ខ្សែភាពយន្តភាគរឿង”មន្តស្នេហាលេខា”បានដាក់បញ្ចាំង នៅស្ថានីយទូទស្សន៍PNN ម្ដងរួចមកហើយប៉ុន្តែរឿងនេះត្រូវបានក្រុមផលិតកររបស់ផលិតកម្មមហាហង្សបានសម្រិតសម្រាំងកាត់ឈុតឆាកជាច្រើនជាពិសេសឈុតស្នេហារោលរាល ច្នៃជាភាពយន្តខ្នាតធំដាក់បញ្ចាំងនៅតាមរោងភាពយន្តនានាចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧តទៅខណៈដែលមានការរំពឹងថានឹងផ្ទុះការគាំទ្រជាថ្មី។
លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានថ្លែង នៅក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «មន្តស្នេហ៍លេខា»កាលពីថ្ងៃទី១៣ កញ្ញា កន្លងទៅនេះថា រឿងនេះជារឿងដែលមានសាច់រឿងស្នេហារោលរាល ហើយមានការសម្ដែងដោយ អ្នកនាង ភិន សុដាលីស ជាតួអង្គម្នាក់ផង។ លោក អ៊ិន សុភិន
និយាយថាក្នុងចំណោមភាពយន្តទាំងអស់ដែលលោកបានផលិត លោកចាត់ទុកថាភាពយន្តរឿង «មន្តស្នេហ៍លេខា» ជារឿងទី១ដែលលោកមានឈុតឆាកថើបបឺតមាត់រវាងតួអង្គប្រុសនិងស្រី យ៉ាងផ្អែមល្ហែមរ៉ូម៉ាទិក
និងមានឈុតឆាកលើគ្រែយ៉ាងស្រើបស្រាលផង ដែលលោកប្រកាសថា នេះគឺជាបរិបទមួយថ្មី ដែលលោកសម្រេចចិត្តចេញថតដោយមិនខ្លាចនឹងការរិះគន់។
លោក អ៊ិន សុភិន បន្ថែមថា អ្នកគាំទ្រភាពយន្តខ្មែរល្មមដល់ពេលបើកចិត្តបើកគំនិតទទួលយកការសម្ដែងជាទម្រង់ស្នេហារោលរាលរបស់តារាខ្មែរហើយ ដើម្បីអោយវិស័យភាពយន្តក្នុងស្រុកមានការប្រែប្រួល ហើយអាចឈានចូលលើឆាកអន្តរជាតិដែលអ្នកគាំទ្ររបស់គេយល់ថា ការសម្ដែងអោបថើប ដោះខោអាវ និងស្រាតជាដើមនៅក្នុងផ្ទៃរឿង គឺជារឿងធម្មតា។
លោកថារឿងនេះត្រូវបានដាក់បញ្ចាំងជាភាពយន្តភាគនៅលើកញ្ចក់ទូរទស្សន៍មួយរួចហើយ ប៉ុន្តែមិនបានដាក់បញ្ចូលឈុតឆាករោលរាលទាំងហ្នឹងទេ ដោយឈុតឆាកទាំងនោះត្រូវបានផ្អឹបទុកសម្រាប់តែក្នុងភាពយន្តខ្នាតធំដែលមានរយៈពេល១ម៉ោងកន្លះនេះប៉ុណ្ណោះ។
នៅក្នុងរឿងនេះគេឃើញតួអង្គសំខាន់៣នាក់ ដែលរួមមាន អ្នកនាង ភិន សុដាលីស ផង សម្ដែងឈុតរោលរាលយ៉ាងពេញទំហឹង តែលោកប្រកាសថានោះជាឈុតដែលមានលក្ខណៈសិល្បៈច្រើនជាងបំផុសអោយ
ធ្វើតាម ដោយលោកបញ្ជាក់ថា គឺគោលបំណងសំខាន់គ្រាន់តែមិនចង់អោយភាពយន្តរបស់ខ្មែរនៅតែមានភាពច្រំដែលៗប៉ុណ្ណោះ។
លោកទទូចអោយអ្នកគាំទ្រដែលបានទស្សនាភាពយន្តខ្នាតធំមួយនេះ កុំមានការរិះគន់ណាមួយ ហើយងាកមកកោតសរសើរពីការប្រឹងប្រែងសម្ដែងរបស់តួអង្គនីមួយៗទៅវិញ ដើម្បីលើកទឹកចិត្តអោយខ្មែរកាន់តែមានភាពយន្តមួយល្អ ដែលអាចទៅរួចជាមួយប្រទេសជិតខាង និងដើម្បីកុំអោយមានតែឈុតកំប្លែងនិងខ្មោចដដែលខ្លាំងពេក។
យ៉ាងណាមិញ លោកអះអាងថានោះមិនទាន់ដល់ដំណាក់កាលសាហាវនិងក្ដៅសាច់ដូចជាភាពយន្តបរទេសនោះទេ គឺគ្រាន់តែជាឈុតស្រើបស្រាលមួយកម្រិតដែលមានលក្ខណៈជាខ្មែរនិងលក្ខណៈជាសិល្បៈ អោយសមនឹងផ្នត់គំនិតរបស់អ្នកមិនទាន់ទទួលវប្បធម៌បរទេសពាក់ព័ន្ធនឹងចំណុចនេះប៉ុណ្ណោះ។
យ៉ាងណាមិញ លោកថាសម្រាប់ភាពយន្តរឿង «មន្តស្នេហ៍លេខា» ដែលមានឈុតឆាករបៀបនេះច្រើន គឺមិនមានបង្ហាញសកម្មភាពរោលរាលហួសហេតុ ដែលនាំទៅដល់នូវការរិះគន់នោះទេ។
លោកស្នើអោយអ្នកទស្សនាបើកចិត្តអោយកាន់តែទូលាយ ដោយលោកប្រកាសថាបណ្ដាភាពយន្តក្រៅប្រទេស
កម្រអត់ណាស់សម្រាប់ឈុតឆាកដែលត្រូវដាក់បញ្ចូលមួយបង់ ឬ២ប្លង់ ហើយអាចទាញចំណូលយ៉ាងក្រាសពីដាក់បញ្ចាំងម្ដង។
លោកនៅតែអះអាងថាអ្វីដែលតួអង្គក្នុងរឿង ព្រមទាំងកូនស្រីរបស់់លោកបានសម្ដែងគឺ ជាទម្រង់សិល្បៈ ដោយលោកបញ្ជាក់ថានោះមិនមែនជាឈុតឆាកហួសហេតុនោះទេ។ លោកថាបើគ្រាន់តែហ៊ានសម្ដែងអោបថើប បឺតមាត់ និងឈុតលើគ្រែជាដើម ហើយក៏ខ្លាចមានការរិះគន់ ដូច្នេះទៅថ្ងៃអនាគតភាពយន្តខ្មែរនឹងអត់មានភាពយន្តមួយណាដែលខុសទម្រង់ពីកំប្លែង និងខ្មោចទេ ហើយសូមកុំបន្តរិះគន់ថាផលិតករខ្មែរ និងតារាខ្មែរអត់មានគំនិតថ្មី។
លោកទទូចអោយមានអ្នកទស្សនាទៅទស្សនាភាពយន្តនេះអោយច្រើន ដើម្បីចង់ដឹងថាឈុតឆាកស្នេហារោលរាលដែលបានស្ដែងឡើងទទួលយកបានឬក៏មិនបានខណៈដែលរឿងនេះមិនអនុញ្ញាតិឲ្យក្មេងៗក្រោមអាយុ១៥ឆ្នាំ ចូលទស្សនានោះទេ៕
https://youtu.be/llVDkNb1xZ8