ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេហទំព័របរទេសមួយ ប៉ាន់ស្មានថា ជាស្តេចគ្រងរាជ្យ ដែលមានព្រះរាជទ្រព្យតិចជាងគេបំផុត បើប្រៀបធៀបជាមួយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាង៥០ព្រះអង្គ ជុំវិញពិភពលោក។
យោងតាមគេហទំព័រ “Celebrity networth123.com” បានចុះផ្សាយថា គិតត្រឹមឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជទ្រព្យសរុបរបស់ព្រះអង្គ ប្រមាណត្រឹមតែជាង៥០០ ០០០ដុល្លារ (ប្រាំរយពាន់ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ ចំណែកអតីតព្រះមហាក្សត្រថៃ ភូមិ បុល អតុល្យតេជ (ភូមិភុន អ៉ឌុនយ៉ដ៉េត) មានព្រះរាជទ្រព្យច្រើនជាងគេលើពិភពលោក គឺ៣០ប៊ីលានដុល្លារ (៣០ពាន់លានដុល្លារអាមេរិក)។ រីឯព្រះមហាក្សត្រប៊្រុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល ប៊ុលគីយ៉ាហ៍ (Sultan Haji Hassanal Bolkiah) មានព្រះរាជទ្រព្យ ២០ប៊ីលានដុល្លារ (២០ពាន់លានដុល្លារអាមេរិក)។
ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គជាក្សត្រដែលមិនត្រេកត្រអាលទៅនឹងទ្រព្យសម្បត្តិផ្ទាល់ព្រះអង្គឡើយ គឺព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យសម្រាប់ព្រះរាជសកម្មភាពបន្តវេនដ៏ឧត្តុង្គឧត្តម ពីព្រះវររាជបិតា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈការប្រោសព្រះ រាជទាន ព្រះរាជអំណោយដល់ប្រជារាស្ត្រក្រីក្រ តាមមូលដ្ឋាននានានៅទូទាំងប្រទេស ហើយព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន១ពាន់ដុល្លារ ប្រចាំខែ និង១ម៉ឺនដុល្លារ ប្រចាំឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ព្រមទាំងសកម្មភាពនានាជាច្រើនទៀត សម្រាប់ប្រជាជាតិ។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គជាព្រះមហាក្សត្រ ដែលប្រកបដោយទសពិធរាជធម៌ ប្រតិបត្តិតាមការតាំងសច្ចារបស់ព្រះអង្គ ចំពោះមុខរាជបល្ល័ង្ក និងព្រះមហាសេត្វច្ឆត្រថា ព្រះអង្គនឹងតាំងចិត្ត ធ្វើជាផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រជាទីស្រឡាញ់បំផុតរបស់ព្រះអង្គ។ ហេតុនេះទើបព្រះមហាក្សត្រកម្ពុជា ព្រះអង្គពុំមានព្រះរាជទ្រព្យច្រើនអ្វីឡើយ ហើយប្រជារាស្ត្រខ្មែរទូទៅ គោរពស្រឡាញ់ ព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះមហាក្សត្រកម្ពុជា ពេលយាងសួរសុខទុក្ខប្រជារាស្ត្រនិងប្រោសព្រះរាជទានព្រះរាជអំណោយ
គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សាព្រះរាជសម្បត្តិ ជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានព្រះនាមថា “ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី”៕
ខៀវទុំ