Tuesday, November 26, 2024
Homeតារាខ្មែរខ្ញុង សែនប្តីថ្មីបាន១ខែ ប្រពន្ធដើមទម្លាយសាររងការគំរាម

ខ្ញុង សែនប្តីថ្មីបាន១ខែ ប្រពន្ធដើមទម្លាយសាររងការគំរាម

ភ្នំពេញ ៖ តារាកំប្លែងមេម៉ាយកូន១ អ្នកនាងស្រេង សុកាន់ដា ហៅនាងខ្ញុង បានសម្រេចចិត្ត ទម្លាយរឿងរ៉ាវស្នេហាអាថ៌កំបាំងរបស់ខ្លួន ដែលបានលាក់ទុកជាយូរមកហើយ ដោយនាងបានទទួលស្គាល់ថា រវាងនាង និងតារាកំប្លែង រួមអាជីព គឺនាយកៃដ ពិតជាមានចំណងស្នេហ៍ស៊ីជម្រៅនឹងគ្នាមែន ពោលគឺពួកនាងបានសែនព្រេនយកគ្នាជាប្តីប្រពន្ធ ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង តាំងពីថ្ងៃដែលនាងរៀបចំពិធីឡើងគេហដ្ឋាថ្មីមកម៉្លេះ។

បន្ទាប់ពីអ្នកនាងស្រេង សុកាន់ដា ហៅនាងខ្ញុង បានសែនព្រេនជាមួយនាយកៃដ ជាប្តីថ្មីបានរយៈពេលប្រមាណ១ខែ ស្រាប់តែពេលនេះ ត្រូវស្ត្រីជាភរិយាដើមរបស់នាយកៃដ បានទម្លាយសារមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា នាងនិងក្រុមគ្រួសារកំពុងទទួលរងការ គំរាមប្តឹងពីអតីតប្តី គឺនាយកៃដ ដោយគំរាម និងហាមមិនឱ្យនិយាយអាក្រក់ពីប្តីនោះឡើយ។

អ្នកនាងខ្ញុង និងនាយកៃដ ពេលសែនព្រេនយកគ្នាជាប្តីប្រពន្ធ

យោងតាមម្ចាស់គណនីហ្វេសប៊ុក ឈ្មោះម៉ា ម៉ាស៊ីន ដែលគេស្គាល់ច្បាស់ថា ជាអតីតប្រពន្ធនាយកៃដ បានបង្ហោះសារមួយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះថា “កូន និងម៉ាក ហាមនិយាយពីប៉ាកូនអាក្រក់ៗទៀតអីណា ព្រោះប៉ាកូនគេបានគំរាមប្តឹងយើងហើយ ខ្លាចណាស់លោកអើយ កំពុងតែក្រផង…”។

យ៉ាងណាក្តី ម្ចាស់គណនីហ្វេសប៊ុក ម៉ា ម៉ាស៊ីន មិនបានបញ្ជាក់ឱ្យច្បាស់ ឬរៀបរាប់ពីមូលហេតុនៃការបែកបាក់គ្នា នាពេលកន្លងមកនោះទេ។ ចំណែកនាយកៃដ វិញ ក៏មិនបានបញ្ចេញប្រតិកម្មតបអ្វី ចំពោះសារដែលអតីតភរិយាបង្ហោះនោះដែរ។

គួរបញ្ជាក់ថា តារាកំប្លែងស្រីល្បីឈ្មោះ នាងខ្ញុង បានទម្លាយប្រាប់ពីរឿងរ៉ាវសែនព្រេន ជាមួយប្តីថ្មី គឺនាយកៃដថា ដំបូងឡើយនាង គិតថាចង់លាក់បាំងដែរ ព្រោះខ្លាចពេលមហាជនដឹងថា មានប្តីប្រជាប្រិយភាពរបស់នាងអាចធ្លាក់ចុះ ប៉ុន្តែដោយដំណឹងនេះ ត្រូវបានមហាជន ខ្លះបានដឹងទៅហើយ ទើបនាងសម្រេចចិត្តទម្លាយចេញ។

នាងខ្ញុង បានប្រាប់ថា នាងបានសម្រេចចិត្តសែនព្រេនយកគ្នាជាប្តីប្រពន្ធជាមួយនាយកៃដ នៅចំថ្ងៃឡើងផ្ទះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ តែម្តង ដោយធ្វើឡើងនៅចំពោះមុខចាស់ទុំទាំងសងខាងត្រឹមត្រូវ។ ប៉ុន្តែ ក្រោយពេលសែនព្រេនរួច នាងមិនបានទម្លាយ រឿងនេះឱ្យមហាជនដឹងឡើយ។

នាងខ្ញុង បានបង្ហើបប្រាប់ថា ដំបូងឡើយ នាងនិងនាយកៃដ គ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ លុះយូរឆ្នាំទៅ ក៏ក្លាយជាពន្លកស្នេហ៍តែម្តង លុះចុងក្រោយ បន្ទាប់ពីស្វែងយល់ចិត្តគ្នា និងគិតថាពួកគេជាមេម៉ាយ និងពោះម៉ាយដូចគ្នា ក្រោយពីនាយកៃដ បានលែងលះប្រពន្ធដាច់ស្រេច ទើបឈានដល់ការសែនព្រេនតែម្តង ដោយមិនបានរៀបចំពិធីមង្គលការអ្វីធំដុំទេ ព្រោះពួកនាងមិនសូវមានលុយកាក់ច្រើន។ ប៉ុន្តែ យ៉ាងណាក្តី ប្តីប្រពន្ធនាងក៏មានគម្រោងដឹកដៃគ្ន ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ក្នុងពេលឆាប់ៗខាងមុខនេះដែរ និងរំពឹងថា ស្វាមីថ្មីនេះ នឹងអាចមើលថែទាំនាង និងកូនបានល្អ មិនធ្វើឱ្យនាងខកចិត្តឡើយ៕

RELATED ARTICLES