Wednesday, November 27, 2024
Homeតារាខ្មែររឿង“ចង់ដឹងសាកមើល”ប្រើទុនជិត១០ម៉ឺនដុល្លារ រំពឹងផ្ទុះការគាំទ្រ

រឿង“ចង់ដឹងសាកមើល”ប្រើទុនជិត១០ម៉ឺនដុល្លារ រំពឹងផ្ទុះការគាំទ្រ

នៅព្រឹកថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៧ នេះផលិតកម្មGM បានក្រុងពលីចេញថតភាពយន្តខ្នាតធំថ្មីមួយរឿង”ចង់ដឹងសាកមើល”ដែលជាភាពយន្តបែបវាយតប់ លើកស្ទួយក្បាច់គុណប្រដាល់បុរាណខ្មែរ កំប្លែង និងមានឈុតឆាកមនោសញ្ចេតនាស្នេហា ផងបានប្រកាសប្រើទុនប្រមាណជិត១០ម៉ឺនដុល្លារ ជាមួយនឹងការរំពឹងថា នឹងទាញបានការគាំទ្រខ្លាំងពីទស្សនិកជននៅពេលដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។

លោកងី ស៊ីប៉ាវ ហៅដេវីដ ចាងហ្វាងផលិតកម្មGM បានថ្លែងឲ្យដឹងថា រឿង”ចង់ដឹងសាកមើល”ជាភាពយន្តខ្នាតធំដែលមានរស់ជាតិថ្មីប្លែកមានទាំងឈុតឆាកមនោសញ្ចេតនាស្នេហា កំប្លែង សើចសប្បាយ និងជាពិសេសចង់លើកស្ទួយក្បាច់គុណប្រដាល់បុរាណខ្មែរឲ្យអន្តរៈជាតិស្គាល់កាន់តែច្បាស់ ខណៈដែលបានជ្រើសរើសតួអង្គរសម្ដែងសុទ្ធតារាល្បីៗនិង ចេះក្បាច់គុណយ៉ាងពិតប្រាកដ។លោកថា នេះជាភាពយន្តបើកឆាកលើកដំបូងរបស់ផលិតកម្មGM ដូច្នេះក្រុមផលិតករនឹងសម្រិតសម្រាំងខ្លាំងបំផុតចំពោះផលិតភាពយន្តមួយនេះដែលបានត្រៀមខ្ទង់ចំណាយរហូតដល់ជិត១០ម៉ឺនដុល្លារ ។

នាពេលបច្ចុប្បន្ននេះគេមើលឃើញថា ផលិតកម្មមួយចំនួនដែលបានបោះទុនវិនិយោគលើវិស័យភាពយន្តចំពោះភាពយន្តខ្នាតធំដែលដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ភាគច្រើនហ៊ានចំណាយតែខ្ទង់ចន្លោះពី៤ទៅ៥ម៉ឺនដុល្លារ ប៉ុណ្ណោះ។ប៉ុន្តែទន្ទឹមនឹងនោះផលិតករជាច្រើនក៏បានត្អូញត្អែពីការលំបាកក្នុងការរកផលចំណេញផងដែរ។យ៉ាងណាមិញលោកដេវីដ អះអាងថា បើទោះបីភាពយន្តរបស់លោកប្រើទុនធំក៏លោកមិនព្រួយបារម្ភខ្លាចខាតដែរ។ផ្ទុយទៅវិញលោករំពឹងថា នឹងផ្ទុះការគាំទ្រនៅពេលដាក់បញ្ចាំងដោយហេតុថា លោកផលិតភាពយន្តនេះដោយផ្ដោតលើគុណភាពដែលនឹងត្រូវរំលេចឡើងគ្រប់ឈុតឆាកនិងគ្រប់ប្លង់តែម្ដង។សូម្បីតែមុនពេលសម្ដែងក៏ត្រូវមានការហាត់សមរយៈពេលយូរដែរ។លោកបន្ដថា ការសម្រិតសម្រាំងជ្រើសតួអង្គរសម្ដែង មានក្រុមបច្ចេកទេសល្អ អ្នកដឹកនាំមានបទពិសោធច្រើនក្នុងវិស័យភាពយន្ត រួមទាំងការបោះទុនធំផងនោះទើបធ្វើឲ្យលោកមានជំនឿចិត្តខ្ពស់គឺរំពឹងថា នឹងជោគជ័យពេលដាក់បញ្ចាំង។ម្យ៉ាងទៀតលោកគិតថា ប្រសិនបើផលិតរឿងដែលគុណភាពល្អទស្សនិកជននិងគាំជាក់ជាពុំខាន។

គួរបញ្ជាក់ថារឿង”ចង់ដឹងសាកមើល”មានការចូលរួមសម្ដែងដោយកញ្ញាដួង ម៉ានិច្ច លោកលឹម រដ្ឋា នាយចាបចៀន នាយក្រូច លោកម៉ាដូណា កីឡាករ ល្បីឈ្មោះឃីម ឌីម៉ា កញ្ញាឌី លីណា កញ្ញាអ៊ឹង និមល លោកត្រាយ៉ាកូ និងតារាសម្ដែងល្បីឈ្មោះជាច្រើនរូបទៀតខណៈដែលរឿងនេះនឹងគ្រោងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបនៅអំឡុងចុង ឆ្នាំ២០១៧​ ខាងមុខនេះ៕

RELATED ARTICLES