Friday, September 20, 2024
Homeតារាខ្មែរកែវ និសា ជ្រើសលោកផ្កាយ៤ ក្រោយលឹម ជាឡាយ ងាកទៅស្អិតល្មួតជាមួយគៀត សុវណ្ណាឡាង?

កែវ និសា ជ្រើសលោកផ្កាយ៤ ក្រោយលឹម ជាឡាយ ងាកទៅស្អិតល្មួតជាមួយគៀត សុវណ្ណាឡាង?

កែវ និសា (វង្ស សុផាវណ្ណ) បានបាត់ខ្លួនពីកម្មវិធីសិល្បៈទាំងឡាយសាជាថ្មី នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីចំណងស្នេហ៍នាងជាមួយប្រុសក្មេងលឹម ជាឡាយ ល្បីដើរដល់ទីបញ្ចប់ ព្រោះតែជាឡាយ ងាកទៅនែបនិត្យតារាសាច់សខ្ចី គៀត សុវណ្ណាឡាង។

តាមប្រភពថា ជាការឆ្លើយតបទៅនឹងទង្វើរបស់ប្រុសស្នេហ៍ជាឡាយ ពេលនេះកែវ ​និសា អាចនឹងលេងមួយក្បាច់ដាច់ផ្ងារអតីត Freshie Boy រូបនេះ ដោយនាងនឹងក្លាយជាជំទាវភ្លាម ប្រសិនបើព្រមផ្តាច់ស្នេហ៍សង្សារចាស់ មកជ្រើសស្នេហ៍លោកផ្កាយ៤ ដ៏មានអំណាចម្នាក់ដែលតាមស្នេហ៍ជាច្រើនឆ្នាំមកហើយនោះ…។

កែវ និសា ដែលលែងលះអតីតប្តីអាណិកជនខ្មែរនៅអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ នោះ ធ្វើឱ្យអ្នកមេម៉ាយរូបស្រស់នេះ កាន់តែមានមន្តស្នេហ៍ខ្លាំងឡើងៗ ដែលតារាស្រីក្មេងៗមួយចំនួនទៀតមិនអាចប្រៀបធៀបបានឡើយ ព្រោះមានទាំងប្រុសក្មេង និងចាស់ដណ្តើមគ្នា ស្នេហ៍អ្នកមេម៉ាយស្អាតជាងក្រមុំរូបនេះ។

យ៉ាងណា កែវ និសា ស្អិតល្មួតស្នេហ៍តែជាមួយប្រុសក្មេងលឹម ជាឡាយ ជាងគេ ដោយពួកគេបានសាងស្នេហ៍លួចលាក់ជាមួយគ្នាជាច្រើនឆ្នាំមកហើយ ដោយមានក្រុមគ្រួសារទាំងសងខាងដឹងឮទៀតផង ហើយកន្លងមក ពួកគេត្រៀមរៀបការជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់ តែមង្គលការនោះត្រូវបានលើកពេលជាបន្តបន្ទាប់ ព្រោះតែនិសា មានជម្រើសស្នេហ៍ច្រើន ​ហើយជាឡាយ ប្រៀបបានដូចជាកង់សាកួអីចឹង។ ចំណងស្នេហ៍ខុសវ័យរបស់តារា១គូនេះ បានឈានដល់ការរង្គោះរង្គើកាន់តែខ្លាំង នៅឆ្នាំ២០១៧នេះ ព្រោះតែនិសា ឬសុផាវណ្ណ ច្រើនតែដើរចោលជាឡាយ ទៅកម្សាន្តនៅក្រៅប្រទេសជាញឹកញាប់ ដោយទិញសុទ្ធតែជារបស់ម៉ាកល្បី មិនចាញ់ជំទាវឡើយ។ ចំណែកលឹម ជាឡាយ ដែលតុកស៊ិកខ្លាំង ពេលខ្លះទៅអង្គុយផឹកស្រាតែម្នាក់ឯង ព្រោះតែមានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា និសា ត្រូវបានលោកផ្កាយ៤ ដ៏មានឥទ្ធិពលម្នាក់ តាមស្នេហ៍យ៉ាងប្រកិត ហើយលោកធំនោះចង់ឱ្យអ្នកមេម៉ាយរូបស្រស់បោះបង់ចោលស្នេហ៍ប្រុសក្មេងជាថ្នូរនឹងការចង់បានអ្វីៗ គឺបានដូចចិត្តទាំងអស់នោះ នាំឱ្យជាឡាយ លេងមួយក្បាច់ដាក់អ្នកមេម៉ាយនិសា វិញ ដោយការទៅស្អិតល្មួតស្នេហ៍ជាមួយស្រីស្អាតគៀត សុវណ្ណាឡាង ដោយពួកគេបណ្តើរគ្នាយ៉ាងត្រសងដូចប្តីប្រពន្ធអីចឹង ហើយមានតារាជាច្រើនជំរុញឱ្យពួកគេរៀបការជាមួយគ្នាទៀតផង។

អ្វីដែលធ្វើឱ្យកែវ និសា ស្រឡាំងកាំងថែមទៀតនោះ គឺថ្មីៗនេះ ស្រីស្អាតគៀត សុវណ្ណាឡាង បានបង្ហើបឱ្យដឹងថា មានលោកថៅកែរោងចក្រទឹកកកដ៏ធំនៅក្រុងកំពង់ចាម បានជំរុញឱ្យនាងរៀបការជាមួយលឹម ជាឡាយ ទៀតផង ដោយលោកថៅកែជាអ្នករ៉ាប់រងចេញលុយរៀបការឱ្យ ប្រសិនបើនាងព្រមយកជាឡាយ ធ្វើជាប្តីនោះ។ ដំណឹងនេះធ្វើឱ្យអ្នកមេម៉ាយកែវ និសា បើកភ្នែកធំៗ ខណៈដែលអ្នកណាក៏ដឹងថា ប្រុសក្មេងជាឡាយ គឺជាគូសង្សាររាប់ឆ្នាំរបស់នាងដែរ ចុះហេតុអីបានជាពេលនេះ លោកថៅកែទឹកកកនោះ មិនចេញលុយឱ្យនាងរៀបការជាមួយជាឡាយ ហើយបែរជាចង់ឱ្យសង្សាររបស់នាងទៅរៀបការជាមួយគៀត សុវណ្ណាឡាង ទៅវិញ?

ប៉ុន្តែ យ៉ាងណា គៀត សុវណ្ណាឡាង ថា រវាងនាងនិងជាឡាយ គឺនៅពេលនេះ គ្រាន់តែជាមិត្តភក្តិធម្មតាប៉ុណ្ណោះ តែនៅថ្ងៃក្រោយ នាងមិនអាចមើលដឹងថា មានរឿងអ្វីកើតឡើងឡើយ។

តារាសិល្បៈមួយចំនួនបាននិយាយស្របគ្នាថា ពេលនេះស្នេហាអ្នកមេម៉ាយកែវ និសា និងប្រុសក្មេង លឹម ជាឡាយ ហាក់កាន់តែមានភាពចម្រូងចម្រាសកាន់តែខ្លាំងហើយ ព្រោះថា ម្នាក់ៗងាកទៅសាងស្នេហ៍ថ្មីរៀងៗខ្លួន។ ប៉ុន្តែ លឹម ជាឡាយ ដែលចង់បញ្ឈឺកែវ និសា តាមរយៈទៅល្អូកល្អិនជាមួយស្រីស្អាតគៀត សុវណ្ណាឡាង នោះ ចុងក្រោយ ប្រុសក្មេងរូបនេះអាចនឹងត្រូវកែវ និសា ធ្វើឱ្យស្តាយក្រោយជាមិនខាន ព្រោះថា បើសិនជាកែវ និសា ទៅភ្ជាប់ស្នេហ៍លោកផ្កាយ៤ជាចំហនោះ គឺនាងនឹងក្លាយជាជំទាវដែលមានអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងកណ្តាប់ដៃ មិនចាញ់អតីតតារាមួយចំនួន ដែលពេលនេះ ក្លាយទៅជាភរិយាឯកឧត្តម និងឧកញ៉ានោះឡើយ។

ប្រភពបានឱ្យដឹងថា លោកធំផ្កាយ៤ ដែលស្រលាញ់ងប់ទៅលើកែវ និសា ខ្លាំងនោះ បានលួងលោមឱ្យអ្នកមេម៉ាយរូបនេះ បោះបង់ស្នេហ៍ប្រុសក្មេង លឹម ជាឡាយ ជាច្រើនលើកមកហើយ តែសុផាវណ្ណ មិនដាច់ចិត្ត លុះនៅពេលឮកែវ និសា និងជាឡាយ ប្រេះឆាគ្នាបែបនេះ លោកធំនោះសប្បាយចិត្តជាខ្លាំង ហើយថា មិនយូរទេ អ្នកមេម៉ាយកែវ និសា នឹងក្លាយជាជំទាវល្បីឈ្មោះជាងគេជាមិនខានឡើយ។

កែវ និសា ដែលពេលនេះ ដាច់ចិត្តផ្តាច់ស្នេហ៍ពីប្រុសក្មេងលឹម ជាឡាយ នោះ ស្រាប់តែបាត់មុខពីសិល្បៈសាជាថ្មី ទាំងអាជីពជាពិធីការិនី ការសម្តែង ភាពយន្ត និងខារ៉ាអូខេផងដែរ ទើបធ្វើឱ្យមានការសង្ស័យកាន់តែច្រើនថា និសា អាចនឹងចូលទ្រុងស្នេហ៍លោកធំផ្កាយ4នោះហើយ។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានលេចឮខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីស្រីស្អាតកែវ និសា បានទេ ខណៈដែលកន្លងមក នាងក៏មិនអើពើចេញមុខបំភ្លឺព័ត៌មានពាក់ព័ន្ធរឿងស្នេហារបស់នាងឡើយ។ ប៉ុន្តែយ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីកែវ និសា ជានិច្ច៕

RELATED ARTICLES