Tuesday, November 26, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី ប្រកាសថា ការចូលកម្សាន្តរមណីយដ្ឋានភ្នំបូកគោ លែងបង់លុយ ចាប់ពីថ្ងៃទី១៥ តុលា

នាយករដ្ឋមន្ត្រី ប្រកាសថា ការចូលកម្សាន្តរមណីយដ្ឋានភ្នំបូកគោ លែងបង់លុយ ចាប់ពីថ្ងៃទី១៥ តុលា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ថា ការចូលកម្សាន្តរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំបូកគោ នឹងលែងមានការបង់លុយទិញសំបុត្រ ចូលទៀតហើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ តទៅ ដោយក្រុមហ៊ុនសុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រ យកថ្លៃចូលឧទ្យាន ជាតិព្រះមុនីវង្ស “បូកគោ” និងរមណីយដ្ឋាន ឋានសួគ៌បូកគោនោះហើយ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃ ទី០៩ ខែតុលា ឆ្នាំ២០១៧ ថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មាន សេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា ក្រុមហ៊ុនសុខា អូតែល បាន ស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យាន ជាតិព្រះមុនីវង្ស “បូកគោ” និងរមណីយដ្ឋាន បូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលា ម៉ោង០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រ យកថ្លៃចូលឧទ្យានជាតិ នេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅ ទស្សនាកម្សាន្តនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពី ប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាន នៅក្នុងតំបន់ឧទ្យានជាតិ”។

សម្តេចហ៊ុន សែន បានសរសេរបន្តថា “បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនា នៅលើតំបន់ប្រវត្តិសាស្ត្រនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍ នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក៏ ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជា ពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាព រស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន”។

គួរបញ្ជាក់ដែរថា ការបញ្ឈប់បង់ថ្លៃចូល កម្សាន្តរមណីយដ្ឋានភ្នំបូកគោ ចាប់ពីថ្ងៃទី១៥ តុលា នោះ គឺចំថ្ងៃតែមួយ ជាមួយការបញ្ឈប់ បង់ថ្លៃឆ្លងកាត់ស្ពាននិងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា ចាប់ពីម៉ោង០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាននិងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិន បាច់បង់ថ្លៃឆ្លងកាត់ទៀតទេ ដោយរាជរដ្ឋាភិបាល នឹងទិញយកមកគ្រប់គ្រងវិញ ដើម្បី ដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើ ដំណើរទៅមករបស់ប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័ន ពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់ ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយ ចំនួនដែលនៅសេសសល់៕

ខៀវទុំ

RELATED ARTICLES