Friday, September 20, 2024
Homeតារាខ្មែរតាមពិតចឹងសោះ!!! អេដា បកស្រាយរឿងគេថា ចូលផលិតកម្មសាន់ដេ

តាមពិតចឹងសោះ!!! អេដា បកស្រាយរឿងគេថា ចូលផលិតកម្មសាន់ដេ

តារាចម្រៀង Original Songs អេដា ត្រូវបានទស្សនិកជន និងតារាសិល្បៈជាច្រើនបានឱ្យដឹងថា ពេលនេះ នាងចូលជ្រកកោនក្រោមដំបូលផលិតកម្មសាន់ដេ ទៅហើយ ដែលដំណឹងនេះលេចឮក្រោយពេលដែលនៅក្នុងសិល្បៈមានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលតារាចម្រៀងល្បីជាងគេ របស់ផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត បានចូលជ្រកកោនផលិតកម្មរស្មីហង្សមាស ថ្មីៗនេះ…។

នៅលើបណ្តាញសង្គមមានការចែកចាយ (Share) ជាច្រើនថា តារាចម្រៀងរាងតូចច្រឡឹងដែលល្បីបទ Original Songs អេដា បានស្ពាយបង្វេចទៅចូលជ្រកកោនក្រោមដំបូលផលិតកម្មសាន់ដេ ទៅហើយ ដែលដំណឹងគួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅពេលដែលតារាចម្រៀងល្បីជួរមុខគេរបស់ផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត បានដើរចេញពីសាន់ដេ ទៅចូលហង្សមាស។

ប្រភពបានឱ្យដឹងថា អេដា ត្រូវបានផលិតកម្មសាន់ដេ បានទាក់ទងនាងភ្លាមៗ ដើម្បីចូលមកពង្រឹងសាន់ដេ ឡើងវិញ ហើយតារាចម្រៀង Original Songs រូបនេះក៏មិនរារែកឡើយ ដោយស្មគ្រ័ចិត្តផ្ញើខ្លួនជាមួយសាន់ដេ ដោយថែមទាំងនាំតារាចម្រៀង Original Songs មួយចំនួនទៀត មកចូលសាន់ដេ ព្រមគ្នាតែម្តង។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អេដា បានឱ្យដឹងថា រឿងនេះពិតជាមានការល្បីរន្ទឺលើបណ្តាញសង្គមមែន តែពេលនេះ នាងសូមបញ្ជាក់ថា នាងគ្មានចូលផលិតកម្មណាទាំងអស់ គឺនៅតែច្រៀង ដែលធ្វើបទចម្រៀងខ្លួនឯងពីខាងក្រៅដដែល តែរឿងដែលគេថា នាងក្លាយទៅជាអ្នកចម្រៀងសាន់ដេ នោះ នាងមិនអាចទៅហាមឃាត់គេនិយាយបានឡើយ។

អេដា វាចាថា “ខ្ញុំក៏មិនដឹងថាម៉េចដែរ តែមានការភ្ញាក់ផ្អើលច្រើនមែនទែនថា ខ្ញុំហ្នឹងចូលសាន់ដេ ហើយ។ និយាយត្រង់ទៅ រហូតមកដល់ពេលនេះ គ្មានអ្នកណាទាក់ទងខ្ញុំទេ ហើយអំឡុងពេលនេះ ខ្ញុំក៏មិនអាចទៅចូលរួមជាមួយផលិតកម្មណាបានដែរ ព្រោះតែខ្ញុំនៅមានការកុងត្រាជាមួយក្រុមហ៊ុន Smart រយៈពេល២ឆ្នាំទៀត បន្ទាប់ពីខ្ញុំផុតកុងត្រា២ឆ្នាំមក និយាយសរុបទៅ Smart កុងត្រាជាមួយខ្ញុំ៤ឆ្នាំហើយ ក្រុមហ៊ុនគាត់បានជួយខ្ញុំច្រើនក្នុងការធ្វើបទចម្រៀងដែលជា Original Songs ហើយក្នុង១ឆ្នាំ គាត់ត្រូវការឱ្យយើងធ្វើបទថ្មីឱ្យគាត់១០បទ”។

ឆ្លើយតបសំណួរថា ប្រសិនបើថៅកែសាន់ដេ ហៅនាងឱ្យចូលសាន់ដេ នៅពេលនេះ តើនាងព្រមចូលឬអត់? អេដា បញ្ជាក់ថា “និយាយទៅ ខ្ញុំមិនទោមនស្សជាមួយផលិតកម្មណាទេ តែសម្រាប់ខ្ញុំ អាចចូលផលិតកម្មណាបាន ប្រហែលជាទាល់តែផុតការកុងត្រាជាមួយក្រុមហ៊ុន Smart ទើបបាន។ និយាយទៅ ក្រោយ២ឆ្នាំនេះសិន ទើបខ្ញុំគិតសាជាថ្មី។ ខាងក្រុមហ៊ុនស្មាត មិនហាមឃាត់ខ្ញុំចូលផលិតកម្មណាទេ តែយើងមានការកុងត្រាជាមួយគាត់ហើយ ជាសំឡេង ជាបទចម្រៀង តែខ្ញុំអាចថតស្ពតឱ្យក្រុមហ៊ុនផ្សេងៗទៀតបាន។ និយាយឱ្យត្រង់ចុះ ខ្ញុំមានគោលការណ៍តាំងពីដើមមក គឺខ្ញុំមិនចង់ចូលច្រៀងផលិតកម្មណាទេ គឺចង់ធ្វើដោយខ្លួនឯង ហើយពេលនេះខ្ញុំមានក្រុមផលិតរបស់ខ្ញុំ ដែលអាចធ្វើការដោយខ្លួនឯងបាន គ្រាន់តែខ្ញុំអាចធ្វើការទៅតាមពេលវេលាបាន ហើយខ្ញុំក៏មិនគិតថា អ្នកចូលផលិតកម្មមិនល្អ ដូចយើងធ្វើខ្លួនឯងនោះ គឺអត់ទេ គឺល្អដូចគ្នា ទៅតាមគោលការណ៍របស់យើងម្នាក់ៗប៉ុណ្ណោះ”។

អេដា បានចេញបទចម្រៀង Original Songs ល្បីៗជាច្រើនបទ នៅឆ្នាំ២០១៦-២០១៧ មានដូចជាបទ “នៅទីនេះមានមនុស្សខូចចិត្ត”, “២នាក់បានហើយ”, “ភ្លើង”, “គ្រាប់ពេជ្រ”, “នឹកបងបានត្រឹមស្រមៃ”, “រាត្រីចុងក្រោយ”, “ស្រលាញ់ខ្លាំងបានឈ្លោះ”, “ឱកាសចុងក្រោយ” ជាដើម។

អេដា ក្រៅពីអាចលេងហ្គីតារនោះ នាងអាចនិពន្ធបទចម្រៀងទៀតផង ដែលកន្លងមកធ្លាប់បានសហការគ្នាជាមួយលោកហេង ពិទូ ល្បីខ្លាំងបទ “នៅទីនេះ មានមនុស្សកំពុងខូចចិត្ត”។

ប្រភពបានឱ្យដឹងថា នៅពេលនេះ អេដា នៅតែចាប់ដៃជាមួយលោកហេង ពិទូ ដដែល បើទោះបីជាមុននេះលេចឮថា អ្នកទាំង២មានភាពមិនសូវចុះសម្រុងគ្នា ព្រោះហេង ពិទូ អន់ចិត្តអេដា និយាយថា ប៉ារ៉ូលបទចម្រៀង “នៅទីនេះកំពុងមានមនុស្សខូចចិត្ត” គឺនាងជាអ្នកសរសេរតែម្នាក់ឯងស្ទើរតែទាំងស្រុងក្តី។

អេដា បន្ថែមថា “ខ្ញុំនៅតែសហការគ្នាធ្វើបទចម្រៀងជាមួយលោកហេង ពិទូ អីចឹង ដូចជាបទរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ថ្មីនេះអ៊ីចឹង។ សម្រាប់បទចម្រៀង Original Songs ខ្ញុំនិពន្ធ១បទ គឺចំណាយពេល១សប្តាហ៍ ហើយការចំណាយពេលធ្វើ MV ផង ១បទត្រូវចំណាយពេល២ខែ ទើបហើយ។ ថ្វីត្បិតតែខ្ញុំត្រូវធ្វើបទ១ឆ្នាំ ឱ្យ Smart ១០បទមែន តែខ្ញុំធ្វើខាងក្រៅបន្ថែមទៀតដែរ ហើយខ្ញុំមានមោទនភាព នៅពេលដែលបទចម្រៀងរបស់ខ្ញុំមានការគាំទ្រ ហើយតារាផ្សេងៗទៀត គាត់ងាកមកគាំទ្រ Original Songs ធ្វើឱ្យប្រទេសយើងលើកមុខមាត់ ដោយមិនចម្លងបទចម្រៀងពីបរទេសដូចមុនទៀត៕

RELATED ARTICLES