Tuesday, December 24, 2024
Homeប្លែកៗពិតជាអស្ចារ្យ!!! ឆ្នេរខ្សាច់កែវចរណៃ កើតចេញពីសំរាម

ពិតជាអស្ចារ្យ!!! ឆ្នេរខ្សាច់កែវចរណៃ កើតចេញពីសំរាម

អ្នកជឿឬទេថា គំនរសំរាមដ៏ជាទីខ្ពើមរអើម អាចក្លាយជាតំបន់ទេសចរណ៍ អាចទាក់ទាញមនុស្សទូទាំងពិភពលោក ឱ្យមកគយគន់សម្រស់របស់វា? សូមអញ្ជើញជួបជាមួយសម្រស់ចម្រុះពណ៌គំនរសំរាម ដែលត្រូវបានខាត់រំលីងដោយចរន្តរលកខ្យល់ លាយឡំនឹងគ្រាប់ខ្សាច់ក្នុងផ្ទៃសមុទ្រ រហូតក្លាយជាឆ្នេរខ្សាច់អំបែងកែវ (Glass Beach) ចម្រុះពណ៌ចែងចាំងដ៏គួរឱ្យពិតពិលរមិលឃើញ។

ស្ទើរមិនគួរឱ្យជឿសោះថា ឆ្នេរខ្សាច់កែវចរណៃក្នុងក្រុងហូតប្រាក ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងគ្រាមួយធ្លាប់ជាធុងសំរាមដ៏ធំមហិមាសោះ។ ទីនេះក្លាយជាគោលដៅនៃការចាក់គរសំរាមពីគ្រប់ទិសទី។ លុះមកដល់ឆ្នាំ១៩៦៧ ទើបមានការភ្ញាក់រលឹកនាំគ្នាសម្អាតគំនរសំរាមទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ គេពុំអាចសម្អាតសំរាមទាំងនោះបានទាំងស្រុងឡើយ ព្រោះវាមាននៅសល់កម្ទេចអំបែងកែវកញ្ចក់ដេរដាសសព្វទិសទី។ ប៉ុន្តែពេលវេលាកន្លងផុតទៅ ហាក់ដូចមានបាដិហារ្យកើតឡើង ព្រោះកម្ទេចអំបែងកែវ និងកញ្ចក់មុតស្រួចទាំងនោះ ត្រូវធម្មជាតិដុសខាត់រំលីងឱ្យក្លាយជាគ្រាប់កែវចរណៃមូលៗ ចម្រុះពណ៌ ប្រែក្លាយទីលានសំរាមឱ្យក្លាយជាឆ្នេរកែវដ៏ស្រស់ស្អាត។

ទីបំផុត កន្លែងដែលនរណាៗក៏នាំគ្នាយកសំរាមទៅចាក់ចោលនោះ បានក្លាយជាទីកន្លែងនៃវត្ថុមានតម្លៃ និងមានមនុស្សមិនតិចទេ លបលួចយកត្បូងកែវថ្មចម្រុះពណ៌ទាំងនោះ តាមខ្លួនត្រឡប់ទៅវិញ រហូតដល់បរិមាណថ្មកែវ កាន់តែសល់តិចតួច។ វានាំឱ្យមានយន្តការបន្ទាន់ ដើម្បីអភិរក្សវត្ថុមានតម្លៃ ដែលគ្រាមួយធ្លាប់ជាសំរាមនេះឡើង។ បច្ចុប្បន្ន ឆ្នេរខ្សាច់កែវចរណៃនេះស្ថិតក្រោមការថែទាំរបស់ឧទ្យាន Mackerricher State Park ហើយការលបលួចយកអំបែងកែវទាំងនេះ គឺជារឿងខុសច្បាប់ ដែលភ្ញៀវទេសចរគួរតែជ្រាប។

គិតទៅសំរាម ឬវត្ថុមានតម្លៃ វាស្រេចតែលើការឱ្យតម្លៃរបស់មនុស្សប៉ុណ្ណោះ៕​

RELATED ARTICLES