ភ្នំពេញ ៖ គិតមកទល់ឆ្នាំ២០១៧នេះ កម្ពុជា ទទួលជំនួយមិត្តចិន សរុបជាង៤៨០០លានដុល្លារ ហើយទាំងជំនួយឥណទាន និងជំនួយឥតសំណង ដើម្បីអភិវឌ្ឍន៍ប្រទេស នេះបើតាមការបញ្ជាក់ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកលីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបលោកលីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ជាមួយនឹងគណៈប្រតិភូជាច្រើនរូបទៀត នៅវិមានសន្តិភាព។
លោកលីវ យុនសាន បានឱ្យដឹងថា លោកធ្លាប់បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ៣ លើកមកហើយ គឺកាលពីឆ្នាំ ២០០៥, ២០១៣ និងនៅឆ្នាំ២០១៧នេះ ហើយពេលនេះ លោកបានឃើញសំណង់អគារខ្ពស់ៗជាច្រើន ដែលបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកលីវ យុនសាន បានបានបញ្ជាក់ថា ទោះបីរូបលោកមានការមមាញឹកក្នុងការរៀបចំ មហាសន្និបាតកំពូលលើកទី១៩ នៅប្រទេស ចិន ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះយ៉ាងណាក៏ដោយ ក៏ លោករីករាយក្នុងការមកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាបងប្អូនទាំងពីរ ឱ្យកាន់តែ ខ្លាំងរឹងមាំល្អថែមទៀត។
លោកលីវ យុនសាន បានបញ្ជាក់ជាថ្មីម្តង ទៀតថា រដ្ឋាភិបាលចិនគាំទ្រការដឹកនាំរបស់ សម្តេចហ៊ុន សែន ពេញទំហឹងតែម្តង ហើយ នេះក៏ជាសញ្ញាទៅកាន់ពិភពលោកថាមិត្តភាព កម្ពុជា-ចិន គឺគ្មានបរទេសណាមកបំបែកបំបាក់ បានឡើយ។
ក្នុងឱកាសនោះដែរ លោកលីវ យុនសាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ខឺឈាង ជូនដល់សម្តេចហ៊ុន សែន ផងដែរ។
ជាការឆ្លើយតប សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រីករាយស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកលីវ យុនសាន និងគណៈប្រតិភូ ព្រមទាំងបានអរគុណចំពោះការផ្តាំផ្ញើ សួរសុខទុក្ខរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ខឺឈាង ចំពោះសម្តេច។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងដៃគូ យុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈជា បងប្អូនរវាងចិន-កម្ពុជា គឺស្ថិតនៅរឹងមាំ ហើយការរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីមិត្តចិនបានឡើយ។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណ មិត្តចិន ដែលបន្តជួយកម្ពុជា ក្នុងគ្រាលំបាករហូត មកដល់ពេលនេះ ក្នុងនោះ គឺមានទាំងការ គៀងគរវិនិយោគគិន មកវិនិយោគនៅកម្ពុជា ជំនួយឥណទាន និងជំនួយឥតសំណងជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេស។ មកទល់ឆ្នាំ២០១៧ នេះ គឺកម្ពុជា ទទួលជំនួយមិត្តចិនជាង ៤៨០០ លានដុល្លារហើយ។ ជាមួយនេះ សម្តេចហ៊ុន សែន ក៏បានស្នើសុំឱ្យភាគីចិន ជួយជំរុញទុន សម្រាប់អភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន ផ្លូវ គមនាគមន៍ជាតិ ព្រលានយន្តហោះនៅខេត្ត សៀមរាប ព្រមទាំងពន្លឿនការនាំចូលអង្ករ កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងកូតាថ្មី (៣០០ ០០០តោន) ឱ្យបានលឿនផងដែរ។ ទន្ទឹមនឹង នោះដែរ សម្តេចហ៊ុន សែន ក៏បានស្នើសុំឱ្យជួយ ជំរុញការកសាងផ្លូវតាមជនបទ សាលារៀនតាមជនបទ និងស្រះទឹកតាមជនបទ…ឱ្យបានឆាប់រហ័ស ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។
ទំព័រហ្វេសប៊ុកដដែល បានបន្តថា នៅឆ្នាំ ២០១៨ ខាងមុខនេះ គឺត្រូវនឹងខួប៦០ឆ្នាំនៃ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល កម្ពុជា និងចិន នឹងត្រូវរៀបចំឱ្យបានល្អបំផុត។ ប្រទេសចិន បានសន្យានឹងបន្តជួយកម្ពុជា បើ កម្ពុជា ជួបការលំបាក ហើយកម្ពុជា គឺនៅតែ គាំទ្រប្រទេសចិន ជានិច្ច។
លោកលីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបញ្ជាក់ ថា ប្រទេសយើងទាំងពីរ (ចិន-កម្ពុជា) បានស្គាល់មិត្តពិតប្រាកដក្នុងពេលមានអាសន្ន និងក្នុងពេលលំបាក។ ប្រទេសចិន គឺស្ថិតជាខ្នងបង្អែក ដ៏រឹងមាំសម្រាប់ជួយកម្ពុជាគ្រប់កាលៈទេសៈ ទាំងអស់។
សម្តេចហ៊ុន សែន បានបានបញ្ជាក់ប្រាប់ លោកលីវ យុនសាន ថា សម្តេចនឹងអញ្ជើញ ចូលរួមកិច្ចសន្ទនានយោបាយរវាងមេដឹកនាំចិន និងបណ្តាមេដឹកនាំពិភពលោក ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយនេះ នៅទីក្រុងប៉េកាំងប្រទេសចិន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណមិត្តចិន ដែលបានផ្តល់ជំនួយ២លានយាន់ បន្ថែមថ្ងៃនេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ។
បន្ទាប់ពីបានប្រជុំពិភាក្សាយ៉ាងយកចិត្ត ទុកដាក់លើការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន រួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកលីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធី ចុះហត្ថលេខាលើឯកសារចំនួន០៦ រួមមាន ៖
១-អនុស្សរណៈនៃការយោគយល់ស្តីពី “ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការសហប្រតិបត្តិការ” រវាងបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា។
២-អនុស្សរណៈនៃការយោគយល់ ស្តីពី “ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការ រវាងអង្គការមិនមែនរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា” រវាងបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិន ដើម្បីទំនាក់ទំនងអន្តរជាតិ និងវេទិកាសម្ព័ន្ធ សង្គមស៊ីវិល។
៣-អនុស្សរណៈនៃការយោគយល់ ស្តីពី “ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព” រវាង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
៤-អនុស្សរណៈនៃការយោគយល់ ស្តីពី “ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព” រវាង ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។
៥-អនុស្សរណៈយោគយល់ស្តីពី “កិច្ចសហការថតភាពយន្តឯកសារ” រវាងស្ថានីយ ទូរទស្សន៍មជ្ឈិមចិន និងស្ថានីយទូរទស្សន៍ជាតិ កម្ពុជា។
៦-អនុស្សរណៈយោគយល់ ស្តីពី “សហប្រតិបត្តិការសិក្សាលើគម្រោងសាងសង់បណ្តាញ ទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា” រវាង ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងទូរទស្សន៍យួណាននៃសាធារណរដ្ឋប្រជាមានិត ចិន៕
ខៀវទុំ