ភ្នំពេញ ៖ កូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ចេញសារទឹកភ្នែក សង្វេគអាណិតដល់លោកឪពុក ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំថា អ្នកនៅខាងក្រៅ ជាប់ឃុំផ្លូវចិត្តអ្នកនៅខាង ក្នុងជាប់ឃុំរូបកាយ។
កញ្ញាកឹម សម្មាធីតា បានសរសេរនៅទំព័រក្នុងហ្វេសប៊ុករបស់លោកកឹម សុខា ជា ឪពុកនាង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ថា “អ្នកនៅខាងក្រៅ ជាប់ឃុំផ្លូវចិត្ត អ្នកនៅ ខាងក្នុង ជាប់ឃុំរូបកាយ ឃ្លាតឆ្ងាយញាតិមិត្ត។ គិតមកដល់ពេលនេះ២៦រាត្រីហើយ ដែលសុបិន នៃការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់កម្ពុជា ត្រូវបានគេចាប់ពង្រាត់ យកទៅឃុំនៅទីដាច់សង្វែង។ នៅក្នុងរាត្រី នេះ ក៏ដូចជា២៥រាត្រីកន្លងទៅ រូបលោកនៅ តែបន្តក្តីសុបិននេះ ពីទីសែនឆ្ងាយជុំពទ្ធ័ដោយ កងប្រដាប់អាវុធឯកោគួរឱ្យរន្ធត់។ សូមប្រជាពលរដ្ឋខ្មែររក្សាក្តីសុបិននេះ ឱ្យរស់រវើកសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតកុំបីអាក់ខាន”។
នៅថ្ងៃដដែលនោះដែរ កញ្ញាកឹម សម្មាធីតា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាលខ្លួនរបស់ នាងថា ក្នុងនាមប្រជាជនកម្ពុជា យើងត្រូវបាន ផ្តល់ជម្រើសពីរ គឺលះបង់មនសិការរបស់យើង ឬប្រឈមនឹងការឃុំខ្លួន។ មនុស្សជាច្រើនជ្រើស យកជម្រើសទី១ តិចតួចណាស់ ដែលជ្រើសរើសយកជម្រើសទី២ ដើម្បីឱ្យមនុស្សជាច្រើន មានជម្រើសទីបី។ យើងមិនគួរភ្លេចចោល មនសិការរបស់យើង ដើម្បីប្តូរសេរីភាពខាង រាងកាយរបស់យើងទេ។ សូមដោះលែងមនសិការរបស់យើង! ដោះលែង!”។
នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់ លោកកឹម សុខា ព្រមទាំងជាសមាជិកក្រុម ការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ លោកមុត ចន្ថា បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់លោកថា ទោះបីលោកកឹម សុខា បាន ជាប់ឃុំហើយក៏ដោយ ក៏អ្វីដែលលោកនៅចងចាំ គឺលោកកឹម សុខា បានផ្តាំថា គាត់បានលះបង់ដើម្បីបុព្វហេតុជាតិ២៥ឆ្នាំហើយ គ្មានអ្វី ស្តាយស្រណោះទៀតទេ ប៉ុន្តែអ្វីដែលលោកស្តាយ គឺស្តាយឆន្ទៈរបស់ពលរដ្ឋខ្មែរ ដែលចង់ផ្លាស់ប្តូរ ជាវិជ្ជមាន នៅមិនទាន់បានសម្រេច។ ដូច្នេះ លោកសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងមិនបំភ្លេច ខ្មែរឡើយ ល្គឹកណាខ្មែរនៅតែបន្តការតស៊ូដោយ អហិង្សា ដើម្បលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។
លោកមុត ចន្ថា បានសរសេរនៅក្នុងគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ថា “សហគមន៍អន្តរជាតិ កំពុងខិតខំ ប្រឹងប្រែង ដោយប្រើប្រាស់មធ្យោបាយការទូត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ដែលកំពុង ប្រឈមនឹងគ្រោះថ្នាក់ និងសង្គ្រោះការបោះឆ្នោតនៅកម្ពុជា ឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ជឿទុកចិត្តបាន និងឆ្លុះបញ្ចាំងឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ។
សហគមន៍អន្តរជាតិ បានថ្កោលទោសនិង ដាក់សម្ពាធជាបន្តបន្ទាប់ ដោយទាមទារឱ្យដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សប្រឆាំងធំតែមួយនៅកម្ពុជា និង ជាគូប្រជែងដ៏មានសក្តានុពល សម្រាប់ការបោះឆ្នោត។ អវត្តមានរបស់មេដឹកនាំបក្សប្រឆាំង ក្នុងការបោះឆ្នោត ធ្វើឱ្យប៉ះពាល់ដល់ធាតុផ្សំ យ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជឿទុក ចិត្តបាន។ គណបក្សណាដែលអ្នកកាន់អំណាច ខិតខំប្រៀបប្រដូចជាបក្សប្រឆាំង ឬយកហេតុផលពីការមានបក្សច្រើន ក៏មិនអាចមកជំនួស គណបក្សសង្គ្រោះជាតិ បានឡើយ ព្រោះគណបក្សនេះ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ ឆ្នោត ជាង៣លាននាក់ និងតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ពាក់កណ្តាលប្រទេស។
គណបក្សសង្គ្រោះជាតិ បានសម្រេចជា គោលជំហរនយោបាយរួចហើយថា ខ្លួននឹងមិន ចូលរួមក្នុងការបោះឆ្នោតខាងមុខ ស្ថិតក្នុងស្ថានភាពអាក្រក់ ដូចបច្ចុប្បន្ននេះទេ។ គណបក្សសង្គ្រោះជាតិ ក៏នឹងមិនផ្លាស់ប្តូរ ឬដាក់ជំនួស ឯកឧត្តមកឹម សុខា ពីប្រធានគណបក្សសង្គ្រោះជាតិឡើយ។ គណបក្សសង្គ្រោះជាតិ ត្រូវការប្រកួតប្រជែងក្នុងទីលានប្រជាធិបតេយ្យ ដែល ស្មើភាព និងយុត្តិធម៌ ដែលមិនមែនជាសង្វៀនមួយ ដែលគូប្រកួតត្រូវបានគេបិទភ្នែក និងចង ដៃទៅក្រោយនោះទេ។
ឯកឧត្តម កឹម សុខា អំពាវនាវឱ្យសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ កុំអស់សង្ឃឹមឱ្យសោះ ត្រូវបន្តការតស៊ូដោយអហិង្សា និងសន្តិវិធី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ខ្លួន”។
បន្ថែមលើសំណេរ តាមគណនីហ្វេសប៊ុក ខាងលើនេះ លោកមុត ចន្ថា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ថា ក្រុមគ្រួសាររបស់លោកកឹម សុខា ដែល រួមមានភរិយា និងកូនស្រីទាំង២ ពិតជាទទួល រងនូវការឈឺចាប់ និងការគាបសង្កត់ខ្លាំង ប៉ុន្តែ ពួកគាត់មិនតក់ស្លុតទេ នៅតែបន្តការទាមទារ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ជាពិសេស គឺ ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ ដូច្នេះ លោកសូមអំពាវនាវឱ្យថ្នាក់ដឹកនាំ សកម្មជន គណបក្សសង្គ្រោះជាតិ បន្តរួបរួមគ្នាជាធ្លុងមួយ ការពារសិទ្ធិសេរីភាពរបស់ខ្លួន ការពារលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យមានការដោះលែង ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ជូនលោកកឹម សុខា នោះហើយ ជាការផ្តល់នូវកម្លាំងចិត្ត ភាពកក់ ក្តៅជូនក្រុមគ្រួសារលោកកឹម សុខា។
លោកមុត ចន្ថា បានមានប្រសាសន៍ថា “ខ្ញុំក៏ដូចជាក្រុមគ្រួសារ និងសមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ ជាពិសេសប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ជាពិសេស នៅពេលថ្មីៗនេះ ដែលជាង៣លាន នាក់ហ្នឹង ក៏មានអារម្មណ៍ក្តុកក្តួល សង្វេគចិត្ត ពីព្រោះថា អ្នកដែលតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ តស៊ូដើម្បីសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយគោរពតាមគោលការណ៍ អហិង្សា និងសន្តិវិធី បែរជាត្រូវបានចាប់ខ្លួន យកទៅឃុំ និងត្រូវបានចោទប្រកាន់ពីទោស ក្បត់ជាតិ ដែលជាការគួរឱ្យសោកស្តាយនូវទង្វើ បែបនេះ ដែលគេបានធ្វើមកលើលោកប្រធាន កឹម សុខា។ ទោះបីយ៉ាងណាក៏ដោយ យើងខ្ញុំ ទាំងអស់គ្នា នៅគោរពតាមឆន្ទៈរបស់លោក គឺការតស៊ូរបស់លោក មិនបញ្ចប់ត្រឹមគេយក ទៅបង្ខាំងទុកនៅក្នុងពន្ធនាគារទេ គឺលោកសុំ ឱ្យយើងបន្តការតស៊ូរបស់យើង តទៅមុខទៀត ដោយប្រកាន់យកគោលការណ៍អហិង្សា និង សន្តិវិធី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ការពារសិទ្ធិសេរីភាពសម្រាប់ខ្លួនយើង និងប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាបណ្តាំរបស់លោក ហើយលោកថា គេអាចឃុំខ្លួនលោកបាន ប៉ុន្តែគេមិនអាចឃុំ សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរបានទេ។ អ៊ីចឹង ហើយ លោកសុំលើកទឹកចិត្តឱ្យបងប្អូនបន្តតស៊ូ នេះ ដោយអហិង្សាតទៅមុខទៀត កុំឱ្យសិទ្ធិសេរីភាពនេះ បាត់បង់ដោយប្រការណាមួយ។ ចំពោះយើងខ្ញុំទាំងអស់គ្នា គឺយើងនៅតែទទូច និងទាមទារឱ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់ឯកឧត្តមកឹម សុខា ដែលយើងឃើញថា ជាការចោទប្រកាន់មួយ ដែលមិនមានភ័ស្តុតាង ហើយមិនមានធាតុផ្សំ នៃបទល្មើសទាល់តែសោះ។ ដូច្នេះហើយ សុំឱ្យតុលាការពិចារណាទម្លាក់ចោល នូវបទចោទប្រកាន់ចំពោះលោក ហើយប្រគល់ សេរីភាពជូនលោកវិញ ដើម្បីលោកមកចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជា ចូលរួមដើម្បីការពារ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ និងកសាង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា”។
លោកមុត ចន្ថា បានបន្តថា “ក្នុងនាមជា នាយកខុទ្ទកាល័យរបស់ឯកឧត្តមកឹម សុខា ដែលខ្ញុំបានធ្វើការជិតដិតជាមួយលោកៗមាន អារម្មណ៍រឹងមាំ លោកមានគោលជំហររឹងមាំ លោកមានមនសិការច្បាស់លាស់ លោកមិន រវើរវាយទេ គឺលោកនៅបន្តការតស៊ូរបស់លោក តទៅមុខទៀត ហើយយើងខ្ញុំឱ្យថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ សុំឱ្យអ្នកគាំទ្រសកម្មជនគណបក្សសង្គ្រោះជាតិ បន្តរួបរួមគ្នាជាធ្លុង មួយ ការពារសិទ្ធិសេរីភាពរបស់ខ្លួន ការពារ លទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យមានការ ដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌ ឯកឧត្តម កឹម សុខា។ នោះហើយជាការផ្តល់នូវកម្លាំង ចិត្ត ផ្តល់នូវភាពកក់ក្តៅជូនក្រុមគ្រួសាររបស់ លោក ដែលក្រុមគ្រួសាររបស់លោករងនូវការ ឈឺចាប់ រងនូវការគាបសង្កត់ខ្លាំង ប៉ុន្តែពួកគាត់ មិនតក់ស្លុតទេ ពួកគាត់នៅតែបន្តការទាមទារ នេះ ទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ជាពិសេស គឺការបោះឆ្នោតឆ្នាំ២០១៨ ធ្វើយ៉ាងណាឱ្យបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលយកបាន។ ដូច្នេះហើយ គឺ សុំឱ្យបងប្អូនកុំបោះបង់ចោលនូវការតស៊ូដោយ អហិង្សា កុំលះបង់នូវសិទ្ធិសេរីភាពរបស់ខ្លួន ទៅឱ្យគេ ហើយចូរចាំថា បណ្តាំរបស់ឯកឧត្តម កឹម សុខា គឺការផ្លាស់ប្តូរអ្វីមួយ ការធ្វើឱ្យប្រសើរ អ្វីមួយ គឺត្រូវការលះបង់ ការប្រថុយ ប៉ុន្តែប្រថុយ និងការតស៊ូរបស់យើង គឺឈរលើគោលការណ៍ អហិង្សា និងសន្តិវិធី។ ដូច្នេះសូមបន្តរួបរួមគ្នា ការពារសិទ្ធិសេរីភាពរបស់យើង ការពារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជារបស់យើង។ នោះហើយ ជាការផ្តល់នូវភាពកក់ក្តៅ ការលើក ទឹកចិត្តជូនក្រុមគ្រួសាររបស់លោក ក៏ដូចជា ឯកឧត្តមកឹម សុខា ដែលកំពុងតែត្រូវគេបង្ខាំង សេរីភាពនៅក្នុងពន្ទនាគារដូច្នោះដែរ”។
គួរបញ្ជាក់ដែរថា ក្នុងពេលដែលលោកកឹម សុខា កំពុងជាប់ពន្ធនាគារពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” គណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងធ្វើយុទ្ធនាការលើកបដាជា រូបភាព នៅតាមទីស្នាក់ការគណបក្សនេះ ទូទាំង ប្រទេស ដើម្បីទាមទារឱ្យមានការដោះលែង លោកកឹម សុខា មេបក្សប្រឆាំង ដោយគ្មាន លក្ខខណ្ឌ។
ជាការអនុវត្តតាមការប្រកាសនោះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ គណបក្ស ប្រឆាំង ចាប់ផ្តើមលើកបដាទាមទារឱ្យដោះ លែងលោកកឹម សុខា នៅមុខទីស្នាក់ការរបស់ខ្លួន ស្ទើរគ្រប់រាជធានី-ខេត្ត។ ប៉ុន្តែក្នុងពេល ចាប់ផ្តើមយុទ្ធនាការនោះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានអះអាងថា មានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល បានចូលទៅរុះរើបដាទាំង នោះ។ ក្នុងនោះ បដាជារូបភាពនិងសារ៣កន្លែង ដែលដកហូតនោះ មាននៅភ្នំពេញ មណ្ឌលគិរី និងខេត្តកំពត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមិនបានបញ្ជាទេ ប៉ុន្តែក្រសួងយល់ថា ចំណាត់ការរបស់អាជ្ញាធរ ដែលរារាំង និងរុះរើ បដារបស់គណបក្សសង្គ្រោះជាតិ ទាំងនោះ ជារឿងត្រឹមត្រូវ។ ពោលគឺការលើកបដាទាំងនេះ មិនមានប្រយោជន៍ ដល់ការស្វែងរកដំណោះស្រាយទេ ផ្ទុយទៅវិញ នាំឱ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ ដល់គណបក្សសង្គ្រោះជាតិ ទៀតផង។
ដោយឡែកសាលាឧទ្ធរណ៍ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ចប់ការសួរ ដេញដោលជាសាធារណៈ លើករណីបណ្តឹង ប្រឆាំងការឃុំខ្លួនលោកកឹម សុខា ហើយនៅថ្ងៃនោះ លោកឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ ក៏បានសម្រេចតម្កល់ការសម្រេច របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ ពោលគឺ បន្តឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល។
នៅក្នុងសវនាការរបស់សាលាឧទ្ធរណ៍ នាពេលនោះ មេធាវីរបស់លោកកឹម សុខា ទាំង ៨រូប ដែលរួមមាន លោកហែម សុជាតិ លោកជូង ជូងី លោកស៊ាង ហេង លោកចាន់ ចេន លោកសំ សុគង់ លោកកែត ឃី និងលោកស្រី ម៉េង សុភារី បានដើរចេញពីបន្ទប់សវនាការ នោះ ទាំងពាក់កណ្តាលទី ដោយសំអាងថា សាលាឧទ្ធរណ៍ មិនបានបញ្ជូនលោក កឹម សុខា ជាកូនក្តីមកសវនាការ ដើម្បីសួរដេញដោល។ សហមេធាវីរបស់លោកកឹម សុខា យល់ថា ការ សម្រេចបន្តនីតិវិធីរបស់សាលាឧទ្ធរណ៍ ជាការ រំលោភច្បាប់ និងធ្វើឱ្យមានភាពអយុត្តិធម៌ដល់ កូនក្តី។ ដូច្នេះក្រុមមេធាវី បានពិភាក្សាជាមួយ កូនក្តី និងបានដាក់ពាក្យប្តឹងសាទុក្ខប្រឆាំងនឹង សាលដីកា លេខ៣៤ ក្រ ៦ឃ ចុះថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៧ របស់សាលាឧទ្ធរណ៍ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ តាមលិខិតប្រគល់ សិទ្ធិរបស់លោកកឹម សុខា។
ទោះបីយ៉ាងណា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អ្នកនាំពាក្យសាលាឧទ្ធរណ៍ និង មហាអយ្យការ អមសាលាឧទ្ធរណ៍ បានចេញ សេចក្តីប្រកាសព័ត៌មាន សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះក្រុមមេធាវីរបស់លោក កឹម សុខា ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំង នឹងដីកាឃុំខ្លួនរបស់ជនត្រូវចោទ ប៉ុន្តែបែរជា ធ្វើពហិការ ដើរចេញពីសវនាការ មិនបាននៅ លើកពីមូលហេតុ នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួន នៅក្នុងបន្ទប់សវនាការទៅវិញ។ ជាមួយនោះ ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិរបស់ជនត្រូវចោទ របស់ក្រុមមេធាវីការពារឱ្យជនត្រូវ ចោទជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើយ ព្រោះសំណុំរឿងនេះ ជាសំណុំរឿងមុន អង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនត្រូវចោទទេ ដែលភាព ខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។ បានន័យថា សវនាការអង្គសេចក្តី គឺមានភាព ចាំបាច់គោរពគោលការណ៍ចំពោះមុខ និងត្រូវ នាំជនជាប់ចោទមកសវនាការ ដើម្បីដេញដោល និងការពារខ្លួនជាចាំបាច់។ ប៉ុន្តែនៅក្នុងដំណាក់- កាលស៊ើបសួរ លោកកឹម សុខា មានឋានៈជា ជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាម មាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ក្រុមមេធាវីការពារឱ្យលោកកឹម សុខា ដើម្បីទាមទារឱ្យមានវត្តមានជនត្រូវចោទ ក្នុង សវនាការ គឺជាការយល់ច្រឡំធ្ងន់ណាស់ ព្រោះមាត្រានេះ ចែងមានអត្ថន័យទាក់ទងនឹងជន ជាប់ចោទ។ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ…។
ដោយឡែក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ លោកសួន រីដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ បានធ្វើលិខិត ជម្រាបជូនលោកគី ប្ញទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ស្នើសុំការអនុញ្ញាតឱ្យរូបលោក និងតំណាងរាស្ត្រ ព្រមទាំង សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង ចំនួន២៦ រូបទៀត ចូលជួបសួរសុខទុក្ខលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នាថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង៩ព្រឹក ប៉ុន្តែមិនដឹងថានឹងមាន ការឆ្លើយតបយ៉ាងណាពីលោកចៅក្រម គី ប្ញទ្ធី នៅឡើយទេ ក្នុងថ្ងៃដដែលនោះ៕
កុលបុត្រ