ភ្នំពេញ : សមត្ថកិច្ចបានធ្វើការឃាត់បុរសជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពគាស់បង្អួចក្រុមហ៊ុនលក់គ្រឿងសង្ហារឹមលួចយកសម្ភារ: និងលុយក្នុងថតតុ ចំនួន៥០០ដុល្លារ បាន១ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ក្របួចយកមកសាកសួរនាំ កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុនហ្វូឡូមី លក់គ្រឿងសង្ហារឹម និងដេគ័រ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ដើមបណ្តឹងឈ្មោះបេ រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (តំណាងក្រុមហ៊ុន) ដែលបាត់បង់ទ្រព្យសម្បត្តិ ដូចជាលុយចំនួន៥០០ដុល្លារ និងលួចយកទូរទស្សន៍ LCD ០១គ្រឿងនិងខូចខាតបង្អួចរបស់ក្រុមហ៊ុន ហើយស្នើឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យ ដោយមានរូបជនសង្ស័យកាមេរ៉ាសុវត្ថិភាពនៅក្នុងក្រុមហ៊ុនរបស់គាត់ ។
ជនសង្ស័យឈ្មោះជា ខែក ហៅសឿង ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសារភាពថា មុនកើតហេតុរូបគេបានជិះម៉ូតូសង់កូរ៉េ សណ្ដោងរឺុម៉កអេតចាយដើររើសអេតចាយ លុះមកដល់ចំណុចក្រុមហ៊ុនកើតហេតុខាងលើ បានចាក់សោហើយបានផ្លោះរបងផ្ទះម្ខាងទៀត រួចយកដែកប្រវែងជិត៥ម៉ែត្រ ប្រភេទ៦០គុណ៨០ រើសនៅក្បែរក្រុមហ៊ុនយកមកគាស់បង្អួច ហើយចូលក្នុងក្រុមហ៊ុនលួចយកបានទូរស្សន៍ចំនួន១គ្រឿង និងលុយចំនួន២០០ដុល្លារ ហើយក៏បានយកទូរស្សន៍ទៅលក់បានក្នុងតម្លៃ៥០ដុល្លារ ក្រោយពីបានលុយក៏យកទៅឲ្យប្រពន្ធនៅមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីទុកទិញចំណីអាហារហូបនិងប្រើប្រាស់សម្ភារៈផ្សេងៗ ហើយបច្ចប្បុន្នគាត់មានកូន៣នាក់ (ប្រុស២ស្រី១) ហើយកូនមានជំងឺនោះ គឺកូនទី៣ មានអាយុ៣ឆ្នាំ បន្ទាប់ពីឲ្យលុយប្រពន្ធខ្លះ គាត់បានយកទៅសីុចាយ និងប្រើប្រាស់គ្រឿងញៀនតែ៥០ដុល្លារប៉ុណ្ណោះ លុះមកដល់យប់ថ្លៃទី៦ ខែវិច្ឆិកា ពេលកំពុងជិះម៉ូតូសណ្ដោងរឺុម៉ករបស់ខ្លួននៅតាមផ្លូវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង ។
សមត្ថកិច្ចបានប្រាប់ថា ការឃាត់បុរសអេតចាយម្នាក់ក្រោយពីធ្វើសកម្មភាពគាស់បង្អួចក្រុមហ៊ុនលក់គ្រឿងសង្ហារឹម ហើយលួចយកទ្រព្យសម្បត្តិ និងលុយបានរយៈពេល១ថ្ងៃ ខាងតំណាងក្រុមហ៊ុនមានរូបជនសង្ស័យតាមកាមេរ៉ាសុវត្ថិភាព ភ្លាមៗនោះសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងផ្ដិតរូបចែកតាមប៉ុស្តិ៍ រហូតដល់នគរបាលប៉ុស្តិ៍ច្បារអំពៅ១ កំពុងល្បាតក៏ប្រទះឃើញឃាត់យកមកសាកសួរនាំ។ ជនសង្ស័យក៏បានឆ្លើយសារភាពរាល់ការប្រព្រឹត្តទាំងអស់កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង២៣និង១០នាទី ជនសង្ស័យឈ្មោះ ជា ខែក ជិះម៉ូតូចាស់មានសណ្តោងរ៉ឺម៉កម្នាក់ឯងដើររើសអេតចាយ ពេលមកដល់ក្រុមហ៊ុន (ចំណុចកើតហេតុ) ឃើញចាក់ សោទ្វារពីខាងក្រៅគ្មានមនុស្សនៅ ជនសង្ស័យក៏ឡើងតាមអាគារសំណង់គេទុកចោលទៅជាន់ទី៤ រួចឆ្លងចូលទៅក្រុមហ៊ុនយកដែកគាស់បង្អួចក្រុមហ៊ុនចូលទៅក្នុង និងយកដែកបុកបំបែកទ្វារកញ្ចក់ការិយាល័យ ចូលទៅក្នុងលួចយកទូរទស្សន៍ LCD ០១គ្រឿង និងគាស់ថតតុលួចលុយ៥០០ដុល្លារ ក្រោយពីសាកសួរនាំ និងស្ដាប់ចម្លើយរបស់ជនសង្ស័យ ក៏ធ្វើការដកហូតវត្ថុតាងម៉ូតូសង់កូរ៉េ សណ្ដោងរឺុម៉កអេតចាយចំនួន១ និងបានកសាងសំណុំរឿងចោទពីបទគាស់បង្អួចក្រុមហ៊ុនមានស្ថានទម្ងន់ទោស ដោយលួចយកទ្រព្យសម្បត្តិ លុយដុល្លាចំនួន៥០០ និងទូរស្សន៍LCD ចំនួន១គ្រឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕