ភ្នំពេញ ៖ ក្រោយផ្ទុះរឿងសង្ស័យកុមារ ពេជ្រ ថៃ ជ័យលាភីកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស ថាបានលាក់អាយុពិត (១៦ឆ្នាំ) ដើម្បីមានឱកាសចូលប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ស្រាប់តែមានតារាចម្រៀងម្នាក់ បានចេញមុខស្នើសុំឱ្យកុមារពេជ្រ ថៃ ពិនិត្យ DNA ដើម្បីបញ្ជាក់ការពិត ចៀសវាងធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ។
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាចម្រៀងម៉ៃ សុគន្ធ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ពាក់ព័ន្ធនឹងបញ្ហាអាយុរបស់កុមារពេជ្រ ថៃ ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ ថា “វាដូចជាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ក្មេងៗដែលចូលរួមប្រលង ហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ១២ឆ្នាំ។ បើតាមការសង្កេតអត្តចរិត និងកាយវិការ សមតែជាមនុស្សពេញវ័យ១៦ឆ្នាំ ឬក្រោមហ្នឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរ សូមសំណូមពរឱ្យគណៈកម្មការ “The Voice Kids Cambodia” ធ្វើការពិនិត្យទៅលើ DNA សរីរាង្គ និងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន…”។
លោកម៉ៃ សុគន្ធ បានសរសេរបន្ថែមថា “ស្នើសុំទាំងទទូចមើល DNA អាយុ ក្មេង ឬមនុស្សក្រិន ដឹងហើយ មើលកោសិកាធ្មេញ ក៏សង្ស័យដែរ ពិនិត្យ DNA ដឹងហើយ បើសិនឋិតក្នុងសង្ស័យ…”។
ដោយឡែកនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាចម្រៀងម៉ៃ សុគន្ធ បានបង្ហោះរូបថតរបស់ពេជ្រ ថៃ ចំនួន២សន្លឹក រួមនិងសំបុត្រកំណើតរបស់ពេជ្រ ថៃ ១ច្បាប់ ជាមួយសំណេរថា “សំបុត្រកំណើតមានបញ្ហាសង្ស័យ បន្ថយអាយុ ដើម្បីប្រលងកើត២០០៤ ហេតុអីទើបចុះបញ្ជីធ្វើនៅជ្រៃ ថ្ងៃ០១ ខែធ្នូ ឆ្នាំ២០១៥ (ពន្យារអាយុ) សង្កេតមើលទាំងអស់គ្នា ត្រាមេឃុំ សខ្មៅ មិនមានឈ្មោះមេឃុំ (សំបុត្រកំណើតត្រូវតែពណ៌ ហើយត្រាត្រូវតែពណ៌ក្រហម ទើបយកជាផ្លូវការ) ចង់តែឆើច សូមចាប់ពិនិត្យ DNA បានពិតប្រាកដ…”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកម៉ៃ សុគន្ធ បានបញ្ជាក់ប្រាប់ “នគរធំ” តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ថា អ្វីដែលលោកលើកឡើងខាងលើនេះ (រឿងអាយុពេជ្រ ថៃ) មិនមែនបានន័យថា លោករិះគន់ចង់ជាន់ពន្លិចកុមារពេជ្រ ថៃ នោះទេ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យកុមារដែលមានសមត្ថភាពពិតប្រាកដ បានជាប់ និងលើកពាន “The Voice Kids Cambodia”។ នៅក្នុងចំណោមកុមារដែលចូលរួមប្រកួតប្រជែងទាំងអស់ លោកបានមើលឃើញមានកុមារ២ រូប មានសមត្ថភាពសំឡេងល្អ ខ្ពស់ជាងពេជ្រ ថៃ ដាច់តែម្តង ក្នុងនោះ ទី១ គឺកុមារី អ៊ុក សុវណ្ណារី ដែលនាងមានទឹកដមសំឡេងល្អកម្រនឹងមាន ហើយស្ទើរនឹងស្មើរាជិនីសំឡេងមាស រស់ សេរីសុទ្ធា និងទី២ កុមារា ឡុង លីគ័ង្គ តាមពិត កាលពីចូលមកប្រកួតប្រជែងដំបូង លីគ័ង្គ មានទឹកដមសំឡេងធម្មតាៗដូចពេជ្រ ថៃ ដែរ ប៉ុន្តែពីមួយវគ្គទៅមួយវគ្គ សំឡេងរបស់លីគ័ង្គ កាន់តែរីកចម្រើន និងអាចបត់បែនបានគ្រប់កាលៈទេសៈទាំងអស់ ខុសពីពេជ្រ ថៃ ដែលមានសំឡេងធម្មតាតាំងពីចាប់ផ្តើមប្រកួត រហូតមកដល់ចុងបញ្ចប់កម្មវិធី ហើយបែរជាត្រូវបានលើកពានទៅវិញ។
លោកម៉ៃ សុគន្ធ បានបញ្ជាក់ថា កន្លងមក លោកធ្លាប់តាមដានសឹងគ្រប់កម្មវិធី “The Voice Kids” ទាំងកម្ពុជា និងបរទេស ហើយលោកមើលឃើញថា បរទេសគេរើសបានកុមារដែលមានសមត្ថភាពសំឡេងល្អពិតប្រាកដ។ ហើយអ្វីដែលលោកនៅមិនអស់ចិត្ត នៅត្រង់ថា ហេតុអ្វីបានជាក្រុមហ៊ុនហង្សមាស មិនព្រមបញ្ជាក់ឱ្យដឹងពីសំឡេងនៃការបោះឆ្នោតរបស់មហាជននៅលើកញ្ចក់ទូរស័ព្ទ ជាក់ស្តែងដូចនៅប្រទេសចិន គេបានបង្ហាញទិន្នន័យសំឡេងបោះឆ្នោត (Vote) របស់មហាជននៅលើកញ្ចក់ទូរទស្សន៍តែម្តង ដែលអាចធ្វើឱ្យមហាជនអស់ចម្ងល់ និងមន្ទិលសង្ស័យ។
លោកម៉ៃ សុគន្ធ បានអះអាងថា លោកនៅតែប្រកាន់ជំហរថា លោកមិនមែនចង់រិះ ចង់ជាន់ពន្លិចកុមារពេជ្រ ថៃ នោះទេ តែលោកគ្រាន់តែចង់ឱ្យមានការពិនិត្យ DNA ដើម្បីបង្ហាញការពិតឱ្យមហាជនអស់មន្ទិលសង្ស័យ និងដើម្បីកុំឱ្យក្មេងៗដែលជាបេក្ខភាពចូលរួមប្រកួតប្រជែង និងមានសមត្ថភាពពិតប្រាកដ ទទួលរងនូវភាពអយុត្តិធម៌។
យ៉ាងណា លោកម៉ៃ សុគន្ធ បានលើកឡើងថា កុមារពេជ្រ ថៃ សមនឹងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Cambodia’s Got Talent ដែលត្រូវការសមត្ថភាព ពាក្យសម្តី ក្រមិចក្រមើមភាពកំប្លុកកំប្លែង តែបើកម្មវិធី The Voice Kids Cambodia មិនត្រូវនោះទេ ព្រោះជាកម្មវិធីប្រឡងសំឡេង។
ទាក់ទងទៅនឹងការលើកឡើងពីអាយុពិតប្រាកដរបស់កុមារពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១នេះ លោកអ៊ា វណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia របស់ក្រុមហ៊ុនហង្សមាស បានថ្លែងបញ្ជាក់ប្រាប់ “នគរធំ” កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា រឿងការទាមទារ ឬចង់ពិនិត្យ DNA របស់ពេជ្រ ថៃ អីនោះ គឺជាការយល់ឃើញរបស់លោកម៉ៃ សុគន្ធ ប៉ុន្តែក្រុមហ៊ុនហង្សមាស គ្មានគម្រោងបែបនេះទេ។
លោកអ៊ា វណ្ណា បានបញ្ជាក់ថា តាំងពីទទួលពាក្យចូលរួមួប្រកួតប្រជែងពីដំបូង ក្រុមការងាររបស់ហង្សមាស បានធ្វើការពិនិត្យទៅលើឯកសារពាក់ព័ន្ធ ព្រមទាំងសំបុត្រកំណើតរបស់ពេជ្រ ថៃ ច្បាស់លាស់អស់ហើយ ពោលគឺ ពេជ្រ ថៃ មានអាយុ១២ឆ្នាំ ហេតុនេះទើបក្រុមហ៊ុនទទួលពាក្យពេជ្រ ថៃ ចូលរួមប្រកួតប្រជែងសមត្ថភាព។
យ៉ាងណា លោកអ៊ា វណ្ណា បានសង្កត់ធ្ងន់ថា ក្នុងករណីដែលពេជ្រ ថៃ មានអាយុលើសពី១២ឆ្នាំ ឬលាក់អាយុពិតប្រាកដយ៉ាងណានោះ គឺជាការទទួលខុសត្រូវរបស់សាមីខ្លួន ពេជ្រ ថៃ ខ្លួនឯង ហើយក៏មិនមានផលប៉ះពាល់អ្វីដល់ក្រុមហ៊ុនហង្សមាសដែរ ដោយសារក្រុមហ៊ុនមានឯកសារបញ្ជាក់គ្រប់គ្រាន់អស់ទៅហើយ។
គួរបញ្ជាក់ថា បន្ទាប់ពីបានសង្កេតឃើញកុមារពេជ្រ ថៃ ដែលបានប្រកាសថា ទើបនឹងមានអាយុ១២ឆ្នាំ ពោរពេញទៅដោយវោហារស័ព្ទ ភាពក្លាហាន ភាពក្រមិចក្រមើម ចេះលើកដាក់សម្តីឱនលំទោន ដែលក្មេងសាមញ្ញធម្មតា លំបាកនឹងធ្វើទៅបាននោះ ក៏ស្រាប់តែមានប្រភពព័ត៌មានមួយទម្លាយថា ពេជ្រ ថៃ មិនមែនទើបនឹងអាយុ១២ឆ្នាំទេ គឺយ៉ាងហោចណាស់ក៏មានអាយុ១៥ឆ្នាំ ឬចូល១៦ឆ្នាំ ស្មើនឹងវ័យជំទង់ ឬកំលោះស្ទាវទៅហើយ ប៉ុន្តែ គ្រាន់តែពេជ្រ ថៃ មើលទៅតូចក្រិនប៉ុណ្ណោះ។
ប្រភពខាងលើ បានបន្តថា តាមអ្នកភូមិជាមួយពេជ្រ ថៃ បានប្រាប់ថា កូនៗរបស់ពួកគាត់ កើតក្រោយពេជ្រ ថៃ តែសព្វថ្ងៃពួកគេមានអាយុ១៥ទៅ១៦ឆ្នាំអស់ទៅហើយ ហេតុនេះ ពេជ្រ ថៃ បើមិនអាយុ១៦ឆ្នាំពេញ ក៏អាចលើសពី១៥ឆ្នាំដែរ តែគេមានរូបរាងតូចល្អិតហើយ បានទម្លាក់អាយុរបស់ខ្លួន ដើម្បីឱ្យស្របទៅនឹងលក្ខន្តិកៈរបស់កម្មវិធីប្រឡងចម្រៀង “Teh voice kids cambodia” ដែលទទួលត្រឹមអាយុ១៤ឆ្នាំចុះប៉ុណ្ណោះ។
ជុំវិញបញ្ហាអាយុពិតប្រាកដរបស់ពេជ្រ ថៃ នេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីសាមីខ្លួនកុមារពេជ្រ ថៃ បានទេ កាលពីម្សិលមិញ។
ប៉ុន្តែបើតាមសំបុត្របញ្ជាក់កំណើតរបស់ពេជ្រ ថៃ ដែលចេញដោយមេឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បញ្ជាក់ថា កុមារ ពេជ្រ ថៃ កើតនៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០០៤ នៅភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មានឪពុកឈ្មោះ ពេជ្រ សារ៉ាត់ អាយុ៥៧ឆ្នាំ ស្រុកកំណើតនៅឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ និងម្តាយឈ្មោះ សាំ គង់ អាយុ៥០ឆ្នាំ ស្រុកកំណើតនៅឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
ដោយឡែក ទំនងជាឆ្លើយតបចំពោះការសង្ស័យថា លាក់អាយុពិតនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុករបស់កុមារ ពេជ្រ ថៃ បានសរសេរអមជាមួយរូបភាពលើកពាន “The voice kids cambodia” រដូវកាល ទី១ ថា “ហត់ណាស់ ឈឺក្បាល កាលណាបាន ចប់ល្អ…”។
គួររំលឹកថា កុមារ ពេជ្រ ថៃ បានរស់នៅជាមួយជីដូនឈ្មោះហូ ហុម អាយុ៧៧ឆ្នាំ តាំងពីសម្រាលបាន១០ថ្ងៃម៉្លេះ ព្រោះឪពុកម្តាយរបស់គេបានចេញទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ។ លោកយាយហូ ហុម ជីដូនបង្កើតរបស់ពេជ្រ ថៃ ធ្លាប់ប្រាប់ “នគរធំ” ថា ពេជ្រ ថៃ ដោយសារឪពុកគេទៅធ្វើការនៅថៃ ទើបដាក់ឈ្មោះឱ្យថា “ពេជ្រ ថៃ” ហើយកុមារនេះមានទេពកោសល្យសិល្បៈចម្រៀងតាំងពីតូចម៉្លេះ និងពេលម្តាយទៅធ្វើការនៅប្រទេសថៃបាត់ ពេជ្រ ថៃ បៅដោះគាត់ ហើយចៅម្នាក់នេះ បានហៅគាត់ថា “ម៉ែចាស់”។
ពេជ្រ ថៃ ដែលមានទឹកដមសំឡេងច្រៀងធម្មតាដូចក្មេងទូទៅនោះ បានសម្តែងភាពក្លាហាន ភាពក្រមិចក្រមើម និងវោហារទាក់ទាញ ទស្សនិកជននិងគ្រូបង្វឹកទាំង៣ នៃកម្មវិធី “The Voice Kids Cambodia” ឱ្យចុចប៊ូតុងជ្រើសយករូបគេនៅពេលច្រៀងបទ “បាត់ដំបងបណ្តូលចិត្ត” ក្នុងវគ្គ “Blind Audition” តែពេជ្រ ថៃ បានជ្រើសយកលោកព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក (Coach) និងបានជាប់នៅវគ្គបន្តបន្ទាប់ រហូតមកដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៤ ខែតុលា កុមារពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១តែម្តង៕