ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យសុខ ទូច បន្ទាប់ពីបានចុះទៅស្រាវជ្រាវផ្ទាល់ ដល់តំបន់ព្រំដែនខេត្ត ស្ទឹងត្រែង ចំណុចដែលកងទ័ពឡាវចូលឈ្លានពាន ហើយដកចេញវិញ ក្រោយពេលសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ទៅចរចាជាមួយនាយករដ្ឋមន្ត្រីឡាវនោះ បានធ្វើសន្និសីទកាសែតបំភ្លឺ ពីរឿងនេះ ដោយលោកបានបញ្ជាក់ឆ្លើយតប ទៅក្រុមប្រឆាំងថា រឿងព្រំដែនកម្ពុជា-ឡាវ ពុំមែនជាឆាកល្ខោននយោបាយ ឬសិប្បនិម្មិតនោះទេ។
នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ បានធ្វើសន្និសីទ សារព័ត៌មាន ស្តីពី “ស្ថានភាពព្រំដែនកម្ពុជា ចំណុចតំបន់អូរអាឡៃ និងតំបន់អូរតាង៉ាវ ស្រុក សៀមបាំង ខេត្តស្ទឹងត្រែង ក្រោយការដកកងទ័ពឡាវ”។
ការប្រកាសធ្វើសន្នីសីទសារព័ត៌មាន បាន ធ្វើឡើងក្រោយពេលដែលលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅដល់ តំបន់អូអាឡៃ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង កន្លែងដែលកងទ័ពឡាវ បានចូល មកឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា ហើយបានដកទ័ពទៅវិញ ក្រោយពេលមានការ ជួបចរចារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ កម្ពុជា-ឡាវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧ នោះ។ បន្ទាប់ពីមានហេតុការណ៍នោះ មក ក៏មានអ្នកវិភាគ និងមជ្ឈដ្ឋានប្រឆាំងមួយ ចំនួន ចោទប្រកាន់ថា ជាឆាកល្ខោននយោបាយ របស់គណបក្សកាន់អំណាច ដើម្បីទាក់ទាញ សន្លឹកឆ្នោតដូចព្រឹត្តិការណ៍ទំនាស់ព្រំដែនជាមួយ ប្រទេសថៃ កាលពីឆ្នាំ២០០៨។
នៅក្នុងសន្និសីទនោះ លោកបណ្ឌិត្យ សុខ ទូច បានបញ្ជាក់៥ចំណុច គឺទី១ និយាយអំពី ដំណើរចរចារវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ។ ទី២ និយាយអំពីការ ដកទ័ពរបស់ឡាវ ទី៣ និយាយអំពីអ្វីដែលត្រូវ ធ្វើនៅក្នុងតំបន់ហ្នឹង ទី៤ និយាយអំពីយុទ្ធសាស្ត្រ និងទី៥ និយាយអំពីប្រវត្តិសាស្ត្រ សម្រាប់ចងក្រងទៅថ្ងៃអនាគត សម្រាប់ក្មេងជំនាន់ក្រោយ កុំឱ្យនិយាយពីរឿងអូរនៅតំបន់នោះ។ ពោលគឺ លោកបានលើកឡើងថា ការពិតត្រូវបានបង្ហាញ មាន៥ចំណុច រួមមាន ១-ឡាវបានបោះទីតាំង លើទឹកដីខ្មែរ, ២-ឡាវបានយកប្រជាជនឱ្យមក រស់នៅលើដីខ្មែរ ៣-ឡាវបានធ្វើអាជីវកម្មលើ ដីខ្មែរ, ៤-ឡាវបានប្រើប្រាស់កងទ័ព ដើម្បី ទប់ការធ្វើដំណើររបស់ប្រជាជនស៊ីវិល និងកងទ័ពកម្ពុជា ដោយមានបំណងសម្រេចនូវលក្ខណៈ សម្បត្តិ នៃការកាន់កាប់ដោយស្របច្បាប់, ៥-អ្វីដែលយើងបានទាមទារមកវិញនេះ គឺជា សម្បត្តិមហាសាល ដោយនៅក្នុងទឹកមានត្រី នៅលើដីមានព្រៃឈើ និងក្នុងដីមានរ៉ែ។
ទាក់ទងនឹងចំណុចទាំង៥នោះ លោក សុខ ទូច បានបញ្ជាក់ថា ការបណ្តេញឡាវ ចេញ ពីទឹកដីកម្ពុជា គឺជាជ័យជម្នះពិតប្រាកដ ដោយ មិនមែនជារឿងសិប្បនិម្មិត ឬឆាកល្ខោនដែល រដ្ឋាភិបាល បង្កើតឡើងដើម្បីកេងចំណេញ នយោបាយអ្វីនោះឡើយ ព្រោះលោកមានទឡ្ហីករណ៍មួយចំនួន ដែលបង្ហាញពីសកម្មភាពឡាវ ឈ្លានពានទឹកដីកម្ពុជា រួមមាន ឡាវបានជីក លេណដ្ឋាន ត្រៀមប្រយុទ្ធជាមួយកម្ពុជា, សង់ ផ្ទះ ចិញ្ចឹម សត្វ (ស្បៀង) និងកាត់ផ្តាច់ប្រភពទឹក មិនឱ្យកម្ពុជា ប្រើប្រាស់ជាដើម។ ដូច្នេះ រឿងព្រំដែនកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង មិនមែនជារឿងសិប្បនិម្មិតដូចអ្វីដែលអ្នកលេង ហ្វេសប៊ុកបានលើកឡើងនោះទេ។
លោកសុខ ទូច បញ្ជាក់ថា ថ្វីត្បិតនយោបាយរដ្ឋាភិបាលកម្ពុជា ទន់ភ្លន់ជាមួយឡាវ តែមិនមែនមានន័យថា កម្ពុជាកំសាកគោរពឡាវ ឡើយ ពោលគឺវាជានយោបាយទន់ភ្លន់តែម៉ឺងម៉ាត់ ក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ដែលអាចយកឈ្នះលើភាគីឡាវ ដោយសន្តិវិធី។ ជាមួយនេះ លោកក៏អះអាងថា សម្តេចហ៊ុន សែន មិនមែនជានាយករដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រ កាត់ដីឱ្យបរទេសនោះទេ។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា ពិតជានឹងចងក្រងសៀវភៅ និយាយអំពីទំនាស់ព្រំដែនកម្ពុជា-ឡាវ នេះឡើង ដែលសៀវេភៅនេះ មានចំនួនជាង១០០ ទំព័រ ហើយនឹងត្រូវបោះពុម្ភផ្សាយនៅរយៈពេល២ ខែខាងមុខនេះ។ សៀវភៅនេះ នឹងរៀបរាប់ អំពីសកម្មភាពឈ្លានពានរបស់កងកម្លាំងប្រដាប់ អាវុធឡាវ ក្នុងតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ ជាពិសេសសកម្មភាពកម្ពុជា ដែលបានបណ្តេញទាហានឡាវ ឱ្យចេញពីទឹកដី ដោយសន្តិវិធី ដើម្បីទុកជាប្រវត្តិសាស្ត្រនៃ នយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកសុខ ទូច បានមានប្រសាសន៍ទាក់ទងនឹងចំណុចទាំងនេះថា “ក្រោយពីសម្តេច នាយករដ្ឋមន្ត្រី ចេញឱសានវាទភ្លាម យើងសម្លឹង ទៅលើចំណុចរបស់សម្តេចនាយក លោកបានឡើងយន្តហោះនៅថ្ងៃទី១២ ដែលលោកត្រូវ ឡើងយន្តហោះនៅម៉ោង៨ជាង។ អ៊ីចឹងខ្ញុំគិតថា ភាពទន់ភ្លន់របស់លោក បានធ្វើដំណើរទៅ ដោយសារតែលោកជាអតីតរដ្ឋមន្ត្រីការបរទេស។ អ៊ីចឹងបើសិនជាលោកប្រើឱសានវាទ មិនប្រើ នយោបាយការទូត មានន័យថា លោកអត់ បានធ្វើរដ្ឋមន្ត្រីក្រសួងការបរទេសទេ តែផ្ទុយ ទៅវិញ មានអ្នកខ្លះ គេយល់ថា ប្រហែលជា សម្តេចនាយករដ្ឋមន្ត្រីឱនទៅរកគេហើយ។ ជាការពិត ប្រវត្តិរបស់លោកមិនដែលពើងទ្រូង ដាក់គេទេ លោកតែងតែឱន ប៉ុន្តែឱនក្នុងភាព ម៉ឺងម៉ាត់ ភាពឱនលំទោនក្នុងនយោបាយការ បរទេស មានន័យថា មិនចង់បង្ហូរឈាម។ អ៊ីចឹង ខ្ញុំគ្រាន់តែជម្រាបជូនថា នេះជាចំណុចចាប់ផ្តើម ធ្វើឱ្យរាជបណ្ឌិត្យសភា ធ្វើការស្រាវជាវជាបន្ទាន់ ដោយកាន់ផែនទីយើងបានសុំអរគុណទៅគណៈកម្មការព្រំដែន របស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ផែនទីមកឱ្យខាងយើងខ្ញុំភ្លាម ហើយ យើងខ្ញុំបានចុះទៅដល់ចំណុចនោះ តាមរយៈ ផែនទី ដោយប្រើខ្នាត១លើ១០០ ០០០ ហើយ ប្រើផែនទីពង្រីកនេះ គឺងាយស្រួល។ អ៊ីចឹងខ្ញុំ ចាប់ផ្តើមកាន់ផែនទីនេះ ហើយសម្លឹងមើល ផែនទីរបស់ឡាវ។ អ៊ីចឹងឡាវ មានផែនទីឯកតោភាគី យើងយល់ព្រមគ្នាទទួលយកផែនទី ក្រោយអាណានិគមនិយមបារាំង ដែលបន្សល់ ទុក១១ផ្ទាំង ដែលប្រើខ្នាត១លើ១០០ ០០០ ឯឡាវ គាត់ប្រើផ្សេង។ អ៊ីចឹង បើប្រើផែនទីហ្នឹង មានន័យថា យើងបាត់ពីចំណុចអូរតាង៉ាវ។ អូរតាង៉ាវហ្នឹង ខ្ញុំបាទបានសុំទៅរដ្ឋាភិបាល សុំ ដាក់ថាអូរមរកត ហើយអូរអាឡៃ សុំរដ្ឋាភិបាល ដាក់ថា អូរសម្រេច គឺសម្រេចដេញឡាវចេញ។ ហើយអូរតាង៉ាវ យើងដាក់ថា អូរយើង ប៉ុន្តែ គ្រាន់តែថា ការសម្រេចរបស់រដ្ឋាភិបាលយ៉ាង ដូចម្តេចយើងដឹងទេ…។ ពេលទៅដល់វរៈ៤២ យើងខ្ញុំបានប្រជុំថា ត្រូវធ្វើយ៉ាងដូចម្តេច ហើយ ខ្ញុំសូមស្នើកងយោធភូមិ១ថា ខ្ញុំនឹងធ្វើដំណើរទៅ អូរអាឡៃ ចេញពីអូរអាឡៃ ខ្ញុំនឹងទៅអូរតាង៉ាវ ខាងកងទ័ពថា អត់ដែលមានអ្នកណាទៅដល់ ហ្នឹងទេ។ ខ្ញុំថា ខ្ញុំមកទីនេះ ខ្ញុំមកសិក្សានៅលើអធិបតេយ្យរបស់ខ្ញុំ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែទៅ។ ពេលដែលយើងធ្វើដំណើរចេញ ពីចំណុចវរៈ៤២ យើងមកដល់ចំណុចឈរជើង នៃអូរអាឡៃ យើងឃើញថា កងទ័ពឡាវ បាន ឈរជើងនៅចំមាត់អូរអាឡៃ ឬអូរសម្រេច ហ្នឹង តែម្តង ហើយយើងឃើញថា រាល់ត្រង់សេរបស់ ឡាវ មានលក្ខណៈរឹងមាំជាងខាងរបស់កម្ពុជា។ រឹងមាំយ៉ាងដូចម្តេច? រឹងមាំត្រង់ថា គេអាចឈរ បាញ់កាំភ្លើងយន្តបាន ហើយគេអាចប្រើកាំភ្លើង ៦០មិល្លីម៉ែត្រ និង៨០មិល្លីម៉ែត្រ ពីព្រោះយើង ដឹងហើយថា នៅតំបន់នោះ មិនអាចប្រើកងពាសដែក ឬក៏អាចប្រើអាវុធផ្លោងកម្រិតខ្ពស់ បានទេ ដោយសារតែសូម្បីតែពន្លឺព្រះអាទិត្យ ក៏អត់បានចូលទៅដល់ហ្នឹងដែរ ដោយសារព្រៃ ស្រោងនៅល្អមែនទែន។ អ៊ីចឹង បើមកពីមាត់ ទន្លេសេកុង ជាស្នែងក្របី បុកមកមុខព្រួញ ហើយប្រឈមជាមួយកងទ័ពខ្មែរ តាម GPS គឺ១៦ម៉ែត្រ ទល់មុខគ្នា។ អ៊ីចឹង បើសិនជា សម្តេចនាយករដ្ឋមន្ត្រី មិនប្រើភាពទន់ភ្លន់នៅ ក្នុងនយោបាយការទូតទេ ម៉ោង១២នឹងបង្ហូរ ឈាមគ្នាហើយ”។
លោកបណ្ឌិតសុខ ទូច បានបន្តថា “អ៊ីចឹង ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ធ្វើការចរចា ជាមួយនាយករដ្ឋមន្ត្រីឡាវ ហើយយើងក៏សុំអរគុណនាយករដ្ឋមន្ត្រីឡាវ ដែលស្គាល់អំពីការភាន់ច្រឡំរបស់ភាគីឡាវ ដែលមកឈរលើ ទឹកដីកម្ពុជា ដោយប្រើផែនទីមិនត្រឹមត្រូវ។ អ៊ីចឹងមិនមែននាយករដ្ឋមន្ត្រីគាត់ខុសទេ ដោយសារតែកងទ័ពរបស់គាត់ ប្រើផែនទីមិនត្រឹមត្រូវ។ ការដែលប្រើផែនទីមិនត្រឹមត្រូវនេះហើយ ដែលធ្វើឱ្យកងទ័ពឡាវ មកយកអូរអាឡៃ ធ្វើ ជាចំណុចចាប់នៃការធ្វើការប្រយុទ្ធ។ អ៊ីចឹងពី ចំណុចកងទ័ពនៃវរសេនាធំ៤២ មកដល់អូរអាឡៃនេះ គឺមានចំនួន២/៣ តែយើងថា៣ គីឡូចុះ យើងធ្វើដោយថ្មើរជើង។ ពេលដល់ទីនោះ យើងដឹងហើយថា សម្បត្តិដ៏ស្តុកស្តម្ភ នៃធម្មជាតិច្រើនណាស់ គេគ្រាន់តែរែងមាស នឹងបង្គីក៏បានដែរ មិនបាច់ទៅខួងទេ បើនិយាយ ពីដើមឈើ គ្រាន់តែកន្លែងឡាវ ឈរជើងហ្នឹង គ្រាន់តែដើមត្បែង ហើយនឹងដើមថ្លុង ឈើទាល គឺយើងឃើញថា សុទ្ធតែបីឱប មាន១២០០ ដើម។ អ៊ីចឹងគឺព្រៃទីនោះ ព្រៃធំណាស់ អ៊ីចឹង បើប្រើយុទ្ធសាស្ត្រ BM ក៏យើងបាញ់អត់បានដែរ ព្រោះ BM បាញ់ឡើងលើផ្ទុះក្នុងលំហ បើប្រើប្រាស់កងទ័ពធំ កាណុងធំ១២៥មិល្លីមែត្រ ឬ១២០ ក៏អត់មានបាញ់ចូលដែរ គឺត្រូវការ កាំភ្លើងយន្ត ឬ K57 ឬកាំភ្លើងអាកាតែម្តង ហើយសូម្បីតែបេ៤០ ក៏ពិបាកបាញ់ដែរ ពីព្រោះព្រៃឈើច្រើនមែនទែន ហើយយើងបុកទៅខាងផ្លូវទឹកវិញ ឡាវប្រើប្រាស់ជាស្នែងក្របី តែបើបុកមកចូលអូរអាឡៃវិញ ប្រើជាមុខព្រួញ ព្រោះមានទូកខាងមុខ។ អ៊ីចឹងក្រុមអ្នកស្រាវជ្រាវយល់ថា ដាច់ខាតយើងប្រើប្រាស់កងទ័ពជើងទឹក ដើម្បីខ្ទប់ ដើម្បីកុំឱ្យឡាវ បញ្ជូនទ័ព និងបញ្ជូនស្បៀង បុកចូលមកអូរអាឡៃទាន់ គឺយើងត្រូវផ្តាច់សរសៃឈាមរបស់ឡាវ។ អ៊ីចឹង យើងមើលកងទ័ពជើងគោកខ្លាំងមិនស្មើកងទ័ពជើងទឹកទេ។ សូមអរគុណ សម្តេចនាយករដ្ឋមន្ត្រី ដែលបានរៀបចំជាបន្ទាន់ នូវកងទ័ពជើងទឹក ដែលមានយុទ្ធសាស្ត្រ ទាំងម៉ារីន ទាំងទូកខ្យល់ ដើម្បីចល័តទៅឈរជើងនៅទីនោះ”។
លោកសុខ ទូច បានបន្តទៀតថា “មុនទៅដល់អូរតាង៉ាវ យើងឃើញភាគីឡាវ កំពុងតែរុះផ្ទះ ហើយយើងទៅដល់ ឃើញកន្លែងគេកាប់ឈើ ខ្ញុំថា ឥឡូវត្រូវដកចេញពីលើទឹកដីកម្ពុជា។ អ៊ីចឹងប្រជាជនញ័រដៃញ័រជើងថា អង្គការគេពីលើបានបញ្ជាឱ្យដកហើយ រុះផ្ទះហើយ ខ្ញុំថា អ៊ីចឹងអរគុណ។ ហើយខ្ញុំធ្វើដំណើរទៅដល់អូរតាង៉ាវ ទូករបស់ឡាវ មកភ្ជង់យើង។ ខ្ញុំបានចាត់ចែងបញ្ជាកងទ័ពភ្លាម ពេលហ្នឹងមិនមែនមេទាហានបញ្ជាទេ គឺខ្ញុំបញ្ជា គឺខ្ញុំថា បញ្ចូលគ្រាប់ កេះសោងាប់ៗទាំងអស់គ្នា នេះកងទ័ពឡាវ គេមកការពារគោរបស់គេ។ គេមានកសិដ្ឋានចិញ្ចឹមគោមួយធំណាស់ រដ្ឋមន្ត្រីកសិកម្មរបស់ឡាវ ចិញ្ចឹមនៅទីនេះ ហើយកន្លែងនេសាទឡាវធំនៅលើទឹកដីខ្មែរយើង។ ហើយពេលយើងប្រើប្រាស់ខ្លាំងដែរ ឡាវដកថយចេញ ព្រោះនៅលើអធិបតេយ្យរបស់យើង បើគិតនៅលើខ្សែទឹកជ្រៅ និងទឹករាក់ នៅលើទឹកដីរបស់យើងទេ យើងត្រូវប្រកាន់កន្លែងហ្នឹង យើងគិតទាំងផ្លូវច្បាប់ យើងគិតទាំងបច្ចេកទេស យើងគិតទាំងលើនយោបាយ យើងគិតទាំងយុទ្ធសាស្ត្រកងទ័ព។ បើយើងនិយាយអំពីលក្ខណៈ ផែនទី យើងឈរនៅលើផែនទីខ្នាត១លើ១០០ ០០០ យើងគិតពីនយោបាយការបរទេស នាយករដ្ឋមន្ត្រីទាំង២ បានយល់ព្រមឱ្យយើងទៅ កាន់ចំណុចនោះ បន្ទាប់ពីឡាវបានដកកងទ័ព ហើយ…”។
លោកសុខ ទូច មានប្រសាសន៍បន្តទៀត ថា “ព្រលឹមឡើង ខ្ញុំមានអារម្មណ៍មិនអស់ចិត្ត ព្រោះឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម បាន ទូរស័ព្ទមកប្រធានយោធាខេត្តថា ឱ្យខ្ញុំដកខ្លួន ខ្ញុំបាននឹកឃើញថា ខ្ញុំមកដល់ទីនេះ ខ្ញុំមិនត្រូវ វិលត្រឡប់ទៅដោយអត់ដឹងច្បាស់ នូវកិច្ចការ ទាំងអស់នេះទេ។ អ៊ីចឹងខ្ញុំបានប្រាប់ទៅប្រធាន យោធាខេត្តថា ខ្ញុំសុំធ្វើដំណើរទៅតំបន់ប្រសព្វ រវាងអាតាពើ និងស្ទឹងត្រែង។ ខ្ញុំសុំទាហាន៣ នាក់ ដែលស្ម័គ្រស្លាប់ទៅជាមួយខ្ញុំ។ ពេលយើង ចុះទៅដល់អូរអាឡៃភ្លាម ឡាវ បោះដៃឱ្យ អូរតាង៉ាវ ដើម្បីកាក់ទូករបស់យើង ហើយយើង ក៏អត់ដឹងពីអូរតាង៉ាវទៅដល់ចំណុចព្រំហ្នឹង គឺ ជាកន្លែងដែលឡាវ កំពុងធ្វើជាអាជីវកម្មគ្រប់ បែបយ៉ាង ទាំងរែងមាស ទាំងចិញ្ចឹមគោ ទាំងដំណាំអនុផល និងនេសាទត្រី។ ពេលដល់ចំណុច នោះ គឺគេបិទយើង២ទូក ១ភ្ជង់មកទូកខ្ញុំ ហើយ ទូកមួយទៀត ភ្ជង់ទៅទូកមុខកងទ័ពយើងផង មានលក្ខណៈប្រយុទ្ធទាំងអស់ ហើយខ្ញុំក៏ដក កាំភ្លើ់ងដែរ ខ្ញុំថា ឥឡូវនេះយើងគ្មានជម្រើស ទេ ងាប់ៗទាំងអស់គ្នា ពីព្រោះនៅលើទឹក ទាំងអស់គ្នា អត់អ្នកណានៅលើគោកទេ ជើង មិនជាប់ដី ក្បាលមិនជាប់មេឃ អ៊ីចឹងយើង ត្រូវការប្រយុទ្ធតែម្តង។ អ៊ីចឹង អ្នកចេះភាសា ឡាវ ចាប់ផ្តើមបកប្រែ ហើយឡាវឃើញយើង រាងចំណាប់បន្តិចដែរ។ យើងមិនអួតទេ ប៉ុន្តែខ្ញុំ កាន់កូនខ្មោច រួចហើយស្រេច ពេលដែលខ្ញុំចុះ ពីលើយន្តហោះ ខ្ញុំអត់វិលត្រឡប់មកវិញទេ។ អ្នកខ្លះគេយល់ថា ប្រហែលជាសុខ ទូច ជិះ ឧទ្ធម្ភាគចក្រហើយ នឹងបកមកតាមឧទ្ធម្ភាគចក្រ វិញ ខ្ញុំអត់ទេ ខ្ញុំបានសម្រេចចិត្តហើយស្រេចថា ខ្ញុំទៅឱ្យដល់ ហើយខ្ញុំមកវិញ គឺមកតាមកាណូត ដើម្បីឱ្យដឹងពីផែនការ និងយុទ្ធសាស្ត្រ ដើម្បី រៀបចំ ពីព្រោះក្នុងនាមរាជបណ្ឌិតសភា ត្រូវ ស្រាវជ្រាវផ្តល់អនុសាសន៍ និងយុទ្ធសាស្ត្រទៅ រដ្ឋាភិបាល។ អ៊ីចឹងពាក្យនេះបានចាំនៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើ មិនមែនគ្រាន់តែ ថាហើយបោះបង់ចោលទេ ខ្ញុំត្រូវតែធ្វើ។ អ៊ីចឹង ខ្ញុំធ្វើភ្លាម ឡាវៗក៏យល់ថា អ៊ីចឹងខ្ញុំសុំទៅយក គោខ្ញុំ។ អ៊ីចឹង គេយកសាឡាងទៅដឹកគោគេ ហើយយើងក៏អត់ប៉ះពាល់គេដែរ ពីព្រោះយើង ដោះស្រាយសន្តិវិធី និងសន្តិភាព។ អ៊ីចឹងបានទៅ ដល់ចំណុចព្រំហ្នឹង យើងបញ្ជាទ័ព១៥នាក់ បែក ចេញជាស្នែងក្របី គឺយើងចេញព័ទ្ធទាំងសងខាង ៥នាក់ៗ ពីខាងក្រោយខ្ញុំ ៥នាក់ ហើយ នៅលើទូក៥នាក់ ហើយអ្នកថតវីដេអូមកជាមួយខ្ញុំ។ ក្រោយពីយើងថតធ្វើអត្ថាធិប្បាយ ចប់ហើយ បានយើងហៅមកជុំគ្នាវិញទេ ដើម្បី ឱ្យគាត់ស្គាល់ ឱ្យគាត់ដឹងថា នេះជាអធិបតេយ្យ របស់យើង នេះជាបូរណភាពទឹកដីរបស់យើង នេះគឺយើងនៅលើទឹកដី ហើយបានផ្តាំទៅអ្នក លេងហ្វេសប៊ុក មិនមែនសិប្បនិម្មិតទេ បើ សិប្បនិម្មិត មិនមែនមានដើមចេកឡាវ មិនមែនមានគោឡាវ មិនមែនផ្ទះឡាវ មិនមែន មានជំរំកងទ័ពរបស់ឡាវ មិនមានត្រង់សេរបស់ ឡាវទេ។ ចំណុច៥នេះ បង្ហាញអំពីមិនមែន រដ្ឋាភិបាលហ៊ុន សែន ជាអ្នកធ្វើសិប្បនិម្មិត ដើម្បី ចំណេញសំឡេងឆ្នោតទេ គឺជារឿងពិត ហើយ សូមឱ្យអ្នកក្រៅស្រុកដែលគ្រាន់តែដឹងព័ត៌មាន មិនច្បាស់លាស់ ហើយចាប់ផ្តើមប្រើប្រាស់ នយោបាយបំភ្លៃការពិត ហើយមិនមែន៣០ នាក់ទេ សូមអភ័យទោស ៩២នាក់ ទ័ពឡាវ មាន១០ចំណុច ហើយគេមានកងការពារ ហៅ ថា កងបន្ថែម កងជំនួយ និងកងកុម្មង់ដូ។ កង ជំនួយ មានន័យថា ទល់មុខអាឡៃហ្នឹង គេមាន វរៈរបស់គេរៀបចំហើយស្រេច គេមានកាំភ្លើង យន្ត គេមានកាំភ្លើងធំ សម្រាប់បាញ់ការពារ នៅពេលគេបាក់ទ័ពមកឆ្លងទន្លេ គេចាប់ផ្តើមបញ្ជូនទ័ពគេទៅតាមចំណុចហ្នឹង។ អ៊ីចឹងកន្លែងហ្នឹង យើងចង់បង្ហាញអំពីទិដ្ឋភាពដែលក្រុម មួយចំនួនថា ជារឿងសិប្បនិម្មិត…”។
លោកសុខ ទូច បានមានប្រសាសន៍បន្ថែម ថា “ចាប់ពីនេះទៅ យើងប្រកាន់នូវខ្សែទឹកជ្រៅ នៃការបែងចែកទន្លេ២ ម្ខាងខាងឡាវ ម្ខាងខាងកម្ពុជា ដោយប្រើប្រាស់ទឹកជ្រៅ ប៉ុន្តែ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទៅថ្ងៃមុខ យើងនឹងធ្វើការចរចាប្រើប្រាស់ ទន្លេនេះរួមគ្នា ដោយមិនបាច់សុំច្បាប់ទឹកជ្រៅ ទឹករាក់ទេ ឱ្យប្រើចុះ ដើម្បីមិត្តភាព ដើម្បីសន្តិភាពនៃការអភិវឌ្ឍនៃប្រទេសទាំង២។ ហើយបើទៅពីទីនេះ ប្រហែលជា៣គីឡូ យើង មានកោះឫស្សីមួយ ស្អាតណាស់ ហើយបាន ប្រាប់ទៅលោកអភិបាលខេត្តថា ប្រើប្រាស់តែ កោះនេះមួយ អាចចិញ្ចឹមដំណាំ បន្លែ ស្ទឹងត្រែង កុំថាឆ្ងាយ មិនឆ្ងាយទេ នៅពេលដែលយើងចេះ ធ្វើឱ្យវាជិត។ អ៊ីចឹងសម្តេចបានរៀបចំឱ្យគ្រួសារ ទៅនៅទីនោះ ហើយផ្តល់ដី២ហិកតារ សម្រាប់បង្កបង្កើនផលនៅលើកោះនោះបាន នៅក្នុង ស្រុកសៀមប៉ាងហ្នឹង។ ហើយចំណុចមួយទៀត ដែលយើងបានទៅដល់ទីនោះ បញ្ហាប្រឈម ដែលក្តៅបំផុត គឺឡាវ អត់ចង់ថយចេញ ពីព្រោះ គាត់ឃើញរបស់វាល្អពេក…។ អ៊ីចឹងទេ យើង បានបំពេញកាតព្វកិច្ច ហើយរាជបណ្ឌិត្យសភា កម្ពុជា បានដើរតួនាទីជាអ្នកសិក្សាស្រាវជ្រាវ ហើយផ្តល់ ហើយប្រហែលជាមិនយូរទេ យើង នឹងចេញសៀវភៅ១០០ទំព័រ សម្រាប់និយាយ ពីតំបន់នេះ និងយុទ្ធសាស្ត្រប្រវត្តិសាស្ត្រ ដើម្បី ឱ្យកូនខ្មែរដឹងថា បើសិនជាឡាវ ជាន់ដីហ្នឹង យើងមានសៀវភៅភ្លាម។ យើងរៀបចំសៀវភៅ ទាំងអស់ហ្នឹង កុំឱ្យអ្នកនយោបាយធ្វើពាណិជ្ជកម្ម នៅលើបញ្ហាព្រំដែន យកព្រំដែន ដើម្បីទៅបំពុល បរិយាកាសក្នុងសង្គម ទៅថ្ងៃអនាគត យើងមាន ទាំងសៀវភៅ ភ្ជាប់ទៅនឹងផែនទី”។
លោកសុខ ទូច បានបន្ថែមទៀតថា “នេះ ជាជោគជ័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយ យើងនឹងសរសេរសៀវភៅ ដាក់ថា “នយោបាយ ភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់”។ ទន់ភ្លន់ យើង ធ្វើដំណើរទៅជួបគេ, ម៉ឺងម៉ាត់ បើសិនជាអ្នក ឯងមិនដក ខ្ញុំនឹងវ៉ៃក្នុងអធិយតេយ្យរបស់ខ្ញុំ ការពារបូរណភាពទឹកដីរបស់ខ្ញុំ ដើម្បីបង្ហាញ ថា រឿងមុន ជារឿងរបស់ប្រវត្តិសាស្ត្រ ចាប់ពី ពេលនេះ ១០ស.ម ក៏យើងត្រូវតែទាមទារយកដែរ ហើយសម្តេចនាយករដ្ឋមន្ត្រី គាត់គ្មានសិទ្ធិ កាត់ដីឱ្យពីណាទេ គាត់ជានាយករដ្ឋមន្ត្រី ប៉ុន្តែ មិនមែននាយករដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រកាត់ដី ឱ្យប្រទេសណាមួយទេ សូមឱ្យអ្នកនយោបាយ ឈប់ប្រើប្រាស់រឿងព្រំដែន ធ្វើជាឧបករណ៍ ដើម្បីទាញសំឡេងឆ្នោតរបស់ខ្លួន ហើយត្រូវ ចាំថា យើងធ្វើដើម្បីបុព្វហេតុ ខ្ញុំជឿថា អ្នកស្រាវជ្រាវ គឺស្រាវជ្រាវ ចងជាឯកសារ មិន អាចបន្លំ មិនអាចកែច្នៃបានទេ ពីព្រោះយើង មានផែនទីខ្នាត ១លើ១០០ ០០០ ១១ផ្ទាំង ដែលមាន៥៤០គីឡូមែត្រ រវាងព្រំដែនកម្ពុជា និងឡាវ ហើយមាន ១២៧០គីឡូម៉ែត្រ រវាងកម្ពុជា និងវៀតណាម លើដីគោក”។
គួរបញ្ជាក់ថា មុននេះ ភាគីឡាវបានបញ្ជូន កម្លាំងទ័ពឈ្លានពានចូលទឹកដីកម្ពុជា អស់រយៈ ពេល៤ខែ នៅតំបន់អូរតាង៉ាវ និងតំបន់អូរអាឡៃ នៃខេត្តស្ទឹងត្រែង ក្រោមហេតុផលសុំ ចូលត្រួតពិនិត្យលើខ្សែបន្ទាត់ព្រំដែន ស្រប ពេលដែលកម្ពុជា កំពុងសាងសង់ផ្លូវនៅក្នុង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនតំបន់អាតាពើ ប្រទេស ឡាវ។ ដោយសារតែមិនអាចទ្រាំនឹងទង្វើឈ្លានពានរបស់ឡាវនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱសានវាទ៦ថ្ងៃ ឱ្យភាគីឡាវ ដកកងទ័ព ចេញពីប្រទេសកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏បានចល័តទ័ពទៅតំបន់ព្រំដែននោះ ដើម្បី ត្រៀមកម្ចាត់កងទ័ពឡាវឈ្លានពានទឹកដីផង ដែរ។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចនាយក- រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទៅជួបចរចាជាមួយ នាយករដ្ឋមន្ត្រីឡាវ លោកថងលូន ស៊ីសូលីត ដោះស្រាយបញ្ហានេះ ដោយសន្តិវិធីផងដែរ។ តាមរយៈការចរចារវាងប្រមុខរដ្ឋាភិបាលទាំងពីរ ភាគីឡាវក៏បានសម្រេចដកកងទ័ពឡាវ ចេញ ពីតំបន់អូរតាង៉ាវ និងអូរអាឡៃ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែល នេះជាជោគជ័យនៃដំណោះស្រាយការទូតរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែល ជាដំណោះស្រាយសន្តិភាព បញ្ចៀសបាននូវ សង្គ្រាម និងរក្សាបាននូវមិត្តភាពនៃភាពជា បងប្អូនយូរអង្វែងរវាងកម្ពុជា-ឡាវ៕
កុលបុត្រ