ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះហាងសាច់អាំងហេងហេង2A បណ្តាលឲ្យខូចខាតស្ទើរតែទាំងស្រុង តែពុំមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥៩០ នៅចំណុចហាងសាច់អាំងហេងហេង2A ស្ថិតនៅផ្ទះលេខ២៨ ផ្លូវលេខ៥៩០ ក្រុមទី៦៥ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានបានឲ្យដឹងថា ហាងនេះជាសំណង់ចាស់ក្នុងដីឡូតិ៍ដាច់តែឯង ថ្មក្រោមឈើលើមានម្ចាស់ហាងឈ្មោះ ញ៉ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់សាច់អាំង។ មុនពេលកើតហេតុ ហាងនេះបានដំណើរការលក់ដូរជាធម្មតា ដែលមានភ្ញៀវចូលផឹកស៊ីជាច្រើនតុ ។ ពេលនោះក៏ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះឡើងនៅជាន់ខាងលើ ដែលជាបន្ទប់ដេករបស់បុគ្គលិកហាង ធ្វើឲ្យផ្អើលនាំគ្នាឆោឡោ និងពន្លត់ភ្លើង តែមិនអាចទប់ស្កាត់អណ្តាតភ្លើងបាន ។
តាមប្រភពព័ត៌មានពីម្ចាស់ហាងសាច់អាំងហេងហេង2A បានឲ្យដឹងថា មុនពេលដែលកើតហេតុគាត់មិនបាននៅក្នុងហាងនោះទេ គាត់បានចេញក្រៅ លុះដល់ពេលម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុគ្គលិកទូរស័ព្ទទៅប្រាប់គាត់ថា ហាងកំពុងតែឆេះ ទើបគាត់បើករថយន្តមកមើលឃើញអណ្តាតភ្លើងឆាបឆេះនៅជាន់ទីមួយអស់ស្ទើរទាំងស្រុង ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ជាបន្តបន្ទាប់ ។
តាមការសន្និដ្នានជំហានដំបូង បណ្តាលមកពីបុគ្គលិកដោតថ្មទូរស័ព្ទទុកចោល ទើបទុស្សេ ឬក៏ឆ្លងចរន្តអគ្គិសនី បង្កឲ្យឆេះបែបនេះតែម្តង ។ ក្នុងហេតុការណ៍អគ្គីភ័យនេះមានរថយន្តបាញ់ពន្លត់អគ្គីភ័យចំនួន២០គ្រឿង បានប្រើប្រាស់ទឹកអស់ទាំង២០គ្រឿង មានរថយន្តរបស់ទីក្រុងកោះពេជ្រ ១គ្រឿងធំ រថយន្តពន្លត់អគ្គីភ័យប្រចាំនៅខណ្ឌទួលគោកចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ១៧គ្រឿង ។ អគ្គីភ័យខាងលើនេះបានរលត់ទាំងស្រុងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃដដែល ៕