Wednesday, November 27, 2024
Homeបរិយាយ មាត់អណ្តើក និងមាត់កំភ្លាញ 

 មាត់អណ្តើក និងមាត់កំភ្លាញ 

បន្ទាប់ពីមានការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ “ក្បត់ជាតិ” មក រាជរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រក្សាភាពស្ងប់ស្ងាត់ និង ព្រមានបរទេសកុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ការចាប់ខ្លួនមេបក្សប្រឆាំង គឺមកពី “មាត់អណ្តើក” ក៏រងគ្រោះយ៉ាង នេះទៅ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ ជាប្រភេទ “មាត់ត្រីកំភ្លាញ” គ្មានគ្រោះថ្នាក់អ្វីទេ ដែល “នគរធំ” សូមលើករឿងមាត់ទាំង ពីរប្រភេទ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លុះត្រាតែអ្នកធ្លាប់អានអក្សរសិល្ប៍បុរាណ ទើបយល់ពីរឿង “មាត់អណ្តើក” ច្បាស់លាស់ ចំណែក “មាត់ត្រីកំភ្លាញ” ជាពាក្យស្លោកប្រៀបធៀបប្រជារាស្ត្រល្អិតល្អោច ដែលប្រើមាត់អេចអូច រួចក៏ស្ងាត់ឈឹងទៅ។ នៅក្នុងរឿង “ហង្ស និង អណ្តើក” ដកស្រង់ចេញពីវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានតំណាលពីហង្សញីឈ្មោល១គូ តែងទៅ ហែលទឹកស្រះ១ជាធម្មតា ដោយយកអណ្តើក១ក្បាល ជាសម្លាញ់។ យូរៗទៅ ជួបគ្រោះរាំងស្ងួត ទឹកស្រះនោះក៏រីងហួត ជិតអស់ អណ្តើកបារម្ភពីជីវភាពរបស់ខ្លួន ក៏ស្នើទៅហង្សជាមិត្ត ឱ្យជួយនាំខ្លួនទៅដាក់នៅមហាស្រះ នាព្រៃហិមពាន្ត ឯណោះ វិញ។ ហង្សទាំងគូក៏យល់ព្រម ដោយយកមែកឈើមួយមកពាំម្ខាងម្នាក់ រួចឱ្យអណ្តើកខាំមែកឈើនោះ ត្រង់ចំណុចកណ្តាល រួចនាំហើរទៅ។ មុនចេញដំណើរតាមផ្លូវអាកាស ហង្សប្រាប់អណ្តើកថា កុំហាមាត់និយាយស្តីឱ្យសោះ ក្រែងគ្រោះថ្នាក់ដល់ជីវិត ឯអណ្តើកក៏យល់ព្រមធ្វើតាម។ លុះហង្សហើរនាំអណ្តើកទៅដល់កណ្តាលនគរពារាណសី ក្មេងទាំងឡាយមើលឃើញហង្សហើរ ពាំអណ្តើក ក៏ស្រែកប្រាប់គ្នីគ្នាថា “វ៉ឺយ! គ្នាយើង ឯងមើលហង្សវាពាំអណ្តើកនោះយកទៅស៊ី?” ក្មេងនិយាយតៗគ្នាដដែលៗ ឮដល់អណ្តើក ខឹងណាស់ អត់ទ្រាំមិនបានក៏ហាមាត់ឆ្លើយតបបម្រុងនឹងប្រាប់ថា ហង្ស នាំខ្លួនទៅមហាស្រះ ឯភ្នំហិមពាន្តទេ។ ប៉ុន្តែ នៅពេលហាមាត់អណ្តើកកម្សត់នោះ ក៏របូតមាត់ធ្លាក់ពីបង្គងមកដល់ដី ប៉ះនឹងថ្ម ក៏បែកស្នូកដល់នូវក្តីមរណៈទៅ…។

យ៉ាងណាមិញ អ្នកនយោបាយដែលត្រូវបក្សកាន់អំណាចចាប់ខ្លួន គឺមកពីមាត់អណ្តើកនេះឯង ពោលគឺនៅពេលមាន គេថាយ៉ាងនេះយ៉ាងនោះ ក៏វាយបកវិញ ភ្លាត់ស្នៀតដល់នូវក្តីអន្តរាយ។ ទោះយ៉ាងណា អ្នកនយោបាយជាន់ខ្ពស់ ប្រហែល ជាជាប់គុក ដេកពូក ម៉ាស៊ីនត្រជាក់ទេ មើលទៅ? ពុំមែនធ្លាក់បែកស្នូកដូចអណ្តើកនោះឡើយ។

ដោយឡែក “មាត់ត្រីកំភ្លាញ” សំដៅដល់ទឹកត្រពាំង ដែលសម្បូរត្រីគ្រប់ប្រភេទ បើសិនជាទឹកនោះល្អក់ ក៏មានហ្វូងត្រី កំភ្លាញ ងើបពីបាតត្រពាំង ឡើងមក “ស៊ីសំ ឬរំអិលគ្នាវា” ឬស៊ីសត្វល្អិតលើផ្ទៃទឹក ធ្វើមាត់ជីបអូចៗ។ លុះអាឆ្តោផ្លៀក ក្ឌូង! ត្រីកំភ្លាញភិតភ័យ ក៏មុជទៅបាតត្រពាំងបាត់អស់ ប៉ុន្តែ ពេលស្ងប់ផ្លៀក ក៏ងើបមកវិញធ្វើមាត់ជីបអូចៗពេញទឹកដដែល។

យ៉ាងណាមិញ ករណីរាជរដ្ឋាភិបាល “សូមអំពាវនាវឱ្យរក្សាភាពស្ងៀមស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត ជាសមត្ថកិច្ចស្របច្បាប់ និងនីតិវិធីជាធរមាន” ឃើញថា អ្នកគាំទ្របក្សប្រឆាំង “ស្ងាត់ច្រៀប ដូចត្រីកំភ្លាញ ដែល ខ្លាចត្រីឆ្តោ”។ សូម្បីតាៗគាំទ្របក្សប្រឆាំង ដែលធ្លាប់បញ្ចោញយោបល់ពាក់ព័ន្ធរឿងនយោបាយ ស្រាប់តែលែងខ្ចីនិយាយ បែរជានាំគ្នាលេងអុក និងព្រោកប្រាជ្ញពីរឿង “ប្រេត១២ពួក” នៅក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ទៅវិញ។ មុនពេលចាប់ ខ្លួនលោកកឹម សុខា នៅតាមហាងកាហ្វេ តូបកាត់សក់ ចំណតម៉ូតូកង់បី នារាជធានីភ្នំពេញ មិនខ្វះទេវាគ្មិននយោបាយគាំទ្រ បក្សប្រឆាំង ដោយហេតុថា នៅភ្នំពេញ បើយោងតាមលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ សំឡេងប្រឆាំងច្រើន ជាង។ លុះមានការចាប់ខ្លួនលោកកឹម សុខា បែរជាអ្នកគាំទ្រសំងំធ្វើមិនដឹងមិនឮ ផ្ទុយពីអ្នកគាំទ្របក្សកាន់អំណាច ផ្ញើញត្តិ ពីគ្រប់ទិសគាំទ្រចំណាត់ការរដ្ឋាភិបាលក្នុងការចាប់ខ្លួននេះ។

ដូច្នេះយើងអាចប្រៀបធៀបអ្នកគាំទ្របក្សប្រឆាំង ទៅនឹង “ត្រីកំភ្លាញ” ដែលពេលទឹកល្អក់ ឬនៅពេលបក្សប្រឆាំង ធ្វើសកម្មភាពខ្លាំង ពួកគាត់ក៏នាំគ្នាបន្ទរតាម។ លុះមានការចាប់ខ្លួនមេបក្សប្រឆាំង ពីបទចោទ “ក្បត់ជាតិ” និងមានការ ព្រមានពីរាជរដ្ឋាភិបាលឱ្យ រក្សាភាពស្ងៀមស្ងាត់ ទើបប្រជាពលរដ្ឋដែលមាននិន្នាការប្រឆាំង សំងំដូចគេចុក។ អាចថា “ត្រីកំភ្លាញឆ្លាតជាងអណ្តើក” ព្រោះត្រីកំភ្លាញ ចេះស្ទាបស្ទង់ស្ថានការណ៍ មិនជីបអូចៗមិនស្គាល់ពេលវេលានោះឡើយ។

ប្រជាពលរដ្ឋខ្មែរ ដែលមានវ័យចាស់ ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម និងរបបសង្គមជាច្រើនជំនាន់ ធ្លាប់ដឹងច្បាស់ណាស់ ពី លក្ខណៈ “មាត់អណ្តើក និងមាត់កំភ្លាញ”។ ជាក់ស្តែងនៅក្នុងរបបប៉ុល ពត អ្នកណាមានមាត់ដូចអណ្តើក គេមិនឱ្យនិយាយ បែរជាហ៊ាននិយាយ ឬរិះគន់ជេរប្រទេចអង្គការ បានត្រឹមសេចក្តីស្លាប់។ រីឯអ្នកមានមាត់ដូចត្រីកំភ្លាញ អេចអូចស្ងាត់ៗ មិនឱ្យគេឮ ឬសំងំយកសុខ ក៏បានរស់រានមានជីវិតមកទល់ពេលនេះ។ ពុំមែនមានន័យថា មនុស្សប្រភេទត្រីកំភ្លាញ មិនចេះនិយាយស្តីនោះទេ គឺគាត់ចេះពិចារណារឿងនយោបាយច្បាស់លាស់ណាស់ ប៉ុន្តែគាត់ចេះរបៀប “ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស”

ប៉ុន្មានថ្ងៃកន្លងមកនេះ “នគរធំ” ក្តាប់បានថា តាៗញៀនកាហ្វេ ដែលមាននិន្នាការប្រឆាំង បិទមាត់ស្ទើរតែគ្រប់គ្នា ដោយ មិនហ៊ានបញ្ចោញមតិយោបល់ជុំវិញការចាប់ខ្លួនលោកកឹម សុខា។ ផ្ទុយទៅវិញ តាៗគាំទ្របក្សកាន់អំណាច នៅតែនិយាយ ដដែល ដោយបន្ថែមបន្ថយតាមទស្សនៈរបស់គាត់ ដូចតាម្នាក់នោះលើកឡើងថា “គេមិនអាចទុកបុគ្គលម្នាក់នាំភ្លើងសង្គ្រាម មកដុតជាតិមាតុភូមិនោះឡើយ ចាំបាច់ត្រូវតែចាប់ខ្លួន”។ តាម្នាក់ទៀតគាំទ្របក្សកាន់អំណាចដូចគ្នា បន្ទរតាមថា “ខ្ញុំគាំទ្រ ការចាប់ខ្លួនលោកកឹម សុខា ដើម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងអធិបតេយ្យជាតិ”។ ផ្ទុយទៅវិញ តាម្នាក់គាំទ្របក្សប្រឆាំង និយាយថា “គិតពីរឿងទៅដាក់បាត្រឯវត្ត ឬបោះបាយបិណ្ឌ ឯវត្តវិញ ខ្ញុំមិនដឹងទេរឿងនយោបាយ!”។ តាម្នាក់ទៀត គាំទ្របក្ស ប្រឆាំងដែរ និយាយថា “ឆ្នាំនេះ ខ្ញុំត្រៀមទៅកាន់បិណ្ឌឱ្យបាន៧វត្ត! រឿងនយោបាយ ទុកឱ្យអ្នកនយោបាយគេធ្វើទៅ!”

ដូច្នេះឃើញថា អ្វីៗវាឆ្កុយអ៊ីចឹងទៅ ព្រោះមុនពេលចាប់ខ្លួនលោកកឹម សុខា តាៗគាំទ្របក្សប្រឆាំង ធ្លាប់បញ្ចោញទស្សនៈ ហូរហែត្រប៉ែលត ក្នុងការលើកទឹកចិត្តមេៗរបស់គាត់។ ឥឡូវស្រាប់តែស្ងាត់លែងនិយាយរឿងនយោបាយ បែរជាយករឿង នរកប្រេត មកធ្វើប្រធានបទក្នុងវេទិកាតុកាហ្វេទៅវិញ។ បានន័យថា តាៗញៀនកាហ្វេគាំទ្របក្សប្រឆាំង ជាប្រភេទ “ត្រីកំភ្លាញ” នេះឯង  ពោលគឺនៅពេលទឹកល្អក់ អេចអូចៗមិនចេះស្ងាត់ លុះបក្សកាន់អំណាចលេងធ្ងន់ដៃ ក៏លែងហ៊ាន។

សរុបទៅ “មាត់អណ្តើក និងមាត់កំភ្លាញ” មានន័យខុសគ្នាយ៉ាងនេះឯង។ ករណីចាប់ខ្លួនលោកកឹម សុខា ធ្វើឱ្យប្រជាពលរដ្ឋល្អិតល្អោចដែលគាំទ្របក្សប្រឆាំង ស្ងាត់មាត់អស់ហើយ បន្ទាប់ពីរាជរដ្ឋាភិបាលអំពាវនាវឱ្យរក្សាភាពស្ងៀមស្ងាត់។ គ្មានត្រីកំភ្លាញឯណាហ៊ានខ្វើកជាមួយត្រីឆ្តោនោះទេ គ្រាន់តែឮផ្លៀកក្ទូង! មិនទាំងឃើញត្រីឆ្តោផង ក៏ភិតភ័យមុជទៅបាត ត្រពាំងអស់។ ចំណែកត្រីឆ្តោ គ្រាន់តែផ្លៀក មិនចាប់ត្រីកំភ្លាញស៊ីនោះទេ ដែលបង្ហាញថា មកពីរាជរដ្ឋាភិបាលខ្លាំង ធ្វើអ្វីៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម ទើបមានស្ថិរភាព និងភាពស្ងប់ស្ងាត់យ៉ាងនេះ…៕

ដោយ អាចារ្យថាំ

RELATED ARTICLES