ភ្នំពេញ៖ ចៅប្រុសមានជំងឺសរសៃប្រសាទម្នាក់ ខឹងលោកយាយមិនព្រមឲ្យឡើងលើដំបូលផ្ទះបានទាញឈើជ្រុងទៅសំពងក្បាលលោកយាយបង្កើត បណ្តាលឲ្យបែកក្បាលសន្លប់រងរបួសធ្ងន់ធ្ងរ ពេលចៅស្រីដឹកលោកយាយតាមរ៉ឺម៉កម៉ូតូយកទៅដល់មន្ទីរពេទ្យព្រះកុសុមៈ បានស្លាប់ទៅហើយ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ២៤ ផ្លូវ៥៨២Z ក្រុមទី១៤ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជនល្មើសដែលជាចៅបង្កមានឈ្មោះ ឆាយ ស៊ីនហូ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាង លើ មានបងប្អូនចំនួនបីនាក់ ហើយជនបង្កជាកូនទី៣ កូនពៅ ចំណែកឯលោកយាយរងគ្រោះមាន ឈ្មោះ ក្រួច សុខា អាយុ៧៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។
បើតាមសម្តីពីបងស្រីទីពីររបស់ជនបង្កឈ្មោះ លឹម តាលីដា អាយុ២៨ឆ្នាំ មុខរបរអ្នកគិតលុយក្នុងហាង ស្នាក់នៅជាមួយគ្នា បានប្រាប់ឲ្យដឹងថា ក្នុងផ្ទះកើតហេតុខាងលើមានមនុស្សស្នាក់នៅសរុបទាំងអស់ចំនួនបួននាក់ គឺបងប្អូននាងទាំងបីនាក់ និងលោកយាយរងគ្រោះ ហើយនៅថ្ងៃកើតហេតុបងប្រុសច្បងរបស់នាងបានចេញទៅធ្វើការបាត់ ដោយនៅផ្ទះមានតែរូបនាង និងលោកយាយ រួមទាំងជនបង្កដែលជាប្អូនប្រុស។ លុះរហូតដល់វេលាកើតហេតុជនបង្កបានទារបើកទ្វារឡើងដំបូលផ្ទះ ដោយត្អូញថាក្តៅ តែលោកយាយបាននិយាយថា មិនឲ្យបើកទេ ព្រោះមេឃជិតភ្លៀង ដោយលោកយាយចុះពីជាន់ឡៅតឿចុះមកជាន់ផ្ទាល់ដី បានអង្គុយអានគម្ពីរឮៗ ព្រោះលោកយាយកាន់សាសនាគ្រឹះ ។ មួយស្ទុះក្រោយមក ជនបង្កជាចៅខឹងលោកយាយមិនឲ្យឡើងបើកទ្វារដំបូលផង និងខឹងលោកយាយអានគម្ពីរឮៗផង ស្រាប់តែជនបង្កជាចៅបានកាន់ដំបងឈើជ្រុងប្រវែងកន្លះម៉ែត្រ យកទៅសំពងក្បាល លោកយាយជាច្រើនដំបង បណ្តាលឲ្យលោកយាយបែកក្បាលសន្លប់រងរបួសធ្ងន់ ។
ប្រភពដដែលបានបន្តថា ពេលឃើញប្អូនប្រុសវាយលោកយាយ រូបនាងជាបងស្រីមិនហ៊ានចូលទៅជួយនោះទេ ព្រោះខ្លាចជនបង្កវាយទាំងរូបនាងដែរ ខណៈជនបង្កជាប្អូនរត់គេចខ្លួនចូលបន្ទប់ទឹក ទើបនាងបានរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្កយកទៅសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងបានដឹកលោកយាយតាមរ៉ឺម៉កម៉ូតូយកមកមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល ខណៈពេលដែលទៅដល់មន្ទីរពេទ្យលោកយាយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងអំឡុងរយៈពេលពីរឆ្នាំកន្លងមក ជនបង្កតែងតែអុក
ឡុក និងបំផ្លាញរបស់របរក្នុងផ្ទះនៅពេលខឹងអ្នកផ្ទះស្តីបន្ទោសណែនាំនិងនិយាយស្តីឮៗម្តងៗ ហើយជនបង្កគឺជាមនុស្សដែលមានជំងឺសរសៃប្រសាទទៀតផង តែរូបនាងនិងបងប្រុសបាន នាំជនបង្កដែលជាប្អូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពេលដែលចង់នាំជនបង្កជាប្អូនទៅពេទ្យម្តងៗ រូបគេតែងតែខឹងសម្បាយ៉ាងខ្លាំង។
បច្ចុប្បន្នជនបង្ករួមទាំងវត្ថុតាំងត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ កសាងសំណុំរឿងបញ្ចូនទៅកាន់អធិការខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សមត្ថកិច្ចជំនាញកោសល្យវិច័យ និងសមត្ថកិច្ចមូលដ្ឋានបានមកដល់សាលតម្កល់សព បានធ្វើការពិនិត្យនិងរៀបចំឯកសារប្រគល់ជូនសព ដើម្បីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕