅបេះដូចនាងនោះគឺនាងចង់បង្កើតជាមូលនិធិមួយដើម្បីជួយដល់ជនពិការ។នាងថាកន្លងមកនាងធ្លាប់ជួយជនពិការបានមួយចំនួនតាមរយៈទំនាក់ទំនងឲ្យបានឡើងច្រៀងនៅកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័នរហូតត្រូវបានសម្ដេចតេជោហ៊ុន សែន ប្រគល់រង្វាន់ជាទឹកប្រាក់ ដល់ជនពិការជាបន្តបន្ទាប់។ក្រៅពីនេះនាងក៏បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនតាមលទ្ធភាពដែលខ្លួនមានជួយដល់ជនពិការជាហូហែផងដែរ។មាស អាលីស ថ្លែងថា”ខ្ញុំបានស្គាល់ជនពិការភាគច្រើនតាមរយៈកម្មវិធីខារ៉ាអូខេរបស់ខ្ញុំនៅវិទ្យុមិត្តភាពកម្ពុជា ចិន ចាប់ពីម៉ោង១០ ដល់ម៉ោង១២ ថ្ងៃត្រង់គឺពួកគាត់មានទឹកដមសំឡេងល្អៗមិនចាញ់តារាចម្រៀងអាជីពមួយចំនួនទេហើយនៅពេលខ្ញុំបានដឹងពីជីវភាពលំបាករបស់ពួកគាត់គឺខ្ញុំមានចិត្តអាណិតអាសូរជាពន់ពេករហូតចង់បង្កើតជាមូលនិធិមួយដើម្បីជួយដល់ពួកគាត់”។អាលីស បន្តថា”ប្រសិនបើខ្ញុំបានទៅសម្ដែងនៅកាណាដា ខ្ញុំចង់បង្កើតមូលនិធិរៃអង្គាសប្រាក់នៅទីនោះដើម្បីជួយដល់ពួកគាត់ហើយខ្ញុំនិងដកប្រាក់កម្រៃផ្ទាល់ខ្លួនខ្ញុំមួយផ្នែកដើម្បីបន្ថែមជួយពួកគាត់ផងដែរ”។

យ៉ាងណាតារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះបញ្ជាក់ថា ការចង់បង្កើតមូលនិធិនេះគឺកំពុងស្ថិតនៅក្នុងគម្រោងនៅឡើយមិនទាន់ដឹងថាបានសម្រេចឬយ៉ាងណានោះទេ។ប៉ុន្តែសម្រាប់នាងគឺពិតជាចង់សម្រេចគោលដៅនេះបំផុតពោលគឺបើទោះបីមិនអាចជួយឲ្យជីវភាពជនពិការទាំងនោះបានប្រសើរឡើងខ្លាំងក៏បានជួយសម្រាលទុក្ខមួយគ្រាៗផងដែរ។

ចំពោះអាជីពសិល្បៈវិញមាស អាលីស ឲ្យដឹងថាក្រៅពីធ្វើពិធីការិនីនៅវិទ្យុមិត្តភាពកម្ពុជា ចិន នាងក៏ទទួលបានឱកាសចេញច្រៀងតាមកម្មវិធីមង្គលការ ជប់លៀងខួបកំណើត និងបានឡើងច្រៀងតាមកម្មវិធីប្រគំតន្ត្រីតាមបណ្ដាស្ថានីយទូរទស្សន៍ជាញឹកញាប់ផងដែរ។អាលីស ថាភាគច្រើននាងលើកយកបទចម្រៀងរបស់អ្នកស្រីហ៊ុយ មាស និងអ្នកនាងម៉េង កែវពេជ្ជចិន្តា មកច្រៀងត្បិតនាងស្រលាញ់ពេញចិត្តចំពោះទឹកដមសំឡេងរៀបច្បងទាំងពីរ។

តារាដែលធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ នៅក្នុងកម្មវិធីមួយចំនួននាពេលកន្លងមករូបនេះបានឲ្យដឹងដែរថាក្រៅពីការងារសព្វថ្ងៃនេះនាងក៏បានឆ្លៀតហ្វឹកហាត់ផ្នែកដូរតន្ត្រី ខាងឧបករណ៍ព្យាណូផងដែរព្រោះនាងស្រលាញ់ជំនាញនេះ។ម្យ៉ាងទៀតនាពេលខាងមុខបើនាងចេះច្បាស់នឹងចង់ធ្វើភ្លេងនិពន្ធបទចម្រៀងដោយខ្លួនឯងខណៈដែលនាងកំពុងប្រឹងប្រែងដើម្បីច្បាមការគាំទ្របន្ថែមទៀត៕

 

RELATED ARTICLES