កន្លងមកមានតែកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ទេដែលទាញបានតម្លៃខ្លួនខ្ពស់ខ្ទង់រាប់ម៉ឺនដុល្លារ ក្នុងថតស្ពតពានិជ្ជកម្មប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មានការទម្លាយឲ្យដឹងជាផ្លូវការថាអ្នកនាងខាត់ សុឃីម ក៏ទារបានរហូតដល់១០ម៉ឺនដុល្លារពីក្រុមហ៊ុនទឹកសុទ្ធ ដឺផ្លាទីនីម ព្រីមៀមវ័ធធឺ(The Platinum Premium Water) ដោយគ្រាន់តែអ្នកនាងសម្រេចចុះកុងត្រាធ្វើជាBrand Ambassador ។
តារាយេយេ អ្នកនាងខាត់ សុឃីម បានថ្លែងឲ្យដឹងថា កន្លងមកអ្នកនាងមិនធ្លាប់មានផលិតផលណាមួយជ្រើសអោយអ្នកនាងធ្វើជាតំណាងផ្ដាច់មុខ ឬហៅថា Brand Ambassador បែបនេះនោះទេ ក្រៅពីអ្នកនាងធ្វើជាតំណាងខ្លួនផ្ដាច់មុខខ្លួនឯងប្រចាំអោយ សំអាងការខាត់ សុឃីម។ អ្នកនាងខ្លួនឯងក៏មានការភ្ញាក់ផ្អើលដែរដែលខាងក្រុមហ៊ុនទឹកសុទ្ធខាងលើ ជ្រើសអោយអ្នកនាងធ្វើជាអ្នកតំណាងផ្ដាច់មុខរហូតដល់៥ឆ្នាំ ខណៈដែលតម្លៃដែលអ្នកនាងចរចារបានក៏ជាតម្លៃមួយខ្ពស់ដែលអ្នកនាងមិននឹកស្មានដល់។ អ្នកនាងថានេះជាការងារមួយដែលអ្នកនាងទើបតែទទួលបានក្រោយពីកុងត្រាផ្ដាច់មុខនៅក្នុងផលិតកម្មហង្សមាស ជាពិសេសគឺចាប់តាំងពីអ្នកនាងចេញបទ«ភ្លៀងជីវិត»គឺការងារថ្មីៗខាងក្រៅផលិតកម្មធ្លាក់មកបន្តបន្ទាប់តែម្ដង ដែលអ្នកនាងបានហៅស្ថានភាពនេះថាជាការឈានឡើងលុយកាក់។
យ៉ាងណា អ្នកនាងខាត់ សុឃីម សុំមិនបានបង្ហើបអោយដឹងពីតម្លៃខ្លួនពិតប្រាកដដែលអ្នកនាងទទួលបានពីកុងត្រាផ្ដាច់មុខក្នុងរយៈពេល៥ឆ្នាំនេះទេ តែយោងតាមតំណាងក្រុមហ៊ុនទឹកសុទ្ធ The Platinum Premium Water បានអះអាងថាអ្នកនាងទទួលបានតម្លៃខ្លួនរហូតដល់១០ម៉ឺនដុល្លារជាថ្នូរនឹងលក្ខណ្ឌមួយចំនួន។ លោក អ៊ុំ ស៊ុនហេង នាយកប្រតិបត្តិក្រុមហ៊ុន The Platinum Premium Water Co,Ltd. បានអះអាងថាអ្នកនាងខាត់ សុឃីម ត្រូវបានក្រុមហ៊ុនកុងត្រាជាតារាផ្ដាច់មុខកាលពី២ខែមុន ដោយក្នុងរយៈពេល៥ឆ្នាំនេះ អ្នកនាងត្រូវធ្វើជាតំណាងផលិតផលទឹកសុទ្ធ The Platinum Premium Water ហើយមិនមានសិទ្ធិថតស្ពត ឬធ្វើសកម្មភាពផ្សព្វផ្សាយអោយផលិតផលទឹកសុទ្ធណាផ្សេងទាំងអស់។ អ្នកនាងត្រូវកំណត់អោយថតហ្វិកផ្សព្វផ្សាយផលិតផលរៀងរាល់៣ខែម្ដង ខណៈដែលសកម្មភាពទាំងឡាយណាដែលគ្មានចែងក្នុងកុងត្រាគឺអ្នកនាងនឹងទទួលបានកម្រៃខ្លួនបន្ថែម។ លោកថាតម្លៃខ្លួនមិនតិចជាង១សែនដុល្លារ ដែលអ្នកនាងខាត់ សុឃីម ទទួលបាននោះ គឺប្រគល់អោយផ្ដាច់តែម្ដង ដោយមិនមែនប្រគល់អោយជាដំណាក់ដែលធ្វើអោយអ្នកនាងឈឺក្បាល និងមិនអាចអោយអ្នកនាងយកលុយទាំងដុំទៅប្រើនោះទេ ដើម្បីធ្វើអោយអ្នកនាងសប្បាយចិត្ត។
លោកអះអាងថានេះជាផលិតផលរបស់កម្ពុជាទេ តែបានផលិតតាមបច្ចេកទេសប្រទេសថៃ ហើយបណ្ដាលមកពីក្រុមហ៊ុននេះជាក្រុមហ៊ុនធំ ទើបហ៊ានចំណាយរហូតដល់សែនដុល្លារជ្រើសយក អ្នកនាងខាត់ សុឃីម ជាតំណាងផ្ដាច់មុខរយៈពេល៥ឆ្នាំពេញ។ លោកអះអាងថាមិនដល់រយៈពេល២ខែក្រោយកុងត្រាផង ផលិតផលទឹកសុទ្ធ The Platinum Premium Water ដែលអ្នកនាងខាត់ សុឃីម ធ្វើជាតំណាងលក់ដាច់រហូតអស់ពីស្ដុករាល់ថ្ងៃ ទើបលោកគម្រោងធ្វើសកម្មភាពមនុស្សធម៌ក្នុងពេលខាងមុខ ដើម្បីអោយអ្នកនាងខាងខាត់ សុឃីមដែលជាតំណាងកាន់តែលេចមុខមាត់ទៀតក្នុងនាមជាតំណាងរបស់ផលិតផលទឹកសុទ្ធ The Platinum Premium Water ។
នេះជាតម្លៃមួយយ៉ាងខ្ពស់ដែលតារាចាស់វស្សាអ្នកនាងខាត់សុឃីម ទទួលបានហើយក៏អាចនិយាយបានថាតម្លៃនេះមិនចាញ់តម្លៃខ្លួន លោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ដែលធ្លាប់ទទួលបានក្នុងការថតស្ពតពានិជ្ជកម្មកន្លងមកទេខណៈដែលមានការលើកឡើងថា អ្នកនាងនិងទាញបានភាពលេចធ្លោមួយកម្រិតថែមទៀតពីស្ពតទឹកសុទ្ធមួយនេះ៕