Friday, September 20, 2024
Homeតារាខ្មែរផ្អើលក្រុមរាំទេព បូព្រឹក្ស វ៉ៃក្រុមរាំពេជ្រ សោភា ខណៈបូព្រឹក្ស មិនចង់ឲ្យចុះផ្សាយ

ផ្អើលក្រុមរាំទេព បូព្រឹក្ស វ៉ៃក្រុមរាំពេជ្រ សោភា ខណៈបូព្រឹក្ស មិនចង់ឲ្យចុះផ្សាយ

ភាពចម្រូងចម្រាសបានកើតមានឡើងកាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ចំថ្ងៃបុណ្យអុំទូករាត្រីទី២ នៅខាងក្រោយឆាកតន្រ្ដីខារ៉ាបាវ របស់ហង្សមាស ស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែគេផ្អើលថា ក្រុមរាំរបស់ទេព បូព្រឹក្ស វ៉ៃក្រុមរាំរបស់ពេជ្រ សោភា រហូតដល់មានរបួសធ្ងន់ទៀតផង។​​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ពោលគឺនៅពេលដែលចប់ការប្រគំតន្ដ្រី ហើយក្រុមរាំត្រូវបានតារាចម្រៀងបើកលុយឲ្យរៀងៗខ្លួន ដើម្បីឲ្យពួកគេទៅផ្ទះ។ ប៉ុន្ដែភ្លាមៗនោះ ស្រាប់តែមានសំឡេងខ្លាំងៗស្រែកឡើងនៅឆាកតន្ដ្រីខារ៉ាបាវនៅសួនច្បារវត្តបទុមវតី នោះ ខណៈដែលអ្នកថតរូបយើងបាននៅជិតហេតុការណ៍នោះដែរដោយមានសំឡេងស្រែកថា ជួយផងៗ!!! វ៉ៃគ្នាហើយ ធ្វើឲ្យអ្នករាំរបស់តារាចម្រៀងខ្លះបានចេញមកមើល ហើយពួកគេបានប្រាប់អ្នកយកព័ត៌មានយើងថា អ្នករាំរបស់ទេព បូព្រឹក្ស ឈ្មោះភីង គី វ៉ៃទៅលើអ្នករាំរបស់ពេជ្រ សោភា  ម្នាក់ ឈ្មោះ និគី រហូតដល់គ្រេក ហើយថែមទាំងទះកំផ្លៀងផង ច្របាច់កផងដែរ។

ទេព បូព្រឹក្ស

អ្នករាំម្នាក់របស់លោកព្រាប សុវត្ថិ ដែលនៅក្បែរហេតុការណ៍នោះបានបង្ហើបឲ្យដឹងថា គេឃើញអ្នករាំរបស់បូព្រឹក្ស ឈ្មោះភីងគី ទៅវ៉ៃលើអ្នករាំរបស់ពេជ្រ សោភា ឈ្មោះ និគី នោះ ទាំងកម្រោលតែម្ដង គឺហាក់ដូចជាមានគំនុំអីជាមួយគ្នាអីចឹង ហើយធម្មតា ភីងគី គឺជាប្រុស ទោះជាតែងខ្លួនជាស្រី ក៏នៅតែជាប្រុសដែរ អីចឹងប្រុសមិនសមទៅវ៉ៃស្រីឡើយ និងមើលទៅពួកគេហាក់ដូចជាមានគំនុំជាមួយគ្នាតាំងពីពេលណាមកអីចឹង ព្រោះគ្រាន់តែ និគី ដើរចេញរៀបទៅផ្ទះ ហើយមើលមុខ ភីងគី បន្ដិច ស្រាប់តែ ភីងគី វ៉ៃផ្អើលពេញឆាកតន្ដ្រីតែម្ដង…។

ប្រភពបានឲ្យដឹងថា ក្រោយមានរឿងបែបនេះ ទេព បូព្រឹក្ស និងពេជ្រ សោភា ដែលនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះ ក៏បានដឹងហេតុការណ៍ខាងលើដែរ តែពួកគេហាក់ស្ងប់ស្ងាត់រៀងៗខ្លួន ហើយភ្លាមៗនោះ គេបែរជាឮសំឡេងបូព្រឹក្ស សើចទៅវិញ ទើបធ្វើឲ្យពេជ្រ សោភា និងក្រុមរាំរបស់នាងមានការអាក់អន់ស្រពន់ចិត្ត។

អ្នកយកព័ត៌មានយើងបានទាក់ទងទៅទេព បូព្រឹក្ស​​ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា តែត្រូវបានតារាលេងក្បាច់រាំរូបនេះ ច្រានចោល ដោយថាគ្មានហេតុការណ៍បែបនេះកើតឡើងឡើយ ហើយនាងថែមទាំងមិនចង់ឲ្យមានការចុះផ្សាយរឿងនេះឡើយ។

ភីងគី កូនក្រុមរបស់ទេព បូព្រឹក្ស

ទេព បូព្រឹក្ស ហៅស្រីនិច្ច ថ្លែងថា ”អូបង! កុំចុះរឿងហ្នឹងអីបង ខ្ញុំមិនចង់ឲ្យមានការចេញផ្សាយរឿងអីចឹងទេ។ និយាយត្រង់ទៅ ខ្ញុំមិនបានដឹងហេតុការណ៍នេះទាល់តែសោះ ពេលច្រៀងចប់ គឺបើកលុយទៅផ្ទះហើយបង ហើយជាធម្មតាក្រុមរាំខ្ញុំមានប្រធានក្រុមគេអ្នកគ្រប់គ្រង អីចឹងបើមានរឿងអីចឹងមែន មេក្រុមរាំខ្ញុំ គេប្រាប់ខ្ញុំហើយ តែហ្នឹងអត់មានអ្នកណានិយាយអីថា ក្រុមរាំខ្ញុំបានឈ្លោះគ្នាអីជាមួយអ្នកណាផងហ្នឹង”។

ភីងគី

ពេជ្រ សោភា និងទេព បូព្រឹក្ស កន្លងមកលេចឮថា មិនសូវចុះសម្រុងគ្នាឡើយ បើទោះជារស់នៅក្រោមដំបូលតែមួយមែន តារាទាំង២មើលមុខគ្នាមិនចំឡើយ ខណៈដែលតារាហង្សមាសមួយចំនួន បានឲ្យដឹងថា បូព្រឹក្ស មិនសូវមានការគោរពចំពោះរៀមច្បងសោភា ។ ដោយឡែកទាក់ទងនឹងរឿងដែលក្រុមរាំទេព បូព្រឹក្ស បានវ៉ៃទៅលើក្រុមរាំរបស់ពេជ្រ សោភា មានរបួសនោះ ត្រូវបានប្រភពនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានយើងថា ក្រុមរាំរបស់បូព្រឹក្ស គឺចង់បំបាក់ទៅលើក្រុមរាំរបស់សោភា តែម្ដង ព្រោះថ្ងៃនោះ សោភា បានយកក្រុមរាំទៅរហូតដល់១២នាក់ឯណោះ ហើយពួកគេមានការរាំ សម្ដែង និងរាំហាក់ដូចជាមានភាពរស់រវើកល្អជាងក្រុមរាំរបស់បូព្រឹក្សទើបធ្វើឲ្យមានជម្លោះបែបនេះតែម្ដង។

ពេជ្រ សោភា

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នេះសំណាងហើយដែលក្រុមរាំទេព បូព្រឹក្ស​ទៅវ៉ៃអ្នករាំរបស់ពេជ្រ សោភា ចុះបើពួកគេមិនវ៉ៃអ្នករាំដូចគ្នា តែបែរជាទៅវ៉ៃអ្នកចម្រៀងវិញ តើនិងមានរឿងអ្វីកើតឡើង?

ពេជ្រ សោភា ដែលលើកទូរស័ព្ទនៅថ្ងៃដដែលនិយាយខ្លីថា នាងមិនចង់ធ្វើអត្ថាធិប្បាយច្រើនឡើយ ព្រោះកំពុងតែជាប់ថតបទចម្រៀង តែនាងធ្លោយមាត់ថា នាងក៏នៅក្នុងហេតុការណ៍នោះដែរ តែមិនមានការអាក់អន់ចិត្តអីទេ។

ពេជ្រ សោភា និយាយខ្លីថា ”រឿងហ្នឹង ខ្ញុំនៅហ្នុងដែរ តែខ្ញុំអត់មានការអន់ចិត្តខ្លាចគេវ៉ៃខ្ញុំអី អត់មានទេ។ និយាយទៅក្រុមរាំរបស់ខ្ញុំ គឺមានមេក្រុមជាអ្នកគ្រប់គ្រង ខ្ញុំជាអ្នកចម្រៀង មិនទៅចេញមុខជំនួសអីទេ គ្រាន់តែថាឮមានរឿងអីចឹងមែន។ ឥឡូវខ្ញុំកំពុងតែថតមិនអាចនិយាយរឿងគេវ៉ៃគ្នាអីបានទេ ព្រោះខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកណាទេ ហើយខ្ញុំតែងតែអប់រំកូនក្រុមខ្ញុំ បើមានរឿងអីកុំឲ្យតបតឲ្យសោះ”។

និគី ក្រុមរាំរបស់ពេជ្រ សោភា

ពេជ្រ សោភា បានចុចផ្ដាច់ទូរស័ព្ទដោយមិនបានប្រាប់លម្អិតថា កូនក្រុមរបស់នាង និគី ដែលត្រូវកូនក្រុមទេពបូព្រឹក ភីងគី បានរងរបួសត្រង់ណាខ្លះឡើយ ដែលមើលទៅតារាចម្រៀងរូបនេះហាក់មានការខ្លាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះតារាចម្រៀងទាំងសងខាង។

និគី

មហាជនកត់សម្គាល់ឃើញថា កន្លងមកលេចឮថា ពេជ្រ សោភា និងទេព បូព្រឹក្ស ហាក់ដូចជានៅតែខ្វែងគំនិតគ្នានៅឡើយ បើទោះជាតារាទាំង២ថា គ្មានបញ្ហាអីមែន តែសកម្មភាពរបស់សោភា និងបូព្រឹក្ស គឺនៅតែខុសពីការនិយាយ ហើយពេលនេះស្រាប់តែលេចឮថា ក្រុមរាំរបស់បូព្រឹក្ស ទៅវ៉ៃក្រុមរាំរបស់សោភា ទៀត គឺរឹតតែទម្លាក់បន្ទុកទៅលើបូព្រឹក្ស ថែមទៀត ដោយតារាខ្លះថា ហេតុអីបូព្រឹក្ស មិនអប់រំអ្នករាំរបស់ខ្លួនឲ្យបានល្អជាងនេះ ព្រោះបើប្រុសប្រើអំពើរហិង្សាទៅលើនារីនោះ គឺជាការខុសដ៏ធំមួយ ហើយអ្នករាំមិនប៉ះពាល់ដល់កិត្តិយសច្រើនទេ តែអ្នកដែលប៉ះខ្លាំង គឺតារាចម្រៀងរបស់ខ្លួនតែម្ដង។ ប៉ុន្ដែយ៉ាងណា ប្រភពបានឲ្យដឹងថា ក្រោយមានរឿងជម្លោះនេះមក ក្រុមរាំរបស់បូព្រឹក្ស ឈ្មោះភីងគី នោះ បានសុំទោសបូព្រឹក្ស ហើយសន្យាថា នឹងមិនឲ្យមានរឿងទាស់ទែងគ្នាបែបនេះនៅពេលក្រោយទៀតឡើយ៕

RELATED ARTICLES