Tuesday, November 26, 2024
Homeព័ត៌មានជាតិសិស្សជាប់បាក់ឌុបនិទ្ទេស A ជួបនាយករដ្ឋមន្ត្រី ថ្ងៃទី១៤ តុលា ២០១៧

សិស្សជាប់បាក់ឌុបនិទ្ទេស A ជួបនាយករដ្ឋមន្ត្រី ថ្ងៃទី១៤ តុលា ២០១៧

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សម្តេច នឹងជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ឆ្នាំ២០១៧ ចំនួន៤២៤នាក់ នៅវិមានសន្តិភាព។

ជាមួយគ្នានេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាច នឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ពិសេស នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ ព្រោះបើតាមព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅចុងខែកញ្ញា រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៧ នេះ រាជធានីភ្នំពេញ និងខេត្តចំនួន ១៦ អាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង ខណៈដែលនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនមានជំនន់ទឹកភ្លៀងជាបណ្តើរៗផងដែរ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ តែជំនន់ទឹកភ្លៀងនោះ ឆាប់ស្រកវិញ មិនបង្កបញ្ហាធ្ងន់ទេ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧  នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យចេនឡា ចំនួន២៨៣៨នាក់ រួមមានបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០១២-២០១៦ ក្នុងនោះ ក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១២២នាក់ ដែលមាននារី ៤៩នាក់ផងដែរ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា សម្តេចសប្បាយរីករាយខ្លាំងណាស់ ដែលបានអញ្ជើញជាកិត្តិយសមកប្រគល់សញ្ញាបត្រដល់និស្សិត នៅថ្ងៃនេះ ហើយសម្តេចក៏បានអបអរសាទរ និងកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ ព្រមទាំងគណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ និងអាណាព្យាបាលសិស្ស-និស្សិត ដែលបានខិតខំរហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរីកចម្រើននៃសាកលវិទ្យាល័យ គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ ធនធានមនុស្ស។ ជាមួយគ្នានេះ សម្តេចបានអរគុណដល់សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលបានខិតខំបង្កើតគ្រឹះស្ថាននេះឡើង ព្រោះលំបាកខ្លាំងណាស់ទៅហើយ ទន្ទឹមនឹងនេះ គឺត្រូវថែរក្សាអ្វីដែលយើងបាន បង្កើតមកនេះ ឱ្យមាននិរន្តរភាព ហើយត្រូវធ្វើទំនើបកម្មទៅមុខថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ ចំពោះការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅ ប្រទេសជប៉ុន គឺល្អខ្លាំងណាស់ ដែលស្របតាម សំណើសុំរបស់សម្តេច ក្នុងពេលដែលបានជួប ជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលកន្លង ទៅនេះ។ គឺពេលនោះ ជប៉ុនកំពុងខ្វះពលកម្ម ថែទាំមនុស្សចាស់នៅតាមមន្ទីរពេទ្យ។ កម្មវិធីនេះ គឺបានផ្តល់ទាំងចំណេះដឹងបទពិសោធន៍ និងប្រាក់ចំណូលល្អដល់និស្សិតកម្មសិក្សា។

សម្តេចហ៊ុន សែន ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យចេនឡា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “យើងបានរួមគ្នាពីស្ថានភាពលំបាកលំបិន រហូតមកដល់ពេលនេះ គឺចាប់ពី ប្រទេសយើងមានប្រជាជនប្រមាណ៥លាននាក់ រហូតដល់១៥លាននាក់ ដែលយើងមានឱកាស បានកសាងប្រទេសជាតិពេញដៃពេញជើង គឺមិនងាយស្រួលទេ គ្មានជោគជ័យណាមួយដែល កើតឡើងដោយគ្មានការចូលរួមនោះទេ ជាពិសេសការចូលរួមពីវិស័យឯកជន។ ចំពោះការពឹងផ្អែកលើគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងស្រុង  គឺមិនគ្រប់គ្រាន់ទេ។ ជាមួយគ្នានេះដែរ គឺក្រសួង អប់រំ ក៏បានផ្តល់ឱកាសឱ្យសិស្សដែលប្រឡង មិនជាប់បាក់ឌុប ក៏អាចមានលទ្ឋភាពទទួល បានការបណ្តុះបណ្តាលជំនាញ រួមទាំងកម្រិត បរិញ្ញាបត្ររងផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ក្រសួងអប់រំ និងក្របខ័ណ្ឌអប់រំទូទាំងប្រទេស ដែលបានចូលរួមរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងប្រទេស ប្រកបដោយជោគជ័យ ដែលអត្រាសិស្សជាង ៦៣5 បានប្រឡងជាប់បាក់ឌុបឆ្នាំ២០១៧ នេះ ដែលនេះជាការខិតខំរបស់ក្រសួង និង សាស្ត្រាចារ្យ ដែលបានធ្វើអត្រាប្រឡងជាប់ បានខ្ពស់ ដែលបានធ្វើឱ្យខឿនអប់រំប្រកបដោយ គុណភាព។ សម្តេចបញ្ជាក់ថា ច្បាស់ណាស់ គឺ និស្សិតត្រូវតែមានទាំងចំណេះដឹង និងចំណេះធ្វើ។ បើគ្រាន់តែមានសញ្ញាបត្រខ្ពស់ តែគ្មានចំណេះដឹងពិតប្រាកដ គឺមិនត្រូវតាមតម្រូវការ ទីផ្សារការងារទេ ព្រោះថាសេដ្ឋកិច្ចទីផ្សារ គឺ មិនអាចលើកលែងបានទេ។ នេះជាជោគជ័យ នៃកំណែទម្រង់អប់រំ ដែលមានការចូលរួមពី គ្រប់ភាគីទាំងអស់។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៤ តុលា ខាងមុខនេះ សម្តេចនឹងជួបក្មួយៗសិស្សានុសិស្សដែលប្រឡង ជាប់បាក់ឌុប និទ្ទេស A ឆ្នាំ២០១៧ ចំនួន ៤២៤នាក់ នៅវិមានសន្តិភាព ដែលសម្តេចនឹងផ្តល់រង្វាន់លើកទឹកចិត្ត គឺមាន iPad មួយគ្រឿង និងកាដូមួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីជំនួបជាមួយកូនក្មួយកម្មករ-កម្មការិនី កន្លងទៅ ដែលសម្តេចបានស្នើសុំឱ្យ ម្ចាស់រោងចក្រទូទាំងប្រទេសយោគយល់ដល់ស្ត្រីមានផ្ទៃពោះឱ្យបានសម្រាកចេញមុនម៉ោង ការងារ១៥នាទី គឺសម្រាប់ទាំងកម្មករក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋ។ ទន្ទឹមនឹងនោះដែរ ចំពោះកម្មការិនី ដែលត្រូវសម្រាលកូន គឺនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះជាគោលនយោបាយអាទិភាពកាត់បន្ថយអត្រា ការស្លាប់របស់ទារកនិងមាតា ហើយដែលផ្សារភ្ជាប់ទៅនឹងកម្មវិធីអាហារូបត្ថម្ភផងដែរ។

សម្តេចហ៊ុន សែន បន្ថែមថា នៅទីណាក៏ អាចរៀនបានទាំងអស់ មិនត្រឹមតែនៅក្នុងដំបូល  សាលាតែប៉ុណ្ណោះទេ។ កុំមើលស្រាលអ្នកនៅ ជុំវិញយើង មិនថាជាកម្មករ កសិករ គឺអាចផ្តល់ ការពិគ្រោះយោបល់ពិភាក្សាបានដែរ មិនត្រូវ ពើងទ្រូងជាមួយអ្នកដទៃ គឺបានត្រឹមតែឯកោ តែប៉ុណ្ណោះ ព្រោះគេអាចផ្តល់យោបល់សម្រាប់ កែតម្រូវដែលយើងមិនអាចគិតដល់។ សម្តេច នាយករដ្ឋមន្ត្រីអរគុណសាកលវិទ្យាល័យមួយ ចំនួន ដែលបានផ្តល់អាហារូបករណ៍មកសម្តេច  ដើម្បីចែករំលែកបន្តទៅឱ្យនិស្សិតក្រីក្រមាន ឱកាសបានសិក្សា។

សម្តេចហ៊ុន សែន មានប្រសាសន៍បន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ៧% គឺជាផែនទីចង្អុល ផ្លូវរួចមកហើយ ដូច្នេះយើងត្រូវតែធានាឱ្យ បាននូវសន្តិភាព ទន្ទឹមនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់របស់ពិភពលោក ដូចជា សង្គ្រាមនៅមជ្ឈិមបូព៌ា និងការគំរាមកំហែង សង្គ្រាម និងអាវុធប្រល័យលោករបស់កូរ៉េ ខាងជើង។ ទោះជាយ៉ាងណា សម្តេចសង្ឃឹម ថា ដំណោះស្រាយដោយសន្តិភាពនឹងកើតមានឡើង។ ដូចនេះសូមបងប្អូនកូនក្មួយដែលកំពុង ធ្វើការនៅប្រទេសកូរ៉េ និងក្រុមគ្រួសារ កុំព្រួយបារម្ភ វាមិនអាចកើតមានទេ។ ចំពោះកម្ពុជា ក៏កំពុងរិះរកវិធីយកគ្រាប់គីមីរបស់អាមេរិកចេញ ដែលអាចជម្លៀសប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ នេះជាលទ្ឋផលសង្គ្រាមពីអតីតកាល។

ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ជំនន់ទឹកភ្លៀងដែលអាចនឹងមកដល់នៅប៉ុន្មាន ថ្ងៃខាងមុខនេះ ដូចជា ខេត្តកណ្តាល ភ្នំពេញ និងកំពងស្ពឺ ជាដើម ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។

ដោយឡែក ពាក់ព័ន្ធការអនុញ្ញាតឱ្យសិស្ស ប្រឡងជាប់បាក់ឌុប និទ្ទេស A  ឆ្នាំ២០១៧ ចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នោះ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោកហង់ ជួនណារ៉ុន បានផ្ញើលិខិតលេខ៥៩៣៩ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ជម្រាបទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត  ថា “សូមលោកប្រធានជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឱ្យ បេក្ខជននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧ និងនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេស A ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០នាទីព្រឹក។ ចំពោះឪពុកម្តាយ របស់បេក្ខជននិទ្ទេស A ក៏អាចមកចូលរួមជាមួយកូនបានដែរ។ ទន្ទឹមនេះ មន្ទីរត្រូវធ្វើបញ្ជីឈ្មោះគណៈប្រតិភូ ដោយបញ្ជាក់អំពីសមាសភាព (អ្នកដឹកនាំ បេក្ខជន នាយក នាយិកាសាលា និងឪពុកម្តាយ) តាមរាជធានី ខេត្តនីមួយៗ រួចផ្ញើមកក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានមុនថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ តាមរយៈ អ៊ីមែល ៖ salin_ros@yahoo.com និង ngngohok@gmail.com។

អាស្រ័យហេតុនេះ សូមលោកប្រធានដឹកនាំ គណៈប្រតិភូ ដែលមានសមាសភាព បេក្ខជន និទ្ទេស A និងនាយក នាយិកាសាលា ដែលមាន បេក្ខជននិទ្ទេស A នៅតាមរាជធានី ខេត្តរបស់ខ្លួន មកចូលរួមក្នុងជំនួបប្រកបដោយកិត្តិយស ដ៏ខ្ពង់ខ្ពស់នេះ កុំបីខានដោយរៀបចំការធ្វើដំណើរ និងការស្នាក់នៅឱ្យបានល្អ ធានាឱ្យបាននូវសុវត្ថិភាព ជាពិសេសសម្រាប់សិស្សដែលមកពីខេត្ត។

រាល់ការចំណាយក្នុងបេសកកម្មនេះ ជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តសាមី”។

គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្តសរុប ១៧៨មណ្ឌល បន្ទប់ប្រឡង ៤ ០៩៣បន្ទប់ និង បេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១០១ ៤១៣ នាក់ ដែលក្នុងនោះ ៨០ ៣៧០នាក់ ជាបេក្ខជន ចំណេះទូទៅ ១៣ ៦៧៩នាក់ ជាបេក្ខជនស្វៃរិន ៤ ១១៣នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ៣ ២៥១នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។ បេក្ខជនអវត្តមានចំនួន ១ ៦៨៥នាក់។

បេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡង ឆ្នាំ២០១៧នេះ ជាប់មានចំនួន ៦៣ ៦៦៨នាក់ ត្រូវជា ៦៣,៨៤% នៃបេក្ខជនវត្តមានចំនួន ៩៩ ៧២៨នាក់ ក្នុងនោះ បេក្ខជនដែលប្រឡង ជាប់នៅថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៤ ២៣៤ នាក់ ត្រូវជា ៥៣,៤០% នៃបេក្ខជនចំនួន ៦៤ ១០៣នាក់ ហើយនៅថ្នាក់វិទ្យាសាស្ត្រសង្គម មាន ២៩ ៤៣៤នាក់ ត្រូវជា ៨២,៦២% នៃ បេក្ខជនចំនួន ៣៥ ៦២៥នាក់។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤២៤នាក់ និទ្ទេស B មានចំនួន ២ ៤៦៤នាក់ និទ្ទេស C មានចំនួន ៥ ០០០នាក់ និទ្ទេស D មានចំនួន ៩ ១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦ ៦៥៧នាក់។ ក្នុងចំណោមបេក្ខជន ទទួលបាននិទ្ទេស A ចំនួន ៤២៤នាក់ មកពីរាជធានីភ្នំពេញ មានចំនួន ១៩៤នាក់, សៀមរាប ៤៧នាក់, កណ្តាល ២៦នាក់, បាត់ដំបង ២៣នាក់, កំពត ២១នាក់, កំពង់ចាម ២០នាក់, ព្រៃវែង ១២នាក់, បន្ទាយមានជ័យ ១២នាក់, កំពង់ឆ្នាំង ១២នាក់, ព្រះសីហនុ ៩នាក់, កំពង់ធំ ៩នាក់, តាកែវ ៨នាក់, ត្បូងឃ្ម្មុំ ៧នាក់,ពោធិ៍សាត់ ៦នាក់, ក្រចេះ ៦នាក់, ស្វាយរៀង ៥នាក់, ព្រះវិហារ ២នាក់, កែប ២នាក់, កំពង់ស្ពឺ ១នាក់, ប៉ៃលិន ១នាក់ និងកោះកុង ១នាក់៕

កុលបុត្រ

RELATED ARTICLES