ខេត្តសៀមរាប ៖ ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ វីរស្ថាបត្យករកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នោះ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយសនៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ខ្ពង់ខ្ពស់បំផុតចំនួន ៤គ្រឿងក្នុងពេលតែមួយ ជាកិច្ចបច្ឆាមរណៈ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានជាប្រវត្តិសាស្ត្រ នូវ គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ខ្ពង់ខ្ពស់បំផុតចំនួន៤គ្រឿង ក្នងពេលតែមួយ ជាកិច្ចបច្ឆាមរណៈ ជូនសពព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ភ្លាមៗ ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ នៃមរណភាពរបស់ព្រឹទ្ធាចារ្យវីរស្ថាបត្យករ កម្ពុជា ដ៏ល្បីល្បាញរូបនេះ ដើម្បីជាកិច្ចតបស្នង នូវគុណបំណាច់ដ៏សែនធំធេង ពុំអាចកាត់ថ្លៃបាន និងជាការចូលរួមមរណទុក្ខដ៏សែនក្រៀមក្រំ ចំពោះព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វ ព្រះរាជហឫទ័យ ចាត់សម្តេចចៅហ៊្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំយកនូវគ្រឿងឥស្សរិយយសដ៏ ខ្ពង់ខ្ពស់បំផុតទាំង៤គ្រឿងបំពាក់ជូនដល់សព ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ព្រមទាំងរៀបចំពិធីបុណ្យសពជូនលោកព្រឹទ្ធាចារ្យយ៉ាងស័ក្តិសមទៅនឹងកិត្តិយស និងគុណបំណាច់របស់លោកព្រឹទ្ធាចារ្យ ក្នុងបុព្វហេតុដើម្បីជាតិ និងមាតុភូមិ។
គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានទទួលមរណភាព កាលពីវេលាម៉ោង៩និង ៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយជរាពាធ ក្នុងជន្មាយុ៩១ឆ្នាំ នៅគេហដ្ឋាន របស់លោក ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សពព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ហើយនឹងធ្វើពិធីបូជានៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧៕
ខៀវទុំ