Friday, October 18, 2024
Homeតារាខ្មែរអាលីហ្សា មិនខ្វល់បើកជំនួញដូចតារាដទៃ សុខចិត្តទៅធ្វើអង្គរក្សការពារលោកធំ

អាលីហ្សា មិនខ្វល់បើកជំនួញដូចតារាដទៃ សុខចិត្តទៅធ្វើអង្គរក្សការពារលោកធំ

តារាស្រីស្អាតៗជាច្រើននៅសម័យ Facebook នេះ បានប្រជែងគ្នាក្នុងការបើករបរ Online និង ហាងកែសម្រស់ព្រោងព្រាត ស្រាប់តែអាលីហ្សា អតីតសង្សារតារាចម្រៀងសេន រ៉ានុត វិញ បែរជាងាកទោះហាត់ទាហាន ដោយលូនក្រាបបាញ់បោះទាត់ធាក់កណ្តាលយប់អធ្រាត្រទៅវិញ ដែលសកម្មភាពបែបនេះ បើមិនបាក់កម្លាំងទេ សម្រស់ក៏ប្រែទៅជាជាំស្បែកខ្មៅអស់ជាមិនខានឡើយ។

ក្នុងជំនួបផ្ទាល់ជាមួយនាងអាលីហ្សា កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះនិយាយដោយម៉ឺងម៉ាត់ថា នាងពេញចិត្ត និងស្រលាញ់ការងារជាអង្គរក្សនេះជាយូរមកហើយ ព្រោះតែឪពុកម្តាយនាងក៏ជាទាហានដែរ ដូចនេះហើយបានជានាងមិនរារែក ហើយធ្វើការខុសពីតារាមួយចំនួន ដែលសម្ងំថែសម្រស់ តែនាងបែរជាទៅហាត់ក្បួនយុទ្ធសាស្ត្រវាយទាត់ធាក់។

អាលីហ្សា ថ្លែងថា “ពេលនេះតួនាទីខ្ញុំជាអង្គរក្ស ហើយមានការពិបាកខ្លះដែរ ព្រោះយើងធ្លាប់តែស្អាត អីចឹងពេលទៅហ្វឹកហាត់ត្រូវការលូនបាញ់បោះវ៉ៃទាត់ធាក់។ មូលហេតុដែលខ្ញុំស្រលាញ់ការងារខុសពីតារាផ្សេងៗនេះ គឺដោយសារខ្ញុំគិតថា នៅប្រទេសគេ មន្ត្រីរាជការ និងអង្គរក្សគេស្អាតៗណាស់ ហើយធម្មតាស្រីស្អាតត្រូវការនៅសុខស្រួល លាបតែឡេ តែសម្រាប់ខ្ញុំ គឺខ្ញុំអាចបូជាសម្រស់បាន ដើម្បីចូលបម្រើការងារដែលយើងស្រលាញ់ ហើយចិត្តយើង គឺលើកស្ទួយមុខមាត់ប្រទេសរបស់យើងដែរ ព្រោះពេលណាដែលគណៈប្រតិភូដែលចូលមកស្រុកខ្មែរ គឺយើងមានអង្គរក្សដែលស្អាតៗទៅការពារ ដើម្បីឱ្យគេសរសើរថា អូ! ប្រជាជនខ្មែរស្រីៗស្អាតៗណាស់ នារីខ្មែរក្លាហាន។ ខ្ញុំបានហាត់៣ខែ និងត្រូវទៅហាត់ជំនាញការពារផ្ទាល់៣ខែទៀត អីចឹង៦ខែ។ ឥឡូវខ្ញុំបានស័ក្តិ១ហើយ យើងហ្វឹកហាត់ការពារមានស្នាដៃល្អ គឺយើងអាចនឹងឡើងស័ក្កិទៀត”។

អាលីហ្សា បានលះបង់អាជីពសិល្បៈ៧០% ដោយមិនសូវទទួលច្រៀងសម្តែងច្រើនដូចមុនឡើយ ដែលការប្រឹងប្រែងបែបនេះនាំឱ្យមិត្តភក្តិអាលីហ្សា មួយចំនួន បានបង្អាប់តារារូបនេះថា ព្រោះតែចង់ធ្វើធំពេក អាលីហ្សា លែងចង់ល្បីទៀតហើយ។ ដោយឡែក តារាខ្លះបាននិយាយបំបាក់ទឹកចិត្តអាលីហ្សា ថា ចង់ធ្វើធំម៉េចទៅរួច បើគ្មានខ្សែ គ្មានខ្នង គ្មានបក្ខពួកទេ គឺនៅតែពាក់ស័ក្កិ១ហ្នឹងរហូតទៅ…។

អាលីហ្សា បានជំទាស់ទៅនឹងការយល់ឃើញបែបនេះ ដោយនាងថា “ខ្ញុំមិនគិតថា មានខ្សែបានឡើងស័ក្តិនោះទេ ខ្ញុំគិតថា នៅលើស្នាដៃសមត្ថភាពយើងដែរ។ ខ្ញុំរៀនចប់ថ្នាក់បរិញ្ញាបត្រច្បាប់ អីចឹងពេលហ្នឹងខ្ញុំបានស័ក្តិ១ អីចឹងខ្ញុំប្រឹងបំពេញតួនាទី និងប្រឹងធ្វើការឱ្យល្អទៀត នឹងបានស័ក្តិធំជាងនេះជាមិនខាន។ ចំពោះការងារសិល្បៈវិញ ខ្ញុំមិនបោះបង់ចោលទេ ខ្ញុំនៅតែបន្តអីចឹង ព្រោះស្រលាញ់ការងារទាំង២ដូចគ្នា គ្រាន់តែពេលនេះខ្ញុំមិនទទួលការងារសិល្បៈ៧០ភាគរយទៅហើយ សូម្បីតែការសម្តែងនៅក្រៅប្រទេស ក៏ត្រូវផ្អាកដែរ ហើយមានគេហៅឱ្យថត៤ទៅ៥រឿងដែរ មិនទទួល ព្រោះខ្លាចគ្មានពេលវេលាឱ្យគេ តែពេលនេះខ្ញុំឆ្លៀតថតរឿងឱ្យប៉ុស្តិ៍បាយ័ន ១រឿងដែរ គឺរឿងភាគដែលទើបចាប់ផ្តើម”។

ការដែលអាលីហ្សា ទៅហាត់អង្គរក្សនេះ គឺក្រោយពេលដែលនាងឈឺចាប់បេះដូងជាខ្លាំង ព្រោះអតីតគូដណ្តឹង លោកថៅកែកាហ្វេ ដេនី បានផ្តាច់ពាក្យពីនាងយ៉ាងទាន់ហន់ នៅពេលដែលដឹងថា នាងកើតជំងឺបេះដូងរ៉ាំរ៉ៃ ត្រូវទៅព្យាបាលនៅប្រទេសថៃ យ៉ាងទៀងទាត់ ហើយតម្រូវឱ្យលេបថ្នាំជាប្រចាំនោះ ស្រាប់តែលោកដេនី មកប្រកាសផ្តាច់ស្នេហ៍អាលីហ្សា ថា សុំរាប់អានគ្នាជាបងប្អូនទៅវិញ។

អាលីហ្សា ហៅកូនបារាំង ឆ្អែតចិត្តជាមួយអតីតគូដណ្តឹង ហើយធ្លាក់ខ្លួនឈឺបេះដូងកាន់តែខ្លាំង ដោយត្អូញថា ប្រាក់រកបានប៉ុន្មានសម្រាប់ទិញថ្នាំនោះ ស្រាប់តែពេលនេះ ទៅធ្វើអង្គរក្សការពារលោកធំ ដោយហាត់បាញ់បោះ មិនចាញ់ប្រុសឡើយ។

ប៉ុន្តែមហាជនជាច្រើនបាននិយាយថា កន្លងមក មន្ត្រីធំច្រើនតែស្វែងរកស្រីស្អាតជាតារាល្បី ដោយពឹងពាក់ម៉ែយ៉ែម តែពេលនេះ ស្រាប់តែតារាអភ័ព្វស្នេហ៍ អាលីហ្សា ទៅដល់បន្ទាយអ្នកធំបែបនេះ តើអាចគេចផុតពីកណ្តាប់ដៃលោកធំៗនោះបានដែរឬទេ?

អាលីហ្សា និយាយដោយមិនបង្អង់ថា “អត់អីទេ! មេគាត់ល្អណាស់  ហើយមិនមែនមានតែខ្ញុំម្នាក់ទេ ជាស្រីដែលទៅហាត់ទាហាននោះ គឺមានកូនអ្នកធំៗផ្សេងៗទៀត ក៏គេទៅហាត់អង្គរក្សដែរ។ ខ្ញុំមិនគិតថាឱ្យតែមន្ត្រីធំៗពិបាក ឬខ្លាចនៅក្បែរទេ យើងទៅធ្វើការតើ! មានអីត្រូវភ័យខ្លាចអីផង”។

ទោះអាលីហ្សា ថា គ្មានមន្ត្រីធំៗតាមញ៉ែនាងនៅពេលដែលនាងចូលទៅដល់បន្ទាយក្តី តែពេលនេះ គេឃើញអាលីហ្សា មានជីវភាពស្ទុះឡើងខ្លាំងជាងមុន នាងទិញបានផ្ទះល្វែងនៅបុរីប៉េង ហួត តម្លៃជាង១០ម៉ឺនដុល្លារ និងបើកហាងសម្អាងការ ពង្រីកសាខាទាំងក្រុង និងតាមខេត្តជាច្រើន ហើយនៅពេលឆាប់ៗនេះ នាងគ្រោងបើកភោជនីយដ្ឋានទៀតផង តែតារារូបនេះអះអាងថា គ្មានអ្នកណាជួយ ឧបត្ថម្ភឡើយ៕

RELATED ARTICLES