រយៈពេលចុងក្រោយនេះ ស្រីស្អាតបេប៊ី ដែលឡើងកាលីបទិញវីឡាជាង២០ម៉ឺនដុល្លារ និងជិះរថយន្តទំនើប Range Rover តម្លៃជាង៥ម៉ឺនដុល្លារ យ៉ាងហ៊ឺហានោះ ស្រាប់តែបាត់ខ្លួនសូន្យឈឹងតែម្តង ទើបធ្វើឱ្យមានការសង្ស័យថា បេប៊ី ត្រូវគូស្នេហ៍ហួងហែង។
ជុំ រចនាពេជ្រ ហៅបេប៊ី បានឱ្យដឹងថា នាងមិនទៅណាឆ្ងាយពីសង្វៀនសិល្បៈឡើយ ហើយមួយរយៈនេះ នាងសម្ងំធ្វើបទចម្រៀង Original Songs ដោយខ្លួនឯង ទើបមិនសូវដើរកម្មវិធីទេ តែការបាត់មុខនាងនេះ គ្មានរងសម្ពាធអ្នកណាទាំងអស់…។
បេប៊ី ឬជុំ រចនាពេជ្រ លែងសូវបង្ហាញខ្លួនតាមកម្មវិធីអ្នកសិល្បៈដូចមុនទៀតហើយ គឺសម្ងំតែនៅផ្ទះ ថែស្បែកឱ្យសខ្ចីប៉ុណ្ណោះ តាំងពីនាងក្លាយទៅជាម្ចាស់វីឡាដ៏ស្កឹមស្កៃនៅបុរីមួយ ក្បែរបឹងស្នោ និងបានទិញរថយន្តទំនើប Range Rover ជិះហ៊ឺហា កាលពីពេលថ្មីនេះ ដែលសរុបជាទឹកប្រាក់ ស្រីក្មេងរូបនេះ មានមិនក្រោម៣០ម៉ឺនដុល្លារឡើយ។ ប៉ុន្តែយ៉ាងណា ការជិះរថយន្ត Range Rover តម្លៃជាង៥ម៉ឺនដុល្លារនេះ មិនគ្រប់គ្រាន់ឡើយ សម្រាប់មហិច្ឆតាស្រីស្អាតរូបនេះ ព្រោះបេប៊ី ចង់ជិះរថយន្តទំនើបជាងនេះ គឺ Lexus LX ៥៧០ ស៊េរីឆ្នាំ២០១៧ តម្លៃជាង២០ម៉ឺនដុល្លារ។
ក្នុងជំនួបតាមទួរស័ព្ទ កាលពីពេលថ្មីៗនេះ បេប៊ី បាននិយាយលាយសំណើចថា នាងមិនទៅណាឆ្ងាយពីឆាកតន្ត្រីឡើយ ហើយមួយរយៈនេះ នាងមានការហត់នឿយខ្លាំងណាស់ ព្រោះតែសម្ងំធ្វើបទចម្រៀងថ្មីៗជា Original Songs ដែលនឹងចេញវាយលុកទីផ្សារក្នុងពេលឆាប់ៗនេះហើយ។
បេប៊ី បានរៀបរាប់ថា “ខ្ញុំមានទៅណាបង! ខ្ញុំនៅហ្នឹងតើ! ច្រៀងតាមប៉ុស្តិ៍ម្តងៗដែរ គ្រាន់តែមួយរយៈនេះ ខ្ញុំផ្តោតទៅលើការធ្វើបទចម្រៀងខ្លួនឯងច្រើន ទាំងបទញាក់និងបទស្លូវ គឺជា Original Songs ព្រោះខ្ញុំមានក្រុមការងាររបស់ខ្ញុំ ដែលគាត់ធ្វើបទចម្រៀងឱ្យខ្ញុំច្រៀង ហើយមានអ្នកម៉ាក់របស់ខ្ញុំ ជាអ្នកគ្រប់គ្រងមើលខុសត្រូវ។ តែយ៉ាងណា ខ្ញុំនៅតែផ្តោតលើអាជីពពិធីការិនីដដែលហ្នឹង មិនមែនបន្ធូរខាងធ្វើការទូរទស្សន៍ ដោយគិតតែខាងច្រៀងមួយទេ គ្រាន់តែខ្ញុំចង់ពង្រឹងលើអាជីពចម្រៀងបន្ថែមជាងឆ្នាំមុនបន្តិច។ និយាយទៅ បទចម្រៀងខ្ញុំ គឺមានការថតជា MV ត្រឹមត្រូវ អីចឹងយើងក៏ត្រូវចំណាយលុយច្រើនដែរ តែការធ្វើបទ១ អស់ប៉ុន្មាន ខ្ញុំមិនទាន់ដឹងទេ គឺនៅលើម៉ាក់ខ្ញុំ គ្រាន់តែថា ធ្វើបទ១ ចំណាយពេលវេលាប្រហែល២ខែ បានចេញបាន”។
ស្រីស្អាតបេប៊ី ទទួលបានការចាប់អារម្មណ៍ច្រើន ពេលនាងច្រៀងបទញាក់ ដោយមានក្បាច់រាំយ៉ាងល្វតល្វន់ គួរឱ្យគ្រឺតក្នាញ់ ហើយតម្លៃខ្លួនច្រៀង១កម្មវិធីរបស់ពិធីការិនីរូបនេះ មិនក្រោម១ពាន់ដុល្លារឡើយ សម្រាប់ Concert តាមខេត្ត។ គេថា បេប៊ី ពេលនេះ ហាក់ចង់បោះបង់អាជីពសម្តែងចោលតែម្តង គឺបុកតែលើអាជីពចម្រៀង និងពិធីការិនីប៉ុណ្ណោះ ព្រោះងាយស្រួលក្នុងការរកលុយបានច្រើនជាងសម្តែង។
បេប៊ី បន្ថែមថា “ខ្ញុំមិនទាន់មានទទួលថតរឿងថ្មីទេ មួយរយៈនេះ គឺមានគេទាក់ទងដែរ តែនិយាយមិនត្រូវគ្នា កំពុងចរចាគ្នា។ ម៉្យាងទៀតខ្ញុំរវល់ច្រើនរឿងការធ្វើបទចម្រៀង និងពិធីការិនីមែន តែខ្ញុំមិនបោះបង់អាជីពសម្តែងទេ គឺនៅតែបន្តអីចឹង នៅពេលដែលអាចឆ្លៀតថតបាននោះ គឺយើងនៅតែទទួលដដែល”៕