គិតរហូតមកទល់ពេលនេះ កូនស្រីរបស់អ្នកនាងគង់ សុជាតិ ឈ្មោះដូរី ដែលជាចំណងដៃនិស្ស័យស្នេហ៍ជាមួយលោកជា វិបុល មានអាយុ១១ខែហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧នេះ ខណៈដែលអ្នកនាងសុជាតិ បង្ហើបថា ស្វាមីកំពុងរំអុកចង់បានកូន១ទៀតគ្រាន់ប្រលែងលេងរឹតចំណងស្នេហ៍។
អ្នកនាងគង់ សុជាតិ ដែលកំពុងមានសុភមង្គលយ៉ាងកក់ក្ដៅជាមួយស្វាមីលោកជាវិបុល បានបង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ដោយបានចោទសួរអ្នកគាំទ្រថា «ប្ដីខ្ញុំថា ឲ្យខ្ញុំយកកូនមួយទៀតទៅ គួរតែមានអត់បងប្អូន?»។ មិត្តភក្ដិនៅក្នុងបណ្ដាញសង្គមអ៊ីស្តាក្រាមជាច្រើនបានលើកទឹកចិត្តអ្នកនាងសុជាតិ គួរឲ្យយកកូនម្នាក់ទៀតទៅ ដើម្បីស្របតាមបំណងស្វាមី ខណៈដែលខ្លះលើកឡើងថា វ័យរបស់អ្នកនាងសុជាតិ មិនទាន់ហួសពេលទេ គឺនៅតែអាចយកកូនបន្ថែមទៀតបាន។ រីឯអ្នកខ្លះទៀតថា បើទោះបីពេលអ្នកនាងកំពុងមានផ្ទៃពោះ ក៏នៅតែស្រស់ស្អាត និងហាក់ពុំបាក់សម្រស់ទាល់តែសោះ។ យ៉ាងណា អ្នកនាងសុជាតិ មិនទាន់បញ្ជាក់ថា នឹងត្រូវយកកូនបន្ថែមទៀតឬយ៉ាងណានោះទេ គឺអ្នកនាងកំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ។
គួរបញ្ជាក់ថា អ្នកនាងគង់ សុជាតិ បានចូលនឹមអាពាហ៍ពិពាហ៍ជាមួយពិធីករល្បីឈ្មោះ លោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកុងទីណង់តាល់ (អ៊ីនធើខន)។ ក្រោយពេលរៀបការរយៈពេលជាង៣ឆ្នាំ ទើបអ្នកនាងសុជាតិ សម្រេចបំណងពពោះបានកូនស្រី ខណៈដែលពេលនោះមានដំណឹងថា អ្នកនាងសុជាតិ ពពោះបានសម្រេច ដោយសារចាក់បញ្ចូលមេជីវិតនៅមន្ទីរពេទ្យមួយម្ដុំវិទ្យាល័យព្រះស៊ីសុវត្ថិ។ យ៉ាងណា អ្នកនាងសុជាតិ ធ្លាប់អះអាងថា អ្នកនាងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់កំណើតឲ្យកូន ពីព្រោះអ្នកនាងធ្លាប់មានកូនប្រុសស្រី២នាក់រួចទៅហើយ ដូច្នេះគ្មានហេតុផលណាដែលអ្នកនាងត្រូវចាក់បញ្ចូលមេជីវិតនោះទេ ខណៈដែលលោកជា វិបុល ជាបុរសពេញលក្ខណៈ និងមានសុខភាពល្អរឹងមាំ។ ពោលគឺអ្នកនាងទទួលបានចំណងដៃកូនស្រីឈ្មោះដូរី គួរឲ្យស្រលាញ់តាមរយៈសមត្ថភាពធម្មជាតិយ៉ាងពិតប្រាកដ។
កន្លងមក អ្នកនាងសុជាតិ មានគម្រោងយកតែម្នាក់តែប៉ុណ្ណោះ ព្រោះអ្នកនាងមានកូនប្រុសស្រី២នាក់រួចទៅហើយ ប៉ុន្តែអ្នកនាងបង្ហើបថា ស្វាមីកំពុងចង់បានកូនម្នាក់បន្ថែមទៀត ដើម្បីបង្កើនភាពកក់ក្ដៅក្នុងគ្រួសារ ខណៈដែលមិត្តភក្ដិជាច្រើនជាច្រើនគាំទ្រឲ្យអ្នកនាងសុជាតិ យកកូនម្នាក់ទៀតដើម្បីបំពេញបំណងស្វាមី៕