Thursday, November 28, 2024
Homeតារាខ្មែរស្លាប់១៨ថ្ងៃ ព្រលឹងសាន ស្រីឡៃ  សួរប្តីថា "បងបាញ់អូន និងខ្លួនឯងក្ស័យ បានអីមកវិញ?”

ស្លាប់១៨ថ្ងៃ ព្រលឹងសាន ស្រីឡៃ  សួរប្តីថា “បងបាញ់អូន និងខ្លួនឯងក្ស័យ បានអីមកវិញ?”

ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានភ្ញាក់ផ្អើលប្រទះឃើញនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងសាន ស្រីឡៃ ដែលត្រូវស្វាមីបាញ់ស្លាប់១៨ថ្ងៃទៅហើយនោះ ស្រាប់តែលេចសារថ្មីមួយបន្ថែមទៀត សួរទៅកាន់បុរសជាប្តីថា “បងបាញ់អូនក្ស័យ បានអីមកវិញ?”។

កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកឈ្មោះ San SreyLai ដែលតារាចម្រៀងសាន ស្រីឡៃ ធ្លាប់បានប្រើប្រាស់ផ្ទល្ទា់ខ្លួន កាលពីពេលដែលនាងនៅមានជីវិតបានបង្ហោះរូបភាពចំនួន២សន្លឹក ក្នុងនោះ១សន្លឹកនោះ បង្ហាញពីរូបភាពដ៏កក់ក្តៅ រវាងសាន ស្រីឡៃ និងកូនប្រុសទាំង២ ដែលពោរពេញទៅដោយស្នាមញញឹម និង១សន្លឹកទៀត បង្ហាញពីរូបភាពដែលសាន ស្រីឡៃ និងប្តី ដេកស្លាប់ទន្ទឹមគ្នាក្នុងថ្លុកឈាម បន្ទាប់ពីត្រូវបុរសជាប្តីបាញ់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ជាមួយនេះ ក៏មានការបង្ហោះ MV ចម្រៀងរបស់សាន ស្រីឡៃ មួយបទ ដែលមានចំណងជើងថា “ទប់ៗខ្លះទៅ” ព្រមជាមួយសំណេរថា “បងហ្អា បងទប់ៗខ្លះទៅបានទេ រាល់ពេលបងខឹងអូន បងកុំវ៉ៃអូន បងស្តាប់ហេតុផលអូនបន្តិចសិនបានអត់? ទប់ៗខ្លះទៅបានទេ អូនសុំប៉ុណ្ណឹង? សម្រួលអារម្មណ៍ កុំខឹងធ្វើតាមចិត្តខឹង តែចុងក្រោយបងប្រហារអូនឱ្យក្ស័យបែបនេះ? ពួកយើងស្លាប់ទៅ តើបានអ្នកណាចិញ្ចឹមកូនៗយើង? បងឃើញទេ ដោយសារកំហឹងបងមួយពេល បងធ្វើឱ្យកូនប្រុសយើងទាំងពីរវេទនា មានឈ្មោះជាកូនកំព្រា ខ្វះភាពកក់ក្តៅអស់មួយជីវិត…”។

ទាក់ទងទៅនឹងការបង្ហោះសារមួយឃ្លាខ្លីខាងលើនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិសេសអ្នកគាំទ្រសាន ស្រីឡៃ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនឹកឆ្ងល់ថា ហេតុអ្វីសាន ស្រីឡៃ ស្លាប់ទៅហើយ បែរជាទំព័រហ្វេសប៊ុករបស់នាងនៅតែដំណើរការ មានការបង្ហោះសាររូបភាពវីដេអូប្លែកៗជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ មានការបង្ហោះសារថា “ទំនេរៗ នឹកដល់នារីដ៏កម្សត់ម្នាក់នេះផងបានអត់?…” ហើយចុងក្រោយនេះ ស្រាប់តែលេចចេញនូវសាថ្មីគួរឱ្យភ្ញាក់ផ្អើលមួយទៀត ដែលហាក់បង្ហាញនូវការសន្ទនារវាងព្រលឹងសាន ស្រីឡៃ ជាមួយប្តី ដែលស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយ ទីកន្លែងតែមួយនោះ ក្រោយពេលស្លាប់បាន១៨ថ្ងៃ អំពីលទ្ធផលនៃកំហឹងប្រចណ្ឌឈានដល់ការធ្វើឃាត និងអត្តឃាត បន្សល់ទុកនៅកូនកំព្រា២នាក់ រស់វេទនាឥតមេបា។

យ៉ាងណាតាមប្រភពអ្នកស្និទ្ធនឹងក្រុមគ្រួសារសាន ស្រីឡៃ បានឱ្យដឹងថា ក្រោយពេលត្រូវប្តីបាញ់ស្លាប់ទំព័រហ្វេសប៊ុករបស់សាន ស្រីឡៃ នៅតែដំណើរការប្អូនស្រីរបស់នាង ជាអ្នកប្រើបន្តបានបង្ហោះសារ ព្រមទាំងរូបភាព និងវីដេអូចម្រៀងរបស់សាន ស្រីឡៃ ជាបន្តបន្ទាប់ ដែលបង្ហាញពីការនឹករលឹកដល់បងស្រីជាទីស្រលាញ់ ព្រមទាំងចង់ឱ្យមហាជននឹកនា និងចងចាំរូបបងស្រីរបស់នាងផងដែរ។

សូមរំលឹកថា តារាចម្រៀងសាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ ឈានចូលដល់វគ្គ និងជាតារាចម្រៀង និងសម្តែងផលិតកម្មរបស់ផលិតកម្មហង្សមាស នោះ ត្រូវបានបុរសជាប្តី ឈ្មោះជ័យ រិន ហៅម៉ៅ មុខរបស់ជាមន្ត្រីគយបាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ក្នុងបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាប្តីក៏បាន បាញ់សម្លាប់ខ្លួនឯងចំសៀត ផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកកូនប្រុសតូចចំនួន២នាក់ រស់នៅកំព្រាគ្មានទីពឹង។

ចំពោះមូលហេតុនៃឃាតកម្ម និងអត្តឃាតកម្មនេះ ត្រូវបានក្រុមគ្រួសារសាន ស្រីឡៃ បញ្ជាក់ថា ដោយសារការប្រចណ្ឌរបស់បុរសជាប្តី និងការអង្វរសុំរួមស្នេហ៍ជាថ្មី តែស្រីឡៃ មិនព្រម ព្រោះនាងដឹងថា បុរសជាប្តីនោះ មានប្រពន្ធកូនរួចទៅហើយ មុនពេលមកស្រឡាញ់នាង ទើបចុងក្រោយបុរសជាប្តីបានឈានដល់បាញ់សម្លាប់សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនតែម្តង បន្ទាប់ពីធ្លាប់បានគំរាមស្រីឡៃ ថា “បើមិនព្រមត្រូវរ៉ូវគ្នាវិញ មានតែស្លាប់ទាំង២នាក់”…៕

RELATED ARTICLES