ភ្នំពេញ ៖ ប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ខាងមុខ ក្រោយពេលដឹងលទ្ធផលឈ្នះចាញ់ហើយ បើគណបក្សប្រឆាំងមិនចូលប្រជុំសភាលើកដំបូងតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រទេ អាសនៈដែលតំណាងរាស្ត្រគណបក្សប្រឆាំង ទទួលបានពីការបោះឆ្នោតនោះនឹងត្រូវបាត់បង់ទាំងអស់។
ថ្លែងក្នុងសុន្ទរកថា គន្លឹះរៀបចំដោយ សមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នៅទីក្រុងតូក្យូ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ទៅវិនិយោគិនជប៉ុនថា បក្ស ប្រឆាំង តែងតែបន្តបដិសេធនូវលទ្ធផលបោះឆ្នោតរៀងរាល់ការបោះឆ្នោត ប៉ុន្តែបែរជាបន្តទទួលយកអាសនៈ និងប្រាក់បៀវត្សរ៍នៅរដ្ឋសភាជានិច្ច។ ពោលគឺបក្សប្រឆាំង តែងតែប្រកាសពីជោគជ័យនៅរាល់ការបោះឆ្នោត ប៉ុន្តែពួកគេ ក៏ធ្លាប់ចាញ់នៅរាល់ការបោះឆ្នោត ហើយតែងតែធ្វើបាតុកម្មជានិច្ចនៅក្រោយការបោះឆ្នោត។
ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា ច្បាប់នាពេលបច្ចុប្បន្ន នឹងមិនដូចពីមុននោះទេ គឺបើសិនជាការបោះឆ្នោតនាឆ្នាំក្រោយ ហើយបង្ហាញនូវលទ្ធផលយ៉ាងណានោះ ហើយបក្សប្រឆាំង បដិសេធការចូលប្រជុំរដ្ឋសភាលើកដំបូង ដែលកោះអញ្ជើញដោយព្រះមហាក្សត្រនោះ អាសនៈដែលឈ្នះពីការបោះឆ្នោតនឹងបាត់បង់តែម្តង។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ច្បាប់ពីមុនដែលខ្វះខាត យើងបានបំពេញបន្ថែម តែបើសិនមិនចូលរួមក្នុងការប្រជុំរដ្ឋសភា ក្រោយពេលដែលព្រះមហាក្សត្រ កោះប្រជុំលើកដំបូង មានន័យថា អ្នកឯងបោះបង់អាសនៈហើយ”។
ជាមួយការថ្លែងបែបនេះ សម្តេចនាយករដ្ឋមន្ត្រី មានជំនឿថា បើទោះបីមុនពេលបោះឆ្នោត មានការឌឺដងដាក់គ្នាពីការឈ្នះនិងចាញ់ ក៏ដោយ ក៏សម្រាប់គណបក្សប្រជាជនកម្ពុជា មិនចាញ់ទេ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍បន្ថែមនៅពេលនោះថា “យើងមិនដែលគិតថា បក្សយើងត្រូវតែឈ្នះ តែយើងត្រូវគិតពីសភាពការណ៍ទាំងមូលនៅកម្ពុជា។ វាខុសពីគណបក្សប្រឆាំង ដែលមិនមានការ ទទួលខុសត្រូវ។ ពួកគេអាចធ្វើអ្វីគ្រប់យ៉ាង ដើម្បីបំផ្លាញសន្តិភាព តែសម្រាប់យើង ក្នុងនាមជាគណបក្សកាន់អំណាចស្របពេលដែលយើងគិតពីជ័យជម្នះសម្រាប់បក្សខ្លួនឯងផង យើងមានភារកិច្ចគិតគូរអំពីជីវិតប្រជាពលរដ្ឋ និងសន្តិសុខប្រទេសជាតិ ដែលមិនត្រូវឱ្យធ្លាក់ក្នុងភាពគ្រោះថ្នាក់”។
គួរបញ្ជាក់ថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី០៦ ដល់០៩ ខែសីហា ឆ្នាំ២០១៧ ហើយបន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចប្រកបដោយលទ្ធផល ផ្លែផ្កាជាច្រើន សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់វិលត្រឡប់មកប្រទេសកម្ពុជា វិញដោយសុវត្ថិភាព នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។
នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកបំពេញទស្សនកិច្ច និងចូលបង្គំគាល់ព្រះរជ្ជទាយាទ Naruhito និងបានជួបប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzho Abe ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។ កម្ពុជា និងជប៉ុន មានទំនាក់ទំនងល្អនឹងគ្នាជាយូរយារ មកហើយ គឺចាប់តាំងពីឆ្នាំ១៩៥៣។ ចាប់តាំងពីសង្គ្រាមលោកលើកទី២មកប្រទេសជប៉ុន ទើបបានបញ្ជូនកងទ័ព មកបរទេសជាលើកទី១ គឺមកកាន់កម្ពុជា ក្នុងបេសកកម្មថែរក្សា សន្តិភាព កាលពីឆ្នាំ១៩៩២ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេល២៥ឆ្នាំហើយ។
នៅក្នុងកិច្ចប្រជុំកំពូល កាលពីពេលថ្មីៗនេះ គឺប្រទេសយើងទាំងពីរបានចុះអនុស្សរណៈលើឯកសារសំខាន់ៗចំនួនពីរ ដែលមានទឹកប្រាក់ ជាង២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោង ប្រព័ន្ឋការពារទឹកជំនន់ ទីក្រុងភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហនុ។ ខ្ញុំក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុនផងដែរ លើគម្រោងឱ្យមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរ ខ្ញុំក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ ដើម្បីកែច្នៃ ឱ្យមានប្រយោជន៍យកមកប្រើប្រាស់វិញដូច ជប៉ុន កំពុងមានស្រាប់”។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរបន្តថា “នៅម្សិលមិញនេះ ខ្ញុំក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ ដែលចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។ ដោយសារកម្ពុជា សព្វថ្ងៃមានសុខសន្តិភាព និងស្ថិរភាពនយោបាយជាមួយការអនុគ្រោះលើការនិយោគ ទើបទាក់ទាញពាណិជ្ជករ និងវិនិយោគិនជប៉ុនយ៉ាងច្រើន។ ខ្ញុំនិងលោកនាយករដ្ឋមន្ត្រី Abe នឹងបន្តខិតខំ ជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើង ទាំងពីរឱ្យកើនឡើង ជាង២០០០លានដុល្លារ នៅឆ្នាំខាងមុខ។
ខ្ញុំសូមអរគុណលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលបានអញ្ជើញខ្ញុំមកធ្វើទស្សនកិច្ចនៅជប៉ុនឆ្នាំនេះ ហើយព្រមទាំងបានសន្យាថា នឹងជួយកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ខ្ញុំក៏សូមអរគុណលោក Abe ផងដែរ ដែលបានរៀបចំខួបកំណើតឱ្យខ្ញុំនៅលើទឹកដី ជប៉ុន ដែលបានបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជា ដូចជាបងប្អូន ដែលពេលនេះប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ឋសាស្ត្រដ៏សំខាន់។ ខ្ញុំសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងនាំមក នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ”។
គួរបញ្ជាក់ដែរថា ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងសុន្ទរកថា គន្លឺះនៅប្រទេសជប៉ុន ទាក់ទិននឹងច្បាប់ និងប្រជាធិបតេយ្យនោះ នៅប្រទេសកម្ពុជា ក៏មានជួបប្រជុំពិភាក្សារវាងគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា ដឹកនាំដោយលោកកែវ រេមី ជាប្រធាន ជាមួយលោកស្រីរ៉ូណា ស៊្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរក្នុងហ្វេសប៊ុករបស់លោក ទាក់ទងនឹងការជួបពិភាក្សានោះថា “ព្រឹកថ្ងៃ០៨ ខែសីហា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ខ្ញុំបានចូលរួមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកជំទាវ Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា ដោយពិភាក្សាអំពីការវិវឌ្ឍ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ន៕
កុលបុត្រ