តារាឯករយលាន ស្រីស្អាតជាងគេលើលោក រាជិនីបង្ហាញម៉ូដ សុទ្ធសឹងតែជាពាក្យដែលគេលើកយកមកបរិយាយពី ម៉ៃ ដាវិកា ហូណេ តារាឯកស្រីក្នុងរឿង “នារីក្នុងភ្លើងគំនុំ” នៃស្ថានីយទូរទស្សន៍ PNN។ នាងសែនអស្ចារ្យបែបនេះ តើបុរសណាទៅដែលស័ក្តិសមនឹងរូបនាងនោះ?
ឆ្លងកាត់រយៈពេល២៥វស្សាកន្លងមក ជីវិតរបស់ ម៉ៃ ដាវិកា ហូណេ ត្រូវប្រឈមនឹងព្យុះជីវិត សើមជោកជាំ។ នាងប្រឈមនឹងបទចោទប្រកាន់ថា ជាតារារមិលគុណ រួមទាំងមានព័ត៌មានថា ជាបាតដៃទី៣ ដែលមានចំណែកធ្វើឱ្យគូស្នេហ៍តារាមួយចំនួនត្រូវបែកបាក់។ ប៉ុន្តែទោះជាយ៉ាងណា ព្យុះជីវិតទាំងនោះ ពុំបានបក់ពន្លិចជីវិតនាងឡើយ។ ក្រោយឆ្លងកាត់រលកព្យុះទាំងនោះ ជីវិតនាងក៏ចាប់ផ្តើមមានពន្លឺរស្មីក្លាយជាតារារយលាន ជាស្រីស្អាតជាងគេលើលោក និងជានារីមានមន្តស្នេហ៍ទាក់ទាញបុរស។
ម៉ៃ ដាវិកា ម្ចាស់នៃសិរីរាង្គកម្ពស់១៧៥សង់ទីម៉ែត្រ កើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩២។ នាងជានារីកូនកាត់ថៃ បែលហ្ស៊ិក ដោយមានឪពុកជាជនជាតិបែលហ្ស៊ិក និងម្តាយជាតិថៃ។ នាង ចាប់ផ្តើមការសិក្សានៅសាលាមត្តេយ្យព្រះហប្ញទ័យដនមឿង។ បន្ទាប់មកចូលរៀនបន្តថ្នាក់មធ្យមសិក្សានៅសាលាអន្តរជាតិកូរ៉េ ហើយសិក្សាថ្នាក់បរិញ្ញានៅមហាវិទ្យាល័យរ៉ាំងស៊ីត។
ជំហានដំបូងក្នុងវិស័យសិល្បៈរបស់ ម៉ៃ ដាវិកា ខុសពីអ្នកសិល្បៈផ្សេងទៀត ដែលភាគច្រើនមានប្រភពពីវេទិកាប្រកួតបវរកញ្ញា ឬក៏ឆ្លងកាត់ម៉ូដែលលីង។ តែសម្រាប់នាងបែរជាព្យាយាមបំពាន បម្រាមរបស់ម្តាយដែលយល់ថា ជីវិតសិល្បៈគ្មានស្ថិរភាព។ នាងលបលួចតាមមិត្តភក្តិទៅធ្វើតេស្ត រហូតដល់ម្តាយពុំអាចរារាំងបានក៏យល់ព្រមបើកភ្លើងបៃតងឱ្យនាង ហើយនាងក៏ប្រឡូកក្នុងវិស័យ សិល្បៈពេញទី ដោយការថតបង្ហាញម៉ូដ ថតផ្សាយពាណិជ្ជកម្មតាំងពីអាយុ១៣ឆ្នាំ។
ដួងតារា ដែលនឹងត្រូវរះចែងចាំង ពិតជាគ្មានអ្វីអាចរារាំងបានឡើយ។ ម៉ៃ ដាវិកា មានកាយសម្បទា ពេញលេញ ទាំងរូបសម្បត្តិ មុខមាត់ កម្ពស់កំព ដែលពិបាករកអ្នកផ្សេងប្រដូចបាន។ ដូច្នោះហើយទើបស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ សម្រេចចិត្តឱ្យនាងសម្តែងជាតួឯកលើកដំបូងក្នុងរឿង “ស្រមោលកាមទេព” កាលពីឆ្នាំ២០១០។
នាងរះចែងចាំងក្លាយជាដួងតារាតែក្នុងរយៈពេលមួយប៉ប្រិចភ្នែក អមជាមួយនឹងចរន្តព័ត៌មានស្នេហា ទាំងក្នុងនិងក្រៅកញ្ចក់ទូរទស្សន៍ជាមួយតួឯកប្រុស វៀ សុកុលវឌ្ឍ។ ក្នុងឆ្នាំ២០១១ ម៉ៃ មានឱកាសបានសម្តែងរឿងភាគទី២ “លើសពីមនុស្ស”។ ឆ្នាំ២០១២ នាងបានសម្តែងពីររឿងទៀត គូគ្នាជាមួយតួឯកប្រុស ថាវិន និងដូម ប៉ាកនឡាំ។ ជាមួយ ដូម នេះហើយដែលនាងកើតមានអាការៈស្នេហាកាំរន្ទះ រហូតធ្វើឱ្យ ដូម ត្រូវបែកបាក់ជាមួយសង្សារស្រីកាសចាំង។
បន្តពីនោះ នាងក៏មានឱកាសសម្តែងជាមួយ វៀ សុកុលវ័ឌ្ឍ ម្តងទៀត តែម្តងនេះពុំកើតមានចរន្តស្នេហាដូចមុនទេ ព្រោះ ម៉ៃ ដាវិកា កំពុងមានព័ត៌មានស្នេហាជាមួយ ម៉ារិអូ ម៉ោរើ។
សរុបមក ម៉ៃ ដាវិកា ពុំធ្លាប់ទទួលយកការសម្តែងជាតួរាយរងទេ។ នាងសម្តែងជាតួឯករហូត ហើយក៏ជាតួឯកដែលល្បីទៀតផង។ នេះជាមូលហេតុធ្វើឱ្យនាងក្លាយជាតារាឯករយលានក្នុងរឿង “ខ្មោចនាងណាត”។
សម្រាប់ ម៉ៃ ការសម្តែងរបស់នាងលេចធ្លោប្រហាក់ប្រហែលនឹងរឿងស្នេហាដែរ។ គ្រាន់តែចាប់គូសម្តែងជាមួយ វៀ សុកុលវ័ឌ្ឍ ក្នុងរឿង“ស្រមោលកាមទេព” ក៏កើតមានស្រមោលស្នេហាអន្ទោលតាមប្រាណ អ្នកទាំងពីរទៅហើយ។ ពេលនោះ ម៉ៃ បកស្រាយថា ដោយឥរិយាបថមិនបដិសេធ ឬទទួលស្គាល់ថា អ្វីៗគឺជារឿងអនាគត។ ចំណែក វៀ ក៏ប្រាប់ថា គ្មានអ្វីទេ តាមស្ទីលអ្នកសិល្បៈ ដែលតែងបញ្ចប់ដោយពាក្យថា ជាបងប្អូននឹងគ្នា។ បន្តពីនោះ ព័ត៌មានអ្នកទាំងពីរក៏ជាប់គាំង ក្រោយពេលដែលមានរូបភាព ភ្ញាក់ផ្អើលពិភពសិល្បៈ ដែល ម៉ៃ ដាវិកា ស្ថិតក្នុងឥរិយាបថថើបថ្ពាល់តារារះ ចែងចាំងមួយដួងថ្មី កាន ភនិន។ រូបថតបែកធ្លាយជាច្រើនសន្លឹកនោះ អាច បញ្ជាក់បានថា អ្នកទាំងពីរមានភាពជិតស្និទ្ធលើសពីមិត្តភក្តិធម្មតា។ ម៉ៃ ចេញបកស្រាយរឿងរូបថតបែកធ្លាយនោះថា វាជាហេតុការណ៍កើតឡើងតាំងពី៣ឆ្នាំមុន មុនពេលដែលនាងចូលសិល្បៈទៅទៀត។ រួចរឿងរ៉ាវទាំងនេះ ក៏ស្ងប់រម្ងាប់ទៅបន្តិចម្តងៗ។ ប៉ុន្តែមិនទាន់ទាំងចប់ស្រួលបួលផង ម៉ៃ ក៏មានដំណឹងស្នេហាជាមួយ ដូម ប៉ាកនឡាំ ក្រោយពីអ្នកទាំងពីរបានសម្តែងរឿងភាគជាមួយគ្នា។ ព័ត៌មាននេះមានទម្ងន់គួរឱ្យជឿជាក់ ហើយស្របពេលដែល ដូម ក៏បែកបាក់ជាមួយសង្សារស្រី កាសចាំង ផង ទើបធ្វើឱ្យក្រសែភ្នែកមហាជនយល់ថា ម៉ៃ ជាបាតដៃទី៣។ ក្រោយមកទៀត នាងក៏មានដំណឹងស្នេហាជាមួយ ម៉ារិអូ ម៉ៅរើ បន្ទាប់ពីសម្តែងភាពយន្តខ្មោចនាងណាត ជាមួយគ្នា។ ហេតុការណ៍ឈានក្នុងគន្លងចាស់ទៀតហើយ ព្រោះ ម៉ារិអូ ស្រាប់តែបែកបាក់ជាមួយ គុបគិប ទើបធ្វើឱ្យ ម៉ៃ ក្លាយជាបាតដៃទី៣ ក្នុងក្រសែភ្នែកមហាជនជាស្វ័យប្រវត្តិ។
ឥឡូវនាងមានវត្តមានក្នុងរឿង “នារីក្នុងភ្លើងគំនុំ” រួមគ្នាជាមួយតួឯកប្រុស ជេដ្ឋាផន ផុនឌី។ តែម្តងនេះ ដោយសារលោក ជេដ្ឋាផន ជាមនុស្សមានគូស្រករហើយ និងវ័យជ្រេ ជាងនាងផង ទើបពុំកើតមានព័ត៌មានផ្គូរផ្គងដូចគ្រាកន្លងមកទេ។ តែហេតុការនេះអាចមកពី ម៉ៃ កំពុងមានដំណឹងជាមួយអ្នកផ្សេងក៏មិនដឹង ព្រោះពេលនេះ លោក ណាយ ណៈផាត់ កំពុងតែ បង្ហើបពាក្យប្រលោមស្នេហ៍ថា ម៉ៃ ជានារីក្នុងសុបិនរបស់គេ។
ពេលអ្នកកាសែតសួរពីរឿងនេះ ម៉ៃ ឆ្លើយថា ណាយ ជាបុរសគួរឱ្យស្រលាញ់ តែ សម្រាប់ពេលនេះ នាងនៅទំនេរទេ។
ចម្លើយរបស់នាងជាការបញ្ចប់សុបិនទាំងស្រុងរបស់លោក ណាយ តែមើលទៅលោក ណាយ ប្រហែលជាមិនងាយភ្ញាក់ពីសុបិននេះទេ