ភ្នំពេញ ៖ លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម កំពូលតារាកំប្លែងល្បីល្បាញប្រចាំប្រទេសកម្ពុជា បានសារភាពទទួលស្គាល់ថា កូនភ្លោះ៥ខែក្នុងផ្ទៃរបស់តារាកំប្លែងស្រីវ័យក្មេងស្រីលាភ ហៅនាងព្រលិត នោះ គឺជាកូនរបស់លោកពិតប្រាកដមែន បន្ទាប់ពីត្រូវបានអ្នកស្រីវ៉ង់ ឡុងមុន្នី ភរិយារបស់លោកចេញមុខបកអាក្រាតរឿងស្នេហាត្រីកោណដ៏កក្រើកនេះ ព្រមទាំងបានដាក់ពាក្យប្តឹងទៅតុលាការទៀតផង។ ប៉ុន្តែ នាយក្រឹម អះអាងថា នាយមិនលែងលះប្រពន្ធទេ គេចង់យកទាំង២ ទាំងប្រពន្ធដើម (វ៉ង់ ឡុងមុន្នី) និងប្រពន្ធចុង (ស្រីលាភ)។
កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានអះអាងប្រាប់ “នគរធំ” ដោយសារភាពកំហុសផិតក្បត់របស់លោកចំពោះភរិយា ដោយទទួលស្គាល់ថា កូនភ្លោះក្នុងផ្ទៃរបស់ស្រីលាភ (នាងព្រលិត) ពិតជាកូនរបស់លោកប្រាកដមែន។ ប៉ុន្តែយ៉ាងណាអ្វីៗជ្រុលហួសទៅហើយ លោកមិនចង់លែងលះភរិយាស្របច្បាប់នោះទេ ទោះបីប្រពន្ធបានដាក់ពាក្យប្តឹងទៅតុលាការក៏ដោយ គឺលោកចង់យកទាំង២ មិនចង់បែកពីប្រពន្ធទាំង២ទេ។
នាយក្រឹម បានរៀបរាប់ថា “ធម្មតាទេ ប្តីមានស្រី ប្រពន្ធឯណាទៅសប្បាយចិត្តទៅ? រឿងនេះ យើងដឹងហើយថា បើតាមផ្លូវច្បាប់ គឺខ្ញុំខុស ព្រោះខ្ញុំនិងប្រពន្ធដើម មិនបានលែងលះគ្នាទេ។ តែបើគាត់ (វ៉ង់ ឡុងមុន្នី) ចង់ប្តឹងខ្ញុំឡើងតុលាការ ខ្ញុំក៏មិនដឹងជាត្រូវហាមឃាត់យ៉ាងម៉េចដែរ បើសិនជាគាត់ចង់បំផ្លាញខ្ញុំនោះ ឱ្យគាត់ធ្វើទៅចុះ បើគាត់ជាមនុស្សល្អម្នាក់ដែរ។ ខ្ញុំគ្មានអ្វីត្រូវរារាំងគាត់ទេ តាមចិត្តគាត់ចុះ តែសួរថា ខ្ញុំចង់បែកពីគាត់ឬអត់? គឺខ្ញុំសូមប្រាប់ថា ខ្ញុំគ្មានចង់បែកមួយណាទេ។ បើទោះជាខ្ញុំមានរឿងអីចឹងមែន ខ្ញុំមានទៅបំផ្លាញលុយកាក់ក្រុមគ្រួសារឯណា ខ្ញុំប្រឹងដើររកលុយពីខាងក្រៅចូលផ្ទះ ខ្ញុំនៅតែផ្តល់លុយឱ្យប្រពន្ធដើមខ្ញុំ និងកូនៗ ដែលពួកគេរៀនសុទ្ធតែសាលាប៊ែលធី ជាដើម គឺខ្ញុំជាអ្នកផ្គត់ផ្គង់លុយកាក់ ខ្ញុំនៅតែបំពេញតួនាទីជាឪពុកគេ ប្តីគេដដែល ខ្ញុំមិនដែលបំផ្លាញលុយកាក់ក្នុងផ្ទះទេ ខ្ញុំដើររកលុយពីក្រៅចូលផ្ទះ។ បើគាត់ចង់បំផ្លាញប្តី គាត់សុខចិត្តធ្វើ ឱ្យគាត់ធ្វើចុះ។ ធ្វើម៉េចខ្ញុំជាអ្នកសិល្បៈ ចៀសមិនផុតទេពីរឿងហ្នឹង មិនអត់ទេ ការប្រចណ្ឌអីនោះ ហើយឥឡូវរឿងវាទៅជាអីចឹងទៅហើយ ខ្ញុំមានតែបណ្តោយឱ្យទៅតាម ដំណើរទៅចុះ។ គាត់ថា គាត់ប្តឹងទៅតុលាការ អីចឹងបើគេកោះហៅ ខ្ញុំមិនមានគេចវេះទៅណាទេ គឺមានតែទៅបំភ្លឺហ្នឹង តែឥឡូវវាអត់ទាន់មានការប្តឹងផ្តល់អីទេ”។
តាមការអះអាងរបស់អ្នកស្រីវ៉ង់ ឡុងមុន្នី បានឱ្យដឹងថា នាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឬនាងព្រលិត នោះ គឺអ្នកស្រីជាអ្នកជួយជ្រោមជ្រែងឱ្យបានចូលក្នុងក្រុមកំប្លែងនាយក្រឹម ព្រោះតែមានការអាណិតឃើញនាងក្រីក្រ និងនៅផ្ទះជាប់គ្នា តែមិននឹកស្មានថា នាងយកគុណសងទោស ហើយហ៊ានលូកថ្លើមនាង ដោយដណ្តើមប្តីបែបនេះឡើយ។
អ្នកស្រីជាភរិយាដើមរបស់នាយក្រឹម បាន បញ្ជាក់ថា ពីមុនអ្នកស្រីមិនទាន់ជឿទេ រឿងប្តីទាក់ទងស្រីលាភ នោះ តែចុងក្រោយនេះ នៅពេលលេចឮថា ស្រីលាភ មានផ្ទៃពោះកូនភ្លោះជាមួយប្តីអ្នកស្រី ស្រាប់តែស្រីលាភ បានបង្ខំឱ្យប្តីអ្នកស្រី (នាយក្រឹម) លែងលះអ្នកស្រីជាប្រពន្ធស្របច្បាប់ទៅយកនាងជាប្រពន្ធចុងផ្តាច់មុខ ទើបអ្នកស្រីកើតទុក្ខមិនសុខចិត្ត ក៏សម្រេចដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឱ្យតុលាការរកយុត្តិធម៌ឱ្យតែម្តង។
ប៉ុន្តែយ៉ាងណា នាយក្រឹម បានបដិសេធថា ស្រីលាភ មិនបានបង្ខំឱ្យនាយលែងលះប្រពន្ធ ដើមដូចការចោទប្រកាន់របស់អ្នកស្រីវ៉ង់ ឡុងមុន្នី នោះទេ។
លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបញ្ជាក់ថា “អត់ទេ! ស្រីលាភ មិនដែលញុះញង់ឱ្យខ្ញុំលែងប្រពន្ធមកយកគេតែម្នាក់ឯងនោះ គឺមិនអីចឹងទេ។ ស្រីលាភ គ្នាមិនហ៊ានអីចឹងទេ គ្នានៅតែស្ងៀមហ្នឹង ហើយខ្ញុំក៏មិនដែលឧបត្ថម្ភលុយកាក់ឱ្យស្រីលាភ ដែរ គឺគេរកបានដោយខ្លួនឯង ព្រោះការសម្តែងលើឆាកនោះ គេមានកញ្ចប់ថវិការបស់គេ គ្រាន់តែថា លុយប៉ុណ្ណឹងទៅធ្វើអីគ្រាន់។ ខ្ញុំនៅតែទៅផ្ទះខ្ញុំ មើលប្រពន្ធកូនអីចឹង គ្រាន់តែថា រឿងខ្ញុំនៅជាមួយស្រីលាភ ហ្នឹង ខ្ញុំនៅយូរហើយ គេដឹងយូរហើយតើ! កូនភ្លោះរបស់ស្រីលាភ ក្នុងផ្ទៃហ្នឹង គឺពិតជាកូនរបស់ខ្ញុំមែន ធ្វើម៉េចបើរឿងវាអីចឹងទៅហើយ។ គ្រាន់តែថា បើតាមផ្លូវច្បាប់ គឺខ្ញុំខុសហើយ តែខ្ញុំមិនគេចវេះទេ គឺបើគាត់ចង់បំផ្លាញប្តី ប្តឹងខ្ញុំ គាត់ធ្វើចុះ ខ្ញុំនឹងទៅបំភ្លឺនៅតុលាការ មិនគេចវេះទៅណាទេ។ តែថា ឱ្យខ្ញុំចង់បែកនរណាម្នាក់ គឺទាំង២ហ្នឹង ខ្ញុំមិនចង់បែកណា១ទេ ខ្ញុំចង់នៅទាំង២អីចឹង។ និយាយទៅ ខ្ញុំតស៊ូច្រើនណាស់ ជាមួយប្រពន្ធខ្ញុំជាង១០ឆ្នាំនេះ បានកូន៤នាក់ (ប្រុស៣) ហើយកូនច្បង បានការម្នាក់ហើយ។ បើខ្ញុំមិនប្រឹងទេ ស្មានតែខ្ញុំមានថ្ងៃហ្នឹងអី? គឺប្តីនេះទៅរកលុយចូលផ្ទះ មិនមែនបំផ្លាញលុយក្នុងផ្ទះទេ ហើយធ្វើម៉េចបើខ្ញុំមានអាជីពខាងហ្នឹង។ ខ្ញុំតែងផ្តល់លុយកាក់ឱ្យគេចិញ្ចឹមកូន តែខ្ញុំមិនដែលផ្តល់ឱ្យស្រីលាភ ទេ គឺគេរកបានដោយខ្លួនឯង”។
ដោយឡែកនាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ដែលរងការចោទពីភរិយានាយក្រឹមខាង លើនេះ “នគរធំ” ព្យាយាមទូរស័ព្ទចូលជាច្រើនដង តែនាងមិនលើកឡើយ កាលពីម្សិលមិញ ទើបមិនអាចសុំការបំភ្លឺពីរឿងពាក់ព័ន្ធស្នេហាជាមួយនាយក្រឹម នេះបានទេ។
ជុំវិញបញ្ហាត្រូវប្រពន្ធទម្លាយរឿងអាស្រូវស្នេហាត្រីកោណខាងលើនេះ នាយក្រឹម បានបញ្ជាក់បន្ថែមថា “ខ្ញុំមិនភ័យខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្ញុំទេ ព្រោះនេះមិនមែនជាទោសឧក្រិដ្ឋឯណា? ខ្ញុំអត់មានទោសឧក្រិដ្ឋអីត្រូវភ័យខ្លាចខ្លាំងទេ។ តាំងពីចាប់ដៃគ្នាជាមួយប្រពន្ធខ្ញុំជាង១០ឆ្នាំ រហូតមានកូន៤នាក់នេះ ខ្ញុំមិនដែលប្រើអំពើហិង្សាវ៉ៃទាត់ធាក់ប្រពន្ធអីទេ។ និយាយទៅយើងអត់ចេះតែម្តង អារឿងប្រើអំពើហិង្សាហ្នឹង អីចឹងខ្ញុំមានទោសឧក្រិដ្ឋឯណាដែលត្រូវខ្លាច។ បើគាត់ប្តឹងខ្ញុំ គឺខ្ញុំមានតែទៅបំភ្លឺនៅតុលាការតាមការកោះហៅ ខ្ញុំមិនគេចវេះទេ តែបើថា ឱ្យខ្ញុំចង់បែក គឺខ្ញុំមិនចង់បែកអ្នកណាម្នាក់ទេ ទាំង២ហ្នឹង។ បើថា ខ្ញុំបានថ្មីចោលចាស់ ខុសហើយ ខ្ញុំមានទៅចោលខាងណា? ខ្ញុំនៅតែទៅផ្ទះ មើលប្រពន្ធកូនខ្ញុំអីចឹង មិនដែលថាមិនទៅឯណា? តែថារឿងគាត់ពិបាកចិត្តនោះ ធម្មតាទេ ប្តីមានស្រី តើប្រពន្ធឯណាដែលទៅសប្បាយចិត្តទៅ? ធ្វើម៉េចរឿងហ្នឹង វាអីចឹងហើយ មានតែតាមដំណើរ តាមព្រេងវាសនាចុះ…”៕