Friday, September 20, 2024
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា មិនប្រជែងមាស សុខសោភា សំខាន់មានបទចម្រៀងទៀងទាត់លើទីផ្សារ

ឈិត សុវណ្ណបញ្ញា មិនប្រជែងមាស សុខសោភា សំខាន់មានបទចម្រៀងទៀងទាត់លើទីផ្សារ

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ឈិត សុវណ្ណបញ្ញា ដែលឈានមួយជំហានទៅទើរនៅទ្រនំថោន នោះ ហាក់នៅទ្រឹងថ្កល់ មិនទាន់ធ្វើឱ្យទីផ្សារចម្រៀងនាងប្រែប្រួលឡើយ ខណៈដែលមាស សុខសោភា នៅតែជាតួឯករបស់ថោន ដដែល។ ឈិត សុវណ្ណបញ្ញា វាចាថា នាងមិនធ្លាប់គិតចង់ប្រជែងជាមួយមាស សុខសោភា ទេ …។

ខុសប្លែកពីតារាចម្រៀងមួយចំនួនដែលប្តូរពីទ្រនំចាស់ផ្លាស់ចូលទ្រនំថ្មី ដើម្បីចង់ធ្វើជាតួឯកសំខាន់ ឬតារាល្បីជាងគេនៅផ្ទះថ្មីនោះ តែឈិត សុវណ្ណបញ្ញា បែរជាគ្មានបំណងចង់បានលេខ១ ឬលេខ២ នៅផលិតកម្មថោន ឡើយ ហើយនាងថែមទាំងសារភាពថា មិនធ្លាប់ស្រមៃចង់ប្រជែងជាមួយតារាល្បីជាងគេនៅថោន មាស សុខសោភា ទៀតផង ព្រោះតែសមត្ថភាពខុសគ្នា។

ក្នុងជំនួបផ្ទាល់ ឈិត សុវណ្ណបញ្ញា បានថ្លែងថា ពេលនេះនាងមានសេចក្តីសុខជាមួយថោន ហើយមិនចង់បានតំណែងលេខ១ លេខ២ ឬចង់ប្រជែងជាមួយសុខសោភា ទេ ព្រោះដឹងថា មិនអាចទៅរួចឡើយ។

សុវណ្ណបញ្ញា វាចាមួយៗថា “ខ្ញុំដឹងខ្លួនឯង ដឹងសមត្ថភាពខ្លួនឯង ខ្ញុំមិនអាចទៅប្រជែងអីជាមួយគាត់ (សុខសោភា) បានទេ ហើយខ្ញុំក៏គ្មានបំណងចង់ទៅប្រជែងជាមួយតារាណាម្នាក់ដែរ។ សំខាន់ខ្ញុំចង់ឱ្យមានបទចម្រៀងចេញឱ្យបានទៀងទាត់ដូចគេនៅលើទីផ្សារទៅបានហើយ រឿងល្បីប៉ុនណា សន្ទុះប៉ុនណា ទុកឱ្យមហាជនជាអ្នកឱ្យតម្លៃទៅចុះ”។

ឈិត សុវណ្ណបញ្ញា បានជ្រកកោននៅផលិតកម្មរស្មីហង្សមាស ១១ឆ្នាំ (២០០៥-២០១៦) តែតារាតូចច្រឡឹងរូបនេះគ្មានឱកាសបានចេញ១វ៉ុលសុទ្ធម្នាក់ឯង (Solo Album) ទេ ហេតុនេះហើយបានជាអតីតម្ចាស់ជ័យលាភី Rock Star ២០០៥ របស់ CTN រូបនេះ ដាច់អាល័យជាមួយហង្សមាស ហើយបានសម្រេចចិត្តហើរចេញមកផ្ញើខ្លួនជាមួយទ្រនំថោន វិញម្តង តែនៅពេលនេះ គេនៅតែមិនទាន់ឃើញបញ្ញា បានចេញ១វ៉ុលសុទ្ធម្នាក់ឯងដដែល។

តារាចម្រៀងថោន រូបនេះថ្លែងថា “រឿងចេញ១វ៉ុលសុទ្ធនេះ ខ្ញុំនៅមិនទាន់បានចេញទេបង! និយាយទៅនៅលើក្រុមហ៊ុនជាអ្នករៀបចំឱ្យទាំងអស់ ខ្ញុំមិនអាចលូកដៃចូលក្រុមហ៊ុនបានឡើយ គ្រាន់តែថា យើងអាចឱ្យយោបល់គេក្នុងការធ្វើជាចម្រៀងយ៉ាងម៉េចបាន។ ពេលនេះខ្ញុំក៏គ្មានអ្នកនិពន្ធអីផ្ទាល់ខ្លួនដែរ ព្រោះនៅថោន គេមានអ្នកនិពន្ធស្រាប់ទៅហើយ បើយើងយកអ្នកនិពន្ធទៅ តើខាងក្រុមហ៊ុនគិតម៉េចវិញ អីចឹងខ្ញុំទុកឱ្យខាងក្រុមហ៊ុនជាអ្នករៀបចំឱ្យតែម្តងទៅ”។

គួរបញ្ជាក់ថា ឈិត សុវណ្ណបញ្ញា ទើបតែបានចេញបទថ្មីចុងក្រោយ មានដូចជាបទ “កន្លែងដើម តែមិនដូចដើម”, “ចាប់អារម្មណ៍គេខ្លាំង” និងបទ “Tell Me Why?” ដែលបទទាំងនោះសុទ្ធតែពេញនិយមពីសំណាក់យុវវ័យ៕

RELATED ARTICLES