Thursday, November 28, 2024
Homeបរិយាយគេប្រាប់កុំអាលក្រោធ

គេប្រាប់កុំអាលក្រោធ

“ច្បាប់ទូន្មានខ្លួន” ២ល្បះ ចារទុកថា “គេប្រាប់កុំអាលក្រោធ គេបញ្ឆោតកុំអាលភ្ញាក់ សឹកដេញកុំអាលបាក់ គ្នាជំពាក់ ប្រើដោះសា។ គេរត់កុំអាលដេញ គេលើកចេញកុំអាលថា សឹកដល់កុំអាលឆ្លា ឮវាចាកុំអាលយក” មានខ្លឹមសារអប់រំ ជ្រាលជ្រៅណាស់ បើសិនជាមនុស្សសម័យវិទ្យាសាស្ត្រជឿនលឿននេះ កុំទុកក្បួនច្បាប់បុរាណតែក្នុងបណ្ណាល័យ ដោយឧស្សាហ៍សើរើស្រាវជ្រាវយកមកអាន។ ច្បាប់នេះកំពុងដើរស្របនឹងការដែលបក្សប្រឆាំង ក៏ដូចអង្គការសង្គមស៊ីវិលមួយចំនួន កំពុងព្រួយបារម្ភពីរឿង “សំពងនឹងគល់ប្ញស្សី” ចេញពីសម្តីមន្ត្រីរដ្ឋាភិបាល ក៏នាំគ្នា “ក្រោធ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច វង សូត ថ្លែងដាក់មីក្រូថា នឹង “បង្ក្រាបអ្នកចាញ់ឆ្នោតនឹងគល់ប្ញស្សី” ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចទៀ បាញ់ ព្រមាន “វ៉ៃបាក់ធ្មេញ” ហើយក៏ស្របពេលដែលនគរបាលផ្នែកអន្តរាគមន៍ រាជធានី១៥០នាក់ ហាត់បាញ់គ្រាប់ពិតមក ធ្វើឱ្យបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកវិភាគបញ្ហាសង្គមមួយចំនួន បញ្ចោញប្រតិកម្មថា “ជាការរំលោភសិទ្ធិមនុស្សធ្ងន់ណាស់”។ រឿងបង្ក្រាបនឹងគល់ប្ញស្សីនោះ អ្នកនាំពាក្យលោករដ្ឋមន្ត្រីសង្គមកិច្ច ក៏បានបញ្ជាក់រួចហើយថា គ្រាន់តែជាការអប់រំប៉ុណ្ណោះ ឯមន្ត្រីខ្លះទៀតក៏ជួយការពារការជ្រុលពាក្យសម្តីនេះថា “លោករដ្ឋមន្ត្រី ស្លូតបូតទេ តែអ្វីដែលលោកនិយាយពីរឿងគល់ប្ញស្សី ជាការរំព្ញកដាស់តឿនមនុស្សកុំឱ្យធ្វើខុសច្បាប់តែប៉ុណ្ណោះ”។ ដឹងអី ! ករណីនេះបែរជាលេចឮទៅដល់លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស រហូត ដល់លោកស្រីនៅមិនសុខ ក៏ហោះមកស្រុកខ្មែរ ត្អូញត្អែរប្រាប់គេឯងថា គាត់កំពុងព្រួយបារម្ភ “ពីរឿងគល់ប្ញស្សី”
យ៉ាងណាក៏ដោយចុះ គួរកុំភ្លេចច្បាប់ទូន្មានខ្លួនថា “គេប្រាប់កុំអាលក្រោធ គេបញ្ឆោតកុំអាលភ្ញាក់…” ដែល “នគរធំ” សូមបកស្រាយមរតកសាសន៍នេះម្តងមួយឃ្លាៗ ដូចខាងក្រោម ៖

-គេប្រាប់កុំអាលក្រោធ ៖ មានន័យថា ហេតុការណ៍អ្វីមួយដែលគេនិយាយប្រាប់ជាសាធារណៈ ឬជាឯកជន ត្រូវអ្នកស្តាប់ពិចារណាឱ្យល្អិតល្អន់សិន កុំទាន់អាលខឹងសម្បា។ ឧទាហរណ៍គេប្រាប់ថា “ប្រពន្ធបងឯងមានសហាយ” បើប្តីនោះខឹងតូងភ្លាម មិនបានតាមដានឱ្យច្បាស់លាស់ ច្បាស់ជាច្រឡំវ៉ៃប្រពន្ធ ឬកាប់បុរសណាស្លាប់មិនខានឡើយ ព្រោះតែសេចក្តីក្រោធនេះឯង។

-គេបញ្ឆោតកុំអាលភ្ញាក់ ៖ មនុស្សខ្លះចិត្តស្រាល បើគេបញ្ឆោតបន្តិច ក៏ឆោតតាមគេនាំឱ្យខាតផលប្រយោជន៍។ ឧទាហរណ៍ គេបញ្ឆោតថា “កូនមីងឯងលង់ទឹក ប្រញាប់ទៅមើលឱ្យលឿន!” ស្ត្រីនោះឆោត ក៏រត់ចេញពីតូបលក់ដូរ ទៅមើលកូន បានដៃ ឯអ្នកបញ្ឆោតនោះឆ្កឹះសោទូ យកលុយហ្មត់។

-សឹកដេញកុំអាលបាក់ ៖ សម័យនេះគ្មានសឹកសង្គ្រាមនៅកម្ពុជាទេ តែបើឮគេបំភ័យថា មានសង្គ្រាមផ្ទុះឡើង កុំទាន់អាលរត់ចោលស្រុក។

-គ្នាជំពាក់ប្រើដោះសា ៖ ចំណុចនេះដូចករណីលោករដ្ឋមន្ត្រីនិយាយជ្រុលជ្រួស លុះត្រាតែសហការី ឬមេកោយជួយដោះសា កែតម្រូវទើបបាន។

-គេរត់កុំអាលដេញ ៖ ឃ្លានេះជាយុទ្ធសាស្ត្រនយោបាយ ឬក្បួនយោធា បើឃើញគូបដិបក្ខ ធ្វើជាចុះចាញ់ហើយរត់ មិន ត្រូវដេញតាមភ្លាមទេ ក្រែងជាប់អន្ទាក់គេ។

-គេលើកចេញកុំអាលថា ៖ ចំណុចនេះដូចករណីបក្សប្រឆាំង លើករូបថតលោកសម រង្ស៊ី ចាប់ដៃលោកកឹម សុខា ចេញពីស្លាកគណបក្ស ដោយប្តូររូបសញ្ញាថ្មីនោះ គួរបក្សកាន់អំណាចកុំទាន់អាលថា…។

-សឹកដល់កុំអាលឆ្លា ៖ ឃ្លានេះសំដៅដល់ការប៉ះទង្គិចចូលមកដល់ កុំទាន់ភ័យឆ្លេឆ្លា សូម្បីតែពេលប្រកាសលទ្ធផលបោះឆ្នោត ដឹងឈ្នះចាញ់ កុំប្រញាប់ឆ្លេឆ្លាពេក។

-ឮវាចាកុំអាលយក ៖ ឃ្លានេះបើគ្រាន់តែឮគេថា មិនត្រូវយកជាការភ្លាមទេ ត្រូវចាំពិនិត្យលាយលក្ខណ៍អក្សរផ្លូវការ សិន ដូចករណីលោកស្រីសាស្ត្រាចារ្យរ៉ូណា ស៊្មីត ដែលទាមទារឯកសារជាលាយលក្ខណ៍អក្សរ ពាក់ព័ន្ធករណីសិទ្ធិមនុស្ស ទើបយកជាការបាន។

ច្បាប់ “ទូន្មានខ្លួន” ខាងលើនេះ ចំណុចសំខាន់ជាងគេ គឺ “គេប្រាប់កុំអាលក្រោធ គេបញ្ឆោតកុំអាលភ្ញាក់” ដែល “នគរធំ” សូមបរិយាយលម្អិតជាងនេះទៀត ទាក់ទិននឹងនយោបាយ។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅប្រទេសជប៉ុនថា “ឆ្នាំ២០១៨ បើបក្សប្រឆាំងមិនចូលប្រជុំសភាលើកដំបូង នឹងបាត់បង់អាសនៈ”។ ដោយឡែក មុននេះបន្តិច លោករដ្ឋមន្ត្រីសង្គមកិច្ច ក៏បានព្រមានបក្សប្រឆាំង ដែលឡាំប៉ាតវ៉ារឿងចាញ់ឆ្នោត “វ៉ៃក្បាលនឹងគល់ ប្ញស្សី” បណ្តាលឱ្យបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនក្រេវក្រោធ បញ្ចោញប្រតិកម្មជុំទិស។ ដូច្នេះគួរកុំភ្លេច “គេប្រាប់កុំអាលក្រោធ គេបញ្ឆោតកុំអាលភ្ញាក់” ព្រោះកំហឹងក្រេវក្រោធ នាំឱ្យបាត់បង់ផលប្រយោជន៍។

ប្រតិកម្មនេះ ត្រូវបានតាញៀនកាហ្វេម្នាក់ គាំទ្របក្សប្រឆាំង លើកឡើងទាំងមុខក្រហមថា “មានតែប៉ុល ពត ទើបវ៉ៃមនុស្សនឹងគល់ប្ញស្សី មិនគួរណារដ្ឋមន្ត្រីនិយាយបែបនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ណាស់”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាច ពោលបន្ធូរបរិយាកាសថា “បើគ្រាន់តែថា គ្មានបញ្ហាអ្វីទេ ដូចម្តាយជេរកូនថា “បានតែសំពងនឹងដងរែកឱ្យងាប់!” អ៊ីចឹងបើគ្រាន់តែថា យើងមិនត្រូវខឹងទេ!”

ដូច្នេះពាក្យពេចន៍ដែលគេនិយាយជ្រុលជ្រួស គួរអ្នកស្តាប់យកទៅពិចារណាផង កុំទាន់អាលខឹង ព្រោះកំហឹងមិនបានផលចំណេញអ្វីទេ។​ បក្សប្រឆាំង តែងតែអះអាងថា នឹង “ឈ្នះឆ្នោតឆ្នាំ២០១៨ បន្ទាប់ពីដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ជិត៥០០” អ៊ីចឹងគួរ “ត្រៀមឈ្នះ ប្រសើរជាងត្រៀមចាញ់”។ បើបក្សប្រឆាំងខឹងគេនិយាយរឿងគល់ប្ញស្សី រឿងប៉ូលិស ហាត់បាញ់គ្រាប់ពិត ដើម្បីបង្ក្រាបអ្នកតវ៉ាឡាំប៉ានេះ មានន័យស្មើនឹង “ត្រៀមចាញ់” ប៉ុន្តែបើ “ត្រៀមឈ្នះ” ច្បាស់ជានិយាយថា “គល់ប្ញស្សី និងប៉ូលិសបាញ់គ្រាប់ពិតនោះ មិនអាចធ្វើអ្វីកើតទេ ព្រោះមិនដឹងវ៉ៃក្បាលអ្នកណា បាញ់អ្នកណា បើ CPP ចាញ់ឆ្នោត!” អ៊ីចឹងខឹងគេធ្វើអ្វី បើបក្សប្រឆាំងសង្ឃឹមឈ្នះឆ្នោតនោះ អាចថា ជារឿង “ឆោតដូចទន្សាយផ្អើលផ្លែព្នៅ” ក៏ថាបាន។

រឿងព្រេងនេះ បានតំណាលថា កាលនោះមានទន្សាយល្ងង់មួយ ទៅដេកក្រោមដើមព្នៅ ស្រាប់តែផ្លែព្នៅទុំធ្លាក់ក្តុកក្បែរខ្លួនវា។ ទន្សាយនោះក្រឡេកឃើញពពករសាត់ទាំងផ្ទាំងៗស្របពេលឮសំឡេងក្តុកុ !ផងនោះ ក៏ភ័យស្លន់ស្លោស្ទុះបោលត្រង់កន្ទុយ ប្រាប់សត្វឯទៀតថា “មេឃបាក់សង្កត់” បណ្តាលឱ្យហ្វូងសត្វក្នុងព្រៃ ដំរី ខ្លា បក្សាបក្សី រត់ចែកជើងគ្នា ព្រោះតែខ្លាចមេឃបាក់សង្កត់។

យ៉ាងណាមិញ បើគ្រាន់តែឮមន្ត្រីបក្សកាន់អំណាច បំភ័យរឿងសំពងក្បាលនឹងគល់ប្ញស្សី វ៉ៃបាក់ធ្មេញ ស្រាប់តែបក្សប្រឆាំង ភ័យស្លន់ស្លោ ឬខឹងសម្បា អាចនឹងចាញ់ប្រៀបបក្សកាន់អំណាច តាំងពីឥឡូវនេះទៅ។ មិនទាន់ដល់ពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ផង បក្សប្រឆាំង “ផ្អើលផ្លែព្នៅ”“ខ្លាចមេឃបាក់សង្កត់” ទៅហើយ អ៊ីចឹងខំ “ត្រៀមឈ្នះ” ធ្វើអ្វី? គួរ “ត្រៀមចាញ់” ឱ្យហើយទៅ។

ទោះយ៉ាងណាក៏ដោយចុះ អ្នកនិយាយជ្រុលជ្រួស ក៏គួរមានការប្រុងប្រយ័ត្នដែរ ព្រោះបុរាណាចារ្យផ្តាំទុកថា “ប្រយ័ត្ន មាន៣យ៉ាង” គឺ១-ប្រយ័ត្នចិត្ត ២-ប្រយ័ត្នគំនិត ៣-ប្រយ័ត្នសម្តី។ ប្រយ័ត្នសម្តីនេះ សំខាន់ណាស់ សម្រាប់អ្នកនយោបាយ ថ្លែងទៅកាន់សាធារណជន បើនិយាយខុសតែមួយម៉ាត់ នាំឱ្យថយតម្លៃខ្លួនមិនខាន។ ក្នុងករណីនិយាយជ្រុលជ្រួស ត្រូវសហការី ជួយកែតម្រូវ ជួសជុលឱ្យទាន់សភាពការណ៍ ស្របនឹងឃ្លោងឃ្លាថា “គ្នាជំពាក់ជួយដោះសា” ទើបអ្នកនិយាយខុសនោះ ស្តារបានមុខមាត់មកវិញ។

សរុបទៅ “គេប្រាប់កុំអាលក្រោធ…” មានខ្លឹមសារជ្រាលជ្រៅណាស់ សម្រាប់អប់រំវាគ្មិន ឃោសនិក និងអ្នកស្តាប់ឱ្យចេះប្រើពាក្យពេចន៍ប្រកបដោយសុជីវធម៌ និងកុំប្រញាប់ក្រោធខឹង។ ដូចអ្វីដែលយើងបញ្ជាក់ខាងលើរួចហើយថា បើបក្សប្រឆាំង ខឹងគេព្រមានវាយក្បាលអ្នកឡាំប៉ា តវ៉ាលទ្ធផលបោះឆ្នោតនឹងគល់ប្ញស្សី ឬវ៉ៃបាក់ធ្មេញនោះ មានន័យស្មើនឹង “ត្រៀមចាញ់” ឬដឹងថា ខ្លួនចាញ់មុនបោះឆ្នោតទៅហើយ ប៉ុន្តែបើបក្សប្រឆាំង “ត្រៀមឈ្នះ” គេថាអីថាទៅ ឬ “ស្ងៀមជាជាងស្រដី ស៊ីចេកខ្ចី ជាងនៅមាត់ទំនេរ”
ដោយ អាចារ្យថាំ

RELATED ARTICLES