Wednesday, November 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ប្រកាសការពារកម្មករមិនឱ្យបក្សប្រឆាំងគំរាមនាំទៅចូលរួមបាតុកម្ម

សម្តេចហ៊ុន សែន ប្រកាសការពារកម្មករមិនឱ្យបក្សប្រឆាំងគំរាមនាំទៅចូលរួមបាតុកម្ម

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា កន្លងមក កម្មករមួយចំនួន ដែលមានបក្សប្រឆាំង នៅពីក្រោយ បានចូលរួមធ្វើបាតុកម្ម ហើយធ្វើ ឱ្យមានបញ្ហានៅក្នុងរោងចក្រ។ ដូច្នេះសម្តេច សុំផ្តាំទៅកម្មករ កុំធ្វើជាបងធំនៅក្នុងរោងចក្រ សហគ្រាស ឬធ្វើតាមការអូសទាញរបស់បក្ស ប្រឆាំង នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ការងារ ហើយសម្តេចក៏បានប្រកាសការពារកម្មករ  មិនឱ្យបក្សប្រឆាំង ធ្វើការគំរាមកំហែងនាំទៅ ចូលរួមធ្វើបាតុកម្មបំពានសិទ្ធិកម្មករជាដាច់ ខាត។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុង ឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ-កម្មការនី ប្រមាណ ជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដើម្បីបន្ត ស្វែងយល់អំពីសុខទុក្ខកម្មករ ផ្តល់នូវដំណោះស្រាយចាំបាច់នានាជូនដល់បងប្អូនកម្មករ ហើយ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បាន អង្គុយទទួលទានបាយកញ្ចប់ជាមួយកម្មករ-កម្មការិនី ដោយភាពសាមញ្ញ និងស្និទ្ធស្នាល។

ថ្លែងក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា សម្តេចមាន សិទ្ធិគ្រប់គ្រាន់នៅក្នុងការពិនិត្យមើលពីស្ថានភាពសេដកិច្ច ជាពិសេស នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ ដូច្នេះសម្តេចសង្ឃឹមថា អ្វីដែល បានរួមគ្នាបង្កើតឡើងនេះ មិនមែនជាការចៃដន្យ ទេ គឺសម្តេចគួរតែបានរំលឹកបន្តិច ពាក់ព័ន្ធជាមួយនឹងការឈានឡើងជាបន្តបន្ទាប់ ហើយគោលដៅដែលកំពុងឆ្ពោះដើរទៅមុខ គឺធ្វើ ប្រទេសកម្ពុជាពីប្រទេសមួយ ដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ក្នុងឆ្នាំ២០៣០។ ដើម្បីសម្រេចនៅគោលដៅ នោះ គ្រប់វិស័យទាំងអស់ ទាំងវិស័យកម្ម ឧស្សាហកម្ម និងសេវា ត្រូវតែមានកំណើនជាក់លាក់ នៅអត្រាមិនទាបជាង៧% ក្នុង១ឆ្នាំ ដែលប៉ុន្មាន ឆ្នាំមុននោះ ប្រជាជនកម្ពុជា មានប្រាក់ចំណូល ត្រឹមតែជាង២០០ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ ប៉ុន្តែឥឡូវនេះ ប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលប្រាក់ ចំណូលក្នុងមនុស្សម្នាក់ សម្រាប់មនុស្សម្នាក់ ១៤០០ដុល្លារសហរដ្ឋអាមេរិក ហើយតម្រូវការរដ្ឋាភិបាល នឹងឱ្យទៅលើសពី៥០០០ ដល់ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “ពិតហើយ ! យើងមិនត្រូវភ្លេចជាមួយនឹងការ ឈានឡើងជាបន្តបន្ទាប់ ពេលវេលានេះ ឱកាស នេះ គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន កម្ពុជារបស់យើង ក្នុងការដោះស្រាយការងារ ធ្វើមិនមែនគ្រាន់តែបញ្ហាពេលនេះទេ ក៏ប៉ុន្តែ ពេលវេលាអនាគតសម្រាប់យើងទាំងអស់គ្នា។ ពីកាលដែលយើងរំដោះប្រទេស យើងមាន ប្រជាជនត្រឹមតែប្រមាណ៥លាននាក់ប៉ុណ្ណោះ  ប៉ុន្តែកំណើននេះវាកើនខ្ពស់ណាស់ ឥឡូវនេះ ប្រជាជនយើងមានជាង១៥លាននាក់រួចស្រេច ទៅហើយ។ ខ្ញុំមិនអាចបន្ទោសអ្នកណាបានទេ ដោយសារតែខ្ញុំជាមនុស្សកូនច្រើន ឥឡូវនេះ ចៅទី១៩ នៅប្រមាណជាមួយអាទិត្យទៀត នឹងមកដល់។ អ៊ីចឹងតើអ្នកណាអាចយល់បាន ជនបរទេសទាំងឡាយ នៅពេលដែលខ្ញុំនិយាយ ថា ខ្ញុំមានចៅ១៨ហើយ និងត្រៀមដល់ចៅទី ១៩ និងចៅទី២០ នៅតែ២ខែខាងមុខ ពួកគេ បើកភ្នែកធំៗ គេថា តាមមិនទាន់ខ្ញុំទេ។ ប៉ុន្តែ កំណើនប្រជាពលរដ្ឋទាក់ទាញវិនិយោគលើ វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង ឧស្សាហកម្មផ្សេងទៀត ដែលបង្កើតឡើងនូវ ការងារធ្វើផង និងបង្កើតឡើងនូវស្ថានភាព ទំនិញ សម្រាប់ការនាំចេញផង។ បើយើង សង្កេតមើលនៅក្នុងរយៈពេលដែលយើងចាប់ផ្តើម និងមកដល់ពេលនេះ មានការខុសគ្នាច្រើន ណាស់ ហើយបើនិយាយពីសហគ្រាសនៅទូទាំង ប្រទេស ដែលបានចុះបញ្ជីនៅក្រសួងការងារ គឺមានជាង១ម៉ឺន១ពាន់សហគ្រាស ដែលមាន កម្មករជាង១លាន១សែន៨ម៉ឺននាក់។ ក្នុងហ្នឹង ដោយឡែកតែរោងចក្រកាត់ដេរ និងស្បែកជើង គឺមានរហូតទៅដល់១១០៧រោងចក្រ ដែលមានកម្មករចំនួនជាង៧៤ម៉ឺននាក់ ហើយបើ យើងប្រៀបធៀបក្នុងរយៈពេលពីឆ្នាំ១៩៩៧ ពេលនោះ រោងចក្ររបស់យើងមានត្រឹមតែ ៦៤រោងចក្រ ជាមួយនឹងកម្មករត្រឹមតែ៨២ ០០០នាក់ប៉ុណ្ណោះ…”។

ក្នុងចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានរលឹកពីសារជាតិបក្សប្រឆាំង បាន ត្រឹមតែមាន “៣កុំ” និងដឹកនាំធ្វើបាតុកម្ម បំផ្លាញផលប្រយោជន៍កម្មករតែប៉ុណ្ណោះ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “យើងត្រូវស្គាល់ឱ្យច្បាស់ អ្នកណាអ្នកដោះស្រាយ ការងារឱ្យក្មួយៗ មិនមែនក្រុមប្រឆាំងទេ ក៏ មិនមែនក្រុម “៣កុំ” ដែរ ក្រុម៣កុំ គឺជាក្រុមដែល បំផ្លាញផលប្រយោជន៍ក្មួយៗតែប៉ុណ្ណោះ កុំផ្តល់ ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ ចំណុចទាំង៣នេះ គឺជាការប្រកួតប្រជែងខាង នយោបាយ នៅពេលខាងមុខ រវាង “៣សុំ” និង “៣កុំ” ដាក់ចេញជាការប្រកួតប្រជែង នៅក្នុង រង្វង់នៃក្របខ័ណ្ឌនយោបាយ និងសកម្មភាព ជាក់ស្តែងដែលមានកន្លងទៅ និងមានជាបន្តបន្ទាប់នៅពេលខាងមុខ។ អ្នកឯងបានធ្វើកន្លង ទៅ មិនអាចគេចផុត យើងមានឯកសារច្បាស់ លាស់ រាប់ទាំងបង្ហោះតាមហ្វេសប៊ុក រួចហើយ នាំគ្នា លិកេ ថា ជួបគ្រោះធំណាស់ ព្រោះអឺរ៉ុប នឹងមិនទិញទំនិញពីកម្ពុជាទេ។ កុំភ្លេចថា បើ ទោះអ្នកឯងចេះដកចេញពីហ្វេសប៊ុកក៏ដោយ ប៉ុន្តែតែគេបង្ហោះប៉ឹប គេថតប៉ឹបយកមកហើយ  អត់មានដកបានទេ។ ២ថ្ងៃក្រោយ ដកចេញ ប្រហែលជាមានការទិតៀនខ្លាំង ប៉ុន្តែទង្វើនេះ មិនមែនជាទង្វើស្នេហាជាតិទេ គឺជាទង្វើសម្លាប់ កម្មករតែម្តង…”។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ថា ចាប់ ពីពេលនេះទៅ ត្រូវលុបបំបាត់មិនឱ្យមានអ្នក ដែលគំរាមកម្មករឱ្យចេញមកបាតុកម្ម រំលោភ សិទ្ធកម្មករនោះទេ ព្រោះកន្លងមក អ្នកនោះ មានគ្នាតែ៤០ ទៅ៥០នាក់ តែទៅគំរាមហៅ កម្មកររាប់ពាន់នាក់ មកធ្វើបាតុកម្មតាមខ្លួន។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកខ្លះ គេមិនព្រមធ្វើបាតុកម្ម ទៅគំរាមគេ ធ្វើកូដកម្ម សុំផ្តាំនៅទីនេះ ក្មួយៗណា៎! សិទ្ធិ របស់យើង យើងមានសិទ្ធិធ្វើបាតុកម្ម មានសិទ្ធិ ធ្វើបាតុកម្ម តាមច្បាប់ការងារ ប៉ុន្តែបាតុកម្ម របស់យើងមិនត្រូវរារាំងចំពោះអ្នកដទៃ ដែលគេមិនចង់ធ្វើបាតុកម្មទេ។ ទាំងអស់គ្នា សុំមេត្តា កុំតាំងខ្លួនជាបងធំនៅក្នុងតំបន់រោងចក្រ សហគ្រាស មនុស្សខូចមួយចំនួន ដែលមានបក្សប្រឆាំង នៅពីក្រោយខ្នង ខ្លួនឯងមិនពេញចិត្ត ត្រឹមកូដកម្ម៥០នាក់ ប៉ុន្តែទៅគំរាមកំហែង៥០០នាក់ មិន ឱ្យចូលធ្វើការ។ នេះមិនត្រូវឱ្យមានតទៅទៀត ទេ ព្រោះវារំខានទៅដល់ការងារ សិទ្ធិរបស់យើង គឺសិទ្ធិរបស់យើង ៥០នាក់ធ្វើកូដកម្មទៅ ១០០០នាក់ទៀត ចូលធ្វើការ។ អាហ្នឹងគឺជា សេរីភាពរបស់គេ ប៉ុន្តែកន្លងទៅ មិនដូច្នេះទេ គំរាមកំហែងគេមិនឱ្យចូលធ្វើការ ហើយមាន កន្លែងមួយចំនួន មេបក្សប្រឆាំង ក្រុមប្រឆាំង ទៅទម្លាយទ្វាររោងចក្រតែម្តង។ អ៊ីចឹងទេ ចំណុចនេះ គឺជាចំណុចមិនត្រឹមត្រូវ ហើយក៏មិនស្របទៅនឹងសេរីភាពរបស់ពលរដ្ឋដែរ។ គេ គោរពពលរដ្ឋ សិទ្ធិសេរីភាពរបស់យើងហើយ យើងមានសិទ្ធិធ្វើបាតុកម្ម មានសសិទ្ធិធ្វើកូដកម្ម ហើយការទាមទារសមហេតុសមផលណាមួយ អំពាវនាវឱ្យថៅកែរោងចក្រ ម្ចាស់រោងចក្រ ឬ អ្នកគ្រប់គ្រង ធ្វើការដោះស្រាយដោយសន្តិវិធី និងដោយសមហេតុសមផល ដែលអាចទទួល យកបាន។ ការបណ្តេញចេញទីណាត់ទីណែង គឺមិនមែនជាដំណោះស្រាយល្អទេ…”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន អំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវមាន ការយោគយល់គ្នាជាមួយកម្មករនិយោជិត ហើយត្រូវខិតខំដោះស្រាយបញ្ហាតាមសន្តិវិធី ចៀសវាងវិវាទផ្សេងៗ។

ចំពោះដំណោះស្រាយទឹក សម្តេចហ៊ុន សែន បញ្ជាក់ថា គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ រដ្ឋាករទឹកលក់ទឹកឱ្យម្ចាស់ផ្ទះ ក្នុងតម្លៃ ៧០០រៀល ហើយម្ចាស់ផ្ទះនឹងលក់ឱ្យកម្មករ ត្រឹមតែ៨០០រៀលប៉ុណ្ណោះ ក្នុង១ម៉ែត្រគូប។ ចំពោះអគ្គិសនី បើប្រើត្រឹម៥០គីឡូវ៉ាត់ម៉ោង គឺតម្លៃ៤១០រៀល។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងប្រាក់ឈ្នួល ផ្ទះក្នុងរយៈពេល១ឆ្នាំ (២០១៨) ដើម្បីឱ្យកម្មករ នៅសល់ប្រាក់ដោះស្រាយជីវភាពរស់នៅឱ្យ បានប្រសើរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន លើកនូវចំណុចសំខាន់ៗ៥ ដើម្បីលើកកម្ពស់ ការងារ និងជំរុញវិស័យឧស្សាហកម្មឱ្យកាន់តែ មានភាពល្អប្រសើរ ៖

១-ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។

២-រួមគ្នារក្សាការងារចាស់ និងបង្កើត ការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។

៣-រួមគ្នាបង្កើនប្រាក់ចំណូលដោយការ ខិតខំបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំឱ្យកម្មករភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល។

៤-ផ្តល់របបគាំពារសន្តិសុខសង្គម ដល់ កម្មករ គឺចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ ដែលអាច ចំណេញថវិកា (៨ ០០០រៀល ទៅ ១២ ០០០ រៀល ក្នុង១ខែ)។

៥-ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ ចំពោះកម្មករ-កម្មការនី ដែលធ្វើការនៅក្រៅ ប្រទេស តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនង ល្អជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីផ្តល់ការ- ងារដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌ ការងារល្អៗដល់ក្មួយៗកម្មករ។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់សាជា ថ្មីថា ក្មួយៗកម្មករ-កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ មិនគិតថ្លៃ (FREE) រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ២០១៩ ខាង មុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ចំនួន ៨០% នៃប្រាក់ ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ ២០១៨ តទៅ កម្មករ-កម្មការិនីទាំងអស់ (កម្មករ សំណង់ សណ្ឋាគារ ដឹកជញ្ជូន បើកបរកសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ ដោយមូលនិធិសមធម៌។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវរៀបចំបង្កើត Clinic នៅតាមរោងចក្ររបស់ខ្លួន ដើម្បីជួយដល់កម្មករ-កម្មការិនី។ ចំពោះស្ត្រីសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅគ្រូពេទ្យទាំងអស់ថា កុំចាំតែនាយករដ្ឋមន្ត្រីស្រែកអី គ្រូពេទ្យត្រូវ មានឆន្ទៈផ្ទាល់ខ្លួន ពោលគឺត្រូវគោរតាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ពស់ផងដែរ ខណៈ ដែលគ្រូពេទ្យក្នុងចំណោមក្របខ័ណ្ឌរដ្ឋ គឺមានប្រាក់ខែខ្ពស់ជាងគេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “អំពាវនាវចំពោះក្រុមគ្រូពេទ្យទាំងឡាយ សូមមេត្តាយកចិត្តទុកដាក់ព្យាបាលប្រជាជនទូទៅ  ក្នុងហ្នុងមុខសញ្ញាថ្មី ដែលនឹងត្រូវទទួលនៅ តាមមន្ទីរពេទ្យរដ្ឋ គឺកម្មករប្រមាណ១លាន នាក់ថែមទៀត វានឹងគ្មានន័យអ្វីទេ បើទោះបី ជារាជរដ្ឋាភិបាលស្រែកទាល់តែងាប់ទាំងខ្លួន ប្រសិនបើគ្រូពេទ្យ នៅមិនយកចិត្តទុកដាក់ ចំពោះអ្នកជំងឺនោះ ប៉ុន្តែខ្ញុំជឿជាក់ថា គ្រូពេទ្យ ដែលមានប្រាក់ខែខ្ពស់ជាងក្របខ័ណ្ឌដទៃ…”។

មុនបញ្ចប់ពិធីសំណេះសំណាលនោះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់ លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែលបង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូនកូន ក្មួយជាកម្មករ-កម្មការនី ព្រមទាំងបានទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមកម្មការិនីរោងចក្រ នៅសួនវឌ្ឍនៈ២នោះផងដែរ ដើម្បីបង្ហាញពីភាពស្និទស្នាល និងដឹងកាន់តែច្បាស់ពីសុខទុក្ខ កម្មករ៕

កុលបុត្រ

RELATED ARTICLES