ភ្នំពេញ៖ បុរសជាជាងបាញ់ថ្នាំផ្ទះម្នាក់ សង្ស័យឆ្លងចរន្ដពីរ៉ូឡូភ្លើង បណ្ដាលឲ្យឆក់រងរបួសធ្ងន់ ត្រូវបានក្រុមការងារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ តែអកុសលបានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីពេទ្យ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១៥នាទីរសៀលថ្ងៃទី២៦ កក្កដា ២០១៦ នៅការដ្ឋានផ្ទះល្វែងសង់ថ្មី ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះឈុម ពេញ ហៅ ផល អាយុ២៥ ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិអូម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យកន្លែងកើតហេតុ ហើយឃើញថា បុរសខាងលើ ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងខ្លួនឯងពិតប្រាកដមែន ទើបប្រគល់សពឲ្យទៅសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ស៊ីឌី