តារាសម្ដែងរូបសង្ហាកំពុងដណ្ដើមបានភាពលេចធ្លោ ក្នុងពិភពសម្ដែង លោកអ៊ុក ដារ័ត្ន នាពេលចុងក្រោយនេះ ឧស្សាហ៍បង្ហាញវត្តមាន ជាមួយតារាសម្ដែងប្រុសៗ ស្រស់សង្ហាដូចគ្នា រហូតមានការសង្ស័យថា លោកស្រលាញ់ភេទដូចគ្នា តែដារ័ត្ន បានប្រកែក…។
ស្ថិតនៅក្នុងវ័យ២៤ឆ្នាំលោកអ៊ុក ដារ័ត្ន បានបោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ ជាង៤ឆ្នាំមកហើយ តាមរយៈកម្មវិធីប្រឡង ជ្រើសតារាភាពយន្ត របស់ផលិតកម្ម ហើយមួយរយៈចុងក្រោយនេះ លោកក្ដោបក្ដាប់បានឱកាស ថតភាពយន្តជាច្រើន។ ដារ័ត្ន ធ្លាប់ថតនៅក្នុងខ្សែភាពយន្តមួយចំនួន ដូចជារឿង “ស្នេហាបញ្ចាស់ទិស”, “ម៉ែដោះក្រមុំ”, “បេះដូងក្រៅទ្រូង” រួមទាំងរឿង “អាឡេវចូលក្រុង” របស់ផលិតកម្មផងដែរ។ ក្រៅពីនោះ លោកក៏លេចមុខតាមស្ពតពាណិជ្ជកម្មធំៗ ឈុតខារ៉ាអូខេរបស់ផលិតកម្មល្បីៗ និងតាមរយៈ ក្រុមបង្ហាញម៉ូដផងដែរ។
យ៉ាងណា ស្របពេលកំពុងដណ្ដើមបាន ឱកាសសម្ដែងយ៉ាងជោគជាំនោះមួយរយៈចុងក្រោយនេះ ត្រូវបានគេសង្ស័យថា លោកអ៊ុក ដារ័ត្ន កំពុងតែលេងល្បែងស្នេហ៍ភេទដូចគ្នា ខណៈដែលគេឃើញលោកឧស្សាហ៍ ដើរតែជាមួយតារាប្រុសៗ រូបសង្ហាដូចគ្នា។
ប៉ុន្តែ ក្នុងជំនួបជាមួយលោកដារ័ត្ន ថ្មីៗនេះ លោកបានប្រកែកថា លោកពុំបានស្រលាញ់ភេទដូចគ្នា ដូចការលេចឮនោះទេ។ ដារ័ត្ន បន្ថែមថា “ការពិតមួយរយៈចុងក្រោយនេះ ខ្ញុំពិតជាឧស្សាហ៍ទៅណាមកណា ជាមួយប្រុសៗគ្នាឯងមែន តែពួកយើងគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ គឺគ្មានបំណងស្រលាញ់ភេទដូចគ្នាដូចការលេចឮនោះទេ”។ ដារ័ត្ន បន្តថា “សម្រាប់ខ្ញុំជាមនុស្សប្រុសពេញលក្ខណៈ គឺខ្ញុំមានមនោសញ្ចេតនា តែជាមួយស្រីៗ តែប៉ុណ្ណោះ មិនទៅស្រលាញ់ភេទដូចគ្នានោះទេ។ ពោលគឺថ្ងៃអនាគត ខ្ញុំនឹងត្រូវយកប្រពន្ធបង្កើតកូនចៅ ដូចបុរសៗដទៃដែរ គឺមិនទៅស្រលាញ់ភេទដូចគ្នានោះទេ”។
តារាមកពីខេត្តកណ្ដាល រូបនេះ បានឲ្យដឹងដែរថា ចំពោះអាជីពសម្ដែង ដែលប្រឡូកជាង៤ឆ្នាំកន្លងមកនេះ ភាគច្រើនលោកសម្ដែង ជាតួរងដោយមិនទាន់បាន ភ្លក្សរសជាតិតួឯកនៅឡើយទេ។ ដារ័ត្ន បន្ថែមថា “មួយរយៈចុងក្រោយនេះ ខ្ញុំទទួលបានឱកាសថតភាពយន្តជាច្រើន តែបានសម្តែងតែតួរងតែប៉ុណ្ណោះ។ ប៉ុន្តែឆាប់ៗនេះ ខ្ញុំកំពុងត្រៀមថត៣រឿងព្រមគ្នា ក្នុងនោះក៏មានតួឯកមួយរឿងផងដែរ”។
លោកអ៊ុក ដារ័ត្ន បានឲ្យដឹងដែរថា ក្រៅពីអាជីសម្ដែង បង្ហាញម៉ូត ពិធីករ លោកក៏អាចច្រៀងបានដែរ ដែលគ្រោងបង្កើតក្រុមចម្រៀងរួម ជាមួយនឹងក្បាច់រាំ ក្នុងពេលឆាប់ៗនេះ។
អ៊ុក ដារ័ត្ន មានស្រុកកំណើតនៅភូមិព្រែកជើងព្រំ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូន៧នាក់ ស្រី១។ លោកមានកម្ពស់១.៨៣ម៉ែត្រ និងទម្ងន់៧៩គីឡូក្រាម។
ចំពោះរឿងស្នេហា លោកបញ្ជាក់ថា មិនទាន់គិតទេ ព្រោះចង់លេងសិល្បៈកសាងកេរ្តិ៍ឈ្នោះ ជួយជីវភាពគ្រួសារឲ្យប្រសើរសិន៕ សុខ ស៊ីឡាង