តារាឯក ក្រេត វិរិន្ទ បានចំណាយពេលសាងផ្នួសសងគុណឪពុកម្តាយ រយៈពេល១ខែ ធ្វើឱ្យគេត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងពេលសាងផ្នួសយ៉ាងខ្លីនេះ មានញាតិញោមធ្វើបុណ្យជាមួយគេរាប់លានបាត ។
ក្រេត ប្រាប់ថា ថ្វីបើប្រាក់នោះមានចំនួនច្រើន តែគេពុំបានប៉ះពាល់វាទេ ហើយតម្កល់ចិត្តយ៉ាងមុតមាំថា នឹងយកប្រាក់ទាំងអស់នេះទៅបំពេញអំពើកុសល។ គេបានចាប់ផ្តើមគម្រោងការសប្បុរសធម៌រួចហើយ នៅឯស្រុកកំណើត ដោយកសាងរបងសាលារៀន ការពារកុមារ ធ្លាក់ពីលើភ្នំ។
ក្រេត ប្រាប់ពីចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងពេលគេបួសថា “កាលបួស ខ្ញុំបានប្រាក់ធ្វើបុណ្យច្រើនណាស់។ ដោយផ្ទាល់ខ្លួន ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាណាស់ មិនថាតែបងអ្នកសារព័ត៌មាន ឬអ្នកដែលបានចូលរួមអនុមោទនាបុណ្យនោះទេ ប្រាក់ទាំងនេះ ខ្ញុំពុំបានប៉ះពាល់ឡើយ។ ខ្ញុំយកទៅធ្វើបុណ្យទាំងអស់។ គម្រោងទី១របស់ខ្ញុំ គឺកសាងរបងសាលាឱ្យមជ្ឈមណ្ឌលកុមារ ព្រោះមានគេប្រាប់ថា ពេលខ្លះមានកុមាររមៀលធ្លាក់ពីលើភ្នំ”។
ក្រោយបួស ក្រេត ហាក់ដូចជាមាននិស្ស័យជាមួយព្រះពុទ្ធសាសនាជាខ្លាំង ដោយពេលនេះ គេបានក្លាយជាតារាឯកដែលឈោងចាប់យកសកម្មភាពសង្គម និងសាងអំពើល្អជាមូលដ្ឋាន។ សម្រាប់ ក្រេត មានទស្សនៈថា “នៅ ពេលដែលយើងបានទទួល យើងក៏គួរជាអ្នកបរិច្ចាគវិញផងដែរ”៕