ពិធីការិនីឌួង ហ្សូរីដា ដែលជាប្រធានក្រុមបង្ហាញម៉ូដ CSM (Cambodia Super Model) ជាច្រើនឆ្នាំហើយក្រុមនេះប្រជុំទៅដោយតារាល្បីៗជាច្រើន មានតាំងពី Grade A ដល់ C តាមតម្រូវការតាមអតិថិជនដែលចង់បានក្នុងកម្មវិធី Event ផ្សេងៗនោះ ស្រាប់តែមួយរយៈពេលចុងក្រោយនេះ ក្រុមតារាបង្ហាញម៉ូដដែលនៅក្រោមការគ្រប់គ្រងរបស់ហ្សូរីដានេះ បានបាត់មុខពីកម្មវិធីធំៗទៅវិញ ទើបធ្វើឲ្យលេចឮថា ក្រុមបង្ហាញម៉ូដនេះត្រូវបានរំសាយទៅវិញ ព្រោះតែមានភាពមិនសូវចុះសម្រុងគ្នា ហេតុនេះហើយសមាជិកទាំងអស់ក៏ចូលទៅក្រុមបង្ហាញម៉ូដផ្សេងៗរៀងខ្លួនអស់។ ប៉ុន្ដែនៅថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី០៤ ខែវិច្ឆិកា នោះ ក្រុម CSM បែរជាលេចមុខជាថ្មីមកវិញនៅលើកញ្ចាក់ទូរទស្សន៍ប៉ុស្ដិ៍បាយ័ន ដែលរៀបចំនៅកោះពេជ្រ ហើយក្នុងនោះគេឃើញមានតារាល្បីៗជាច្រើនដួងនោះ បានស្លៀកឈុតដែលមានការច្នៃជាសំបកកំប៉ុងស្រាបៀរកម្ពុជា ឡើងបង្ហាញម៉ូដលើឆាក ដែលមានភ្លៀងស្រិចៗនោះទៀតផង ក្នុងនោះមានដូចជា អ្នកនាងលី ម៉ារីណា, សារ៉ាយ សក្ខណា, ទឹម រដ្ឋា, សុផា លីនដា, ធីយ៉ា, ខេត, ទឹម វត្តី ជាដើម។
ឌួង ហ្សូរីដា ដែលជាប្រធានក្រុមបង្ហាញម៉ូដ CSM បានឲ្យដឹងថា ក្រុមបង្ហាញម៉ូដរបស់នាងមិនមានការបែកបាក់ទេ តែមួយរយៈមុន មិនសូវមានសកម្មភាព ព្រោះតែសមាជិកខ្លះមានការរវល់រៀងៗខ្លួន ហើយក្រុមរបស់នាងបានចូលទៅជាសមាគមបង្ហាញម៉ូដកម្ពុជា CSMA (Cambodia Super Model Association) ជាង៣ឆ្នាំទៅហើយ ដែលរាល់ព្រឹត្តិការណ៍ធំៗ គឺតែងតែមាន CSM និងក្រុមបង្ហាញម៉ូដផ្សេងៗទៀតរួមរួមគ្នា។
ឌួង ហ្សូរីដា ថ្លែងថា ”ខ្ញុំសូមបញ្ជាក់ថា ”CSMA អ្នកណាក៏ចូលបានដែរ យើងស្វាគមន៍តារាបង្ហាញម៉ូដទាំងអស់នៅស្រុកខ្មែរ យើងមិនមែនជាការប្រជែងគ្នាទេ គឺយើងប្រមូលក្រុមហ៊ុនផ្សេងៗ រួមរួមគ្នាសហការគ្នាតែមួយ។ ខ្ញុំសូមបញ្ជាក់ថា ក្រុម CSM យើងមិនមែនបែកបាក់គ្នាដូចគេថាទេ គឺកន្លងមកយើងមិនសូវបានបង្ហាញមុខដោយសារតែកម្មវិធីខ្លះតូចៗអី យើងទម្លាក់ទៅឲ្យក្រុមហ៊ុនផ្សេងគាត់រៀបចំវិញ ព្រោះថាតារាខ្លះ គាត់ល្បីអី ជួនកាលគាត់មិនសូវចង់បង្ហាញខ្លួននៅកម្មវិធីតូចៗទេ។ ចំណុចមួយទៀត កន្លងមកយើងមានតារាល្បីជាច្រើននៅក្នុងក្រុមរបស់យើង តែដូចជា លី ម៉ារីណា, សារ៉ាយ សក្ខណា, ទូច ស្រីលក្ខណ៍ ជាដើម ចុងក្រោយគាត់មានគ្រួសារអីចឹង ពួកយើងមិនសូវបានជួបគ្នាទេ ទើបតែនៅថ្ងៃបុណ្យអុំទូកនេះ យើងជួបគ្នា ហើយគិតថា អាចឆ្លៀតធ្វើការជាមួយគ្នា ក៏ក្រុមយើងបង្ហាញខ្លួននៅថ្ងៃបុណ្យអុំទូកហ្នឹង ដោយការច្នៃម៉ូដសម្លៀកបំពាក់ គឺហាងដាណាម៉ា ជាអ្នករៀបចំឲ្យទាំងអស់”។
ទោះជាឌួង ហ្សូរីដា បញ្ជាក់ថា ក្រុមបង្ហាញម៉ូដរបស់នាងនៅតែមានការដំណើរការដូចមុនក្ដី ក៏នាងអះអាងថា ពេលនេះក្រុម CSMA មិនមានការកុងត្រាជាមួយសមាជិកទាំងអស់ឡើយ ហើយចំពោះអ្នកថា ក្រុមបង្ហាញម៉ូដរបស់នាងបែកបាក់អស់ហើយនោះ គឺគ្រាន់តែជាអ្នកចង់បំផ្លាញ CSMA ប៉ុណ្ណោះ។
ពិធីការិនីរូបនេះបន្ថែមថា ”ខ្ញុំមិនបានចាប់យកតារាបង្ហាញម៉ូដរូបណាចូលក្នុងកុងត្រាជាមួយ CSMA ទេ គឺអត់មានចិញ្ចឹមតារាណាក្នុងកុងត្រាទេ ព្រោះការធ្វើការពួកគាត់ទាំងអស់គឺសុទ្ធតែជាតារាល្បី និងមានកិត្តិយស អីចឹងគាត់ធ្វើការក៏ស្រលាញ់កិត្តិយសដែរ។ ចំពោះតារាដែលគាត់ដើរនិយាយថា ក្រុមយើងបែកបាក់នោះ គឺគាត់មិនមែនជាសមាជិកសកម្មទេ តែជាក្រពើវង្វេងបឹងតែម្ដង។ CSMA ស្វាគមន៍សម្រាប់ក្រុមបង្ហាញម៉ូដទាំងឡាយ ហើយយើងក៏ចង់ផ្ដល់ឱកាសដល់ការងារដល់ក្មេងៗជំនាន់ក្រោយដែរ ដើម្បីឲ្យពួកគាត់បានចូលរួមការងារជាមួយយើង។ យើងមានកញ្ចប់ថវិកាសម្រាប់គាត់នៅពេលដែលមានការងារតាមកម្មវិធីផ្សេងៗ តែរាល់សមាជិករបស់យើងកាត់ថវិកាចូលក្នុងសមាគមដែរ។ពេលខ្លះពួកយើងធ្វើការមិនមែនគិតតែពីលុយទេ គឺយើងត្រូវការសហការ។ អ្នកខ្លះថា ដើរបង្ហាញម៉ូដនៅប៉ុស្ដិ៍ទូរទស្សន៍ គេឲ្យ៣០០ទៅ៤០០ដុល្លារអី គឺចេះតែថាទេ តាមពិតថវិកាតាមប៉ុស្ដិ៍ គេមានកំណត់ ហើយខ្ញុំចង់បញ្ជាក់ថា ក្រុមបង្ហាញម៉ូដណា ក៏អាចចូលជាមួយCSMAដែរ”៕