Monday, November 25, 2024
Homeព័ត៌មានជាតិដើមឆ្នាំ២០១៨ អាមេរិក គ្រោងកាត់ជំនួយកម្ពុជា ជាង៧០%

ដើមឆ្នាំ២០១៨ អាមេរិក គ្រោងកាត់ជំនួយកម្ពុជា ជាង៧០%

ភ្នំពេញ ៖ ក្រសួងបរទេសកម្ពុជា បានឱ្យដឹងថា នៅដើមឆ្នាំ២០១៨ ខាងមុខនេះ សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាច នៅលើពិភពលោកនឹងមានគម្រោងកាត់ផ្តាច់ជំនួយ អភិវឌ្ឍ ជាង៧០% ចេញពីកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទស្តីពី “សមិទ្ធផល២៤ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា” កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកអ៊ុច បូររិទ្ធ បានឱ្យដឹងថា នៅដើមឆ្នាំ២០១៨ ខាងមុខនេះ សហរដ្ឋអាមេរិកមានគម្រោងកាត់ជំនួយអភិវឌ្ឍ ដល់ប្រទេសមួយចំនួន ប្រមាណ៧៧ប្រទេស នៅលើសកលលោក ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។

លោកអ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា រដ្ឋការរបស់លោកដូណាល់ដ៍ ត្រាំ មានគម្រោងនឹងកាត់ផ្តាច់ជំនួយកម្ពុជារហូតជាង៧០% ការសម្រេចកាត់នេះ ជាសិទ្ធិប្រធានាធិបតីអាមេរិក។

គម្រោងផ្តាច់ជំនួយនេះ បានធ្វើឡើង បន្ទាប់ពីមន្ត្រីអាមេរិក បានជួបក្រសួងការបរទេស ប្រាប់ពីគម្រោងផ្តាច់ជំនួយមកកម្ពុជា តាមរយៈរដ្ឋការលោកដូណាល់ដ៍ ត្រាំ។

ទោះបីយ៉ាងណា លោកអ៊ុច បូររិទ្ធ បានបញ្ជាក់ថា គម្រោងផ្តាច់ជំនួយពីសហរដ្ឋអាមេរិក នេះមិនប៉ះពាល់ដល់កម្ពុជានោះទេ ហើយជំនួយ ទាំងនោះ ក៏មិនជាដុំកំភួនអ្វីសម្រាប់រដ្ឋាភិបាល ទេ គឺភាគច្រើនអាមេរិក បានផ្តោតទៅលើតែ ក្រុមអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។ ក្នុងនោះ ជំនួយអាមេរិក ដែលផ្តល់ឱ្យកម្ពុជា ក្នុងរយៈពេល២០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៥  មានប្រមាណ១ពាន់លានដុល្លារ។

លោកអ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា  “១ពាន់លាននេះ បើយើងពិនិត្យជាក់ស្តែង គឺ ពុំឃើញមានអ្វីជាដុំកំភួនទេ គឺភាគច្រើនជំនួយទាំងអស់ ឱ្យទៅខាង NGOs (អង្គការសង្គមស៊ីវិល)…”។

លោកអ៊ុច បូររិទ្ធ បានបន្តថា “ខ្ញុំយល់ថា មិនប៉ះពាល់ដល់កម្ពុជានោះទេ ព្រោះថា សំខាន់បំផុត កម្ពុជាឈរខ្លួនឯងកន្លងមក យើងធ្លាប់ ហែលឆ្លងហើយក្នុងឆ្នាំ៧៩ ដល់១៩៩១ គឺយើងរស់ អ៊ីចឹងបើអាមេរិក កាត់អ៊ីចឹងទៀត ខ្ញុំគិតថា មិនប៉ះពាល់អីទេ   ម៉្យាងទៀត គឺយើងខ្ញុំ ក៏មានប្រទេសផ្សេងទៀត ដែលជាមិត្ត ដែលកំពុងតែជួយយើងខ្ញុំផងដែរ”។

ការលើកឡើងរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើង ក្រោយពីទំនាក់ទំនងការទូតកម្ពុជា និងអាមេរិក មានភាពតានតឹងជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាល បានបណ្តេញអង្គការ NDI របស់អាមេរិក និងចាប់ខ្លួនមេបក្សប្រឆាំង លោកកឹម សុខា ពីបទក្បត់ជាតិ។ ជាងនេះទៅទៀត អាមេរិក ក៏បានប្រកាសដាក់ទណ្ឌកម្ម ឈប់ផ្តល់ ទិដ្ឋាការដល់មន្ត្រីនៅក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អគ្គនាយកឡើងទៅទៀតផង។

ក្នុងចំណុចនេះ លោកអ៊ុច បូររិទ្ធ ក៏បានបញ្ជាក់បន្ថែមនៅក្នុងពិធីនោះដែរថា កម្ពុជា មានការព្រួយបារម្ភពីការបិទកូតានាំចេញផលិតផលសម្លៀកបំពាក់ ក្នុងវិស័យកាត់ដេរ ដោយថាពេលនេះ សភាអាមេរិក កំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា។

លោកអ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា “បញ្ហានេះយើងខ្ញុំយល់ថា ចង់ដាក់អីដាក់ទៅ ក៏អត់បញ្ហាដែរ អត់ងាប់ទេ មិនបានទៅអាមេរិក ក៏ហីទៅ ក៏ប៉ុន្តែបញ្ហាសំខាន់ យើងមានការព្រួយបារម្ភតែម៉្យាងទេ ព្រោះឥឡូវវាមាននិន្នាការ រុញរួចទៅហើយ រុញឱ្យអាមេរិកហ្នឹង សភា អាមេរិកគឺថា រុញឱ្យមានការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច បើទាក់ទងសេដ្ឋកិច្ច អាចរាលដល់បញ្ហាកូតា”។

ពាក់ព័ន្ធនឹងបញ្ហាការបិទទិដ្ឋាការរបស់ អាមេរិក លើពលរដ្ឋខ្មែរ និងការបញ្ជូនពលរដ្ឋ ខ្មែរ មកកម្ពុជាវិញនោះ លោកអ៊ុច បូររិទ្ធ បាន គូសបញ្ជាក់ទៀតថា មានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក មួយរូប បានអះអាងថា នឹងខិតខំធ្វើយ៉ាងណា ជួយឱ្យទំនាក់ទំនងរវាង កម្ពុជា-អាមេរិក វិលត្រឡប់ទៅរកសភាពដើម និងកាន់តែល្អប្រសើរឡើងវិញ។ ដូច្នេះកម្ពុជា រង់ចាំចម្លើយ ព្រោះមន្ត្រីជាន់ខ្ពស់រូបនេះ បានសន្យាថា ក្នុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយនឹង ផ្តល់ចម្លើយ ខណៈគណៈប្រតិភូកម្ពុជា នឹងទៅ សម្ភាសន៍ពលរដ្ឋខ្មែរ ដែលជាប់ទោសនៅអាមេរិក ដែលត្រូវបញ្ជូនមកកម្ពុជាវិញ និងខិតខំធ្វើយ៉ាងណា ឱ្យមានការលុបបំបាត់ការដាក់ទណ្ឌកម្មលើទិដ្ឋាការនេះផងដែរ។

កន្លងមក ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកវីល្លៀម ហៃដថ៍ ក៏ធ្លាប់លើកឡើងថា អាមេរិក ជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយថា អាមេរិក បានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញក្រុមហ៊ុនផលិតសម្លៀកបំពាក់ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុនរបស់អាមេរិករាប់សិបផងដែរ។

លោកវីល្លៀម ហៃដថ៍

លោកហេដដ៍ បានមានប្រសាសន៍នៅពេលនោះថា ៖ “នៅក្នុងឆ្នាំកន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីសន្លាងមួយ ដែល មានតម្លៃ១០០លានដុល្លារ ស្តីពីទំនិញសម្រាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកម្លាំងកម្មករចំនួនជិត ១០០ ០០០នាក់។ គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធីកសិកម្មថ្មីមួយ ដែលគិតគូរចំពោះបញ្ហានៃតម្លៃកសិកផលទាបខ្លាំង ដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើងបានជួយកម្ពុជា នៅក្នុងការដោះស្រាយ បញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខ ស្បៀង អស់រយៈពេលជាង២០ឆ្នាំមកហើយ”។

ដោយឡែក ឆ្លើយតបភ្លាមៗ និងក្តៅៗ ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានោះ ថ្មីៗនេះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជាសម្រេចផ្អាក កិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក លើការស្វែងរកឆ្អឹងខ្មោច ទាហានអាមេរិកនៅ ទឹកដីកម្ពុជា តាមរយៈកំណត់ទូតរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើ ទៅកាន់សហរដ្ឋអាមេរិក ខណៈទាហានអាមេរិក ដែលបានបាត់ខ្លួននៅលើទឹកដីកម្ពុជា សរុបប្រមាណ៨០នាក់ កាលពីកន្លងមក ទើបតែរុក រកឃើញជាង៤០នាក់ នៅសល់ប្រមាណ៤០ នាក់ទៀត។ ដូច្នេះកិច្ចសហប្រតិបត្តិការនៃការ ស្វែងរកនេះ ត្រូវផ្អាកសិន រង់ចាំការដោះស្រាយ បញ្ហាផ្សេងៗរវាងកម្ពុជា និងអាមេរិក បានប្រសើរឡើងវិញ ជាពិសេស លើកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ដែលសហរដ្ឋអាមេរិក បានផ្អាក ព្រោះតែកម្ពុជា មិនទាន់ទទួលយកការធ្វើមាតុភូមិនិវត្តន៍ ជនជាតិខ្មែរ ដែលអាមេរិកបណ្តេញចេញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ ដែលកម្ពុជាចាត់ ទុកទង្វើនេះ ជាការបំបែកបំបាក់ក្រុមគ្រួសារ រវាងឪពុកម្តាយ និងកូន ដ៏អាក្រក់ និងអមនុស្សធម៌យ៉ាងខ្លាំង ដែលអ្នកខ្លះឈានដល់ធ្វើអត្តឃាតទៀតផង៕

កុលបុត្រ

RELATED ARTICLES