ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល បានលើកឡើងថា អ្នកនយោបាយខ្មែរ មិនចាំបាច់រណបបរទេសនោះទេ តែកុំដុតផលប្រយោជន៍ដែលបរទេស បានផ្តល់ឱ្យពលរដ្ឋកម្ពុជា។
លោកព្រាប កុល បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ថា “អាមេរិក មិនមែនជាប្រទេស ដែលល្អឥតខ្ចោះទេ ប៉ុន្តែជាកន្លែងដែលមនុស្សជាច្រើននៅទូទាំងពិភពលោកប្រាថ្នាចង់ទៅ។ អ្នកខ្លះចង់ទៅរស់នៅ ខ្លះចង់ទៅសិក្សា ខ្លះចង់ទៅលេងកម្សាន្ត រីឯមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនានា ចង់ទៅជាន់ទឹកដីមហាអំណាចនេះ ក្រោមហេតុផលផ្សេងៗ។ ម្សិលមិញនេះ អាមេរិកបាន សម្រេចដាក់កម្ពុជា ទៅក្នុងបញ្ជីរឹតត្បិតទិដ្ឋាការ ដែលជារឿងដ៏អកុសល និងប៉ះពាល់ដល់ ឱកាសសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល ជាពិសេស អ្នកដែលប្រាថ្នាចង់ទៅអាមេរិក។ គួរឱ្យសោកស្តាយ ! បច្ចុប្បន្ននេះ អាមេរិកជាអ្នកទិញសម្លៀកបំពាក់ដែលផលិតដោយបងប្អូនកម្មករ-កម្មការនីខ្មែរយើង ច្រើនជាងគេ តាមរយៈគោល នយោបាយអនុគ្រោះពន្ធ ដែលជាហេតុធ្វើឱ្យ វិស័យកាត់ដេរនៅកម្ពុជា មានដំណើរការល្អ។ សូមអ្នកនយោបាយគ្រប់កម្រិត និងអ្នកជាតិនិយមទាំងឡាយ មេត្តាគិតឱ្យបានទូលាយ និង គិតជាចង្កោម ដើម្បីឱ្យប្រាកដថា ចំណេញដល់ជាតិ និងប្រជាពលរដ្ឋ មុននឹងសម្រេចចិត្តធ្វើអ្វី១។
យើងមិនចាំបាច់រណបបរទេសទេ ហើយក៏មិនចាំបាច់ដុតប្រយោជន៍ដែលបរទេសផ្តល់ មកពលរដ្ឋកម្ពុជាដែរ ជាពិសេស ខណៈដែលយើងស្ថិតនៅជាប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រនៅឡើយ”។
សំណេរលើកឡើងរបស់លោកព្រាប កុល បានធ្វើឡើងក្រោយពេលដែលរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ត្រាំ (Donald Trump) កំពុងពិចារណាថ្លឹងថ្លែងដាក់ទណ្ឌកម្ម ឬរឹតត្បិតលើការផ្តល់ទិដ្ឋាការធ្វើដំណើរដល់ កម្ពុជា។ ការពិចារណានេះ ធ្វើឡើងក្រោយពេលដែលក្រសួងសន្តិសុខជាតិអាមេរិក ស្នើឱ្យក្រសួងការបរទេសអាមេរិក ចាត់វិធានការដាក់ទណ្ឌកម្មដល់ប្រទេសកម្ពុជា និងប្រទេសចំនួនបីផ្សេងទៀត រួមមានប្រទេសអេរីត្រេ (Eritrea) ប្រទេស ហ្គីណេ (Guinea) និងប្រទេសសេរ៉ាឡេអូន (Sera Leone) ដោយសារតែប្រទេសទាំងនោះ “រឹងទទឹង” មិនព្រមទទួលយក ឬព្យាយាមពន្យារ ពេលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនដែល ត្រូវសហរដ្ឋអាមេរិកចាប់បញ្ជូនមកវិញ ដោយសារតែពួកគេបានប្រព្រឹត្តល្មើសច្បាប់។
បណ្តាញសារព័ត៌មានអាមេរិក ស៊ីអិនអិន (CNN) ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ សីហា ថា បច្ចុប្បន្ន ក្រសួងការបរទេសអាមេរិក កំពុងពិភាក្សាកំណត់អំពីគោលការណ៍ និងវិសាលភាពនៃការដាក់ទណ្ឌកម្មរឹតត្បិតការផ្តល់ទិដ្ឋា ការនេះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេ ថាតើគោលការណ៍នៃការរឹតត្បិតនេះ នឹងមានវិសាលភាកំណត់លើប្រភេទទិដ្ឋាការណាខ្លះ ឬសំដៅជាពិសេសចំពោះ មន្ត្រីរដ្ឋាភិបាល ឬពលរដ្ឋសាមញ្ញទូទៅនោះនៅ ឡើយទេ។
ក្រោមច្បាប់សហព័ន្ធអាមេរិក រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក អាចសម្រេចបញ្ឈប់ មិនចេញទិដ្ឋាការគ្រប់ប្រភេទ ឬទិដ្ឋាការជាក់លាក់ណាមួយដល់ប្រទេសទាំងនោះ។ ភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី (AP) ឱ្យដឹងកាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១៧ ថា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ធីល្លឺរសុន (Rex Tillerson) ទំនងជានឹងមិនដាក់បម្រាមដល់គ្រប់ប្រភេទ ទិដ្ឋាការនោះទេ តែការដាក់ទណ្ឌកម្មនេះ អាចសំដៅតែចំពោះមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះប៉ុណ្ណោះ ដូចដែលសហរដ្ឋអាមេរិក ធ្លាប់បានអនុវត្ត នាពេលកន្លងទៅ។
កាលពីចុងខែមេសា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានស្នើសុំរដ្ឋាភិបាលអាមេរិក ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋដើមកំណើតខ្មែរ ដែលជាប់ទោសនៅអាមេរិក ត្រឡប់មកកម្ពុជា។ បច្ចុប្បន្នភាគីទាំងពីរ កំពុង ពិភាក្សាគ្នាអំពីលក្ខខណ្ឌមួយចំនួន ដែលត្រូវកែសម្រួល។
ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ ដែលបានអនុវត្តអស់រយៈពេលជិត១៥ឆ្នាំ មកនេះ មានពលរដ្ឋដើមកំណើតខ្មែរ មិនតិចជាង៥៥០នាក់ទេ ដែលបានប្រព្រឹត្តិល្មើសនៅសហរដ្ឋអាមេរិក ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់បញ្ជូនមកកម្ពុជាវិញ។ ស្ថិតិចេញផ្សាយ ដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និង គយ (ICE) នៃក្រសួងសន្តិសុខជាតិអាមេរិក ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅ មានជនជាតិខ្មែរ ចំនួន ៧៤រូប ត្រូវបានចាប់បញ្ជូនមក ប្រទេសកម្ពុជាវិញ។
ប្រធានសមាគមជ័យលាភីបញ្ញជនកម្ពុជា លោករស់ សារ៉ុម ក៏បានបញ្ជាក់ដែរថា បើសំដៅ ទៅលើផលប្រយោជន៍ខាងសេដ្ឋកិច្ចអាមេរិក មានច្រើនចំពោះកម្ពុជា ព្រោះប្រទេសកម្ពុជា ភាគច្រើនវិស័យវាយនភណ្ឌ គឺកម្មករកាត់ដេរ ជិត១លាននាក់ ដែលមានការងារធ្វើ ដោយសារតែការនាំចេញនូវផលិតផលផ្នែកវាយនភណ្ឌ ទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ដូច្នេះនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេច បិទអង្គការ NDI និងវិទ្យុមួយចំនួន លោកយល់ថា ជាការប្រឈមមួយផ្ទាល់ជាមួយផ្នែក សេដ្ឋកិច្ចជាមួយអាមេរិក ឬជួបការលំបាក នៅ ពេលដែលអាមេរិក ដាក់សម្ពាធ គឺផលលំបាក ធ្លាក់មកលើប្រជាជនខ្មែរ ដោយកម្មករនឹង ប្រឈមការអត់ការងារធ្វើ នៅពេលរោងចក្រ បិទទ្វារ។ ដូច្នេះចាំបាច់ត្រូវតែរកផ្លូវចរចាគ្នាធ្វើម៉េច ដើម្បីឱ្យស្ថានភាពល្អប្រសើរឡើងវិញ។ ជាពិសេស ពាក់ព័ន្ធនឹងគោលនយោបាយការ បរទេសរបស់សហរដ្ឋអាមេរិក គឺលទ្ធិប្រជាធិបតេយ្យនោះឯង។ បានន័យថា ដើម្បីឱ្យអាមេរិកបើកសេដ្ឋកិច្ចវិញ លុះត្រាតែបញ្ហាប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ត្រូវបានលើកឡើងវិញ៕
កុលបុត្រ