ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ ទៅទល់នឹងថ្ងៃ១៥កើត ខែកត្តិក គឺជា “កឋិនកាល ឬរដូវកឋិន” ដែលមាន ពុទ្ធានុញ្ញាតឱ្យទាយក-ទាយិកា ធ្វើបុណ្យកឋិនតាមលទ្ធភាព។ ខណៈដែលកម្ពុជា មានសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម និងមានអ្នកនយោបាយគ្រប់និន្នាការប្រជែងគ្នាលើសង្វៀនប្រជាធិបតេយ្យ ដូចសព្វថ្ងៃ ការធ្វើបុណ្យកឋិនទាន មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការអូសទាញពុទ្ធបរិស័ទ ឬថា “កឋិនទាន ជួយលើកតម្កើងអ្នកនយោបាយ” ដែល “នគរធំ” សូមលើក មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទើបនឹងបានត្រាស់ដឹងថ្មីៗ ព្រះអង្គឱ្យភិក្ខុសង្ឃ ប្រើប្រាស់តែសំពត់បង្សុកូល ឬទាញយក ពីគំនរសំរាម ក៏ដូចជាសំពត់រុំសព យកទៅប៉ះប៉ុនជ្រលក់ទឹកអម្ចត់ ឬក្រាក់ខ្នុរប្រើប្រាស់។ សូម្បីព្រះអង្គ ក៏ប្រើប្រាស់សំពត់ បង្សុកូលនេះដែរ ដូចគម្ពីរសាសនាចែងថា សម័យមួយ គេសែងសពស្ត្រីម្នាក់ឈ្មោះបុណ្ណាទាសី ទៅបោះចោលក្នុងព្រៃស្មសាន ទុកឱ្យសត្វស៊ី។ កាលនោះ ព្រះអង្គបានយាងទៅបង្សុកូលទាញយកសំពត់ធុំក្លិនស្អុយ មានដង្កូវវាររគើមនោះ ទៅបោកគក់ នឹងទឹកស្ទឹង ដោយបានព្រះឥន្ទ្រាធិរាជ ចុះមកនិម្មិតជាផ្ទាំងថ្ម សម្រាប់ព្រះអង្គគង់បោកសំពត់ និងនិម្មិតជាដើមថ្ងាន់សំយាក មែកយ៉ាងទាប សម្រាប់ហាលសំពត់។ ការប្រើប្រាស់សំពត់បង្សុលកូលបែបនេះ ឃើញថា ពិបាកពេក ទើបព្រះបរមគ្រូ អនុញ្ញាតឱ្យប្រើសំពត់មានម្ចាស់វិញ។ ដូចពេលមួយ ព្រះមាតុច្ឆាព្រះអង្គ (ម្តាយមីង) ព្រះនាមបជាបតិគោតមី ទ្រង់មានសទ្ធាជ្រះថ្លា ក្នុងការធ្វើសង្ឃទាន ក៏ចាប់ផ្តើមដាំកប្បាស និងថែទាំរហូតផ្លែកប្បាសទុំ ក៏បេះយកទៅថ្ពេច រវៃជាអំបោះ និងត្បាញជាសំពត់ ដោយព្រះហស្តព្រះនាងផ្ទាល់។ លុះបានជាសំពត់ហើយ ព្រះនាងក៏យកទៅប្រគេនព្រះពុទ្ធអង្គ តែម្ចាស់ក្មួយមិនទទួល ដោយ បញ្ជាក់ថា ការធ្វើសង្ឃទាន មិនចំពោះតែព្រះពុទ្ធនោះទេ សូម្បីសង្ឃទើបនឹងបួសក៏ទទួលបានអានិសង្សដូចគ្នា។ ដោយសារ ព្រះសង្ឃច្រើនពេក មិនដឹងប្រគេនអង្គណា ទើបព្រះនាងផ្សងអធិដ្ឋាន រួចបោះសំពត់នោះទៅលើ ស្រាប់តែសំពត់អណ្តែត ទៅធ្លាក់លើព្រះហស្ត “អជិតភិក្ខុ” ដែលទើបនឹងបួសក្រោយគេ ធ្វើឱ្យព្រះនាងបជាបតិគោតមី អាក់អន់ព្រះទ័យជាខ្លាំង ព្រោះ មិនសូវមានជំនឿលើព្រះសង្ឃក្មេងនោះ។ ដោយទ្រង់ជ្រាបពីក្តីវិតក្ករបស់ព្រះមាតុច្ឆា ព្រះពុទ្ធអង្គ ក៏ព្យាករថា “អជិតភិក្ខុ នឹង បានត្រាស់ជាព្រះពុទ្ធ ១អង្គ ព្រះនាមព្រះសិអារ្យមេត្រី ទៅអនាគត” ទំនាយនោះ បានធ្វើឱ្យព្រះនាងបជាបតិគោតមីជ្រះថ្លា ចំពោះព្រះសង្ឃវ័យក្មេងនោះឡើងវិញ។
រឿងមួយទៀត ដែលជាប្រភពដើមកំណើត “កឋិនទាន” ក៏បានតំណាលពីភិក្ខុ ៣០អង្គ នៅក្រុងប៉ាវា ប្រើតែសំពត់បង្សុកូល គឺរើសសំពត់ពីគំនរសំរាម មកប៉ះប៉ុនធ្វើជាត្រៃចីវរស្លៀកដណ្តប់។ លុះដល់ថ្ងៃចេញវស្សា ភិក្ខុទាំង៣០អង្គនោះ បាននិមន្តតាមផ្លូវឆ្ងាយរាប់សិបយោជន៍ ដើម្បីទៅថ្វាយបង្គំគាល់ព្រះបរមគ្រូ ក៏មានត្រៃចីវរទទឹកជោក ដោយទឹកភ្លៀង។ ព្រះអង្គអាណិតពេក ក៏ទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃ ប្រើប្រាស់សំពត់មានម្ចាស់ ឬសំពត់កឋិន តាំងពីពេលនោះមក។
កឋិនទាន នាំធ្វើមុនគេ ដោយ “ព្រះបាទបសេនទិកោសល” ព្រះមហាក្សត្រ ដែនកោសល រាជធានីសាវត្ថី។ ជំនាន់ ពុទ្ធកាល សំពត់ក្រណាស់ ដែលជនក្រីក្រគ្មានលទ្ធភាពធ្វើបុណ្យកឋិននោះទេ លុះត្រាតែព្រះមហាក្សត្រ សេដ្ឋី កុដុម្ពិកៈ ទើបអាចធ្វើបាន។ លុះចំណេរកាលតៗមក កឋិនទាន បានឆ្លងចូលមកដល់កម្ពុជា ដែលពីសម័យលង្វែកឧដុង្គ ការហែ កឋិន មានភាពគគ្រឹកគគ្រេងខ្លាំងណាស់ ដោយរៀបបរិក្ខារកឋិនលើខ្នងដំរី និងមានដំរីរាប់សិបក្បាល ត្រូវបានយកទៅហែ កឋិន។ ជួនកាលត្រូវហែតាមទូកមួង ទូកប៉ុកចាយ ជាដើម ដោយដង្ហែតាមដងទន្លេ ស្ទឹង ព្រែកនានា ដោយហេតុថា ពីទីវត្ត មួយៗទៅទីប្រជុំជន សម្បូរព្រៃ មិនទាន់មានផ្លូវគមនាគមន៍ឬផ្លូវគោកល្អ លុះត្រាតែហែកឋិនតាមផ្លូវទឹក ទើបឆាប់ទៅដល់។
គ្រឿងបរិក្ខារកឋិនទាន មានត្រៃចីវរ សំពត់សាដក បាត្រ ផ្លិត មុង កន្ទេល ខ្នើយ… ព្រមទាំងបច្ច័យសង្កត់ត្រៃ សម្រាប់ ទំនុកបម្រុងវត្តអារាម មានការសាងព្រះវិហារ កុដិ ឧបដ្ឋានសាលាជាដើម។ សម័យក្រោយៗមក ក្រៅពីបច្ច័យប្រគេន ព្រះសង្ឃ នៅសល់ប៉ុន្មាន គេចាត់ចែងសង់សាលារៀននៅក្នុងបរិវេណវត្តអារាមនោះ ឬយកទៅជួសជុលផ្លូវលំចូលវត្ត ហើយ បើវត្តណាទទួលបានបច្ច័យសង្កត់ត្រៃច្រើន ការកសាងសមិទ្ធផលនានា ក៏បានលឿនទៅតាមនោះដែរ។
បច្ចុប្បន្ន ដោយសារកម្ពុជា ដើរលើផ្លូវប្រជាធិបតេយ្យ សេរីពហុបក្ស បើអ្នកនយោបាយរវៀសរវៃធ្វើបុណ្យកឋិនទាន នឹងបានទទួលការគាំទ្រខ្ពស់ពីពុទ្ធបរិស័ទជាម្ចាស់ឆ្នោត។ កន្លងមក យើងឃើញថា បក្សកាន់អំណាច មិនដែលភ្លេចរឿងបុណ្យ កឋិនទាននោះទេ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឈានមុខគេជានិច្ចក្នុងការហែកឋិន។ វត្តអារាមស្ទើរតែ ទាំងអស់ នៅទូទាំងប្រទេស ដែលមានកុដិ ព្រះវិហារ ឧបដ្ឋានសាលា ស្រះទឹក ខ្លោងទ្វារ និងសមិទ្ធផលផ្សេងៗទៀត រីក ដូចផ្សិតនោះ ភាគច្រើនកើតដោយសារបុណ្យកឋិនទាន ផ្តើមដោយមន្ត្រីបក្សកាន់អំណាច តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។
ដោយឡែកបក្សប្រឆាំង មិនសូវមានលទ្ធភាពចេញមុខធ្វើជាអ្នកផ្តើមបុណ្យនោះឡើយ ដោយសារមិនសូវមានធនធាន ផង កម្លាំងសទ្ធាមានកម្រិតផង ម៉្លោះហើយការគាំទ្រពីពុទ្ធបរិស័ទក៏មានកម្រិតដែរ។ ឥឡូវរដូវកឋិនទាន ចូលមកដល់ទៀត ហើយ មន្ត្រីបក្សប្រឆាំង គ្មានលទ្ធភាពធ្វើបុណ្យកឋិនទាននោះទេ ព្រោះតែខ្លះជាប់ពន្ធនាគារ ខ្លះរវល់តែរត់ចោលស្រុក ទុក ឱ្យកូនចៅល្អិតល្អោចធ្វើ អ្នកដើមបុណ្យយ៉ាងម៉េចកើត? ការខកខានមិនបានធ្វើបុណ្យធំជាងគេនេះ ធ្វើឱ្យបក្សប្រឆាំង កាន់តែ បាត់បង់ ការគាំទ្របន្តិចម្តងៗ ហើយឆ្លៀតឱកាសនេះ មន្ត្រីបក្សកាន់អំណាច បើមានលទ្ធភាព ចេញមុខផ្តើមបុណ្យ កាន់តែ ច្រើន កាន់តែល្អ។
ចំណុចដែលពុទ្ធបរិស័ទចង់បាន គឺសុំឱ្យអ្នកមានធូរធារដែលគាំទ្របក្សកាន់អំណាច ជ្រើសវត្តណាដែលក្រីក្រជាងគេ សម្រាប់ធ្វើបុណ្យកឋិនទានវិញ ទើបបានអានិសង្សខ្ពស់។ សព្វថ្ងៃ វត្តអារាមខ្លះនៅជនបទចុងកាត់មាត់ញក ព្រះសង្ឃគង់នៅ អត្តខាត់ខ្លាំងណាស់ រកតែចង្ហាន់ឆាន់ស្ទើរមិនបានផង កុំថាឡើយ មានលទ្ធភាពកសាងកុដិ ព្រះវិហារ។ វត្តដែលអត្តខាត់ ខ្លាំង ជួនកាលពុទ្ធបរិស័ទភាគច្រើនគាំទ្របក្សប្រឆាំង ដូច្នេះបើមន្ត្រីអាជ្ញាធរខេត្ត-ស្រុក ឆ្លាត នាំគ្នាហែកឋិនទៅវត្តនោះ បើ គ្មានផ្លូវស្រួល អាចជិះរទេះគោ ឬជិះទូក លៃយ៉ាងណាទៅឱ្យដល់វត្ត ច្បាស់ជាអ្នកគាំទ្របក្សប្រឆាំង សម្តែងកិច្ចស្វាគមន៍ និងងាកមកគាំទ្របក្សកាន់អំណាចវិញមិនខាន។ បើប្រមូលបច្ច័យសង្កត់ត្រៃបានច្រើន គួរចាប់ផ្តើមកសាងផ្លូវចូលវត្ត ឱ្យ បានមុនគេ សឹមចាត់ចែងកសាងកុដិ ព្រះវិហារ ឬសាលារៀន តាមលំដាប់លំដោយ។ នយោបាយឈ្នះ នៅត្រង់ចំណុចហ្នឹង ព្រោះតាមការឃ្លាំមើល តំបន់ជនបទចុងកាត់មាត់ញក ដែលមានវត្តអារាមអត្តខាត់ គឺមកពីអាជ្ញាធរខេត្ត-ស្រុក មើលមិន សូវឃើញ ដូច្នេះបើអាជ្ញាធរបក្សកាន់អំណាច ចាត់ចែងហែកឋិនចូលវត្តអត្តខាត់នោះ ការបោះឆ្នោតលើកក្រោយ នឹងស្រូប ទាញបានអ្នកគាំទ្រមកវិញ។
សរុបទៅ “កឋិនទាន លើកតម្កើងអ្នកនយោបាយ” គឺមានន័យយ៉ាងនេះឯង។ ដូចលើកឡើងខាងលើរួចហើយថា ព្រះនាងបជាបតិគោតមី ម្តាយមីងព្រះពុទ្ធ មិនចង់ធ្វើបុណ្យជាមួយភិក្ខុបួសថ្មីនោះទេ ព្រោះតែការរើសអើងពូជពង្ស លុះបាន ដឹងថា “អជិតភិក្ខុ នឹងបានត្រាស់ដឹងជាព្រះពុទ្ធ ព្រះនាមព្រះសិអារ្យមេត្រី” ទើបព្រះនាងជ្រះថ្លាវិញ។ ដូចគ្នានេះដែរ ការធ្វើ បុណ្យកឋិនទាន បើរើសអើងវត្តក្រ វត្តប្រឆាំង មិនបានផលទេ គឺបើវត្តណាក្រ ឬមានពុទ្ធបរិស័ទប្រឆាំងខ្លាំង គួរចូលឱ្យ ខ្លាំងនោះ នឹងបានផលានិសង្សខ្ពង់ខ្ពស់ ព្រមទាំងជួយឱ្យបក្សកាន់ អំណាច មានប្រៀបឈ្នះជារៀងរហូត៕
ដោយ អាចារ្យថាំ